26 C
Phnom Penh

គណៈមេ​ធាវី​ចេញក្រម​សីលធម៌ថ្មី ហើយ​វាយ​បក​អ្នក​រិះគន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈមេធាវី​កម្ពុជា បាន​ឆ្លើយ​តប​​នឹង​គណៈកម្មការ​ក្រុមអ្នកច្បាប់​អន្តរជាតិ​ ដែល​​អំពាវ​នាវ​សុំឲ្យមាន​ការធានាថា​ ក្រម​សីលធម៌​ទើបតែ​ចេញថ្មី​របស់គណៈ​មេធាវី​ ដែល​ត្រូវបាន​បង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ នឹង​អនុញ្ញាត​មេធាវីកម្ពុជា​បញ្ចេញ​មតិ​ដោយ​សេរី និងដោយ​គ្មាន​​ទោស​ទណ្ឌ​​អ្វី​ឡើយ​។​​​​ ​

ថ្លែង​ក្នុងរាជធានីភ្នំពេញ​នៅពេល​ចេញ​ក្រមសីលធម៌​ថ្មី​ ដែល​ជំនួស​ឲ្យ​ក្រម​សីលធម៌​ឆ្នាំ​១៩៩៥ លោក​ ប៊ុន​ ហុន​ ប្រធាន​គណៈ​មេធាវី​ បាន​សំដៅទៅលើ​សេច​ក្តី​ថ្លែង​ការណ៍មួយ​​ ដែល​ចេញ​កាលពី​ព្រឹក​ថ្ងៃសុក្រ​ ដោយ​ លោកស្រី​ អុីមឺ​លីនណេ​ ហ្គីល (Emerlynne Gil)​ អ្នកផ្តល់​ប្រឹក្សា​ផ្នែកច្បាប់អន្តរជាតិ​ប្រចាំ​តំបន់អាស៊ី​អាគ្នេយ៍​របស់​គណៈកម្មការ​ក្រុម​អ្នកច្បាប់​អន្តរ​ជាតិ​ ដែលមាន​មូលដ្ឋា​ន​ក្នុង​ប្រទេស​ថៃ។

លោកស្រី  អុីមឺ​លីនណេ ហ្គីល បាន​លើក​ឡើង​នៅក្នុង​សេចក្តីថ្លែង​ការ​ណ៍នោះថា​ “ គណៈ​មេធាវី​កម្ពុជា​ ត្រូវតែ​បញ្ជាក់​ឲ្យបាន​ច្បាស់ថា​ តាម​មាត្រា​១៧​ មេធាវី​ ក៏​ដូច​អ្នក​ផ្សេងៗ​ទៀត​ដែរ​ អាច​និយាយពី​បញ្ហា​គោល​នយោបាយ​និងបញ្ហាច្បាប់សំខាន់ៗ​ជាសាធារ​ណៈ ​និង​បើកចំហបាន”។​
លោកស្រី​បាន​មាន​ប្រសាសន៍​ថា  “ ខ្លឹមសារ​​​នៃមាត្រា​១៧ថ្មី​ គឺវាប្រសើរ​ជាង​ក្រម​សីល​ធម៌​ចាស់​​ ប៉ុន្តែ​វាមិនសូវ​ច្បាស់​លាស់​ ហើយ​ធ្វើ​ឲ្យកើតមាន​ក្តីព្រួយ​បារម្ភថា​ មេធាវី​នឹង​មិន​អាច​ប្រើសិទ្ធិ​របស់ខ្លួន​ដើម្បី​បញ្ចេញ​មតិ​ដោយ​សេរីបាន​ឡើយ”។​

តាមមាត្រា​១៧នៃក្រមសីលធម៌​របស់​មេធាវីកម្ពុជា​ចែង​ថា “ គ្រប់​អន្តរាគមន៍​សាធារណៈ​ ឬតាម​ប្រព័ន្ធផ្សាយព័ត៌មាន​ជា​សា​ធារណៈ​របស់មេធាវី​ក្នុងឋានៈខ្លួនជា​មេធាវី​ អាចអនុញ្ញាត​ឲ្យ​ធ្វើបាន​តែក្នុង​ក្រប​ខណ្ឌ​នៃ​ការ​គោរព​ដោយម៉ឺង​ម៉ាត់​នូវ​កាតព្វ​កិច្ច​នៃវិជ្ជា​ជីវៈ។​ អន្តរាគមន៍បែបនេះ​ទាម​ទារ​​ឲ្យមាន​ការ​ប្រុង​ប្រ​យ័ត្ន​​”។

ខ្លឹមសារ​នៃមាត្រា​​១៧ ទំនងជា​មិនសូវ​តឹងរឹុងជាងក្រមសីលធម៌​ចាស់​ក្នុង​មាត្រា​១៥ឡើយ​ ដែលចែងថា មេធាវី​ចំាបាច់​ត្រូវ​ពិភា​ក្សា​​​
ជាមួយ​ប្រធាន​គណៈមេធាវី​មុនពេល​និយាយ​ជាមួយ​ប្រព័ន្ធផ្សព្វ​ផ្សាយ​។​  តែទោះជាយ៉ាង​ណា​ ក្នុង​សុន្ទរ​កថារបស់លោក​​​អំឡុងពេល​ចេញ​ក្រមសីលធម៌ថ្មីលោក ប៊ុន ហុន បាន​សំដៅ​​ទៅលើ​គណៈ​កម្មការក្រុម​​អ្នក​ច្បាប់​អន្តរជាតិ ហើយ​បាន​ចោទសួរ​ពី​គោល​បំណង​របស់​​គណៈកម្មការនេះ។​

លោក ប៊ុន​ ហុន បានប្រាប់ទៅកាន់​អ្នក​ចូល​រួម​ ដែលរួម​មាន​មេធាវី​កម្ម​សិក្សា​ចំនួន​៥៩រូបថា​ “ អង្គការ​នេះ​មាន​ទីស្នាក់ការ​កណ្តាល​ក្នុង​ប្រទេស​ថៃ​ ហើយ​ខ្ញុំមិនដឹង​ថា​តើ​គេបាន​យល់ពី​របៀប​ធ្វើការ​របស់​មេធាវី​ក្នុង​ប្រទេស​កម្ពុជា​ឬក៏អត់នោះទេ​”។​  លោកបាន​ថ្លែង​ថា​ “ ពួកគេ​មិនដែល​សហ​ការ​ទេ ហើយមានតែ​​រិះគន់​ក្នុងន័យជាន់ពន្លិច​ប៉ុណ្ណោះ។​ ទង្វើនេះ មិនស្រប​តាម​បទ​ដ្ឋាន​​អន្តរជាតិ​ទាល់តែសោះ​ ហើយ​យើង​
​ចំាបាច់​ត្រូវតែ​ប្រុងប្រយ័ត្ន​ ហេតុដូច្នេះ​ហើយ​​យើងមិនអាច​ធ្វើតាម​គោល​បំណង​របស់​អង្គការ​នេះបានទេ​”។​

លោក ប៊ុន ហុន ​ពន្យល់ថា​ ក្រម​សីល​ធម៌ថ្មី​ មាន​គោលបំណង​រក្សា​នូវ​វិជ្ជាជីវៈ​របស់​មេធាវី​ មិនមែន​រារាំងមេធាវីនោះទេ។​លោកបាន​មាន​ប្រសាសន៍ដោយមិន​បញ្ចេញឈ្មោះចំៗ​ថា “ មេធាវីខ្លះ​ប្រើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដើម្បី​រិះគន់គ្នា​ទៅវិញ​ទៅមក”។​ លោកបាន​បន្តថា យើងត្រូវតែ​រក្សា​ឲ្យ​មាន​តុល្យភាព​នៅក្នុងវិជ្ជាជីវៈនេះ​ ដែល​វាមិន​ដូច​ជាវិជ្ជា​ជីវៈផ្សេងៗទៀត​នោះ​។​ យើង​គួរ​សួរ​គណៈ​កម្មការ​ក្រុមអ្នកច្បាប់​​អន្តរជាតិ​ថា តើ​ប្រទេស​ណាមួយ​ ដែលមិន​លើកឡើង​ពី​បញ្ហានេះ?”។​

លោកបានលើកឡើងថា “ ប្រសិនបើ​យើង​ប្រើវិជ្ជា​ជីវៈរបស់យើង​ក្នុង​លក្ខណៈ​អនាធិបតេយ្យ​ ប្រជាពលរដ្ឋ​នឹង​លែង​មាន​ទំនុកចិត្ត​លើ​មេធាវី​ទៀត​ហើយ​។​ វាជារឿង​រសើប​ ដែលវិជ្ជាជីវៈ​ផ្សេងៗទៀត​មិនគួរ​ចូល​មកពាក់ព័ន្ធឡើយ​។​ មេធាវី​ គឺឯករាជ្យ​ និង​សេរី​ ហើយពួកគេ​មាន​ឯករាជភាព និង​សេរីភាព​ពេញលេញ​ ដ៏រាបណា​ពួកគេ​អនុវត្ត​វិជ្ជាជីវៈរបស់ខ្លួន​ឲ្យ​ស្របតាមច្បាប់​ និង​ក្រម​សីលធម៌”។​

លោកបន្តថា “ ខ្ញុំសង្ឃឹមថា​ ​ការធ្វើ​ដូច្នេះ​​នឹង​លុបបំបាត់ការ​សង្ស័យ​ពីមុន​ៗ​មក”។​​ ​ក្រមសីលធម៌ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​មាន​ជំនួយ​ពីការិយាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​​របស់​អង្គការ​សហ​ប្រជាជាតិប្រចាំប្រទេសកម្ពុជា ហើយ​ក្រម​សីលធម៌ថ្មីនេះ​រួមមាន​​ពីរ​មាត្រា​ ដែល​សុទ្ធ​តែ​ជាមាត្រាថ្មី ដោយ​ផ្តោតយ៉ាង​សំខាន់​ទៅ​លើ​តួនាទី និង​សិទ្ធ​ិរបស់​មេធាវី។​

តាមមាត្រា​៤ចែងថា មេធាវី​ “ មានបេស​ក​កម្ម​ចូលរួម​ក្នុងការរៀបចំ​នីតិរដ្ឋ​ ពង្រឹង​យុត្តិ​ធម៌​សង្គម​ និងការពារ​សិទ្ធិមនុស្ស​” ។រីឯមាត្រា៥
ចែងថា​ “ មេធាវី​មាន​សេរីភាព​និងឯករាជ​ភាព​ក្នុង​ការប្រកបវិជ្ជាជីវៈ​របស់ខ្លួន​”។​ មាត្រា១៥ដែលជាមាត្រាចាស់​​ គឺជា​មាត្រាមួយ ដែលមាន​ការជំទាស់​យ៉ាងខ្លាំ​ង​កាលពីខែ​មករា​ នៅពេល​គណៈមេធាវី​ផ្ញើ​លិខិត​​ទៅកាន់​សមាជិក​របស់​ខ្លួន​ ដោយ​ផ្តល់​ដំណឹងដល់ពួកគេថា​ នឹងមានវិធាន​ការ​ផ្លូវ​ច្បាប់​ប្រឆំាងនឹង​ពួកគេ​ ប្រសិនបើ​ទំនាក់​ទំនង​​របស់​ពួកគេ​ជាមួយ​ប្រព័ន្ធផ្សព្វផ្សាយ​ធ្វើឲ្យខូចឈ្មោះ​ស្ថាប័នច្បាប់នោះ។​

ក្រសួងពត៌មាន​បាន​លើកឡើង​ម្តងទៀត​ពី​ការគំរាមកំហែង​នេះ​ នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​​ដោយប្រាប់ស្ថានីយវិទ្យុ​ និង​ស្ថានីយ​ទូរទស្សន៍​ព្រម​ទាំង​អ្នក​កាសែត​ ឲ្យសុំ​ការយល់​ព្រម ​មុនពេល​និយាយជាមួយ​សមា​ជិក​របស់​គណៈមេធាវី​។

លោក ជេម ហ៊ីណាន​ (James Heenan) តំណាង​ស្តីទី​ប្រចាំ​ប្រទេស​ការិយាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​​របស់​អង្គការ​សហ​ប្រជា​ជាតិ បានមានប្រសាសន៍ថា វាជា រឿងសំខាន់​ និង​ជាការ​សម្រេច​ដ៏ក្លាហានមួយ​​របស់​ក្រុមប្រឹក្សា​គណៈ​មេធាវី​​ កាលពីឆ្នាំ​២០១០​ ដែលបាន​កែប្រែ​អត្ថបទ​​ស្តីពី​វិជ្ជា​ជីវៈ​ផ្នែក​ច្បាប់​នោះ”។​

លោកបាន​មាន​ប្រសាសន៍​បន្ថែមថា “ ក្រមសីលធម៌​បាន​បញ្ជាក់យ៉ាងច្បាស់ថា​ មេធាវី​គួរតែ​មាន​សេរី​ភាព​និង​ឯករាជភាព​ ព្រោះនេះ​ជា​គោល​ការណ៍មូលដ្ឋាន។ មេធាវី​ចំបាច់​ត្រូវ​តែ​អាច​បំពេញ​ការងារ​របស់ខ្លួន​ដោយមិនរង​ឥទ្ធិពល​និងការ​តម្រង់ទិស​ពី​ភាគីណា​ផ្សេង​ឡើយ”។​
លោកបានបន្តថា​ “ ក្រម​សីលធម៌​លើក​មុន​ ធ្វើ​ឲ្យមាន​ការ​ព្រួយបារម្ភ​ខ្លះ។​ យើង​សប្បាយរីករាយនៅពេល​ឃើញ​ក្រម​សីល​ធម៌ថ្មី​ ដែលអនុញ្ញាតឲ្យ​មេធាវី​មាន​សេរីភាព​​ក្នុងការ​និយាយជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឬ​ជាមួយ​នណា​ម្នាក់​ដោយ​មិន​ចំាបាច់​ផ្តល់​ដំណឹង ​ឬក៏ពិភាក្សា​ជាមួយប្រធាន​គណៈ​មេធាវីជាមុននោះ។ប៉ុន្តែនេះមិនមែនមានន័យ​ថា ​មេធាវី​អាច​និយាយអ្វីតាម​ចិត្តចង់​ដោយ​គ្មាន​ផល​លំបាក​អ្វី​នោះឡើយ​។ ច្បាប់​គឺ​ជា​វិជ្ជាជីវៈ​មិន​មែន​គ្រាន់តែជាការ​ងារ​នោះទេ”៕

​​​​​​​ប្រែសម្រួល​ដោយ ស៊ា​ ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស