ក្រុងសៀមរាប-ខណៈដែលភ្ញៀវទេសចរឆ្លងកាត់ច្រករបងដែករបស់អង្គការកុមារនិងការអភិវឌ្ឍន៍នៅពេលរសៀលមួយពួកគេត្រូវអបអរសាទរដោយសំឡេងខ្ញៀវខ្ញារពីកុមារប្រហែល២០នាក់ ដោយស្រែកថា “ ជំរាបសួរ” ព្រមគ្នា។
កុមារីម្នាក់ឈ្មោះ គន្ធី ស្លៀកសម្លៀកបំពាក់កម្ញីក្រហមដោយមានពាក់បូពណ៍សនៅជុំវិញកអាវ បានសួរភ្ញៀវទេសចរថា តើពួកគាត់ចង់ដើរទស្សនាក្នុងមណ្ឌលកុមារកំព្រារបស់នាងឬទេ។ គន្ធី មានអាយុ៨ឆ្នាំយល់ថា នាងជាផ្នែកមួយនៃការប្រកបមុខរបររកស៊ីដ៏ជោគជ័យបំផុត។
យោងតាមតួលេខចុងក្រោយពីក្រសួងសង្គមកិច្ចបានឲ្យដឹងថា បើទោះជាចំនួនកុមារកំព្រា គឺកុមារកំព្រាឪពុកឬម្តាយ និងកុមារ
កំព្រាឪពុកម្តាយធ្លាក់ចុះក៏ដោយ ក៏ចំនួនមណ្ឌលកុមារកំព្រានៅក្នុងប្រទេសកម្ពុជាបានកើនឡើង៧៥ភាគរយ ស្មើនឹង២៧០កន្លែង
ចាប់ពីឆ្នាំ២០០៥ដល់ឆ្នាំ២០១០។
យោងតាមក្រសួងនេះបានឲ្យដឹងថា តួលេខដូចគ្នានេះបង្ហាញថា កុមារក្នុងមណ្ឌលកុមារកំព្រានៅទូទាំងប្រទេសមានចំនួន១២.០០០នាក់។ ក្នុងចំណោមនោះមានចំនួនបីពាន់នាក់កំព្រាទាំងឪពុក និងម្តាយ។ ក្រៅពីកុមារទាំងនោះ អ្វីដែលគេមើលឃើញដំបូងនៅពេលចូលអង្គការកុមារនិងការអភិវឌ្ឍន៍នោះ គឺក្តារខៀនដ៏ធំមួយដែលរៀបរាប់ពីការចំណាយប្រចាំខែ និងស្នើសុំជំនួយ។សម្រាប់កុមារ២០នាក់នៅក្នុងអង្គការ
នេះ ត្រូវចំណាយប្រាក់ចំនួន២៥០ដុល្លារសម្រាប់ទិញអង្ករ ១៧៥ដុល្លារសម្រាប់បោះពុម្ពខិតប័ណ្ណផ្សព្វផ្សាយ និង៣៥ដុល្លារសម្រាប់
ទិញស្ករជារៀងរាល់ខែ។
ប្រាក់ជំនួយពី១០ដុល្លារទៅ២០ដុល្លារ ជារឿងធម្មតាទេសម្រាប់ភ្ញៀវទេសចរ ប៉ុន្តែកាន់តែពេញនិយមនោះគឺ អំណោយសម្រាប់
កុមារ ដូចជាសៀវភៅសរសេរ និងស្ករគ្រាប់។ ភ្ញៀវទេសចរ ដែលនាំមកនូវប្រដាប់ប្រដាក្មេងលេង នឹងឃើញកុមារទាំងនោះលេងជាមួយអំណោយរបស់ខ្លួនរយៈពេលពីរបីនាទី ប៉ុន្តែនៅពេលពួកគេចាកចេញ អ្នកស្រីម៉ន សាវឿន នាយិកា និងជាស្ថាបនិកមណ្ឌលកុមារកំព្រានេះ មានប្រសាសន៍ថា អ្នកស្រីយករបស់នោះចេញ ហើយច្រកក្នុងថង់ប្លាស្ទិក និងព្យួរនៅលើពិដាន។ អ្នកស្រីពន្យល់ថា កុមារទាំងនេះមានប្រដាប់ប្រដាក្មេងលេងគ្រប់គ្រាន់ហើយ ហើយអ្នកស្រីរក្សាទុកឲ្យពួកលេងនៅពេលក្រោយ។
នៅខេត្តសៀមរាប មានភ្ញៀវទេសចរកំពុងប្តូរគំនិតទៅទស្សនាប្រាសាទ ហើយភាគច្រើនក្នុងចំណោមនោះ ត្រូវបានលើកទឹកចិត្តឲ្យទៅទស្សនាមណ្ឌលកុមារកំព្រា ដូចមណ្ឌលកុមារកំព្រាមួយនេះដែរ។ នៅក្នុងមណ្ឌលកុមារកំព្រាភាគច្រើន គ្មានការការពារគ្មានការពិនិត្យប្រវត្តិសាវតារ ឬសូម្បីតែអត្តសញ្ញាណប័ណ្ណរបស់ភ្ញៀវទេសចរក៏គ្មានផង។
អ្នកស្រី ម៉ន សាវឿន បានមានប្រសាសន៍ថា អ្នកស្រីបានបង្កើតមណ្ឌលកុមារកំព្រានេះក្នុងឆ្នាំ២០១០ ដើម្បីជួយដល់កុមារ ប៉ុន្តែថា អ្នកស្រីខ្វះខាតប្រាក់កាសជានិច្ច។ អ្នកស្រីបានទទួលស្គាល់ថា គ្មានកុមារណាដែលនៅក្រោមការថែទាំរបស់អ្នកស្រី ជាកុមារគ្មានឪពុកម្តាយនោះទេ ហើយថា មានតែពីរឬបីនាក់ប៉ុណ្ណោះបាត់បង់ឪពុកឬម្តាយ។ អ្នកស្រីបានបន្តថា កុមារទាំងនោះ ភាគច្រើនមកពីជម្រកក្រីក្រនៅក្នុងព្រៃ ដោយជិះរទេះគោរយៈពេលប្រមាណជាបីម៉ោង ទើបអាចទៅដល់។គេត្រូវចំណាយពេលជាងមួយម៉ោងពីកន្លែងស្នាក់នៅ ទៅសាលារៀន និងមណ្ឌលសុខភាព។
អ្នកស្រី ម៉ន សាវឿន បានមានប្រសាសន៍ថា “ ខ្ញុំបើកមណ្ឌលកុមារកំព្រានេះដើម្បីជួយកុមារក្រខ្សត់ ពីព្រោះប្រសិនបើពួកគេរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ ពួកគេគ្មានការអប់រំ និងការថែទាំសុខភាពឡើយ”។ យោងតាមអង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូ បានឲ្យដឹងថា ស្ថានភាពនៅឯអង្គការកុមារនិងការអភិវឌ្ឍន៍នេះគឺធម្មតាទេ នៅក្នុងខេត្តសៀមរាប ជាទីដែលចំនួនភ្ញៀវទេសចរមកកាន់ប្រទេសនេះ ធ្វើឲ្យឧស្សាហកម្មទេសចរណ៍កើនឡើងយ៉ាងរហ័ស។ តែនៅក្នុងខេត្តសៀមរាបមួយ បច្ចុប្បន្ននេះមានមណ្ឌលកុមារកំព្រាដែលចុះបញ្ជីផ្លូវការចំនួន៣៣កន្លែង។
ប៉ុន្តែក្រុមអ្នកសង្កេតការណ៍លើមណ្ឌលកុមារកំព្រានៅក្នុងប្រទេសកម្ពុជា លើកឡើងថា វិស័យមណ្ឌលកុមារកំព្រាដែលកាន់តែកើនឡើងនេះ គឺធ្វើឲ្យចាកផុតពីភាពក្រីក្រ ជាងការខ្វះឪពុកម្តាយ។ ដោយជិតមួយភាគបីនៃជនកម្ពុជារស់ក្រោមបន្ទាត់ក្រីក្រនៅឡើយ ឪពុកម្តាយដែល
តស៊ូរស់នៅតាមជនបទដាច់ស្រយាល ត្រូវបានបញ្ចុះបញ្ចូលដោយស្រួលឲ្យប្រគល់កូនចៅរបស់ខ្លួនឲ្យទៅមណ្ឌលកុមារកំព្រានៅក្នុងក្រុង ដែលសន្យាផ្តល់អាហារនិងការអប់រំ។
អង្គការយូនីសេហ្វ និងអង្គការសិទ្ធិកុមារ ដែលជាអង្គការក្រៅរដ្ឋាភិបាលបានរិះគន់ឧស្សាហកម្មមណ្ឌលកុមារកំព្រាដែលកាន់តែកើនឡើងនៅក្នុងប្រទេសនេះ ព្រោះជិតពាក់កណ្តាលនៃកុមារទាំងអស់ ដែលរស់នៅតាមមណ្ឌលកុមារកំព្រា នៅទីនោះ ដោយសារគ្រួសាររបស់ពួកគេ ក្រីក្រមិនអាចចិញ្ចឹមពួកគេបាន។ ក្នុងឆ្នាំ២០០៩ មានកុមារតែ២៣ភាគរយប៉ុណ្ណោះក្នុងមណ្ឌលគាំពារកុមារនៅក្នុងប្រទេសកម្ពុជា ដែលគ្មានឪពុកម្តាយរស់នៅ នេះបើយោងតាមក្រសួងសង្គមកិច្ច។
អង្គការយូនីសេហ្វ លើកឡើងថា មធ្យោបាយប្រសើរមួយក្នុងការដោះស្រាយបញ្ហាបែបនេះ គឺត្រូវលើកទឹកចិត្តសមាជិកគ្រួសារ ឬជំរុញឲ្យអាណាព្យាបាលយកចិត្តទុកដាក់ចំពោះកុមារដែលគ្មានឪពុកម្តាយ។ សាឡាគ្រូស (Sala Kruse) អាយុ៣១ឆ្នាំ ដែលស្ម័គ្រចិត្តធ្វើការនៅអង្គការកុមារនិងការអភិវឌ្ឍន៍កាលពីឆ្នាំមុនរួមជាមួយមិត្តភក្តិម្នាក់តាមរយៈអង្គការ យូណៃធីត ផ្លាណិត (United Planet)មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលភ្ជាប់ក្រុមអ្នកស្ម័គ្រចិត្តជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បានចោទប្រកាន់អ្នកស្រី ម៉ន សាវឿន ស្ថាបនិករបស់មណ្ឌលកុមារកំព្រានេះថា បាននាំកុមារចេញពីក្រុមគ្រួសាររបស់ពួកគេ និងផ្សព្វផ្សាយពួកគេថាជាកុមារកំព្រាដើម្បីរកប្រាក់។ លោកស្រី គ្រូសក៏បានរិះគន់ស្ថានភាពនៅអង្គការគាំពារកុមារនិងការអភិវឌ្ឍន៍នេះដែរ។
លោកស្រី គ្រូស បានបន្តថា“ ពីរបីថ្ងៃដំបូងយើងរន្ធត់ចិត្ត អ្វីៗអាក្រក់ណាស ់ទីកន្លែងទាំងមូល មិនស្អាត ហើយកុមារស្ថិតនៅក្នុងស្ថានភាពអាក្រក់បែបនេះ។ មិត្តរបស់ខ្ញុំនិងខ្ញុំបាននិយាយអំពីការចាកចេញ ពីព្រោះស្ថានភាពអាក្រក់បំផុត”។ លោកស្រីបានមានប្រសាសន៍ថា អំឡុងពេលស្នាក់នៅរបស់អ្នកស្រី កុមារខ្លះធ្លាក់ខ្លួនឈឺ ប៉ុន្តែអ្នកស្រី ម៉ន សាវឿន មិនបាននាំពួកគេទៅកាន់មណ្ឌលសុខភាពទេ ព្រោះគ្មានប្រាក់គ្រប់គ្រាន់។
យោងតាមអង្គការ យូណៃធីត ផ្លាណិត បានឲ្យដឹងថា ដំណើរទេសចរណ៍របស់លោកស្រីគ្រូស ត្រូវចំណាយប្រាក់អស់២.៣៦៥ដុល្លារ។
ប្រាក់៦០ភាគរយ ទុកសម្រាប់រៀបចំអ្នកស្ម័គ្រចិត្ត និងការចំណាយចុះស្រាវជ្រាវដល់កន្លែងហើយជំនួយអប្បបរមា៥០ដុល្លារ ទុកសម្រាប់
មណ្ឌលកុមារកំព្រា។,លោកស្រី ចៅ លក្ខណ៍វណ្ណា អ្នកសម្របសម្រួលរបស់អង្គការលីកាដូ មានប្រសាសន៍ថា “ មានមណ្ឌលកុមារកំព្រាច្រើនណាស់នៅទីនេះ បើប្រៀបធៀបនឹងខេត្តដទៃទៀត”។ លោកស្រីបានបន្ថែមថា កំហុសឆ្គង ការគ្រប់គ្រងខុស និងការរំលោភបំពាន កើតមានជាទូទៅនៅក្នុងមណ្ឌលកុមារកំព្រា។
តាមការពិត កាលពីខែមុន នាយកអង្គការមណ្ឌលកុមារកំព្រានិងការអប់រំអង្គរ ត្រូវបានចោទប្រកាន់ពីបទចាប់រំលោភក្មេងស្រីពីរនាក់ អាយុ១១ឆ្នាំ និង១២ឆ្នាំ ដែលស្ថិតក្រោមការថែទាំរបស់គាត់ និងត្រូវបានក្រុមអ្នកតាមដានសិទ្ធិមនុស្សប្រទះឃើញកំពុងដេកនៅក្នុងបន្ទប់របស់គាត់។ លោកស្រី លក្ខណ៍វណ្ណា បានថ្លែងថា ការបើកដំណើរការមណ្ឌលកុមារកំព្រាមួយ បានក្លាយជាអាជីវកម្មរកចំណូលបានច្រើន ដោយ
សារភ្ញៀវទេសចរបស្ចិមប្រទេសកាន់តែកើនឡើងនោះចង់បន្ថែមមនុស្សធម៌របស់ខ្លួនទៅនឹងថ្ងៃឈប់សម្រាករបស់ខ្លួន។
លោកស្រីបានបន្ថែមថា “ ជាទូទៅ វាជាការប្រកបអាជីវកម្មល្អមួយ ហើយស្ថាបនិកអាចទទួលបានលាភពីមណ្ឌល”។ លោកស្រីបន្ថែមថា នៅក្នុងសេណារីយោខ្លះ លោកស្រីបានឃើញកូនៗផ្ទាល់របស់នាយកមណ្ឌលឈរថតរូបធ្វើជាកុមារកំព្រា។ លោកស្រី លក្ខណ៍វណ្ណា បានលើកឡើងថា “ វិធីដែលយើងធ្វើគឺថា ជាឧទាហរណ៍ យើងត្រូវការប្រាក់ចំនួន៥០.០០០រៀលសម្រាប់អាហារ។ ប៉ុន្តែនៅក្នុងរបាយការណ៍
អ្នកនិយាយថា អ្នកត្រូវការប្រាក់ចំនួន១០0.០០០រៀល ហើយពាក់កណ្តាលនៃចំនួននេះចូលហោប៉ៅរបស់ស្ថាបនិក”។
មណ្ឌលកុមារកំព្រាភាគច្រើននៅខេត្តសៀមរាប ស្ថិតនៅកណ្តាលក្រុងសៀមរាប ជាទីដែលអង្គការទាំងនេះផ្សព្វផ្សាយយ៉ាងសកម្មនៅតាមសណ្ឋាគារ និងផ្ទះសំណាក់។អង្គការជួយកុមារកំព្រានិងជនពិការកម្ពុជាដែលមានមូលដ្ឋាននៅក្នុងក្រុងសៀមរាបបានធ្វើការរៀបចំសម្តែងសិល្បៈរយៈពេលមួយម៉ោងរៀងរាល់រាត្រី ដែលនៅទីនោះ
កុមារចំនួន៦៧នាក់ច្រៀងនិងរាំឲ្យភ្ញៀវទេសចរទស្សនា។លោក ឈីវ ហេងឈា ដែលជានាយកនិងជាស្ថាបនិកអង្គការជួយកុមារកំព្រា និងជនពិការកម្ពុជា មានប្រសាសន៍ថា“ ៩០ភាគរយនៃប្រាក់របស់យើងបានមកពីការសម្តែង”។ លោកបានបន្តថា លោកបានចាប់ផ្តើមអង្គការជួយកុមារកំព្រានិងជនពិការកម្ពុជានេះក្នុងឆ្នាំ២០០៨។
នៅឯអង្គការជួយកុមារកំព្រា និងជនពិការកម្ពុជា បញ្ជីចំណាយសម្រាប់កុមារ ត្រូវបានបិទនៅលើក្តារខៀនដើម្បីឲ្យភ្ញៀវទេសចរបានឃើញ។
នៅពេលសួរថា តើកុមារទាំងអស់នេះជាកុមារកំព្រាឬយ៉ាងណា លោក ហេងឈា លើកឡើងថា អង្គការរបស់លោកជួយកុមារកំព្រា ជនពិការនិងកុមារក្រីក្រ។ ចំណោមកុមារកំព្រាចំនួន៦៧នាក់នៅក្នុងមណ្ឌលនេះ បច្ចុប្បន្នសុទ្ធតែជាកុមារកំព្រា។ដោយសារមានចំនួនកុមារច្រើន អង្គការជួយកុមារកំព្រានិងជនពិការកម្ពុជាថ្មីៗនេះបានសាងសង់ផ្ទះឈើមួយខ្នងមានពីរជាន់ អស់ប្រាក់ប្រហែល១០.០០០ដុល្លារ។ ក្នុងឆ្នាំ២០១០ អង្គការនេះបានរៀបចំគម្រោងធ្វើកសិកម្ម ដែលបង្រៀនកុមារឲ្យចេះពីរបៀបដាំបន្លែនិងចិញ្ចឹមសត្វ។ ក្នុងឆ្នាំ២០១១ អង្គការជួយកុមារកំព្រានិងជនពិការកម្ពុជា បានទទួលប្រាក់សរុប២៤៨.០០០ដុល្លារ។
សម្រាប់លោក ដារីល បាណាប៊ី (Daryl Barnaby)វិញ ដែលមកទស្សនាប្រទេសកម្ពុជាជាមួយភរិយារបស់លោក ដោយបានទៅទស្សនាអង្គការជួយកុមារកំព្រានិងជនពិការកម្ពុជា បានលើកឡើងពីទស្សនដូចគ្នានេះដែរ បន្ទាប់ពីទស្សនាប្រាសាទរយៈពេលមួយថ្ងៃ។
លោកបានមានប្រសាសន៍ថា “ យើងចង់ធ្វើអ្វីមួយទៅតាមវប្បធម៌ អ្វីមួយប្លែក។អ្នកមកទីនេះក្នុងនាមជាទេសចរ អ្នកមានប្រាក់ ដូច្នេះហេតុអ្វីបានជាអ្នកមិនចង់ជួយអ្នកក្រនៅទីនេះ និងធ្វើអ្វីមួយសម្រាប់កុមារកំព្រា”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី