29 C
Phnom Penh

គណបក្ស​សង្គ្រោះជាតិ​និយាយពី​គោលនយោបាយ​បក្សរបស់ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនយោបាយ​​មកពី​គណបក្ស​ប្រឆាំង និង​អ្នកគាំទ្រ​រាប់ពាន់នាក់​ កាល​ពី​ម្សិលមិញ​ បាន​មកប្រ​មូលផ្តុំគ្នា​នៅក្នុង​សមាជ​​​របស់​គណ​បក្ស​សង្គ្រោះជាតិ​លើក​ទី​១​​ ដើម្បី​ដាក់​ចេញ​នូវ​​​គោល​នយោបាយ​​របស់បក្ស​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ពេល​ខាង​មុខ​នេះ​​ ​និង​​​ជ្រើស​តាំង​
មន្ត្រី​នយោបាយ​សំខាន់ៗ​​មួយ​​​ចំនួន​​​ផង​​​ដែរ​​​។​

ថ្លែងនៅក្នុង​សមាជ​នេះ​ ដែលធ្វើ​ឡើង​នៅទីវាលមួយដែលមាន​រោង​ចក្រកាត់ដេរ​​​នៅ​ព័ទ្ធ​ជំុវិញ​​​នៅជាយរាជ​ធានី​ភ្នំពេញ​ លោកកឹម សុខា​ អនុប្រធាន​គណបក្សសង្គ្រោះជាតិ​ មានប្រសាសន៍ថា​ ស្ថិត​ក្រោមការ​ដឹក​នាំា​របស់​​គណបក្សកាន់អំណាច​ គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ធនធាន​ជាច្រើន​របស់ប្រទេស​កម្ពុជា​ ត្រូវអ្នកមានទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​មួយ​ចំនួន​បំផ្លិច​បំផ្លាញ​ ហើយ​លោក​​បាន​សន្យាថា ​នឹង​យកដីធ្លី​ពី​អ្នកជំនួញ​​ស្តុក​ស្តម្ភ​មកវិញ ​ប្រសិន​បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ឈ្នះនៅក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា។​

លោកថ្លែងថា “ ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ប្រទេស​កម្ពុជា​បាន​ទទួលរង​ការ​ឈឺចាប់​ ហើយ​ធន​ធាន​ ដីស្រែ​ ព្រៃឈើ​បឹងបួ​ ត្រូវធ្លាក់​ចូល​ក្នុង​កណ្តាប់​​ដៃ​របស់​​វិនិយោគិន​ និង​ឧកញ៉ា​មួយ​​​ក្រុមតូច​”។​ ​លោកបាន​មាន​ប្រសាសន៍​បន្តថា​“ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ ឈ្នះ​ឆ្នោត​ និង​ដឹកនាំ​រដ្ឋា​ភិបាល​ យើង​នឹង​ត្រួត​ពិនិត្យ​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ប៉ះពាល់​ដល់ជាតិ​និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ឡើង​វិញ​។​ យើងនឹង​យក ​[ដីធ្លី​] ប្រគល់​​ឲ្យ​ប្រជា​ពលរដ្ឋខ្មែរ​វិញ”។​

លោក កឹម​ សុខា ក៏លើកឡើង​ពី​គោល​នយោបាយ​ប្រាំពីរ​​​ចំណុច​​​​ របស់គណ​បក្ស​សង្គ្រោះ​ដែលបាន​បង្កើត​ឡើង​ពេល​គណ​​​បក្ស​ ​​​សម​ រង្ស៊ី​ និង​គណ​បក្ស​សិទ្ធិ​មនុស្ស​ រួម​បញ្ចូលគ្នា​​​​កាលពី​ខែ​កក្កដា​ផងដែរ​។​ គោល​​​នយោបាយ​នោះ​រួម​មាន​ ការផ្តល់​ប្រាក់ខែ​អប្បបរមា​​២៥០ដុល្លារ​ ដល់​មន្ត្រី​រាជការ​ និង​​​កង​កម្លាំង​ប្រដាប់អាវុធ​ ការផ្តល់ប្រាក់ខែ​ជា​​​ទូទៅ​១៥០​ដុល្លារ​​ដល់​កម្មករ​កម្មការិនី​រោង​ចក្រ​កាត់ដេរ​ ការផ្តល់​ប្រាក់​ចំនួន​១០ដុល្លារ​សម្រាប់ការថែទាំ​សុខ​ភាព​ប្រចាំខែ​ ដល់​មនុស្ស​ចាស់ដែល​មាន​អាយុ​ចាប់ពី​៦៥ឆ្នាំ​​​ឡើង​​​ទៅ​ ផ្តល់សេវា​ថែទាំ​សុខ​ភាព​​​ និង​ការ​​​អប់រំ​សម្រាប់​​​ប្រជាពលរដ្ឋ​ក្រីក្រ​​ដោយ​ឥត​គិត​ថ្លៃ​ ​និងធ្វើ​ឲ្យ​តម្លៃ​ប្រេង​ ជី អង្ករ​ និង​អគ្គិស​​​នីចុះថ្លៃ។​

គណបក្ស​សង្គ្រោះជាតិ​ ក៏បាន​បោះឆ្នោត​ជ្រើសរើស​​អគ្គ​លេខាធិការ​គណ​​បក្ស​ព្រម​ទំាង​​គណៈកម្មាធិការ​​នាយក​ដែល​មាន​​សមា​ជិក​ចំនួន​១២៦រូប​ ដែល​ឥឡូវ​​េនះ​រួមមាន​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ​ អតី​តសមាជិក​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ និង​អតីត​ទីប្រឹក្សា​របស់សម្តេចឪ​ នរោត្តម​ សីហនុ​ ផងដែរ​ ហើយ​ព្រះអង្គ​ជាបុគ្គល​មួយរូប​ដែលតែង​តែ​ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ដោយ​ពន្យល់ថា​ គណបក្ស​ ហ៊្វុន​ស៊ិនប៉ិច​ ដែលគាំ​ទ្រ​​​គណ​បក្ស​ប្រជាជន​កម្ពុជា​ តែង​តែ​រងការរិះគន់​ពីទស្សន​នយោបាយ​របស់​ព្រះអង្គ​នោះ​ ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ​ បាន​មាន​​បន្ទូល​ថា​ គណបក្ស​សង្គ្រោះជាតិ​ គឺជាគណបក្ស​តែមួយ​គត់​សម្រាប់​ព្រះ​អង្គ​​សម្ដែងក្តីព្រួយបារម្ភ​​អំពី​ប្រទេស​ជាតិ។​ ​

ព្រះអង្គមាន​បន្ទូល​ថា​ “ ខ្ញុំគាំទ្រ​​គំនិត​​និង​កម្មវិធី​ដូចដែល​ខ្ញុំ​​តែង​តែ​និយាយ​​។​ អ្វីដែល​សំខាន់គឺ​ការ​រួបរួមគ្នា​របស់​គណបក្ស​និង​បុគ្គលនីមួយ​ៗ​”។​ កាលពីសប្តាហ៍មុន​ គណបក្ស​សិទ្ធិមនុស្ស​ ដែលនៅតែមាន​តំណាង​ នៅស្ថាប័ន​ថ្នាក់​ជាតិ​និងថ្នាក់មូលដ្ឋាន​ បានតែងតាំង​លោក សឺន ស៊ូ​ប៊ែរ្ដិ៍​ អតីត​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ និង​ជា​កូន​របស់​លោក​ សឺន សាន​ អតីត​នាយករដ្ឋមន្ត្រី​ ជាប្រធាន​គណបក្សថ្មី​របស់​គណបក្ស​នេះ​។

ប៉ុន្តែយោងតាម​ លោក ឃឹម ឡៃ​ អ្នក​ស្រាវ​ជ្រា​វ​ឯក​រាជ្យ​ផ្នែក​សង្គម​និង​​សេដ្ឋកិច្ច​បាន​ឲ្យដឹងថា នយោបាយ​​របស់​បុគ្គល​បានធ្វើ​ឲ្យ​គណបក្សប្រឆាំងទទួល​​បរាជ័យ​នៅក្នុង​ការ​បោះឆ្នោត​លើក​មុនៗ ហើយ​ទោះបីជា​មាន​ការ​​ចូល​រួម​​​ពី​អ្នក​នយោបាយ​លេច​ធ្លោ​មួយ​ចំនួនក៏ដោយ​ វាគឺ​​ជាគោល​នយោបាយ​​ច្បាស់​លាស់​និង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​​ដើម្បី​ទាក់ទាញ​ឲ្យមាន​ការ​គាំទ្រ​ច្រើន​ចំពោះ​គណ​បក្ស​សង្គ្រោះជាតិ​។​

លោកបាន​លើកឡើងថា “ ខ្ញុំបាន​ឃើញថា​ឆ្លង​តាម​រយៈការ​បោះឆ្នោត​ជាតិ​ចំនួន​បួន​លើក​កន្លងមក ប្រជាពលរដ្ឋ​គិតថា​​  បុគ្គលគឺ​ជា​ការ​សំខាន់​។ ប៉ុន្តែ​ឥឡូវ​​នេះ យើង​ទាំង​អស់​គ្នា​ដែល​កំពុង​ធ្វើការ​ស្ទាបស្ទង់មតិ​​លើ​​អ្នក​បោះ​ឆ្នោត​​យល់​ឃើញ​ថា ការ​គាំទ្រ​មិន​មែនសំដៅ​លើ​តែ​ប្រជាជន​នោះទេ​ គឺសំដៅ​​លើ​យុទ្ធសា​ស្រ្តថ្មី​របស់អ្នក​នយាយ​​ផង​ដែរ​”។

លោក ឃឹម ឡៃ​ ​មាន​ប្រសាសន៍​ថា​ ការ​សន្យា​របស់​គណ​បក្សសង្គ្រោះជាតិ​ដែល​ថា​នឹង​ដំឡើង​ប្រាក់ខែ​ និងធ្វើ​ឲ្យ​តម្លៃទំនិញ​ផ្សេងៗ​ចុះថ្លៃ​នោះ គឺវាពិបាក​នឹង​ទទួលបាន​ជោគជ័យខ្លាំងណាស់​ ប៉ុន្តែ​អាចទៅរួច​ ប្រសិន​​​បើ​រដ្ឋាភិបាល​ដំឡើង​ពន្ធ​បន្ថែមនោះ។​

លោកបានថ្លែងថា​ “ ប្រសិន​បើពួកគេ​គិតអំពី​ការចំណាយ​ឲ្យ​មាន​ប្រសិទ្ធ​ភាព ​​ឆក់​យក​ប្រយោជន៍​ពីការ​ប្រមូលពន្ធ​ដាក់​មនុស្ស​ឲ្យចំជំនាញ​ ហើយជំរុញ​ឲ្យមានការ​ធ្វើ​វិមជ្ឈ​ការ​នោះ ពួកគេអាចធ្វើទៅបាន”។ ទោះជាយ៉ាង​ណា​ លោក  ​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ថា​យុទ្ធនាការ​ឃោសនា​​គោលន​យោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលថា នឹង​លើក​កម្ពស់អ្នកក្រ​នោះ​ គឺមិនដែលធ្វើ​តាម​ការ​សន្យា​ឡើយ។​

លោកថ្លែងថា​ “ នេះគ្រាន់តែជា​យុទ្ធនាការ​​ឃោសនា​ដើម្បីទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។​វាមិនមែនជាការ​តាំងចិត្ត​ពិតប្រាកដ​នោះ​ទេ​។​ លោក សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បានថ្លែង​មកកាន់​សមាជ​​នេះ​តាម​រយៈ​វីដេអូ​ខន់​ហ្វឺរិន​ពីទីក្រុង​ប៉ារីស​ ដែល​​លោក​បាននិរទេសខ្លួននោះ​​​ ​អំពី​អ្វី​ដែល​លោក​ហៅ​​​​ថា ជា​ការចោទ​ប្រកាន់​​ពាក់ព័ន្ធ​នឹងរឿង​នយោ​បាយ​គឺ​ការ​ចោទ​ប្រកាន់​​ពី​បទផ្តល់​ព័ត៌មាន​មិន​ពិត​ និង​ពី​បទញុះ​ញង់។​ ដោយសារការ​​​ផ្តន្ទា​​​ទោស​​លោក​ លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​រា​រាំង​មិនឲ្យចូលរួម​ក្នុងការ​បោះឆ្នោត​ជាតិ​នៅខែ​កក្កដា​ឡើយ​ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​​​ជាតិ​នៅ​តែ​​ដាក់​លោក​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​​​។​

លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា​ “ គណបក្សសង្គ្រោះ​ជាតិ នឹង​ដឹកនាំ​ការ​តស៊ូ​ដើម្បីប្រទេសកម្ពុជា​។ យើងត្រូវតែ​រួប​រួម​គ្នា​ដើម្បី​ផ្លាស់ប្តូរ​មេដឹក​នាំ​សព្វថ្ងៃ​ដែល​បម្រើ​​​​ប្រទេស​វៀត​ណាម”។​ នៅពេល​ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា​ ការ​បោះឆ្នោត​ឆ្នាំនេះ​ នឹង​មិន​ស្រប​ច្បាប់​​ បើ​គ្មាន​ការ​ចូលរួម​របស់លោក​​នោះ ​លោក ឡៅ ម៉ុង​ហៃ​ អ្នកវិភាគនយោបាយ​​ឯក​រាជ្យ​​​បាន​​មាន​ប្រសាសន៍ថា ការនិរទេសខ្លួន​របស់​លោក​​ សម រង្ស៊ី បានបង្ខំឲ្យ គណបក្ស​ប្រឆាំង​ កែប្រែ​រចនាសម្ព័ន្ធ​ថ្មី​។​ លោកថ្លែងថា “ ចំពោះខ្ញុំ [អវត្ត​មានរបស់​លោក​ សម រង្ស៊ី] ហាក់បីដូចជា​ការ​លំបាក​មុនស្រណុកក្រោយអ៊ីចឹង​”។

លោកបានមានប្រសាសន៍ ដោយ​ដក​ស្រង់​គោល​នយោបាយ​ដ៏ច្បាស់​លាស់​​របស់​គណ​បក្ស​ប្រឆាំង​អំពី​ប្រាក់ខែ​ ការផ្តល់​សេវាកម្ម​មូលដ្ឋាន​ និង​កិច្ចខិត​ខំប្រឹង​ប្រែង​​ដើម្បី​​ឲ្យមាន​តំណាង​បន្ថែម​នៅតាមទីជនបទ​ថា​ “ នៅក្នុង​ប្រទេស​ អ្នក​រួមការងារ​របស់​លោក​ សម រង្ស៊ី​អាច​រៀបចំខ្លួន​ឯង​បាន​ល្អ​ប្រសើរ​ច្រើន”៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស