30 C
Phnom Penh

តុលាការ​ចោទ​ប្រ​កាន់​មន្ត្រី​​ពីរ​នាក់​ពី​បទ​ពុករលួយ​ក្នុង​សំណុំ​រឿង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​សាលាដំបូង​ខេត្ត​ពោធិ៍​សាត់​កាល​ពីថ្ងៃ​សៅរ៍​បាន​ចោទ​ប្រកាន់​អតី​ត​មន្ត្រី​ក្រសួង​សង្គម​កិច្ច​​ និង​អតី​ត​យុទ្ធ​ជន​​ពីរ​នាក់​ថា បាន​ប្រព្រឹត្ត​អំពើ​​ពុក​រលួយ​ ព្រោះ​បាន​ទារ​សំណូក​ពេល​បើក​ប្រាក់​ឧប​ត្ថម្ភ​ដល់​គ្រួសារ​សព​អតី​ត​យុទ្ធ​ជន​ដែល​រដ្ឋ​ផ្តល់​ឲ្យ​​សម្រាប់​រៀប​ចំ​បុណ្យ​សព។

លោក ប៉ិច​ ចិន្ដា ​​​ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​បាន​មានប្រសាសន៍​ថា ជន​សង្ស័យ​​ឈ្មោះ យឹម ដេត ប្រធាន​ការិយាល័យ​មន្ទីរ​សង្គម​កិច្ច​និង​​អតីត​យុទ្ធ​ជន​​ខេត្ត និង​ ​មន្ត្រី​មន្ទីរ​នេះ​ម្នាក់​ទៀត​ឈ្មោះ គង់​ វិសាល​ ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ឯ​ពន្ធ​នាគារ​ខេត្ត។​

លោក​ ប៉ិច ចិន្ដា បាន​មានប្រសាសន៍​​កាល​ពិ​ម្សិល​មិញ​ថា “ យើ​ងបាន​សម្រេច​ចាប់​​ខ្លួន​មន្ត្រី​ទាំង​ពីរ​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពេើ​ពុក​រលួយ​ដាក់​​​ពន្ធនាគារ​”។លោក​​បន្ថែម​ថា សំណុំ​រឿង​នេះ​ត្រូវ​បា​នប្តឹង​ដោយ​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ហើយ​ថា ជន​សង្ស័យ​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា​៥៩២​ និង​៥៩៣​នៃ​​ក្រម​​ព្រហ្មទណ្ឌ។​

មាត្រា​៥៩២​ចែង​​ពី​ការ​គ្រប់​គ្រង​​មិន​ត្រឹមត្រូវ​លើ​​មូល​និធិ​សាធារណៈ​​ពី​សំណាក់​​មន្ត្រី​សាធារណៈ​ ហើយ​មាត្រា៥៩៣​ចែង​អំពី​ទោ​ស​
​ជាប​់​ពន្ធ​នាគារ​ចន្លោះ​ពី​ពីរ​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​១០​លាន​រៀល។ លោក ប៉ិច ចិន្ដា បាន​មានប្រសាសន៍​ថា “ យោង​តាម​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួួយ​បាន​ឲ្យ​ដឹង​ថា ដើម្បី​រៀប​ចំ​បុណ្យ​សព​យុទ្ធ​ជន​ រដ្ឋ​ផ្ដល់​ប្រាក់ចំនួន​៤​លាន​រៀល​ ប៉ុន្ដែ​មន្ត្រី​ពីរ​នាក់​នេះ​បាន​ទាម​ទារ​យក​៥០​ដុល្លារ​​ជា​កម្រៃ​​​ជើង​សារ​ពី​គ្រួសារ​នី​មួយ​ៗ​ ពេល​ពួកគេ​មក​បើក​ប្រាក់​”។​​​​​​​

​លោក​បាន​បន្ដថា លោក​មិន​បាន​ដឹង​ថា តើ​មាន​​ប៉ុន្មានគ្រួសារហើយ​ដែល​ត្រូវ​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ​ទាម​ទារ​សំណូក​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា ​ជន​សង្ស័យ​ប្រមូល​​សំណូក​បាន​ប៉ុន្មាន​ហើយ​ដែរ។​ អភិ​បាល​ខេត្ត លោក ខូយ សុខា និង​មន្ត្រី​នៅ​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​​​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ។​

លោក តាន់​ សីហតេជៈ ព្រះ​រាជអាជ្ញា​អម​​សាលាដំបូង​ខេត្ត​បាន​មានប្រសាសន៍​ថា លោក យឹម ដេត លោក គង់ វិសាល  និង​បុរស​​ម្នាក់​ទៀត​ឈ្មោះ​ គង់​ ប៊ុនថន មន្ត្រី​​ការិយា​ល័យ​សង្គម​កិច្ច​និង​អតីត​យុទ្ធ​ជន​ស្រុក​បាកាន​ ត្រូវ​បាននគរ​បាល​ខេត្ត​​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បត៍​។ ប៉ុន្ដែ​លោក​​មានប្រសាសន៍​ថា លោក គង់​ ប៊ុនថន ត្រូវ​បាន​ដោះ​លែង​វិញ​កាល​ពី​ថ្ងៃសៅរ៍​ បន្ទាប់​ពី​អ្នក​សាកសួរ​សម្រេច​​​​ថា មិន​បានពាក់​​ព័ន្ធ​។​

​លោក​បាន​មានប្រ​សាសន៍​ថា “ តុលាការ​បាន​ឃុំ​ខ្លួន​មន្ត្រី​មន្ទីរ​សង្គម​កិច្ច​ពីរ​នាក់ បន្ទាប់​ពី​ការ​សាកសួរ​ ប៉ុន្ដែ​បាន​ដោះ​លែង​ លោក គង់ ប៊ុន​ថន ដោយ​សារ​តែ​លោក​មិន​បាន​ពាក់​ព័ន្ធ​ក្នុង​​រឿង​​នេះ”៕

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស