40.9 C
Phnom Penh

រដ្ឋា​ភិ​បាល​ធ្វើ​វិសោធនកម្ម​ច្បាប់​​ប្រឆាំង​ការ​លាង​​លុយ​​ និង​​ហិរញ្ញប្បទាន​​ភេរវកម្ម​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​បាន​​អនុ​ម័ត​​សេចក្ដី​ព្រាង​ច្បាប់ដោយ​ធ្វើ​​វិសោធន​កម្ម​លើ​មាត្រា​ចំនួន​បី​ ស្ដី​ពី​ការ​ប្រ​​ឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ដើម្បី​​ធ្វើ​ឲ្យ​ការ​វិនិយោគ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ប្រសើរ។​

សេចក្ដី​ថ្លែង​ការ​ណ៍​មួយ​ចេញ​ផ្សាយដោយ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​មាន​ខ្លឹម​សារ​ថា “ ដោយ​យល់​ឃើញ​ថា រូប​ភាព​​នៃ​ការ​បំផ្លិច​បំផ្លាញ​ដែល​បណ្ដា​ល​មក​ពី​ការ​សម្អាត​ប្រាក់​​ និង​ហិរញ្ញប្បទាន​​ភេរវកម្ម​មាន​លក្ខណៈ​​ធ្ងន់​​ ដូច្នេះ​​យើង​បាន​រៀប​ចំ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​បណ្ដា​ប្រទេសនានា​​ក្នុង​តំបន់​ និង​ពិភព​លោក”។​​

ទី​ស្ដីការគណៈរដ្ឋ​មន្ត្រី​​លើក​ឡើង​បន្ដ​ថា “ សេចក្ដី​ព្រាង​​ច្បាប់ថ្មី​នេះ​​នឹង​បង្ហាញ​ថា ប្រទេស​កម្ពុជា​គឺ​ជា​កន្លែង​មាន​សុវត្ថិ​ភាព​សម្រាប់​ការ​ធ្វើ​វិនិយោគ​។ ហើយ​​ច្បាប់​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​ជាបន្ទាន់​”។​ ​សេចក្ដី​ថ្លែង​ការណ៍នោះ​​​បាន​លើកឡើង​ថា សេចក្ដ​ីព្រាង​​ច្បាប់​នេះ​រួម​មាន​ការ​ធ្វើ​វិសោធន​កម្ម​​ច្បាប់​បច្ចុប្បន្នស្ដី​ពី​​និយម​​ន័យ​នៃ​ពាក្យ​បច្ចេក​ទេស ការដាក់​ទណ្ឌកម្ម​និង​ “ ការ​ឃាត់​ទុក និង​ការរឹបអូស​​ទ្រព្យ​សម្បត្តិ”។​

កាល​ពី​ខែ​មុន​ អង្គ​ភាព​ស៊ើប​អង្កេត​ផ្នែក​​​ហិរញ្ញវត្ថុ​​របស់​​ធនាគារ​ជាតិ​កម្ពុជា ​មន្ត្រី​ភ្នាក់​ងារ​​អនុវត្តច្បាប់​ និង​ធ​នាគារ​ឯក​ជន​ បាន​បើក​​​វគ្គ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​មួយ​សប្ដាហ៍​ ក្រោម​ការ​ឧបត្ថម្ភ​របស់​ស្ថាន​ទូត​ចក្រ​ភព​អង់​គ្លេស​ ក្នុង​គោល​បំណង​ឲ្យ​អាជ្ញាធរកម្ពុជា​​ទទួល​បាន​ចំណេះ​ដឹង​ចាំ​បាច់​ដើម្បី​​ទប់​ស្កាត់​​សកម្មភាព​កេង​ប្រវ័ញ្ច​​លើ​​បទ​ប្បញ្ញត្ដិ​ដែល​នៅ​ខ្សោយ​​​ស្ដី​អំពី​បទ​ឧ​ក្រិដ្ឋ​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​។

ទោះ​បី​ជា​បាន​អនុម័ត​ច្បាប់​មួយ​កាល​ពី​ឆ្នាំ​២០០៧​ស្ដី​ពី​ការ​សម្អាត​ប្រាក់​​ និង​​ហិរញ្ញ​ប្បទាន​​ភេរវកម្ម ហើយ​​ក្នុង​ឆ្នាំ​២០០៨​បាន​បង្កើត​អង្គភាព​ស៊ើប​អង្កេត​​ផ្នែក​​​ហិរញ្ញវត្ថុ​ក៏​ដោយ ក៏​មាន​មនុស្ស​តិច​តួច​ណាស់​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​សម្អាត​ប្រាក់​នៅកម្ពុជា។​

នៅ​ក្នុង​​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ​នោះ​ដែរ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ណែនាំ​​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​ពិចារណា​គិត​គូ​ររៀប​ចំ​បៀវត្សរ៍​ជូន​កង​យោធ​ពល​ខេមរភូមិន្ទ​​​និង​នគរ​បាល​ជាតិ​​ឲ្យ​បាន​សម​ស្រប​ទៅ​នឹង​​ឋាន​ន្ដរស័ក្ដិ របស់​ពួក​គេ​។​ នៅ​ពេល​សួរ​ថា តើ​នគរ​បាល​ និង​មន្ត្រី​យោធិន ទាំង​នោះ​ទទួល​បាន​ប្រាក់​ខែ​មិន​ត្រឹម​​ត្រូវ​ឬ​យ៉ាង​ណា​​ ​​​​​​​​ លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា នេះ​​គ្រាន់​តែ​ជា​បញ្ហារដ្ឋាភិបាល​ប៉ុណ្ណោះ។​

លោក ផៃ ស៊ី​ផាន​ បាន​បក​ស្រាយ​ថា​ នគរ​បាល​និង​យោធិន​មួយ​ចំនួន​ត្រូវបាន​ដំឡើង​ប្រាក់​ខែ​​​ឲ្យ​ស្រប​តាម​​ឋានន្ដរស័ក្ដិថ្មី​របស់​ពួកគេ។​ លោក​​មានប្រសាសន៍​ថា “ បន្ទាប់​មក​ យើង​នឹង​បើក​សង​វិញ ដូច្នេះ​ពួកគេ​នឹង​ទទួល​បាន​ប្រាក់​ខែ​បង្គ្រប់​វិញ​ ដោយ​គិត​ចាប់​​តាំង​​ពី​​ថ្ងៃ​ដំឡើង​នោះ​មក​”។

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​សម្ដែង​មោទន​ភាព​​ផង​ដែរ​ចំពោះ​ការកើន​ឡើង​នៃ​ការ​​នាំ​អង្ករ​ពី​កម្ពុជា​ទៅ​ទី​ផ្សារ​អន្ដរជាតិ​​​ឆ្នាំ​នេះ ដោយ​មាន​ប្រសាសន៍​ថា គ្រាន់​តែ​ក្នុង​​មួយ​ត្រី​មាស​ដំបូង កម្ពុជា​​នាំ​អង្ករ​ចេញ​បាន​រហូត​ដល់​​៩៥.២២៨​តោន​។ ​លោក​ ហ៊ុន​ សែន បាន​មាន​ប្រសាសន៍​ថា ត្រឹម​ឆ្នាំ​២០១៥​ លោក​សង្ឃឹម​ថា កម្ពុជា​នឹង​អាច​នាំ​អង្ករ​ចេញ​ចំនួន​១​លាន​តោន​ ក្នុង​មួយ​ឆ្នាំ៕​​

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស