27 C
Phnom Penh

នគរ​បាល​​ចាប់​ខ្លួន​ជនជាតិ​ចិន​ជា​ច្រើន​នាក់​ ដែល​ពាក់​ព័ន្ធ​នឹង​បណ្ដាញ​ជំរិត​ទារ​ប្រាក់​តាម​អុីន​ធើ​ណិត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មន្ត្រី​បាន​ឲ្យ​ដឹង​​កាល​ពី​ម្សិល​មិញ​ថា នគរ​បាល​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​៣៩​នាក់​កាល​ពី​ថ្ងៃ​សុក្រ​ និង​ថ្ងៃ​សៅរ៍​ដោយ​សង្ស័យ​ថា ​ពួក​គេ​បាន​ពាក់​ព័ន្ធ​នឹង​ក្រុម​ជំរិត​ទារ​ប្រាក់​តាម​អីុនធើ​ណិត​។

ឧត្តម​សេនីយ៍​ទោ​​ ឃុន សំបូរ ប្រធាន​នាយក​​ដ្ឋានស៊ើប​ការណ៍នៃ​ក្រសួង​មហា​ផ្ទៃ បាន​មាន​ប្រ​សាសន៍​ថា ជនជាតិ​ចិន​ចំនួន​២៩​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​ចំការមន​ កាល​ពី​ថ្ងៃ​សុក្រ និង​១០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍ ​ក្នុង​ខណ្ឌ​មាន​ជ័យ  ខណ្ឌ ឫស្សី​កែវ
និង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

ឧត្តម​សេនីយ៍ទោ​ ឃុន សំបូរ បាន​មាន​ប្រ​សាសន៍​ថា “ ជន​សង្ស័យ​ទាំង​អស់​នេះ​គឺ​ជា​ក្រុម​ថ្មី ហើយ​ពួកគេ​មាន​អាយុ​ចន្លោះ​ពី​១៨​​ឆ្នាំ​ទៅ​៣២​ឆ្នាំ​។ ពួកគេ​ពូ​កែ​ណាស់​ គឺ​ស្ដេច​​តែ​ម្ដង​បើ​និយាយ​ពី​ជំនាញ​បច្ចេក​វិទ្យា​ព័ត៌មាន​និង​ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ VOIP ”។

លោក​បាន​មានប្រសាសន៍​បន្ដ​ថា “ ពេល​នេះ​យើង​កំពុង​ឃុំ​ខ្លួន​ជន​សង្ស័យ​ទាំង​អស់​នៅ​នាយក​ដ្ឋាន​ស៊ើប​ការ​ណ៍នៃ​ក្រសួង​មហាផ្ទៃ
ដើម្បី​សាក​សួរ​អំពី​ប្រភេទ​​បច្ចេក​វិទ្យា​ ដែល​​ពួក​គេ​បាន​ប្រើ​ប្រាស់​ដើម្បី​បោក​យក​ប្រាក់​ ពី​ជន​រង​គ្រោះ​ជន​ជាតិ​ចិន​នៅ​ក្នុង​ប្រទេស​របស់​​
ពួកគេ”។​​​លោក​បាន​បន្ថែម​ថា នគរ​បាល​បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គ​មនាគមន៍​ និង​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង
​រាជធានី​ភ្នំពេញ​ ដើម្បី​ស្វែង​រក​ទី​តាំង​ ដែល​ក្រុម​របស់​ពួកគេ​លួច​លាក់​ធ្វើ​ការ​។​

​ផែន​ការ​របស់​ក្រុម​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ VOIP ដើម្បី​ទូរ​ស័ព​្ទ​ទៅ​មនុស្ស​​​នៅ​ក្នុង​ប្រទេស​ចិន និង​កោះ​​តៃ​វ៉ាន់ និង​ប្រើ​ប្រាស់​គ្រប់​ឧបាយ​កល​ ដើម្បី​ឆបោក​ និង​​ជំរិត​​ទារ​ប្រាក់​ពី​ពួកគេ​។ ​ការ​ចាប់​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ហេតុ​​ការណ៍​​ស្រដៀង​
​គ្នាមួយ​បាន​កើត​ឡើង​កាល​ពី​ខែ​មករា ដែល​​នៅ​ពេល​នោះ​នគរ​បាល​បាន​ចាប់​ខ្លួន​ជន​ជាតិ​​ចិន និង​តៃ​វ៉ាន់​ចំនួន​៨០​នាក់​ដែល​គេ​ជឿថា បាន​អនុវត្ត​ផែន​ការ​ដូច​គ្នានេះពី​ទី​តាំង​ចំនួន​ប្រាំពីរ​កន្លែង​នៅ​រាជធានីភ្នំពេញ​។​

កាល​ពី​ខែ​ឧសភា ឆ្នាំ​មុន ជនជាតិ​តៃ​វ៉ាន់​ចំនួន​៤៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​និរទេស​ចេញ​ពី​ប្រទេស ដោយ​សារ​តែ​ពួកគេ​បាន​ជាប់​​ពាក់​ព័ន្ធ​នឹង​បណ្ដាញ​​ជំរិត​​ទារ​ប្រាក់​តាម​អីុន​ធើណិត​មួយ​ផ្សេង​ទៀត​ បន្ទាប់​ពី​ស្ថាន​ទូត​ចិន​ទទួល​បាន​​ព័ត៌មាន​​សម្ងាត់​មួយ រួច​បាន​ទាក់​ទង​មក​អាជ្ញាធរ​កម្ពុជា។​

​អាជ្ញាធរ​មិន​ជឿ​ថា ក្រុម​ដែល​ចាប់​បាន​កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​នោះ​មាន​ជាប់​ពាក​ព័ន្ធ​នឹង​ក្រុម​ពី​មុន​ៗ​នោះ​ទេ។​ ឧត្តម​សេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរ​បាល​ជាត​ិបាន​មាន​ប្រសាសន៍​ថា ទោះ​ជា​យ៉ាង​​ណា ជន​សង្ស័យ​ទាំង​នេះ​​នឹង​ត្រូវ​​សាក​សួរ​។ លោក​បាន​បន្ថែម​ថា“ ពួកគេ​នឹង​ត្រូវ​និរទេស​ចេញ​ពី​កម្ពុជា​ បន្ទាប់​ពី​យើង​ទទួល​បាន​បទ​បញ្ជា​ពី​ថ្នាក់​លើ​របស់​យើង”៕

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស