31.4 C
Phnom Penh

ប្រទេស​កម្ពុជា និងប្រទេស​ចិន ​បង្កើត​គណៈកម្មាធិការ​ ដើម្បី​​​ជួយ​ពង្រឹង​​​ទំនាក់​ទំនងទ្វេភាគី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេចក្ដី​​​ប្រកាស​ព័ត៌មាន​រួម​រវាង​សាធារណ​រដ្ឋប្រជាមានិតចិន និង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​​​កាល​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា ​​ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​បាន​ព្រមព្រៀង​​បង្កើត​គណៈ​កម្មាធិការ​អន្តរ​រដ្ឋាភិបាល​ថ្មី​មួយ​​​ ដើម្បីពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​​ក្នុង​វិស័យ​ការពារ​ជាតិ​ ការ​អនុវត្ត​ច្បាប់​ ការ​អភិវឌ្ឍ​​កសិកម្ម និង​​ការ​​រុក​រក​រ៉ែ។

កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​ប្រកាស​ខណៈ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កំពុង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​ចំនួន​ នៅ​​ទីក្រុង​ប៉េកាំង​ជាមួយ​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន​ ដែល​ទើប​តែងតាំង​ក្នុង​ពេល​ថ្មីៗ​នេះ​ ស្ដី​អំពី​ការ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ចិន​ ដោយ​មេដឹក​នាំប្រទេស​មួយ​​ទៀត​​ ចាប់​តាំង​ពី​សមាជ​សភា​ប្រជាជន​ចិន​ដែល​ធ្វើ​ឡើង​ក្នុង​រយៈពេល​១០​ឆ្នាំ​ម្ដង​កាល​ពី​ខែ​មីនា​នោះ​មក​។

សេចក្ដី​​​ប្រកាស​ព័ត៌មាន​រួម​រវាង​ប្រទេស​ទាំង​ពីរ​នេះ​​បាន​លើក​ឡើង​ថា “ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បង្កើត​គណៈកម្មាធិ​ការ​សម្រប​សម្រួល​អន្តរ​រដ្ឋាភិបាល​មួយ​រវាង​ប្រទេស​ទាំង​ពីរ​ និង​អនុវត្ត​រួម​គ្នា​នូវ​ផែន​ការ​សកម្ម​ភាព​ស្ដី​ពី​ការ​អនុវត្ត​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​រដ្ឋាភិបាល​នៃ​សាធា​រណ​រដ្ឋ​ប្រជាមានិត​ចិន និង​រាជ​រដ្ឋាភិបាល​កម្ពុជា​”។

សេចក្ដី​​​ប្រកាស​ព័ត៌មាន​រួម​នេះ​ក៏​បាន​លើក​ឡើង​​អំពី​​វិស័យ​​ដែល​រដ្ឋាភិបាល​កម្ពុជា​​ជាប់​​​ឆ្នោត​តាម​បែប​​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​​​​េនះ មាន​ផែន​ការ​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិ​ការ​​ជា​មួយ​សម្ពន្ធ​មិត្ត​កុម្មុយនីស្ត​របស់​ខ្លួន​​ នៅ​ក្នុង​ប្រទេស​ចិន​។

សេចក្ដី​​​ប្រកាស​ព័ត៌មាន​រួមនេះ បាន​លើក​ឡើង​ថា “ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ…​និង​លើក​ស្ទួយ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ការ​ពារ​ជាតិ​ ការ​អនុវត្ត​ច្បាប់និង​សន្តិសុខ​ ក្នុង​គោលបំណង​​ ការ​ពារ​សន្តិសុខ​ជាតិ​ ក្នុង​ប្រទេស​ទាំង​ពីរ ព្រមទាំង​​សន្តិភាព​ ​និង​​​ស្ថិរភាព​​ក្នុង​តំបន់​​​​។ ភាគី​ទាំង​ពីរ​បាន​សំដែង​នូវ​ការ​ពេញ​ចិត្ត​​ចំពោះ​​សមិទ្ធផល​ដែល​​សម្រេច​​បានជា​ច្រើន​​ក្នុង​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ពាណិជ្ជកម្ម​​ទ្វេ​ភាគី​ និង​​​បាន​ព្រម​ព្រៀង​​… យក​ជា​អាទិភាព​នូវ​កិច្ច​សហ​ប្រតិ​បត្តិការ​​ក្នុង​វិស័យ​​កសិកម្ម​ ហេដ្ឋា​រចនា​សម្ព័ន្ធ​​ដឹក​ជញ្ជូន​ថាមពលទូរគមនា គមន៍​ និង​ការ​ថែរក្សា​​ដែន​​ទឹក​។ល។ ព្រម​ទាំង​បង្កើន​កម្រិតនៃ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​​ពាណិជ្ជ​កម្ម​ និង​​​សេដ្ឋកិច្ច​”។

អំឡុង​ទស្សនកិច្ច​របស់​លោក​ ដែល​បាន​ចាប់​ផ្ដើម​​កាល​ពី​ថ្ងៃ​សៅរ៍​ លោក ហ៊ុន សែន បាន​ជួប​​ពិភាក្សា​ការ​ងារ​ជាមួយ​​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន លោក ស៊ី ជីនភីង លោក​នាយក​រដ្ឋម​​ន្ត្រី​ លី ខឹឈាង និង​លោក​​ ចាង តេ​ជាង​​ ប្រធាន​គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​។

នៅ​មុន​ពេល​លោក​ ហ៊ុន សែន ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​​ ដែល​​​អម​ដំណើរ​​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​លោក ទៀ បាញ់ និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម លោក ចម ប្រសិទ្ធ​ លោក​បាន​ប្រាប់​ពី​​គោល​បំណង​របស់​ប្រទេស​កម្ពុជា​​ក្នុង​ការ​​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ថ្មី​ចំនួន​ប្រាំបី​ ដែល​​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នោះ ចិន​នឹង​ផ្តល់​​ទឹក​ប្រាក់​ជិត​២​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ទម្រង់​ជាជំនួយ​ឥត​សំណង​ ​វិនិ​យោគ​ទុន​​ និង​កម្ចី​​សម្បទាន​។

ប្រទេស​ចិន​ គឺ​ជា​ប្រទេស​ដែល​វិនិយោគ​ច្រើន​ជាង​គេ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ប្រាក់​វិនិយោគ​ច្រើន​ជាង​មួយ​ភាគ​បួន​នៃ​វិនិយោគ​បរទេស​ទាំង​អស់​ ។ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ២០១១ ​ចិន​
​បាន​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា មាន​ទឹក​ប្រាក់​ចំនួន​៨,៨​ពាន់​លាន​ដុល្លារ ​ នេះ​បើ​យោង​តាម​
រ​បាយការណ៍​មួយ​ចេញ​ដោយ​ក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា​ កាល​ពី​ខែ​មករា​។ ចាប់​តាំង​ពី​ឆ្នាំ ២០១១​មក​ ប្រទេស​ចិន​បាន​សន្យា​ផ្ដល់​ជំនួយ​​ជាង​១០​ពាន់​លាន​ដុល្លារ​ តាម​រយៈ​វិនិយោគ​​ទុន​និង​កម្ចី​រយៈ​ពេល​វែង​​។

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ចេញ​កាល​ពី​ម្សិលមិញ​ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​ បាន​ព្រមព្រៀង​​បន្ត​ និង​បង្កើន​នូវ​ទំនាក់​ទំនង​ផ្នែកសេដ្ឋកិច្ច​។សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​នោះ​បាន​បន្ត​ថា “ ​ភាគី​ទាំង​ពី​របាន​ឯក​ភាព​អនុម័តវិធាន​ការ​​ច្បាស់​លាស់ ​​និង​​ប្រកបដោយ​ប្រ​សិទ្ធភាព​ដើម្បីរក្សានូវកំណើន​​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ជា​ប្រចាំ និងព្យាយាម​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​​ពាណិជ្ជកម្ម​​ទ្វេភាគី​ចំនួន​៥​​ពាន់លាន​ដុល្លារ​ នៅ​ឆ្នាំ២០១៧។ ប្រទេស​ចិន​នឹង​បន្ត​លើក​ទឹក​ចិត្ត​ដល់​សហ​គ្រាសនានា​ ដែល​មាន​សមត្ថភាព​ដើម្បីបង្កើន​​​កិច្ច​សហប្រតិបត្តិការ​ ដែលមានផលប្រយោជន៍ទៅវិញទៅមក
ជាមួយ​ក្រុមហ៊ុននានារបស់​កម្ពុជា​នៅ​ក្នុង​វិស័យ​នានា​ជាអាទិភាព​ដូច​ជា​​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ​ កសិកម្ម​ ការ​ថែរក្សា​ទឹក​ ឧស្សា​ហកម្ម​ទេសចរណ៍​ និង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ឧទ្យាន​​សហប្រតិបត្តិការ​ ព្រម​ទាំង​ថាមពល​ និង​ធន​ធាន​រ៉ែ”។

កាល​ពី​ខែ​មករា​ រដ្ឋាភិបាល​ទាំង​ពី​របាន​ចុះកិច្ច​ព្រមព្រៀង​លើ​អនុស្សរណៈ យោគ​យល់​គ្នា​មួយ​ ដែល​មាន​ទឹក​ប្រាក់​៩,៦ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​ឧស្សាហកម្ម ដែក និង​រ៉ែ និង​ក្រុមហ៊ុន​ផ្លូវ​ដែក​ចិន​ ដើម្បី​សាង​សង់​ផ្លូវ​ដែក​ថ្មី​មួយ​ខ្សែ​ និង​រោង​ចក្រ​ស្ល​ដែក​មួយ​ នៅ​ក្នុង​ខេត្ត​ព្រះវិហារ។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោ​បាយ​​ឯករាជ្យ​ មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ទាំងពីរ​នេះ ក្រៅពី​បែង​ចែក​ផល​ប្រយោជន៍ផ្នែក​សេដ្ឋ​កិច្ច​របស់ចិនដល់​ប្រទេស​កម្ពុជា​ កិច្ចព្រម​ព្រៀង​នេះក៏នឹងជួយឲ្យចិន​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំងផ្នែក​ភូមិសាស្ត្រ​នយោបាយ​ នៅក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ផងដែរ។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ ផល​ប្រយោជន៍​​របស់​ប្រទេស​ចិន​ គឺ​បញ្ហា​ភូមិសាស្ត្រ​​នយោបាយ​ ជាពិសេសពាក់​ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង”។  លោក​បាន​លើកឡើង​ដូច្នេះ គឺសំដៅ​ចំពោះ​ជម្លោះ​ផ្នែក​​ដែន​ទឹក​រវាង​ប្រទេស​ចិន​ និង​​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួន​ នៅក្នុងសមុទ្រ​ចិន​ខាង​ត្បូង​ ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​រ៉ែ ​​ ​ ហើយ​ដែល​ប្រទេស​ចិន​ និង​​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​ដូច​ជា​ប្រទេស​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រទេស​​ប្រ៊ុយណេ បាន​អះអាង​ទាម​ទារ​សិទ្ធិគ្រប់​គ្រង​តំបន់​នេះ​ដែរ។

ទំនាក់​ទំនង​ផ្នែកការ​ទូត​ដ៏​កក់​ក្ដៅ​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ នៅ​រាជ​ធានី​ភ្នំពេញ កាល​​ពី​ខែ​វិច្ឆិកា​ខណៈ​ពេល​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ បាន​ខក​ខាន​មិន​បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍​រួម​មួយ​ជា​លើក​ដំបូង​របស់​ខ្លួន ដោយសារ​ប្រទេស​កម្ពុជា​បាន​ទំទាស់​មិន​ឲ្យលើក​យក​បញ្ហា​ជម្លោះផ្នែក​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​បាន​គាំ​ទ្រ​តាម​បំណង​របស់​ប្រទេស​ចិន ដែលចង់រក្សា​ទុក​សម្រាប់ការ​ពិភាក្សា​ទ្វេភាគី​រវាង​ប្រទេស​ជាប់ពាក់​ព័ន្ធ​នីមួយ​ៗ​​។

លោក​ ម៉ុងហៃ បាន​​បន្ដ​ទៀត​ថា “ ប្រទេស​​ចិន​ គឺ​កំពុង​តែ​ប្រើ​ប្រាស់​ប្រទេសកម្ពុជា​ជា​ឧបករណ៍​មួយ​ ដើម្បី​បំបែក​ប្រទេស​ជា​សមា​ជិក​អាស៊ាន​។ ប្រទេស​ចិន​មិន​មាន​មិត្ត​ច្រើន​ទេ​ នៅ​ក្នុង​អាស៊ាន​។ ប្រទេស​កម្ពុជា​​បច្ចុប្បន្ន​នេះ កំពុង​តែ​ងាក​ចេញ​ពី​ជំហរ​អព្យា​ក្រឹត​ភាព​​របស់​ខ្លួន​”។

យោង​តាម​លោក​ កឹម សុខា អនុ​ប្រធានគណបក្ស​​សង្គ្រោះ​ជាតិ​ លើកឡើង​ថា ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​ គឺ​មួយ​ផ្នែក​ដោយសារតែ​​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិ ការ​ទ្វេភាគី​ របស់ចិន​មិនមាន​ដាក់លក្ខខណ្ឌ ទេ។

លោកបានមានប្រសាសន៍បន្ត​ថា “ ​យើង​អាច​ដឹងបាន​ថា លោក ហ៊ុន សែន និង​គណ​បក្ស​​ប្រជាជន​កម្ពុជា​មិន​អាច​ធ្វើ​ជា​មិត្ត​ជាមួយ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​បាន​ទេ​ ដោយ​សារ​ប្រទេស​ទាំង​នោះ​ទាមទារ​ឲ្យ​មានការ​ការ​ពារ​សិទ្ធិ​មនុស្ស​ ការ​គោរព​ច្បាប់ និង​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​។ ដូច្នេះ​ការ​ការ​ពារ​ផល​ប្រយោជន៍​របស់​ខ្លួន លោក ហ៊ុន សែន បាន​ងាក​ទៅ​រក​ជន​កុម្មុយនីស្ដ​ចិន​ ដែល​មិន​ទាម​ទារ​លក្ខខណ្ឌ​ច្រើន​ ដូច​ជា​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​ជា​ដើម​”។

ទោះ​ជា​យ៉ាង​ណា លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការ​អះអាង​របស់​អ្នក​វិភាគ​នយោបាយ​ និង​របស់សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ ដែល​ថាប្រទេស​កម្ពុជា​កំពុង​ប្រែក្លាយ​ជា​ឧបករណ៍​ផ្នែកនយោបាយ​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​ប្រទេស​ចិន​នោះ​ គឺ​មិន​សម​ហេតុផល​ឡើយ​។

លោក​បានមានប្រសាសន៍​ថា “​នេះ​គ្រាន់​តែ​ជា​ការ​វាយ​ប្រហារ​ ដោយ​គ្មាន​មូល​ដ្ឋាន​ និង​គ្មាន​ហេតុផល​មក​លើ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។ ពួក​គេ​កំពុង​ព្យាយាម​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ដែល​កំពុង​ប្រឹង​ប្រែង​ធ្វើ​ការ​ ដើម្បី​រក្សា​មិត្ត​ភាព​ និង​ស្ថិរភាព​សេដ្ឋកិច្ច”៕

ប្រែសម្រួល​ដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស