លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស នឹងអញ្ជើញទៅប្រទេសហូឡង់នៅថ្ងៃនេះដើម្បីត្រៀមខ្លួនចូលរួមសវនាការរឿងក្តីរបស់ប្រទេសកម្ពុជា នៅតុលាការយុត្តិធម៌អន្តរជាតិសម្រាប់កាន់កាប់ដីមានជម្លោះដ៏ក្តៅគគុកនៅតាមព្រំដែនជាមួយប្រទេសថៃ។
សវនាការរយៈពេលបួនថ្ងៃនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទដើម្បីជួយតុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅទីក្រុងឡាអេ សម្រេចថា តើកម្ពុជា ឬប្រទេសថៃ ជាម្ចាស់ដីទំហំ៤,៦គីឡូម៉ែត្រក្រឡា នៅតាមព្រំដែន ក្បែរប្រាសាទព្រះវិហារ ហើយដោយសារតំបន់នេះដែលធ្វើឲ្យប្រទេសជិតខាងទាំងពីរប៉ះទង្គិចគ្នាជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៨មក។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា លោក ហោ ណាំហុង នឹងចេញដំណើរនៅថ្ងៃនេះដើម្បីត្រៀមលក្ខណៈជាចុងក្រោយសម្រាប់រឿងក្តីរបស់កម្ពុជា។ លោក កុយ គួង បានមានប្រសាសន៍បន្ថែមទៀតថា “ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមសវនាការជំនុំជម្រះនៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ថ្ងៃនេះ។ យើងនឹងប្រើឯកសារ និងផែនទី ដែលទទួលស្គាល់ពីអន្តរជាតិ”។
លោក កុយ គួង មិនប្រាប់ពីមន្ត្រីផ្សេងទៀតដែលចូលរួមក្នុងគណៈប្រតិភូនេះទេ។ ប៉ុន្តែ កាលពីសប្តាហ៍មុន លោក ឡុងវីសាលោ រដ្ឋលេខាធិការក្រសួងការបរទេសមានប្រសាសន៍ថា លោក និងលោក វ៉ា គឹមហុងសហប្រធានគណៈកម្មាធិការព្រំដែនរួមកម្ពុជា-ថៃ នឹងចូលរួមជាមួយលោក ហោ ណាំហុង នៅទីក្រុងឡាអេ រួមជាមួយអ្នកជំនាញច្បាប់បួននាក់់ទៀត។
លោក ឡុង វីសាលោ និងលោក កុយ គួង មិនមានប្រសាសន៍ថា អ្នកជំនាញច្បាប់នោះជានរណាទេ។ នេះជាសវនាការជំនុំជម្រះលើកទី២ហើយរបស់ប្រទេសកម្ពុជា និងប្រទេសថៃ នៅតុលាការយុត្តិធម៌អន្តរជាតិនេះ ចាប់តាំងពីកម្ពុជាបានស្នើឲ្យតុលាការនេះបកស្រាយរឿងក្តីនេះក្នុងខែមេសា ឆ្នាំ២០១១។ ក្នុងសវនាការជំនុំជម្រះលើកទី១ កាលពីក្នុងខែមិថុនាឆ្នាំ២០១១ ប្រទេសកម្ពុជាលើកឡើងថា ផែនទីសម័យអាណានិគមបារាំងដែលតុលាការយុត្តិធម៌អន្តរជាតិបានយកមកប្រើប្រាស់ដើម្បីប្រគល់ប្រាសាទព្រះវិហារឲ្យមកកម្ពុជាក្នុងឆ្នាំ១៩៦២ បានដាក់ដីមានជម្លោះទំហំ៤,៦គីឡូម៉ែត្រក្រឡានេះយ៉ាងច្បាស់នៅក្នុងទឹកដីកម្ពុជា។
ផ្ទុយទៅវិញ ប្រទេសថៃ លើកឡើងថា តុលាការយុត្តិធម៌អន្តរជាតិគ្មានសិទ្ធិស្របច្បាប់ក្នុងការបកស្រាយសេចក្តីសម្រេចឆ្នាំ១៩៦២ទេ ពីព្រោះសេចក្តីសម្រេចនោះមិននិយាយអំពីដីមានជម្លោះនាពេលបច្ចុប្បន្ននេះទេ។
នៅក្នុងសវនាការជំនុំជម្រះលើកដំបូង លោក ហ្វ្រែ៊ង បឺមែន (Frank Berman) សាស្ត្រាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យ អកហ្វឺតដែលស្ថិតនៅក្នុងក្រុមអ្នកច្បាប់របស់កម្ពុជានៅពេលនោះ បានចាត់ទុកការលើកឡើងរបស់ប្រទេសថៃថា ជា “ ផែនការបរាជ័យនៅពេលមានការវិភាគមិនសូវសមហេតុផលតាំងពីដំបូង៕
ប្រែសម្រួលដោយ ចេវ ប៊ុននី