31 C
Phnom Penh

ម្ចាស់ម៉ូតូ​ថ្មី​ចង់បានរបៀបចាស់ ក្នុងការ​ធ្វើ​ស្លាកលេខ ទោះ​ជា មាន​អំពើពុករលួយខ្លះក៏​ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ចំណោម​មនុស្សម្នា ដែលអ្នក​ខ្លះឈរ​ក្រោម​កម្តៅថ្ងៃក្តៅហែង​ ចំណែក​ឯអ្នកខ្លះ​ទៀតអង្គុយ​ផ្ទាល់​​​​ដីនៅ​ខាងក្រៅ​ទីស្នាក់ការធំ​របស់​ការិយា​ល័យប្រៃសណីយ៍​​ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពីថ្ងៃ​ពុធ លោក ណែវ ប៊ុតថេង ខឹង​សម្បា​យ៉ាងខ្លាំង បន្ទាប់​ពីបានប្រឹងប្រែ​ង​មក​​ធ្វើ​ស្លាកលេខ​ម៉ូតូថ្មី​របស់​គាត់អស់រយៈ​ពេល​បួន​ថ្ងៃមក​ហើយ​ តែ​គាត់នៅ​តែរង់ចាំ​ដដែល ដោយ​សារ​តែ​ការិយាធិបតេយ្យ គ្មាន​ប្រសិទ្ធ​ភាព ហើយ​ស្មុគ្រ​ស្មាញ​នៅក្នុងដំណើរ​ការ​ធ្វើ​ស្លាក​លេខ​របស់​រដ្ឋាភិបាល។

បុរសអាយុ៤១ឆ្នាំ​រូបនេះ បាន​ត្អូញ​ត្អែរ​ថា “ ខ្ញុំបាន​ចំណាយ​ពេល​​មក​ទីនេះ​បួន​ថ្ងៃមក​ហើយ​”។ លោក​ពន្យល់ថា ក្នុង​រយៈ​ពេល​បី​ថ្ងៃដំបូង​ ដែលលោកបាន​មក​រង់​ចាំ​គ្មាន​នរណាម្នាក់​មក​សួរ​លោក​ទេ។

លោក ប៊ុតថេង បាន​មាន​ប្រសាសន៍​ថា មាន​មនុស្ស​ច្រើន​ណាស់​ តែ​មាន​មន្ត្រី​តិច​តួច​ប៉ុណ្ណោះ​ ដែល​ធ្វើ​ការ​នៅ​ក្នុង​ការ​ិយាល័យ​គយ
និងរដ្ឋាករ​នៅ​ឯការិយា​ល័យ​ប្រៃសណីយ៍ ជាកន្លែងដែល​ម្ចាស់​ម៉ូតូ​ទាំង​អស់ ត្រូវ​តែ​មកដាក់​ជូន​ឯកសារ​ ដើម្បី​បង្ហាញថា ម៉ូតូ​ថ្មី​របស់ខ្លួន​បាន​បង់​ពន្ធ​នាំ​ចូល​រួច​ហើយ។

លោក ប៊ុតថេង បាន​និយាយ​ខណៈ​ពេល​​មនុស្សម្នា​ដើរ​ទៅ​ដើរ​មក​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្រោម​កម្តៅព្រះ​អាទិត្យថា “ មាន​​មនុស្ស​តែ​ម្នាក់​​ប៉ុណ្ណោះ​ ធ្វើអ្វីៗគ្រប់​យ៉ាង​នៅ​ទីនេះ​ ហើយ​មាន​មនុស្ស​រាប់​ពាន់​នាក់​រង់ចាំ​នៅ​ខាងក្រៅ។ វាយឺតយ៉ាវមែនទែន ហើយ​ខ្ញុំ​ចំណាយ​ពេល​វេលាច្រើន​ណាស់”។

ដោយគ្មាន​បន្ទប់​រង់ចាំ ឬ​កៅអី​សម្រាប់​អង្គុយ​នោះ មន្ត្រី​គយ និង​រដ្ឋាករ​ទាក់​ទង​ជាមួ​យ​មនុស្ស​​រាប់​រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ តាម​ប្រឡោះ​​ចម្រឹងដែក​បង្អួច ដែល​បែរមុខ​មក​រក​ផ្លូវ​ខាងក្រៅ​ការ​ិយាល័យ​ប្រៃសណីយ៍។ លោក ប៊ុតថេង បាន​រៀប​រាប់​ពីការ​សូក​ប៉ាន់បន្តិចបន្តួចនា​ពេលកន្លងមក​ថា តាម​រយៈ​ឲ្យ​អ្នក​រត់ការ​ជួយ​បំពេញ​បែប​បទ​ធ្វើ​ស្លាក​លេខ​ម៉ូតូ​ឲ្យ​គាត់​។

លោក​បន្ថែមថា​ ការ​សូកបា៉ាន់គឺ​វា​ស្រួលជាងដំណើរ​ការ​បច្ចុប្បន្ន ​ដែល​គួរ​ឲ្យ​រំខាន​ និងម៉ួម៉ៅ។ លោកបាន​មាន​ប្រសាសន៍ថា “ ពីមុន​មក​ខ្ញុំ​ធ្លាប់​ទិញម៉ូតូ​មួយ​គ្រឿង ហើយ​ខ្ញុំ​មិន​បាន​ធ្វើលេខ​ដោយ​ផ្ទាល់​នៅ​ទីនេះទេ។ ខ្ញុំឲ្យ​គេ​ធ្វើ​ឲ្យ​ខ្ញុំ​ ខ្ញុំ​បាន​ចំណាយលុយ​៣០ដុល្លារ [ដើម្បី​
ធ្វើ​ស្លាកលេខ​ម៉ូតូ]​ ហើយ​ខ្ញុំ​គិត​ថា វាជា​ការ​ទទួល​យក​បាន​”។

ក្រសួង​សាធារ​ណការ​ និង​ដឹក​ជញ្ជូន​បាន​ធ្វើ​កំណែទម្រង់​ដំណើរ​ការ​ធ្វើ​ស្លាក​លេខ​​ម៉ូតូ​នេះ ចាប់តាំងពី​ខែ​កុម្ភៈមក​។ ប៉ុន្តែ​ការ​ព្យា​យាម​រារាំង​អ្នក​រត់ការ​ និង​លុប​បំបាត់​អំពើ​ពុក​រលួយ​នោះ ជាលទ្ធផល​នាំ​ឲ្យ​មាន​ការ​ពន្យារ​ពេលយ៉ាង​ច្របូកច្របល់​ដោយសារ​ការិយា​ធិប​តេយ្យហើយធ្វើ​ឲ្យ​មនុស្ស​ម្នា​ ដូច​ជា​លោក ប៊ុតថេង នេះ ចង់​ងាក​ទៅ​រក​របៀប​ចាស់​វិញ។

ដោយគ្មាន​អ្នក​រត់ការ​ តម្លៃក្នុង​ការ​ធ្វើ​ស្លាកលេខ​ម៉ូតូ​មួយគ្រឿង ឥឡូវនេះ​ប្រហែល​​២០ដុល្លារ​ប៉ុណ្ណោះ។ កាលពីមុន អ្នក​ដែល​មាន​បំណងចង់​ធ្វើ​ស្លាកលេខ​ម៉ូតូ​ថ្មី​ ត្រូវទៅមន្ទីរ​សាធារ​ណការ​ និង​ដឹក​ជញ្ជូនរាជធានីភ្នំពេញ ដែលស្ថិតនៅ​ក្នុង​ខណ្ឌ៧មករា​។ នៅ​ឯមន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​នោះ មានអ្នក​រត់ការ​បាន​មក​ទាក់ទង​ពួកគាត់​ ​សុំរត់ការឲ្យពួកគាត់ ​ដើម្បី​​ដំណើរ​ការ​ធ្វើស្លាកលេខនេះឆាប់ហើយ ដែល​ត្រូវ​ចំណាយ​ពេល​ប្រហែលមួយ​ខែនោះ ឲ្យ​មក​នៅ​ត្រឹម​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ។

ដោយមាន​អ្នក​រត់ការ​ និងបុគ្គលិក​នៅ​ការិយាល័យធ្វើ​ស្លាកលេខ​ ដែលធ្វើការ​ដោយ​ព្រមព្រៀង​គ្នានោះ ឯកសារចាំបាច់ សម្រាប់ ដាក់ពាក្យ សុំធ្វើ​ស្លាកលេខ និង​បែប​បទបង់​ពន្ធ​ ត្រូវបាន​បញ្ជូន​ដោយ​ផ្ទាល់​ដៃទៅ​ឲ្យ​មន្ត្រីគយ និង​ការិយាល័យ​រដ្ឋាករ​នៅ​ការ​ិយាល័យ​ប្រៃសណីយ៍ ដោយ បង់​ប្រាក់​បន្ថែម​បន្តិច​បន្តួច​នោះ អាច​ធ្វើឲ្យ​អ្នក​ទៅ​ធ្វើ​ស្លាក​លេខ​ទាំងអស់​អាចសន្សំ​ពេល​វេលា​ និងគ្មាន​ភាព​តាន​តឹង​ក្នុង​អារម្មណ៍ ។
ឥឡូវ​​ ដំណើរ​ការបែប​នេះ​ត្រូវ​ចំណាយពេលវេលា​យូរ​ ហើយត្រូវ​រង់ចាំហាល​ក្តៅ​តែ​ម្តង។

លោក ជា ប៊ុនធឿន ប្រធាន​មន្ទីរ​សាធារ​ណការ​ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ បានមាន​ប្រសាសន៍ថា “ ក្រសួង​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់។ក្រសួង​បាន​ចាប់​ផ្តើម​តាំ​ងពី​ខ​កុម្ភៈ ដើម្បី​កាត់​បន្ថយ​អំពើ​ពុក​រលួយ”។ ទោះ​ជា​យ៉ាងណា លោក ប៊ុនធឿន បាន​ទទួល​​ស្គាល់ថា​ ចាប់​តាំង​ពីលែង​ឲ្យមាន​អ្នក​រត់​ការមក​ ដំណើរ​ការ​នេះ​​យឺត​យ៉ាវ​ជា​ងមុន​បន្តិច​ហើយ​។

លោកស្រី តែ​ ម៉ានី​រ៉ុង ប្រធាន​ការិយា​ល័យ​​គយ​ និង​រដ្ឋាករ ​នៅ​ការិយាល័យ​ប្រៃសណីយ៍ បាន​មាន​ប្រសាសន៍ថា មាន​វិធី​ដោះស្រា​យ​
បញ្ហា ដែលបាន​កើតឡើង​នេះ ដោយសារ​មានមន្ត្រីមួយ​ក្រុម​មាន​គ្នា​តែប្រាំមួយ​នាក់​ ហើយកំពុងព្យាយាម​ដោះស្រាយ​ការដាក់​ពាក្យ​​សុំដ៏ច្រើននេះ តាម​ចម្រឹង​បង្អួច បើក​ចំហតែពាក់​កណ្តាល​ ដោយ​ឲ្យសាធារ​ណជន​ឈរ​នៅ​តាម​ផ្លូវ។

អ្នកស្រី​ ម៉ានីរ៉ុង បាន​មាន​ប្រសាសន៍ថា “យើង​ត្រូវ​ការ​មនុស្សតែ​ម្នាក់ សម្រាប់​ទទួល​ពាក្យ​ស្នើសុំនេះ រីឯ​ម្នាក់​ទៀតសម្រាប់ពិនិត្យ ហើយ​បញ្ជាក់​លើ​ពាក្យ​ទាំងនោះ​ តាមលំដាប់​លំដោយ។ វាដូចជា​ប្រព័ន្ធ​មួយ​អ៊ីចឹង​ ដូចខ្សែ​សង្វាក់​ផលិតកម្មអ៊ីចឹង។ បើ​មិន​ដូច្នោះទេ វា​រញ៉េរញ៉ៃ ហើយ​យើង​អាច​បាត់​ឯកសារ​ទៀត​​ផង។ នៅពេល​អ្នក​ឈរ​នៅ​ខាងក្រៅ​ អ្នក​មើលឃើញ​តែមនុស្ស​ម្នាក់​តែ​ប៉ុណ្ណោះ​ដែល​ធ្វើការ​។ ប៉ុន្តែ​វាមិន​មែនអ៊ីចឹងទេ។ ក្រុម​របស់យើង​ប្រឹង​ប្រែង​ធ្វើ​ការ​ណាស់​ យើង​ស្ទើរ​តែ​រកពេល​ហូបបាយ​ថ្ងៃត្រង់​មិន​បានផង”។លោកស្រី​​បន្ថែម​ថា​ “ យើងព្យា​យាម​ទប់​ស្កាត់អំពើសូកប៉ាន់” តាម​រយៈការ​ឲ្យ​ម្ចាស់​ម៉ូតូ​មក​កាន់​ការ​ិយាល័យ​ប្រៃ​ស​ណីយ៍​ដោយ​ខ្លួន​ឯង​ផ្ទាល់។

លោកស្រី​​ទទួលស្គាល់ថា “ ពីមុន​គឺ​មន្ទីរ​សាធារ​ណការ​ និង​ដឹកជញ្ជូន (រាជ​ធានី​ភ្នំពេញ) ធ្វើអ្វីៗទាំងអស់ ហើយ​ចេញ​ស្លាក​លេខមុន​ពេល​បញ្ជូនឯកសា​រ​មក​ឲ្យ​យើង​ពិនិត្យ​បន្ថែម​គឺ​វារហ័ស​ ហើយ​ងាយ​ស្រួល​ជាង”។ ឥឡូវនេះ ម្ចាស់ម៉ូតូ ​ដែលទើប​ទិញម៉ូតូ​ថ្មី ដំបូងត្រូវ​ទៅ​កាន់​មន្ទីរសាធារណការនៅ​ក្នុង​ខណ្ឌ​៧មករា ​ដើម្បី​សុំធ្វើ​ស្លាកលេខ បន្ទាប់​មក​ពួកគាត់​ត្រូវ​ទៅកាន់​ការិយាល័យ​គយ​ និង​រដ្ឋាករ​ដោយ​នាំយក​មក​ជាមួយ​នូវ​វិក្កយបត្រ​បង់​ពន្ធនាំចូល ដែល​បង្ហាញថា ម៉ូតូពិត​ជា​បាន​បង់​ពន្ធនាំ​ចូល​រួចហើយ និងត្រូវមាន​អត្ត​សញ្ញាណ​ប័ណ្ណ និង​សៀវភៅគ្រួសារផង។

បន្ទាប់​ពី​ដាក់ឯកសារ​ទាំងនោះ​ទៅ​ការិយា​ល័យគយ​រួចហើយ ​ហើយមួយ​ថ្ងៃក្រោយ ពួកគាត់​ត្រូវ​មក​យក បន្ទាប់ពីឯកសារ​ទាំង​នោះ​បាន​រៀបចំ​សព្វគ្រប់​។ បន្ទាប់​មកត្រូវ​យក​ឯកសារ​នេះ​ទៅកាន់​ការិយាល័យ​ធ្វើ​ស្លាក​លេខវិញ​ នៅ​ក្នុង​ខណ្ឌ៧មករា ដើម្បី​ទិញពាក្យ​សុំធ្វើស្លាកលេខម៉ូតូក្នុង​តម្លៃ​៣.៥០០​រៀល បន្ទាប់​មកទៀតត្រូវ​បង់​តម្លៃ​ធ្វើ​ស្លាក​លេខ​ពិត​ប្រាកដ​​​ ហើយ​ថត​រូប និង​
ចុង​ក្រោយ​ពួកគាត់អាចទទួលបាន​ស្លាក​លេខ​ហើយ។

លោក តុប រិទ្ធី អាយុ​៤៥ឆ្នាំ ដែល​បាន​រង់ចាំ​យក​ស្លាកលេខម៉ូតូ​របស់​គាត់ ​ដែល​ទើប​ទិញថ្មី​ បាន​មាន​ប្រសាសន៍ កាលពី​ថ្ងៃ​ច័ន្ទថា “ កំណែ​ទម្រង់” នេះ​ហាក់​ដូច​ជានាំឲ្យ​យឺតយ៉ាវ និង​មិន​សូវ​មាន​ប្រសិទ្ធភាព។ លោក តុប រិទ្ធី​ ​មាន​ប្រសាសន៍ថា“ វា​កាត់​បន្ថយ​អំពើ​ពុក​រលួយ​មែន ប៉ុន្តែ​ការពិត​វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​លំបាក​ជាង​មុន​ទៅ​ទៀត។​យើងត្រូវ​ចំណាយ​ទាំង​ពេល​វេលា និង​ប្រាក់​កាស”។

លោក​បាន​បន្ថែម​ថា វាមិនបាន​ជួយ​អ្វីទេ​ ព្រោះ​មាន​មន្ត្រី​តែ​ម្នាក់​ប៉ុណ្ណោះ​អង្គុយ​នៅ​មាត់បង្អួច របស់ការិយាល័យ​ប្រៃសណីយ៍ ហើយ​ទទួល​យក​ពាក្យ​ស្នើសុំ​រាប់​រយ​ច្បាប់​ក្នុង​មួយ​ថ្ងៃ​ៗ។

លោក តុប រិទ្ធី​ បាន​មាន​ប្រសាសន៍ថា បើ​និយាយ​ឲ្យ​សមហេតុផលនោះ គេគួរ​តែឲ្យ​ការិយាល័យ​គយ ​និង​រដ្ឋាករនេះ​ស្ថិតនៅ​ជិត​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូននៅ​ក្នុង​ខណ្ឌ​៧មករា​ ហើយ​គួរ​តែមាន​អ្នក​បម្រើ​ម​អតិថិ​ជន​​បន្ថែមទៀត​ដើម្បីធ្វើឲ្យការដាក់​ពាក្យសុំនេះ​ ប្រកប​ដោយ​ប្រសិទ្ធភាព។

ការ​ត្អូញត្អែរ​ពីសំណាក់​មនុស្សម្នា​ដែល​ឈររង់ចាំ​​កណ្តាល​ថ្ងៃចែស​នៅ​ខាងក្រៅ​ការ​ិយាល័យ​ប្រៃសណីយ៍ កាលពីថ្ងៃច័ន្ទ គឺ​ដោយ​សារ​ខ្វះព័ត៌មាន​ពី​មន្ត្រី​គយ អំពី​របៀប​របប​ដាក់​ពាក្យ​សុំ​ធ្វើ​ស្លាក​លេខ​ម៉ូតូ​ថ្មី។

លោក នុត សុខលី បាន​និយាយ​ថា “ មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់ទេ វាធ្វើ​ឲ្យ​ដំណើរ​ការ​យឺតយ៉ាវ​។ ខ្ញុំ​ត្រូវ​សួរ​គេ​ថា តើត្រូវ​ធ្វើ​ដូចម្តេច”។
ចំណែកនៅឯមន្ទីរសាធារណការ​ និង​ដឹក​ជញ្ជូន​(រាជធានីភ្នំពេញ)វិញ អតិថិជន​ដឹង​ព័ត៌មាន​ច្រើន​តាម​រយៈ សេចក្តី​ប្រកាស​បិទ
នៅ​ខាងក្រៅ​បន្ទប់រង់ចាំ​ ដោយប្រាប់​ដល់​អ្នក​ដាក់​ពាក្យសុំ​ពី​តម្លៃធ្វើ​ស្លាកលេខ និងពី​រយៈពេល​ដំណើរការ។

នៅទីនោះ ក៏មាន​សរសេរពាក្យ​ដាស់​តឿន​ថា “ សូមកុំ​ទាក់់​ទង​អ្នក​រត់ការ​ខាងក្រៅ​អង្គភាព​ឲ្យ​សោះ”។ បើទោះ​ជា​មាន​ពាក្យ​ដាស់​តឿន​ក៏ដោយ ក៏អ្នកស្រី សុខ ពិសាន អាយុ៤៨ឆ្នាំ បាន​ត្អូញត្អែរពី​ប្រព័ន្ធ​ការងារថ្មី​នេះ​ ដោយ​និយាយថា​ បើ​អាច​ចំណាយ​លុយ​កាក់​បាន​ដូចមុន អ្នក​ស្រី​នឹង​មិន​ចាំបាច់​ត្រូវ​ឈរតម្រង់ជួរ​បីបួន​ថ្ងៃអ៊ីចឹងដែរ។

អ្នកស្រី​បាន​និយាយ​ កាលពី​ថ្ងៃ​ពុធថា​ “ ខ្ញុំ​បាន​មក​តាំងពីថ្ងៃ​សុក្រម៉្លេះ ប៉ុន្តែ​គេ​មិន​ធ្វើការ​។​ខ្ញុំ​បាន​មក​ម្តងទៀត​នៅ​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​មាន​មនុស្ស​ច្រើន​ពេក”។ “ កាល​ខ្ញុំ​ទិញម៉ូតូ​ពីមុន វាមិន​លំបាក​ទេ។ ខ្ញុំចំណាយលុយ​តែ​៣០ដុល្លារ​ប៉ុណ្ណោះ​ ហើយ​​រង់ចាំ​យក​ស្លាកលេខ​តែម្តង។ ឥឡូវនេះ វាលំបាក​ជាងមុន​ទៅទៀត តែមិនមាន​អំពើ​ពុក​រលួយ”៕

    ប្រែសម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស