33 C
Phnom Penh

ជន​​​ជាតិ​​​អង់គ្លេស ប្រធានក្រុមហ៊ុនជីវឥន្ធនៈ ដែល​​​ជាប់ពន្ធនាគារ​​​អះអាង​​​ពី​ភាព​គ្មាន​​​​ទោស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាតិ​​​អង់គ្លេស​​អតីតប្រធាន​​​ក្រុម​ហ៊ុន​ជីវឥន្ធនៈមាន​​​បញ្ហា ដែល​​​ជាប់​​​​​​ឃុំ​​​នៅ​​​ពន្ធនា​គារ​​​ព្រៃ​​​សក្នុងរាជ​​​ធានី​​​ភ្នំពេញ ពីបទប្រើ​​​ប្រាស់​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​នោះ បាន​​​អះអាង​​​ថា ​គាត់​គឺជាជន​​​រង​​​គ្រោះ​​​នៅ​​​ក្នុង​​​​រឿង​ក្តី​ ដែលគាត់​កំពុង​​​​រង់​​​ចាំសវនាការ​នេះ​។

លោក ក្រេក ហ្វ្រាយ៉េត (Gregg Fryett) ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​រាជធានី​​ភ្នំពេញ​​​ កាលពី​​​ថ្ងៃ​​​ទី​​​២៣ ខែ​​​មីនា និង​​​ត្រូវ​​​បាន​​​សាលា​​​ដំបូង​​​ខេត្ត​​​បន្ទាយ​​​មានជ័យ​​​ចោទ​​​ប្រកាន់ បន្ទាប់​​​ពី​​​​​​ការ​​​សើុប​​​អង្កេ​​​ត​​​​​​របស់អង្គភាព​​​ប្រឆាំង​​​អំពើ​ពុក​​​រលួយ​​​។ តុលាការ​​​បាន​​​បង្គាប់​​​ឲ្យ​​​បង្កក​​​ទ្រព្យ​​​សម្បតិ្ត​​​របស់ក្រុមហ៊ុន Sustainable Agro Energy​ របស់លោក​​​ ក្រេក ហ្វ្រាយ៉េត ដែលមាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្រុង​​​ឡុងដ៍ ​​​កាលពី​​​ខែ​​​កុម្ភៈ ឆ្នាំ​​​២០១២
ខណៈ​​​​​​ការិយា​​​ល័យ​​​ប្រឆាំង​​​​​​​​​​​​ការ​​​ក្លែង​​​បន្លំកម្រិត​​​​ធ្ងន់​​​របស់​​​ប្រទេស​​​អង់​​​គ្លេស បាន​​​​​​បើក​​​ការសើុប​អង្កេ​​​ត​​​លើ​​​​គម្រោង​ជាប់​ចោទ​របស់​​​​លោក ​​​​​​ក្រេក ហ្វ្រាយ៉េត និង​​​នាយ​​​ក​​​ផ្សេង​​​ទៀត​​​​​​។

លោក ក្រេក ហ្វ្រាយ៉េត និង​​​និយោជិត​​​​​ក្រុម​​​ហ៊ុន​​​​​​ក្នុង​​​ស្រុក​​​របស់​​​គាត់​​​ឈ្មោះ ​International Green Energy ដែល​​​មាន​​​លោក អឿម ​សំណាង​​​​
ជា​​​​ប្រធាន​ និង​​​លោក សឿន ដេននី ជា​​​មេការ​​​​ទទួល​​​បន្ទុក​​​​គ្រឿង​ចក្រ​ ត្រូវបាន​​​ចោទ​​​​​​ប្រកាន់​​​ពី​​​បទ​​​ក្លែង​​​បន្លំ​​​ឯកសារ​​​សាធារណៈ និង​​​ការ​​​ប្រើ​​​
ប្រាស់ឯកសារក្លែង​​​បន្លំ។ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​​នេះ ពាក់ព័ន្ធ​​​ទៅ​​​នឹង​​​កិច្ចសន្យា​​​មាន​​​ទឹក​​​ប្រាក់​​​រាប់លាន​​​ដុល្លារ ដែល​​​ជាប់​​​គាំង​​​ដើម្បី​​​ទិញ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ពីរ​​​កន្លែង​​​នៅក្នុង​​​ខេត្ត​​​បន្ទាយ​​​​​​​​​​​​មាន​​​ជ័យ។

នៅ​​​ក្នុង​​​សេច​​​ក្ដី​​​ថ្លែង​​​​​​​​​ការណ៍​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដែល​​​ធ្វើ​​​ឡើង​​​​​​​ពី​​ពន្ធនាគារ​​​ព្រៃស​​​​តាមរយៈក្រុម​​​ហ៊ុន​​​ច្បាប់ Bark & Co ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​ក្រុង​​​ឡុងដ៍នោះ ​​លោក ក្រេក ​ហ្វ្រាយ៉េត បាន​និយាយ​ថា មុន​​​ពេល​​​​​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា​​​​​​កាល​​​ពីខែ​​​មុន អង្គភាព​​​ប្រឆាំង​​​​អំពើ​​​ពុក​​​រលួយ និង​​​​​​ចៅ​​​ក្រម​​​​​​ជំនុំជម្រះ​​​ “ បាន​ផ្ដល់​​​ការធានា​​​ដ៏​​​ច្បាស់​​​លាស់​​​មួយ​​​ដល់​​​រូប​​​គាត់​​​ថា គាត់​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ជា​​​ជន​​​រង​​​គ្រោះ ​​និង​ទទួល​​​បាន​​ការ​ការពារ​​ដោយ​​​សុវត្តិភាព”។​

“ ខ្ញុំមាន​​​ជំនឿថា ទាំង​​​លោក ​អឿម ​សំណាងនិង​​​លោក សឿន ដេននី យើង​​​ត្រូវ​​​បាន​​​ឃុំ​ខ្លួន​​​​បន្ថែម​ទៀត​ដើម្បី​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​​​​ឲ្យ​​ច្បាស់​​​​​​ថា ​យើង​​​ជា​ភាគី​​​ជន​​​រង​​​គ្រោះ និង​​​ជា​​​ភាគី​​​ទទួល​​​ការ​​​បង់ខាត​​​។ ប៉ុន្តែ ខ្ញុំ​​​យល់ថា យើង​​​ជា​​​មនុស្ស​​​គ្មាន​​​សំណាង ដែល​​​យើង​​​ត្រូវ​​​​បាន​​​ឃុំ​​​ខ្លួន។​មាន​​​ប្រព័ន្ធ​​​រដ្ឋបាល និងយុត្តិធម៌​​​​​នៅ​កម្ពុជា​ ដែល​​​ខ្ញុំ​​​គោរព”។

ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ក្លែង​​​បន្លំ​​​ឯក​​​សារ​នេះ​ពាក់ព័ន្ធ​​​នឹង​​​កិច្ចសន្យា​​​ទិញ​​​ដី​​​នៅ​​​ស្រុក​​​ស្វាយ​​​ចេក​​​​សម្រាប់​ធ្វើ​ចម្ការ​ល្ហុង​ខ្វង​​​​។​​​​លោក  ក្រេក ហ្វ្រាយ៉េត បាន​​​អះអាង​​​ថា ​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ ត្រូវ​​​បាន​​​ប្រគល់​​​ឲ្យ​​​​លោកឧត្ដម​​​សេនីយ៍កង​​​យោធពល​​​ខេមរភូមិន្ទ​​​ ហាន់
ចំរ៉ុង ក្នុង​នាម​ជា​​​ភ្នាក់ងារ​​​​​​​​​ម្នាក់​ ​​​ដើម្បី​​​ទិញ​​​ដី​​​ពី​​​ក្រុម​ហ៊ុន​​​របស់លោក​​​ស្រី ម៉ៅ ម៉ាឡៃ ភរិយា ​​​របស់​​​លោក កែ គឹមយ៉ាន អតីត​​​អគ្គ​មេបញ្ជា​ការ​​​​កង​​​យោ​​​ធពល​​​ខេមរភូមិន្ទ។ ប៉ុន្តែ ដី​​​​នោះ​មិន​​​ដែល​​​ត្រូវ​​​បាន​​​ផ្ទេរ​​​មក​​​ឲ្យ​​​ក្រុមហ៊ុន​​​របស់​​​លោក​​​ ក្រេក ហ្វ្រាយ៉េត​​​ នោះ​​​ទេ។

លោក ក្រេក ហ្វ្រាយ៉េត បាន​សរសេរ​ថា “ ខ្ញុំសូម​​​បញ្ជាក់​​​ម្ដង​​​ទៀតថា​ ក្រុម​ហ៊ុន Sustainable Agro Energy និង​​​ក្រុម​ហ៊ុន International Green Energy ​នៅ​ពេល​នោះ​​បាន​ធ្វើ​កិច​​​្ច​​​សន្យា​​​​​​​​​​​​​​​​​​​ច្បាស់​លាស់​សម្រាប់​​​ការ​​​ទិញ​​​សិទិ្ធ​​​​កាន់​កាប់​​​​ដី​​​ទំហំ៦.០៧៩​​​ហិកតា​​​នៅ​​​ស្រុក​​​ស្វាយ​​​ចេក”។ គេ​នៅ​មិន​​​​ទាន់​​​ច្បាស់​​​​ថា​ ការ​​​ចោទ​​​​​​​​​ប្រកាន់​​​លោក ក្រេក ហ្វ្រាយ៉េត ​​​មាន​ការ​ពាក់ព័ន្ធ​​​ទៅ​​​នឹង​​​ការ​សើុបអង្កេត​​​​ដែល​មិន​ទាន់​ចប់​​របស់​​ប្រទេស​​​អង់គ្លេស​ទៅ​លើ​ក្រុម​ហ៊ុន​របស់​គាត់​​យ៉ាង​ណា​នោះទេ​។

ការិយាល័យ​​​ប្រឆាំង​​​​​​ការ​​​ក្លែង​​​បន្លំ​​​កម្រិត​​​ធ្ងន់ បាន​​​ចោទ​​​ថា ក្រុមហ៊ុន របស់លោក ក្រេកហ្វ្រាយ៉េត​​​ បាន​បន្ត​​​ស្វែង​​​រក​​​វិនិយោគិន​​​ថ្មី ​បន្ទាប់​​​ពីក្រុមហ៊ុន​​​នេះ​​​ទំនង​​​ជា​​​មិន​​​មាន​​​លទ្ធ​ភាព​​​សង​​​ប្រាក់ជាង​​​៥៤​​​លាន​​​ដុល្លារ ដែល​អ្នក​ចូល​និវត្តន៍​នៅ​ប្រទេសអង់គ្លេស ​​​​បាន​វិនិយោគ​​​​​​​
នៅ​​​ក្នុង​ក្រុម​ហ៊ុន Sustainable Agro Energy។

នៅ​​​ក្នុង​​​សេច​​​ក្ដី​​​ថ្លែង​​​​​​​​​ការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក ក្រេក ហ្វ្រាយ៉េត ​លើក​ឡើង​​ថាគាត់ “ មាន​​​ជំនឿថា​​​ ការ​​​ចោទ​​​​​​ប្រកាន់​​​របស់​​​ការិយាល័យ​​​ប្រឆាំង​​​ការ​​​ក្លែង​​​បន្លំកម្រិត​​​ធ្ងន់​​​នោះ​​មិន​ត្រឹម​ត្រូវ​ទេ”។

លោកបាន​​​​ឲ្យ​ដឹង​ទៀត​​​​ថា “ ខ្ញុំសង​​​្ឃឹម​ថា ​បញ្ហា​​​ ដែលមិន​​​ទាន់​​​បាន​​​​​​ដោះ​​​ស្រាយ ​ទាំង​អស់​អាច​​​ត្រូវ​​​បាន​​​បំភ្លឺ​​​នៅ​​​ពេ​​​ល​​​ឆាប់ៗ​​​នេះ ហើយ​​​យើង​​​អាច​​​បញ្ជាក់​ថា ដី​ស្រប​ច្បាប់​ និង​គោល​ជំហរ​​​វិនិយោគ​​​សម្រាប់​អតិថិជន​​​ ​ព្រម​ទាំង​​​​ម្ចាស់បំណុល ​គឺដូច​តែ​គ្នា​”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស