38.1 C
Phnom Penh

និស្សិត​ស្ម័គ្រ​ចិត្តវាស់វែង​ដី​ធ្លី​ឲ្យ​ពាណិជ្ជ​ករ​ស្តុកស្តម្ភ​ ដោយ​មិន គោរពសាលដីកាតុលាការ​កំពូល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​នៅ​ថ្ងៃ​នេះ អ្នក​ចូល​រួម​​ក្នុង​សន្និសីទ​ប្រ​ចាំ​ឆ្នាំរបស់​ធនា​គារ​ពិភពលោក​ស្តី​ពីបញ្ហាដី​ធ្លី និង​ភាព​ក្រី​ក្រ​នឹង​បាន​ស្តាប់ការ​រៀប​រាប់ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​គម្រោងប្រកប​ដោយ​មហិច្ឆ​តា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​​ថ្មី​ជូន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា ជិត​កន្លះ​លាន​នាក់ឲ្យ​ទាន់​ពេល​រៀប​ចំការ​បោះ​ឆ្នោត​ជាតិ​ ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នា​ខែ​កក្កដា​។

ប៉ុន្តែ​នៅ​ក្នុង​ភូមិ​ដាច់​ស្រយាល​តូច​មួយ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ប្រ​ជា​កសិករ​ក្នុង​មូល​ដ្ឋាន​ស្ថិត​ក្នុង​ចំណោម​សហ​គមន៍​​កាន់​តែ​មាន​​ចំនួន​កើន​ឡើង ដែល​ព្រួយ​បារម្ភ​ថា គម្រោង​នេះ​កំពុង​បោក​ប្រាស​ដណ្តើម​សិទ្ធ​ិទទួល​​បាន​ដី​ធ្លី​របស់​ពួកគេ។

យោងតាម​អ្នក​ភូមិ​ និង​មន្ត្រី​ក្នុង​ស្រុក​រលា​ប្អៀរបាន​ឲ្យ​ដឹង​ថា អ្នកស្ទាប​ស្ទង់​មតិ​ពីរ​ក្រុម​ដាច់ដោយ​ឡែក​ពីគ្នា​​បាន​ទៅដល់​ភូមិ​ក្រាំង​លាវ កាល​ពី​ដើម​ខែ​​នេះ ដើម្បី​វាស់​វែង​ដី​ស្រែ​ទំហំ​៤៥​ហិកតា​ដដែល​នេះ​ ដែល​ប្រ​ជា​ពល​រដ្ឋ​ចំនួន​៧៦​គ្រួសារ​កំពុង​ប្រើ​ប្រាស់​សម្រាប់​បង្ក​បង្កើន​ផល។

ក្រុម​ដំបូង​របស់មន្ត្រី​សុរិយោដី​ខេត្ត​បាន​ទៅ​ដល់​កន្លែ​នោះ​កាល​ពីថ្ងៃ​ទី​២ និង​ថ្ងៃទី​៣​ខែ​មេសា​ ដើម្បី​វាស់​វែង​ដី​ធ្លីជួស​មុខ​ឲ្យ​គ្រួសារ​
​ទាំង​នោះ។

នៅ​ថ្ងៃ​បន្ទាប់​ មន្ត្រី​សុរិយោ​ដី​មួយក្រុម​ទៀត​បានទៅដល់ទីនោះជា​មួយ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត ដែល​ជាអ្នកអនុវត្ត​គម្រោង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ដើម្បី​វាស់​វែងដី​ធ្លី​ជួស​មុខ​ឲ្យ​លោក មូល អេងលី ​ពាណិជ្ជ​ករ​​​ក្នុង​មូលដ្ឋាន​ម្នាក់​ ដែល​អ្នក​ភូមិចោទ​ប្រ​កាន់​ថា​បាន​ព្យាយាម​លួច​យក​ដី​នោះ។

អ្នក​ភូមិ​និយាយថា ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​​បាន​វាស់​វែង​ដីឲ្យ​លោក មូល អេងលី ថ្វី​បើ​តុលាការ​កំពូល​​បាន​ចេញ​សាលដីកា​សម្រេច​ប្រ​គល់​ដី​នោះ​ឲ្យទៅ​អ្នក​ភូមិ​កាល​ពី​ខែ​វិច្ឆិ​កា​ឆ្នាំ​២០១០ក៏ដោយ។

អ្នក​ស្រី សោម យ៉ូត តំណាង​ឲ្យប្រ​ជា​ពល​រដ្ឋ​ចំនួន​៧៦​គ្រួសារ​នេះ​ ​និយាយ​ថា កសិករ​​ទាំង​នេះ​ព្រួយ​​បារម្ភខ្លាចក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ និង​មន្ត្រី​សុរិយោដី​នេះ​កំពុង​​រៀប​ចំ​ផ្តល់​ដី​ធ្លី​ឲ្យ​ទៅ​លោក មូល អេងលី។
អ្នក​ស្រី​​និយាយ​ថា “ វា​គួរ​ឲ្យ​អស់​សំណើច​​ណាស់​ ដែល​ប្រ​ជា​ពល​រដ្ឋ​ក្រីក្រ​ទាំង​នេះ​ សូម្បី​តែ​យើង​ឈ្នះ​ក្តី​ក្តាំ​នៅ​តុលា​ការ​ហើយ នៅ​តែ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ត្រូវ​អ្នក​មាន​ម្នាក់ចាប់​យក​ដី​ធ្លី​របស់​ពួកគាត់ ដោយសារ​គាត់​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយនិស្សិត​ស្ម័គ្រចិត្តទាំង​នោះ”។

លោក ឌួង ចន្ត្រា មន្ត្រីក្រុម​ប្រឹក្សា​ខេត្ត​ ដែល​បាន​ចុះ​ទៅ​​ពិនិត្យ​មើល​ស្ថាន​ភាព​ជាក់​ស្តែង​ដល់​កន្លែង​នោះ​ កាល​ពី​ម្សិល​មិញ បាន​អះអាង​ថា សាលដី​កា​ឆ្នាំ​២០១០​របស់​តុលា​ការ​កំពូល​ បាន​ប្រ​គល់​ដី​នោះ​ឲ្យ​ទៅ​អ្នក​ភូមិ​ទាំង​នេះ​ ហើយ​បាន​​មាន​ប្រ​សាសន៍​ថា ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ទាំង​នេះ​មិនគួរ​មកវាស់​វែង​ដី​នេះឲ្យ​លោក មូល អេងលី នោះទេ។

លោក​​បាន​មាន​​ប្រ​សាសន៍​ថា “ អាជ្ញា​ធរ​មូលដ្ឋានមិន​គួរ​ធ្វើ​រឿង​នេះ​តាម​រយៈ​ការ​សហ​ការ​​ជា​មួយ​និស្សិត​ស្ម័គ្រ​ចិត្ត​ ដើម្បី​វាស់​វែង​ដី​នេះ​ សម្រាប់ទុកឲ្យ​ពាណិជ្ជ​ករ​រូប​នេះ​ទេ​ ពីព្រោះ​អ្នក​ភូមិ​ទាំង​នោះ​ពិត​ជា​មានសិទ្ធិ​ស្រប​ច្បាប់ក្នុងការ​គ្រប់​គ្រង​លើ​ដី​នោះ។​អាជ្ញា​ធរ​​មូលដ្ឋាន​គួរតែ​គោរព​សាល​ដី​កា​ស្ថាពរ​របស់​តុលាការ​កំពូល”។

លោក ​ឌួង ចន្ត្រា មាន​​ប្រ​សាសន៍​ថា លោក​​នឹងលើកយក​ករណី​របស់​អ្នក​ភូមិ​ទាំង​នេះទៅដោះស្រាយ ជា​មួយ​រដ្ឋាភិបាល​ថ្នាក់​ជាតិ។លោក កែវ រិន មេឃុំក្រាំងលាវបា​ន​មាន​ប្រ​សាសន៍​ថា ការ​រៀប​រាប់​របស់​អ្នកភូមិ​អំពី​ក្រុម​វាស់​វែង​ដី​ធ្លី​ពីរក្រុម​ដាច់​ដោយ​​ឡែក​ពី​គ្នា​ ដែល​បាន​ចុះ​ទៅដល់​តំបន់​នោះ ប៉ុន្តែ​លោកបាន​មិន​កាន់​ជើង​ខាង​ណាទេ ហើយ​មាន​ប្រ​សាសន៍​ថា ​មិន​យូរ​ប៉ុន្មាន​​សហ​គមន៍​នេះនឹង​មាន​​ការ​បិទផ្សាយជា​សាធារណៈ​រយៈ​​ពេលបីថ្ងៃ​ អំពីដី ដែល​ត្រូវ​បាន​វាស់​វែង​កំណត់​ព្រំ​ប្រទល់រួច ហើយអំឡុង​ពេល​​នោះ​ភាគី​នីមួយៗអាច​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ទាស់បាន។

លោក មូល អេងលី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។ នៅ​ក្នុងរបាយការណ៍​របស់ខ្លួន​ប្រាប់​ទៅ​អង្គ​សន្និសីទ​របស់​ធនាគារ​ពិភព​លោក​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន លោក ហ្វ្រាន វ៉ូលឃើ មូល័រ (Franz-Volker Muller) ​ប្រ​ធាន​ក្រុម​កម្ម​វិធី​ិសិទ្ធិ​ដី​ធ្លីនៅក្នុង​ប្រទេស​កម្ពុជា របស់ទី​ភ្នាក់​ងារផ្តល់​ជំនួយ​​អាល្លឺម៉ង់ ជីអាយហ្សេត(GIZ) បាន​ចាត់ទុក​គម្រោង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​របស់​លោក ហ៊ុន​ សែន ថា​ ជា “ ជំហាន​ដ៏​ធំ” មួយ​ឆ្ពោះ​ទៅ​ការ​ទទួល​ស្គាល់​សិទ្ធិ​មនុស្ស​របស់ប្រ​ជា​ជន​ងាយ​រង​គ្រោះ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។​ជា​លើក​ទី១ លោក​មាន
​ប្រ​សាសន៍​ថា ប្រ​ជា​ពល​រដ្ឋ​រាប់​សែ​ន​គ្រួសារ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​កំពុង
​រស់​នៅ​លើ​ដី​រដ្ឋ ដែល​ពួកគេគ្មាន​សិទ្ធិ​ស្រប​ច្បាប់​ពេញលេញ ដើម្បី​ធ្វើជា​ម្ចាស់​កម្ម​សិទ្ធិ​លើ​ផ្ទះ​របស់​ពួក​គេ។
ទោះ​បី​ជា​បណ្តា​អង្គ​ការ​សិទ្ធិ​មនុស្ស​បាន​បន្ទោស​គម្រោង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ដោយ​សារ​ការ​​ព្រងើយ​កន្តើយ​ចំពោះប្រ​ជា​ពល​រដ្ឋ​ ដែល​ប្រ​ឈម​នឹង​ហានិភ័យ​ធំ​បំផុត​​នៃការ​បាត់​បង់​ផ្ទះ​សំបែង​របស់​ពួកគាត់ និង​អ្នក​ដែល​ត្រូវ​ការ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ច្រើន​បំផុត​ នោះ​ គឺក្រុមគ្រួសារ ដែលនាពេលបច្ចុប្បន្ន​​​នេះ​កំពុង​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដី​ធ្លី​ជា​មួយ​ម្ចាស់ដីសម្បទានដ៏មាន​ខ្នង​ក្រាស់ ដែល​រដ្ឋា ភិបាល បាន ផ្តល់ជាដីនោះ​ ក៏ដូចជា​ក្រុម​គ្រួសារ​រស់​នៅតាម​តំបន់​ជាយក្រុង​ និង​ជន​ជាតិ​ដើម​ភាគ​តិចផងដែរ។

កាលពី​ខែ​មិថុនា លោក ហ៊ុន សែន បាន​បញ្ជូន​ក្រុម​និស្សិត​ដំបូង​មាន​គ្នា​រាប់​រយ​នាក់​ឲ្យ​ចុះទៅអនុវត្ត​គម្រោង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​​របស់លោក។ ប៉ុន្តែ​លោក ចាន់ សុវ៉េត ​អនុ​ប្រ​ធាន​កម្ម​វិធី​ដីធ្លីរបស់​អង្គការសិទ្ធិ​មនុស្ស​អាដហុក​ បាន​មាន​ប្រ​សាសន៍​ថា សហ​គមន៍​នានាកាន់​តែ​ខក​ចិត្ត​ឡើងៗ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ ចាប់​តាំង​ពីនិស្សិត​ស្ម័គ្រ​ចិត្ត​ក្រុមទី២ បាន​ចេញ​ដំណើរ​ទៅ​ទូទាំង​ប្រទេស​​
កាល​ពី​ខែ​មករា។

លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា “ សរុប​មក នៅពេល​រដ្ឋាភិបាល​​បាន​ប្រ​កាស​​ជាលើក​ដំបូង​អំពី​គម្រោង​​ផ្តល់ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​តាម​រយៈ​ការ​បញ្ជូន​និស្សិត​ស្ម័គ្រ​ចិត្តឲ្យ​ជួយ​វាស់​វែង​ដីធ្លី​ដើម្បីផ្តល​ប័ណ្ណ​កម្មសិទ្ធិ​ពេល​នោះ​ប្រ​ជា​ពល​រដ្ឋ​​សប្បាយ​រីក​រាយណាស់។​និស្សិត​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​មាន​ឥទ្ធិ​ពល​ខ្លាំ​ងណាស់​ ដោយ​សារតែ​ពួក​គេ​វាស់​វែង​ដីធ្លី​ ដែល​គ្រួសារ​ទាំង​នោះ​​ធ្លាប់​បាន​បង្កបង្កើន​ផល ដោយគ្មាន​ការ​ជ្រៀត​ជ្រែក​ពី​អាជ្ញា​ធរ​មូលដ្ឋាន​ និង​ពីម្ចាស់​ដី​សម្បទានឡើយ”។

លោក​បាន​មាន​ប្រ​សាសន៍​បន្ត​ទៀត​ថា “ ក្នុង​ជំហាន​ទី២​ និស្សិត​ស្ម័គ្រ​ចិត្ត​ក្រុម​ថ្មី​នេះគ្រាន់​តែ​​ធ្វើ​​ការតាម​​បញ្ជា​របស់​អាជ្ញា​ធរ​មូលដ្ឋាន​ និងក្រុម​ហ៊ុនឯកជន​ប៉ុណ្ណោះ។ និស្សិត​ស្ម័គ្រ​ចិត្ត​ក្រុម​ថ្មី​ បញ្ជូន​ទៅ​ក្នុង​ដំណាក់​កាលទី២​ ក្នុងគម្រោង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​​នេះ មិន​ហ៊ាន​វាស់​វែង​ដី​ទេ ទោះបី​ជាប្រ​ជា​ពល​រដ្ឋ​ក្នុងមូល​ដ្ឋាន​ធ្លាប់បាន​កាន់កាប់​បង្ក​បង្កើន​ផល​លើ​​ដី​នោះក៏ដោយ​ នៅពេល​មាន​ការ​ប្រ​ឆាំ​ង​ជំទាស់​ពី​អាជ្ញា​ធរ​មូលដ្ឋាន ឬការជំទាស់ពី​ក្រុមហ៊ុន​”៕

ប្រែ​សម្រួល​ដោយ តែម សុខុម​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស