38.1 C
Phnom Penh

ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ស្រ្តី​ម្នាក់​ និង​ទារក​អាយុ​១១ខែ​ម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​អាយុ​៣០ឆ្នាំ​ម្នាក់​ និង​ក្មួយប្រុស​របស់​ខ្លួន​​អាយុ​១១ខែ​​ ត្រូវខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​​នៅមុខផ្ទះរបស់​ពួកគេ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​ក្នុងរាជធានី​ភ្នំពេញ ​កាលពីល្ងាច​ថ្ងៃច័ន្ទ​ ដោយ​ខ្មាន់​កាំភ្លើងរូបនោះ បានបាញ់​ស្រ្តីជន​រង​គ្រោះ​ចំនួន​១៤គ្រាប់ ​រួច​រត់ឆ្លង​ថ្នល់​ទៅបាញ់​ទារក​ត្រូវចំក្បាល​មួយគ្រាប់ទៀត​។

លោក អេង​ សោភា នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ធ្ងន់់​រាជធានី​ភ្នំពេញបានមាន ប្រសាសន៍ថា ការបាញ់​ប្រហារ​នេះ​កើត​ឡើង​ នៅម៉ោង​ប្រហែល​៥និង​៣០នាទី​ល្ងាច​ ដែល​នៅក្នុង​ថ្ងៃនោះ​សន្តិសុខ​យាម​នៅ​​បុរីញូវថោន​ ពោធិចិន​តុង​ ក្នុង​សង្កាត់​ចោម​ចៅ​បាន​​ចេញ​ពីកន្លែង​នោះ។

មុនពេលកើតហេតុ អ្នកស្រី ទិត ធារ៉ា អ្នក​គ្រប់គ្រង​នៅសាខា​ធានាគារ​កាណា​ឌីយ៉ា​ នៅ​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ កំពុង​តែ​ចាក់សោ​ផ្ទះ​នៅទ្វា​រខាង​មុខ​ ពេលនោះ​មាន​ខ្មាន់​កាំភ្លើង​ម្នាក់​​​មកដល់​រួច​ក៏ដក​កំាភ្លើង​ខ្លី​បាញ់ប្រហារ​តែ​ម្តង។​ អំឡុង​ពេល​បាញ់​ប្រហារ​ អ្នកស្រី​ ទិត​ សុម៉ាឡែន​ អាយុ​៣៥ឆ្នាំ​
អតីត​អ្នក​ចម្រៀង​ភ្លេងការ​ និងជាម្តាយ​របស់​ទារក​ដែលបាន​ស្លាប់នោះ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ត្រូវ​ចំភ្លៅ​​ម្ខាង​មួយគ្រាប់​ ហើយ​ឥឡូវ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​គ្លីនិកឯកជន។​

លោក អេង សោភា មាន​ប្រសាសន៍​ថា “ អ្នកស្រី ទិត ធារ៉ា ត្រូវខ្មាន់​កាំភ្លើង​បាញ់ត្រូវ​​១៤គ្រាប់​។ ចំណែកអ្នកស្រី​ ទិត​ សុម៉ាឡែន​ ត្រូវមួយគ្រាប់​ចំភ្លៅ​ ហើយកូនប្រុសរបស់​អ្នកស្រី​ត្រូវមួយ​គ្រាប់ចំក្បាល”។​

លោកបាន​បន្តថា “ របាយ​ការណ៍ផ្លូវ​ការ​របស់នគរបាល​បានបង្ហាញថា មាន​តែ​ជន​ដៃដល់តែម្នាក់ ប៉ុណ្ណោះ​​ ​ទោះជាយ៉ាង​ណា​ អ្នក​ជិតខាង​បាន​និយាយថា នៅកន្លែង​កើត​ហេតុ​ជនដៃ​ដល់​មានគ្នា​ពីរនាក់​”។​

លោកឧត្តមសេនីយ៍ឯក​ គៀត​ ច័ន្ទថារិទ្ធ អ្នកនាំពាក្យ​នគរបាល​ជាតិ​ ​មាន​ប្រសាសន៍ថា អាជ្ញាធរ​ចាត់ទុក​ករណី​នេះ​ជាអំពើប្លន់​ ហើយ​​នៅក្នុង​ការស៊ើប​អង្កេត​ជំហានដំបូង​ អាជ្ញាធរ​​ជឿជាក់ថា អ្នកដែល​ខ្មាន់កាំភ្លើង​ចង់បាញ់​ពិត​ប្រាកដ​នោះ​ គឺ​អ្នកស្រី​ សុម៉ាឡែន​​ មិន​មែន​ជា​ប្អូនស្រីរបស់គាត់នោះទេ។​

លោកឧត្តមសេនីយ៍ឯក​ ច័ន្ទថារិទ្ធ​ ក៏បាន​មាន​ប្រសាសន៍ដែរថា អ្នកស្រី​ សុម៉ាឡែនជា ស្រីកំណាន់ លួចលាក់របស់បុរសម្នាក់​មានប្រព័ន្ធរួចហើយ និងកំពុង​រស់នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ដែលឥឡូវ​នគរបាល​កំពុង​ស៊ើប​អង្កេត​ថា តើ​ការបាញ់ប្រហារនេះ​ កើត​ចេញ​ពី​ទំនាក់ទំនង​របស់​អ្នកស្រី​ជាមួយ​បុរស​នោះ​ឬក៏យ៉ាង​ណា។​​

លោក ច័ន្ទថារិទ្ធ​ បានលើកឡើងថា “ តាម​ព័ត៌មាន​ ដែលនគរ​បាលប្រមូលបាន​នោះ​ គឺថាអ្នកស្ រីមានមិត្តប្រុស​ម្នាក់​ ឬ​ក៏ប្រហែល​​ជា​មាន​ទំនាក់ទំនងស្នេហា​ ជាមួយ​បុរសម្នាក់​រស់នៅក្នុង​ខេត្ត​ស្ទឹង​ត្រែង។ ​យើង​មាន​ព័ត៌មានថា​ បុរសនោះ​​បាន​រៀបការ​រួចហើយ”។​

នៅខាង​ក្រៅ​ផ្ទះរបស់ជនរងគ្រោះ​កាល​ពី​ម្សិលមិញ​ អ្នកជិតខាង​បាន​និយាយ​ថា​ ពួក​គេបានឃើញជន​សង្ស័យ​ដើរ​នៅ​ម្តុំនោះ​ កាល​ពី​​បីបួនថ្ងៃមុន​ ដើម្បីមកឃ្លាំ​មើល សកម្មភាព​ប្រចាំ​ថ្ងៃរបស់​​អ្នកស្រី ទិត ធារ៉ា និង​បង​ស្រី​របស់​នាង។​

អ្នករស់នៅ​ក្នុង​បុរីញូវថោនម្នាក់​​​ អាយុ២៥ឆ្នាំ ដែលបដិសេធ​មិនព្រម​ប្រាប់​ឈ្មោះ​របស់ខ្លួនព្រោះ ព្រួយបារម្ភពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ បាន​និយាយថា អ្នក​ស្រី​​បានឃើញ​ជន​សង្ស័យ​ នៅ​ថ្ងៃកើត​ហេតុ​នោះ​ ​នាវេលា​ប្រហែលម៉ោង​​៤​រសៀល​។ អ្នកស្រីបាន​បន្តថាជនសង្ស័យ​នេះ ពាក់​អាវ​យឺតឆ្នូត​ និង​ពាក់មួកកាតឹប។​ គាត់ក៏​បាន​និយាយដែរថា ជនដៃដល់នោះ​បានមក​ជាមួយបុរស​ម្នាក់​ទៀត​ ដែល​ជិះម៉ូតូ​ហុងដាឌ្រីម​ពណ៌​ខ្មៅ​មួយគ្រឿង។​

អ្នកស្រីបាននិយាយបន្ថែមទៀតថា​ “ ខ្ញុំ​ភ័យខ្លាំងណាស់ពេល​ខ្ញុំ​ឮ​សំឡេង​បាញ់​ ខ្ញុំបាន​រត់​ចូល​ក្នុង​ផ្ទះ​របស់ខ្ញុំ​។ ខ្ញុំពិតជា​ភ័យខ្លាច​ណាស់​ ពីព្រោះ​​បុរសនោះ​បាន​ឃើញ​ខ្ញុំ​ច្រើ​ន​ដងណាស់​។ ខ្ញុំតែងតែអង្គុយ​នៅខាង​ក្រៅ​ផ្ទះរបស់ខ្ញុំ​ ឬក៏បោសសម្អាត​​នៅ​ក្បែរនោះ។​

អ្នកស្រីបាន​និយាយរំឭក​អំពី​ទារក​អាយុ​១១ខែ​​នោះថា “ ខ្ញុំ​តែងតែ​ ឃើញ​ក្មេង​នេះ​ជិះកូនរថ​យន្ត​ជ័រលេង​ នៅលើ​ផ្លូវ​ស្ទើររៀង​រាល់​ព្រឹក​”។​ សាក្សី​ផ្សេងៗទៀត​នៅ​កន្លែង​កើត​ហេតុ​ ដែលក៏​បាន​និយាយ​ក្នុងលក្ខខណ្ឌ​អនាមិក​​បាន​និយាយថា​ ពួកគេ​បានឃើញ​ជនដៃដល់​រត់​គេច​ខ្លួនបន្ទាប់​ពីបាញ់​ប្រហារ​រួច។​
សមាជិក​ក្រុមគ្រួសារ​ និង​អ្នក​រួម​ការងារ​ របស់អ្នកស្រី​ ទិត​ ធារ៉ា​ ដែល​បាន​មក​ជួប​ជុំគា្ន​ នៅផ្ទះរបស់ជនរងគ្រោះ​ ដើម្បី​ចូលរួម​ពិធី​បុណ្យសព​កាលពី​ម្សិល​មិញ​ បានបង្ហាញ​​ពី​ការ
ហួសចិត្តរបស់​ពួកគេ​ ចំពោះ​អំពើ​ឃាតកម្ម​នេះ ហើយ​ក៏កំ​ពុង​តែ​ងឿង​ឆ្ងល់​ពី​​​មូល​ហេតុ​ ដែល​នាំឲ្យ​មាន​​អំពើឃាតកម្មននេះដែរ។​

លោក ខូវ សុខា អាយុ​ ៣៤ឆ្នាំ​ ដែលជា​អ្នក​គ្រប់​​គ្រង​​សាខាធានាគារ​​កាណាឌី​យ៉ា​មួយ​ផ្សេងទៀត​ ហើយជាអ្នក​ធ្លាប់​ធ្វើការ​ជាមួយ​​អ្នកស្រី ទិត​ ធារ៉ា​ អស់​រយៈ​ពេលបួនឆ្នាំ​មក​ហើយនោះបាន​និយាយថា​ “ អ្នកស្រី​គឺ​ជា​មនុស្សល្អ​ ហើយ​វាជាការ​ល្អណាស់​ ដែល​លោកបានធ្វើការ​ជាមួយ​មនុស្ស​​​រួសរាយ​បែប​នេះ​។ អ្នកស្រី​ក៏ជាមនុស្សម្នាក់​ ដែល​ចូលចិត្តនិយាយ​លេង​ច្រើន”។ លោកបាន​បន្តថា“ យើង​មិន​ដឹង​២មូលហេតុ​ ដែលនាំ​ឲ្យ​កើត​មាន​ការបាញ់​សម្លាប់នេះទេ”។

លោក អ៊ុក ជិបផល​ អាយុ​២៩ឆ្នាំ​ ដែល​ត្រូវជា​ប្តី​របស់​អ្នកស្រី​ ទិត ធារ៉ា​ បាន​និយា​យថា​ពួកគាត់​បានរៀបការ​​ជាមួយគ្នា​អស់​រយៈ​ពេល​​ឆ្នាំ​ប្រាំឆ្នាំ​មកហើយ​ ហើយថែមទាំង​មានកូន​ស្រី​អាយុ​២​ឆ្នាំ​ម្នាក់​ទៀត​ផង​”។​ លោកបាន​បន្តថា “ ប្រពន្ធរបស់ខ្ញុំ​ មិន​ដែលមាន​បញ្ហា​ជាមួយ​នរណាឡើយ​”។​            លោកបានបន្ថែមថា ពេលលោក​ទទួល​បាន​ដំណឹងអំពីការកើតហេតុនេះ​លោក​កំពុង​តែប្រជុំនៅក្នុងការិយាល័យ​។ លោក​បាន​បន្ថែមទៀតថា “ តើ​ខ្ញុំអាចដឹង [ពីមូល ហេតុ​នៃ​ការបាញ់​ប្រហារនេះ​] យ៉ាងដូច ម្តេច? ខ្ញុំមិនដឹងទេ”៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស