31 C
Phnom Penh

មន្ត្រី​​​នគរបាល​​ផ្តល់​​ប្រាក់​សំណង​ដល់​ជន​រង​គ្រោះ​ដោយ​​ការ​បាញ់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ដោយ​​មន្រ្តី​នគរបាល​ម្នាក់​​ ដែល​ជាប់​សង្ស័យ​​​ថា​បាន​បាញ់​សម្លាប់​​ស្រ្តី​អាយុ ២៨ ឆ្នាំ​ម្នាក់​យ៉ាង​កៀក​បំផុត​​នៅ​ខេត្ត​ស្វាយ​រៀង​កាល​ពី​សប្ដាហ៍​មុន​នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ​​នោះ​ កាលពី​ម្សិល​មិញ​គ្រួសារ​របស់​ជន​រង​គ្រោះ​បាន​និយាយ​ថា មន្ត្រី​នគរ​បាល​​បាន​ទៅ​ជួប​ពួក​គាត់​ ដើម្បី​ចរចា​ផ្ដល់​ប្រាក់​សំណង​ចំនួន​២.៨០០​​​ដុល្លារ​ដើម្បី​​កុំឲ្យ​គ្រួសារ​ជន​រង​គ្រោះ​ប្តឹង​​មន្ត្រី​​នគរបាល​រូប​នេះ​​។

លោក នុច ភក្ត្រា ជា​មន្រ្តី​នគរបាល​ឃុំ​មេស​រថ្ងក​ ក្នុង​ស្រុក​ចន្ទ្រា ​ដែល​តាម​ចោទ​ថា បាន​​​បាញ់​​​​ អ្នក​ស្រី​ រ័ត្ន សាម៉ក់ ​ចំ​​ទ្រូង​​ដោយ​កាំ​ភ្លើង​អាកា-​៤៧​​កាល​ពី​យប់​ថ្ងៃ​ទី​២​ខែ​មេសា​ បន្ទាប់​​ពី​មាន​ជម្លោះ​​រវាង​មនុស្ស​ពីរ​ក្រុម​នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ​។

បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នោះ​ មន្ត្រី​នគរ​បាល​រូប​នេះ​​​បាន​គេច​ខ្លួន​បាត់​​ ទោះ​បី​ជា​មាន​វត្តមាន​មន្ត្រី​​នគរបាល​​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​​​ម្នាក់​​​​ទៀត​នៅ​ទី​នោះ​ក៏​ដោយ​។នគរ​បាល​បាន​និយាយ​ កាល​ពី​ម្សិល​មិញ​ថា​ ខ្លួន​មិន​ទាន់​មាន​តម្រុយ​ណាមួយ​អំពី​កន្លែង​លាក់​ខ្លួន​របស់​ជនសង្ស័យ​រូប​នេះ​ទេ​។

អ្នក​ស្រី គឿត សាម៉ន អាយុ​៥០​ឆ្នាំ​ជា​ម្តាយ​ជន​រង​គ្រោះ​​ឈ្មោះ រ័ត្ន សាម៉ក់​ ​និយាយ​ថា​សមាជិក​គ្រួសារ​របស់​លោក ភក្ត្រា​ និង​អធិការ​​នគរបាល​​ស្រុក​ លោក សូ ស៊ីថន​ បាន​ទៅ​ជួប​គាត់​​មួយ​ថ្ងៃ​បន្ទាប់​ពី​​ការ​បាញ់​ប្រហារ​នោះ​​ដើម្បី​ផ្ដល់​​សំណង។​

អ្នក​ស្រី​បាន​និយាយ​ថា “ មន្ត្រី​នគរ​បាល​ស្រុក​ រួម​ទាំង​លោក​អធិការ​នគរបាល​ផង​ដែរ​មក​​បញ្ចុះ​បញ្ចូល​ និង​ចរចា ជា​មួយ​ខ្ញុំ​ដើម្បី​​ផ្ដល់​ប្រាក់​សំណង​ជិត​៣.០០០​ដុល្លារ​ ដើម្បី​ឲ្យ​​ យើង​ដក​ពាក្យ​បណ្ដឹង​​ប្តឹង​​ជន​សង្ស័យ​​រូប​នេះ​”។

អ្នក​ស្រី សាម៉ន​ បាន​និយាយ​ថា ​បន្ទាប់​ពី​បាន​ចរចា​ប៉ុន្មាន​ថ្ងៃ​​មក​ អ្នក​ស្រី​​បាន​យល់​ព្រម​​ទទួល​យក​ប្រាក់​សំណង​នោះ កាល​ពី​ម្សិល​មិញ ដើម្បី​ចៀសវាង​​កុំឲ្យ​មាន​ជម្លោះ​រយៈ​ពេល​យូរ។ ​អ្នក​ស្រី​បន្ត​​ថា​ “ ខ្ញុំ​បាន​យល់​ព្រម​ទទួល​ប្រាក់​សំណង​នេះ​រួច​ហើយ​ ហើយ​ខ្ញុំ​ក៏បាន​យល់​ព្រម​​មិន​ប្ដឹង​ជន​សង្ស័យ​រូប​នេះ​ដែរ”។​

អ្នកស្រី រ័ត្ន​​​​​​​ សាម៉ក់​ បាន​ស្លាប់​ចោល​​​កូន​ស្រី​ពីរ​នាក់​ អាយុ​២​ឆ្នាំ​ និង​៧​ឆ្នាំ​ និង​​​ប្ដី​របស់​អ្នក​ស្រី​ឈ្មោះ សឿ សុគង់​​ អាយុ​៣៥​ឆ្នាំ​។​​ លោក សឿសុគង់ ​បាន​និយាយ​ថា ទោះ​បី​ជា​គ្រួសារ​​របស់​​គាត់​ព្រម​​​ទទួល​ប្រាក់​សំណង​ដែល​​គាត់​​បាន​និយាយ​ថា ​គេ​ផ្ដល់​ឲ្យ​ចំនួន​២.៨០០​ដុល្លារ​​​ក៏​ដោយ​ ក៏​គាត់​​មាន​អារម្មណ៍​ថា គាត់​​មិន​ទាន់​បានរក​យុត្តិ​ធម៌​ជូន​ប្រពន្ធ​គាត់​​ទេ។​

គាត់​​និយាយ​ថា “ ខ្ញុំ​​គិត​ថា វា​មិន​យុត្តិ​ធម៌​សម្រាប់​ប្រពន្ធ​របស់​ខ្ញុំ​ទេ​ដែល​ពួកគេ​គ្រាន់​​តែ​ផ្ដល់​ប្រាក់​សំណង​​​នោះ​​ ប៉ុន្តែ​យើង​មិន​ដឹង​ថា ត្រូវ​ធ្វើ​ដូចម្ដេច។ តើ​យើង​​ធ្វើ​អីកើត​? យើង​​ខ្លាច​ចាញ់​ ប្រសិន​បើ​យើង​ប្ដឹង យើង​មិន​អាច​ឈ្នះ​​គេ​បាន​ទេ ដោយ​​យើង​ជា​អ្នក​ក្រី​ក្រ​”។​

តាម​ច្បាប់​ បទ​ល្មើស​ឧក្រិដ្ឋ​ដូច​ជា​ការ​សម្លាប់​​មនុស្ស​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​និង​នាំ​ជន​ល្មើស​មក​​ផ្ដន្ទាទោស​​ ទោះបី​ជា​មាន​​ពាក្យ​បណ្ដឹង​ ឬ​មិន​មាន​ក៏​ដោយ។ប៉ុន្តែ​តាម​ការ​ជាក់​ស្ដែង ​នគរ​បាល​និង​​តុលាការ​កម្ពុជា ​​ជា​រឿយៗ​​មិន​ធ្វើ​ការ​ស៊ើប​អង្កេតទេ បន្ទាប់​ពី​មាន​កិច្ច​​​ព្រម​ព្រៀង​ផ្ដល់​​សំណង​រួច​ហើយ នេះ​មាន​ន័យ​ថា ជន​ល្មើស​​​​​អាច​រួច​ផុត​​ពី​ការ​ដាក់​ទោស​​។

លោក សុក សំអឿន នាយក​ប្រតិ​​បត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​ ​ជា​អង្គការ​មួយ​ដែល​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​​មាន​ប្រសាសន៍​ថា“ ការ​ផ្ដល់​ប្រាក់​សំណង​​មាន​តែ​នៅ​ក្នុង​​​សំណុំ​រឿង​​​​​រដ្ឋប្បវេណី ប៉ុណ្ណោះ។ ការ​ផ្ដល់​ប្រាក់​សំណង​​មិន​​អាច​បញ្ចប់​​សំណុំ​រឿង​​ព្រហ្ម​ទណ្ឌ​បានទេ​។​​

ទោះ​បីជា​ជន​រង​គ្រោះ​មិន​ដាក់​ពាក្យ​បណ្ដឹង​​ប្តឹង​ជន​សង្ស័យ​ក៏​ដោយ ​ក៏​វា​ជា​តួ​នាទីរបស់​អាជ្ញាធរ​ក្នុង​ការស៊ើប​អង្កេត និង​ស្វែង​រក​ការ​ពិត​នូវ​អ្វី​ដែល​​បាន​កើតឡើង​ដែរ​”។​

​លោក​ សូ ស៊ីថន អធិការ​នគរ​បាល​ស្រុក​បាន​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​​អំពី​ការ​ពាក់​ព័ន្ធ​របស់​លោក ក្នុង​ការ​ចរចា​ផ្ដល់​ប្រាក់​សំណង​នេះ​ទេ។​ ប៉ុន្តែ​ លោក ភិន វ៉ាន់ឌី នាយ​ការិយាល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ ស្រុក​បាន​​មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ប្រាក់​សំណង​នេះ​​បង្ហាញ​ពី​​ការ​បិទ​សំណុំ​រឿង​នេះ។

លោក​មាន​ប្រ​សាសន៍​បន្ត​ថា “ ប្រសិន​បើ​ភាគី​ទាំង​ពីរ​យល់​ព្រម ជាមួយ​គ្នា​​ហើយ​​ យើង​​នឹង​មិន​ស៊ើប​អង្កេត​​សំណុំរឿង​នេះ​ទេ”។ ទោះ​បី​ជា​នគរ​បាល​ស្រុក​បាន​និយាយ​ថា សំណុំរឿង​នេះ​ទំនង​ជា​អាច​​បញ្ចប់​​​ក៏​ដោយ​ ក៏​មន្ត្រី​នគរបាល​ខេត្ត​ម្នាក់​បាន​និយាយ​ថា ការ​ផ្ដល់​ប្រាក់​​សំណង​មិន​​អាច​​ជំនួស​កិច្ច​ប្រឹង​ប្រែង​ ​​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​​ឡើយ។

លោក កឹង ខន ស្នង​ការ​នគរ​បាល​ខេត្ត​ស្វាយ​រៀង​មាន​ប្រ​សាសន៍​ថា “ ការ​ផ្ដល់​ប្រាក់​​សំណង​​នេះ​គឺ​​​គ្រាន់​​តែ​ជួយ​​ដល់​ពិធីបុណ្យ​​សព​ជន​រង​គ្រោះ​​ប៉ុណ្ណោះ​។ ទោះ​ជា​យ៉ាង​ណា ​ទាំង​លោក កឹង ខន និង​​
លោក ស៊ីថន បាន​បដិសេធ​មិន​និយាយ​ថា ពួកគេ​មាន​ព័ត៌មាន​អំពី​កន្លែង​លាក់​ខ្លួន​របស់​លោក ភក្ត្រា​ ទេ ។

នគរ​បាល​មិន​ទាន់​បាន​​ផ្តល់​ព័ត៌​មាន​​ពេញ​លេញ​លើ​ករណី​បាញ់​ប្រហារ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​​យោង​តាម​អ្នក​ស្រី​ សាម៉ន ជា​ម្ដាយ​​របស់​​ជន​រង​គ្រោះ​ ដែល​​​ឃើញ​ហេតុ​ការណ៍​​
នេះ​ផ្ទាល់​ភ្នែក​​ បាន​និយាយ​ថា លោក ភក្ត្រា ​ខឹង​​នឹង​​អ្នក​ ស្រែក​​ចំអក​ឲ្យ​​គាត់​​ នៅ​មុន​ពេល​បាញ់​ប្រហារ​កូន​ស្រី​របស់​គាត់​យ៉ាង​កៀក​​។

លោក ណូត បូភិនណារ័ត្ន​ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកា​ដូ ប្រចាំ​ខេត្ត​នេះ​មាន​ប្រសា សន៍​ថា ការ​ស៊ើប​អង្កេត​របស់​លោក​​បង្ហាញ​នូវ​លទ្ធ​ផល​ដូច​គ្នា​នឹង​ការ​​ឃើញ​​ហេតុ​ការណ៍​​របស់​ម្ដាយ​​ជន​រង​គ្រោះដែរ​។

​លោកមាន​ប្រសាសន៍​បន្ត​ថា “ ជន​រង​គ្រោះ​ត្រូវ​​គេ​​បាញ់​សម្លាប់​ដោយ​ចេតនា​។​ទោះ​បី ជា គ្រួសារ​ជន​រង​គ្រោះ​​មិន​ដាក់​ពាក្យ​បណ្ដឹង​ក៏​ដោយ ក៏​យើង​នៅ​តែ​រៀប​ចំ ឯក​សារ​ស្តី​ពី​ការ​ស៊ើប​អង្កេត​របស់​យើង​​នៅ​ក្នុង​ករណីនេះ សម្រាប់​ព្រះ រាជអាជ្ញា​ខេត្ត​ដែរ”។

លោក ហ៊ីង​ ប៊ុនជា ព្រះរាជអាជ្ញា​អម​សាលា​​ដំបូង​ខេត្ត​ស្វាយ​រៀង​មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ​កំពុង​តែ​ប្រ​ព្រឹត្តទៅ​។ លោក ហ៊ីង​ ប៊ុនជា ​បានមាន​ប្រសាសន៍​បន្ថែមទៀត​ថា “ សម្រាប់​សំណុំ​រឿង​នេះ ខ្ញុំបាន​បង្គាប់​​ឲ្យ​នគរ​បាល​បន្ត​ការ​ស៊ើប​អង្កេត​ ហើយ​នគរ​បាល​កំពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យរូប​នេះ​​៕

ប្រែសម្រួល​ដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស