29 C
Phnom Penh

សារទូរ​លេខ​​របស់​លោក​ ហិនរី ឃីស្ស៊ីង​ហ្គឺ​ បង្ហាញ​អំពី​សម័យ​កាល​ខ្មៅ​ងងឹត​នៃ​ប្រវត្តិ​សាស្ត្រ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារទូរលេខ​ការទូត​អាមេរិក​រាប់​សែន​​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ដែល​គេ​ហទំព័រ​ វីគីលីក (Wikileak)​​​ បាន​ផ្សព្វ​ផ្សាយ​ជា​សាធា​រ​ណៈ​កាល​ពី​ម្សិល​មិញ បង្ហាញ​ពី​​ភាព​ខ្មៅ​ងងឹត​​នៅ​​ត្រង់​ចំណុច​​ប្រែប្រួល​​​នៃ​ប្រវត្តិ​សាស្ត្រ​​ទំនើប​របស់​​ខ្មែរ​។​

អង្គការ​ប្រឆាំង​ការ​សម្ងាត់​ពិ​ភព​លោក​​នេះ​បាន​បង្ហោះ​ទិន្នន័យ​មួយ​ដែល​មាន​ទូរ​លេខ​ការទូត​អាមេរិកជាង​១,៧​លានពាក់​​ព័ន្ធ​នឹង​ផល​ប្រយោជន៍​​របស់​អាមេរិក​នៅ​គ្រប់​​កន្លែង​លើ​​ពិភព​លោក​ ចន្លោះ​​ពីឆ្នាំ​១៩៧៣​ ដល់​ឆា្នំ​១៩៧៦​។​ឯក​សារ​ទាំង​នោះ​ត្រូវ​បាន​កត់​ត្រា​កាល​ពី​សម័យ​​លោក ហិនរី ឃីស្ស៊ីង​ហ្គឺ ​(Henry Kissinger) ​​​​កាន់​តំណែង​ជា​​រដ្ឋ​មន្ត្រី​​ការ​ពារ​ប្រទេស​​ ដែល​នៅ​ក្នុង​អំឡុង​ពេល​នោះ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេសកម្ពុជា​បាន​បញ្ចប់​ ដោយ​កង​កម្លាំង​ខ្មែរ​ក្រហម​បាន​​ចូល​កាន់​កាប់​​ទី​ក្រុង​​ភ្នំពេញ​។

សារ​ទូរលេខ​ដែល​​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​​​​មួយ​រយៈ​មក​ហើយ​ ​ប៉ុន្តែ​ទើប​តែ​ទទួល​បាន​​​​នៅ​​ពេល​នេះក្នុង​ទម្រង់​​​មិន​រៀប​រយ​នោះ បង្ហាញពី​​ការ​ចាប់​អារម្មណ៍​របស់​​ក្រសួង​ការ​បរទេស​​និង​​លោក ហិនរី ឃីស្ស៊ីង​ហ្គឺចំពោះ​ប្រទេស​កម្ពុជា​នា​ពេល​នោះ។​

សារ​ទូរលេខ​​​​ទាំង​នោះ​មាន​តាំង​ពី​ពេល​​បញ្ចប់​យុទ្ធ​នាការ​ទម្លាក់​គ្រាប់​បែក​សម្ងាត់​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​​បង្ហាញ​ពី​​ លោក លន់​ នល់​ ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​​សម្ដេចឪ​ នរោត្តម សីហនុ ក្នុង​ឆ្នាំ​១៩៧០ តស៊ូ​គ្រប់​គ្រង​ចលនា​បះបោរ​ដោយ​ហិង្សា​នៅ​​តាម​ជន​បទ​នៃ​ប្រទេស​កម្ពុជា​។​

នៅ​ក្នុងសារ​​ទូរ​លេខ​ចុះ​កាល​បរិច្ឆេទ​ខែ​មីនា ឆ្នាំ​១៩៧៣​ លោក​ឯក​អគ្គរដ្ឋ​ទូត​ អេម៉ូរី ស្វេង (Emory Swank) បាន​ប្រាប់​ទី​ក្រុង​វ៉ាស៊ីន​តោន​​ឲ្យ​ណែ​នាំ​អ្នក​កាសែត​អាមេរិក​​អំពី​សម្ដេច​ឪ​ នរោត្តម​ សីហនុ ដែល​ពេល​នោះ​ស្ថិត​ក្នុង​ការ​និរទេស​ព្រះ​កាយ​ បន្ទាប់​ពី​ត្រូវ​លោក​សេនា​ប្រមុខ​ លន់ នល់ ​ធ្វើ​រដ្ឋ​ប្រហារ​។​
ស្ថាន​ទូត​​នេះ​បាន​សរសេរ​ថា “ គួរ​រំឭក​ថាសម្ដេច​ឪ​ នរោត្តម សីហនុ តែង​តែ​ប្រឆាំង​​សហរដ្ឋ​​អាមេរិក​និង​រដ្ឋា​ភិបាល​អាមេរិក​ ហើយ​ថា ទ្រង់​តែ​តែ​ឆ្លៀត​​គ្រប់​ឱកាស​ធ្វើ​ឲ្យ​ពួក​គេ​ជួប​បញ្ហា”។​​​

ស្ថាន​ទូ​ត​​​នេះ​បាន​បន្ដ​ថា “ សម្ដេច នរោត្តមសីហនុ ត្រូវបាន​​សភា​​បោះ​ឆ្នោត​ទម្លាក់​​ជា​ឯក​ច្ឆន្ទ​​នៅ​ថ្ងៃ​ទី១៨​ ខែ​មីនា ឆ្នាំ​១៩៧០​ ហើយ​សាធារណរដ្ឋ​ខ្មែរ​គឺ​ជា​នីតិបុគ្គល​ដែល​​ជា​អ្នក​រៀប​ចំ​ការ​បោះ​ឆ្នោត”។​ ដោយ​សារ​តែ​សង្គម​ស៊ីវិល​នៅ​តែ​បន្ដ សារទូរលេខ​ដែល​បាន​សរសេរ​នៅ​ក្នុង​ឆ្នាំ​១៩៧៣​បាន​បង្ហាញ​ពី​ការ​​ចាប់​អារម្មណ៍​​របស់​សហរដ្ឋ​អាមេរិក​​ចំពោះ​​ការ​វាយ​ប្រហារ​​នៅ​​ជាយ​​ក្រុង​ នៅ​ពេល​​មន្ត្រី​ស្ថាន​ទូត​​បាន​សម្ដែង​យោបល់​របស់​ខ្លួន​ថា ប្រពន្ធ​របស់​​សមាជិក​បុគ្គលិក​ទាំង​អស់​គួរតែ​​រៀប​ចំ​ផែន​ការជម្លៀស​ចេញ​​។​

​នៅ​ក្នុង​សារទូរ​លេខ​មួយ​ដែល​សរសេរ​ដោយ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៧៣​ ហើយ​​សរសេរ​ថា ជា​ការ​សម្ងាត់​​នោះ រដ្ឋា​ភិបាល​បាន​ស្នើ​ឲ្យ​មាន​ “ ការ​បញ្ជាក់​បន្ថែម​ទៀតថា តើ​​ពេល​នេះ​មាន​អាកាសយាន​ិក​​ខ្មែរ​ណា​មួយ​ (មិន​ត្រឹម​តែ​អាកាស​យានិក​​កង​ទ័ព​អាកាស​ខ្មែរ​​នោះ​ទេ​)​ ដែល​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​​ស៊ីវិល​ អាច​ត្រូវ​បាន​​ផ្ទេរ​​ភារកិច្ច​ឲ្យ​ប្រយុទ្ធ​​បាន​ឬ​អត់​”។

​មួយ​ខែ​ក្រោយ​មក​ ​ស្ថាន​ទូត​​នេះ​បាន​ឆ្លើយ​តប​ថា “ តាម​​ព័ត៌មាន​​ដែល​​យើង​អាច​ប្រមូល​បាន ​មាន​​អាកាស​យាន​ិក​​ខ្មែរ​ម្នាក់​ ដែល​​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ពាណិជ្ជកម្ម​។ អាកាស​យានិក​​រូប​នេះ ឈ្មោះ​ ព្រៃ​ ពា វែង ផាន់ គឺជាសហ​អាកាស​​យានិក​​របស់​​ក្រុម​ហ​៊ុន​ខ្មែរ​អាកាស ដោយ​បើក​បរ​យន្ដ​ហោះ​ប្រភេទ​​DC-3​ និង​DC-4។ លោក​មិន​មាន​គុណ​សម្បត្តិ​ជា​អ្នក​បើក​បរ​យន្ត​ហោះ​ទេ ​ដូច្នេះ​ហើយ​លោក​​មាន​​ផល​ប្រយោជន៍​តិច​តួច​​ណាស់​​សម្រាប់​​កង​ទ័ព​អាកាស​ខ្មែរ”។

​នៅ​ក្នុង​សារទូរលេខ​ក្នុង​ខែ​មេសា ឆ្នាំ​១៩៧៤​ ដែល​​សរសេរ​​ថា “ សម្ងាត់” ដែល​​លោក ឃីស្សុីងហ្គឺ ផ្ញើ​មក​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក និយាយ​​អំពី ខៀវ​ សំផន ​ដែល​បច្ចុប្បន្ន​នេះ​ជា​ជន​ជាប់​ចោទ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម ដែល​នៅ​​​ពេល​នោះ​គឺ​ជា​មន្ត្រី​ការទូត​ដ៏​សំខាន់​មួយ​រូប​ និង​​បាន​សន្និដ្ឋាន​ថា ភាព​បន្ទាន់​របស់​គាត់​​ គឺ​មាន​គោល​បំណង “ ផ្ដល់​ឋានៈ​ជា​អន្ដរជាតិ​ដល់​គាត់” ហើយ​​រារាំង​​សម្ដេច​ នរោត្តម សី​ហនុ ​មិន​ឲ្យ​ទ្រង់​មាន​អំណាច​ក្នុង​ពេល​ដែល​កង​ទ័ព​ឧ​ទ្ទាម​​ទទួល​បាន​ជ័យ​ជម្នះ។​ គាត់​បាន​កត់​សម្គាល់​ថា “ ​ពួក​​ម៉ាកស៊ីស និយម​​ ដែល​គ្រប់​គ្រង​ចលនា​បះ​បោរ​​នេះ ​មិន​ចូល​ចិត្ត​សម្ដេច​ សីហនុ ទាល់​តែ​សោះ​”។​​​​​

លោក ឃីស្សុីងហ្គើ បាន​ប្រៀប​ធៀប​ ខៀវ​សំផន ដែលបានក្លាយ​ជា​ប្រមុខរដ្ឋ​របស់របប​ខ្មែរ​ក្រហមទៅ​នឹង​លោក ចូសេប ប្រុសទីតូ (Josep Broz Tito)​ជន​ផ្ដាច់​ការរបស់ប្រទេស​យូហ្គូស្លាវី។​ ​លោក​បាន​សរសេរ​បន្ដ​ថា “ យោង​តាម​អ្វី​ ដែល​យើង​បាន​ដឹង​អំពី​បុគ្គលិក​លក្ខណៈ​របស់​គាត់​គឺថា គាត់​ដើរ​តាម​មាគា៌ទីតូ ប៉ុន្ដែ​មិន​មាន​ឥទ្ធិ​ពល​ខ្លាំង​ដូច​គណបក្សរបស់លោក​ទីតូ​ទេ”។​

ទោះ​បី​មាន​ការ​គាំ​ទ្រ​ពី​សហ​រដ្ឋ​អាមេរិ​ក​ក៏​ដោយ ក៏​កង​កម្លាំង​កុម្មុយនីស្ត​​បានសម្រុក​ចូល​រាជធានី​ភ្នំពេញ​ក្នុង​ខែ​មេសា ឆ្នាំ​១៩៧៥​។​ ការ​លេចឡើង​នូវ​សារទូរលេខ​ពាក់​ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​នា​ពេល​នោះ​ បានបង្ហាញពី​ការ​ជម្លៀស​បុគ្គលិក​ស្ថាន​ទូត​ និង​ពល​រដ្ឋ​អាមេរិក​ ព្រម​ទាំង​កុមារ​កំព្រា​កម្ពុជា​ដែរ។​

​សារទូ​រលេខ​នោះ​បាន​ផ្ដល់​នូវ​ទស្សន​វិស័យ​អំពី​វិធី​ ដែល​សហរដ្ឋ​អាមេរិក​ និង​ពិភព​លោកចាប់​ផ្ដើម​យល់​ពី​ខ្មែរ​ក្រហម ​​និង​មេដឹក​នាំ​ព្រម​ទាំង​យុទ្ធ​សាស្ត្រ​នៃ​របប​នេះ​បន្តិច​ម្ដង​ៗ។​ សារទូរលេខ​មួយ ​កាល​ពី​ខែ​មករា ឆ្នាំ​១៩៧៦​ ពី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទី​ក្រុង​បាង​កក​បាន​លើកឡើង​ពី​កិច្ច​សន្ទ​នា​​​​​​រវាង​ភារ​ធារី​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​ទី​ក្រុង​ហា​ណូយ​​ លោក យូគីយ៉ូ អុីម៉ាហ្គាវ៉ា (Yukio Imagawa)​ និងជា​អ្នក​ឃ្លាំ​មើ​ល​ប្រទេស​កម្ពុជា​ជាយូរ​មក​ហើយ​បាន​រាយ​ការណ៍​ អំពី​អនុសាសន៍​របស់​លោក​​ឯកអគ្គ​រដ្ឋ​ទូត​គុយ​បា​ ប្រចាំ​ប្រទេស​កម្ពុជា​ ដែលបាន​មក​បំពេញទស្សនកិច្ច​នៅ​ក្នុងរាជធានីភ្នំពេញ​។

​សារទូរលេខ​បាន​លើកឡើង​ថា “ ឯក​អគ្គ​រដ្ឋ​ទូត​បាន​រាយ​ការណ៍​ថា រាជធានី​ភ្នំពេញ​នៅ​តែ​ជាទី​ក្រុង​ខ្មោច​។​ ទោះបី​ជា​មាន​ជន​ស៊ីវិល​ខ្លះ​រស់​នៅ​ទី​នោះ​ក៏​ដោយ​ ក៏​​ភាគ​ច្រើន​នៃ​លំនៅ​ដ្ឋាន​ និង​ហាង​លក់​ដូរ​​ត្រូវ​បានគេ​បិទ​ទាំង​ស្រុង។ ​មាន​រថយន្ដ​បី​បួន​គ្រឿង​ចត​នៅ​តាមកែង​ដងមហា​វិថី​ ដើម្បី​បិទ​ចរាចរ​ណ៍​តាម​ដង​ផ្លូវ”។​

សារទូរ​លេខ​​បន្ដ​ថា “ ​ចុង​បញ្ចប់​ជន​ជាតិ​គុយ​បារូបនោះ​បាន​សង្កេត​ឃើញ​ថា ពេល​លោក​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ការិយា​ល័យ​រដ្ឋា​ភិបាល​ ស្ថាប័ន​សុខា​ភិបាល និង​ស្ថាប័ន​ផ្សេង​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ លោក​បាន​ឃើញ​​ជន​បរទេស​មួយ​ចំនួន​។ លោក​សន្និដ្ឋាន​ថា ពួកគេ​ជា​ជន​ជាតិ​ចិន ប៉ុន្ដែ​លោក​លើក​ឡើង​ថា លោក​មិន​ប្រាកដ​នោះ​ទេ​​”។

​​ក្នុង​សារទូរលេខ​ក្នុងខែ​កញ្ញា​ ឆ្នាំ​​១៩៧៦​ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​កត់​សម្គាល់​ថា របប​កុម្មុយ​នីស្ត​ខ្មែរ​ “ ជិតដួលរលំ” ​បន្ទាប់​ពី​មរណភាព​របស់​លោក ម៉ៅ​ សេទុង មេដឹក​នាំ​ប្រទេស​ចិន​ ។
​សារទូរលេខ​​ ដែល​បាន​សរសេរ​មួយ​ឆ្នាំ​ និង​ប្រាំ​ខែ​ក្រោយពី​ការ​រលំ​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា “ តាម​វោហា​រសាស្ត្រ​របស់​ខ្មែរ​ប្រើនៅក្នុងសេចក្ដី​ថ្លែង​ការណ៍​ជា​សាធា​រណៈ​ក្នុង​​ពេល​លោក​ ម៉ៅ​ សេទុង​ ទទួល​មរណ​ភាព​បាន​បង្ហាញ​យ៉ាង​ច្បាស់ថា អង្គការ​បដិវត្ត​ន៍​កម្ពុជា ​គឺ​ជា​បក្ស​ម៉ាស៊ីស​ឡេនីន​​​”។

សារទូរលេខ​បាន​បន្ដថា “ ការលេច​ចេញ​ជាសាធារណ​ៈដំបូង​ គឺ​នៅ​ថ្ងៃ​ទី​១០ ​ខែ​កញ្ញា​ ពេល​ដែល​ស្ថានីយវិទ្យុ​ក្នុងភ្នំពេញ​បាន​ផ្សាយ​ថា ទង់​ជាតិ​កម្ពុជា​នឹង​ត្រូវ​បង្ហូត​ពាក់​កណ្ដាល​ដង ​ដើម្បី​ចូល​រួម​កាន់​មរណទុក្ខ​ចំពោះការ​ស្លាប់ ​ “ រៀមច្បង​ស្ថាបនិកបក្ស​កុម្មុយនីស្ត​ចិន និង​ចូលរួមរំលែកទុក្ខជាមួយរដ្ឋា​ភិបាល ​និង​ប្រជា​ពល​រដ្ឋ​នៃ​សាធារណរដ្ឋ​ចិន​”៕

​ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា និង​ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស