ក្រុមអ្នកតវ៉ាប្រហែល១០០នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខការិយាល័យរបស់ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាកាលពីម្សិលមិញ ដោយបានអំពាវនាវឲ្យមានការធានាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់សហភាពអឺរ៉ុបជាមួយនឹងប្រទេសឥណ្ឌា មិនមានការរឹតបន្តឹងលើផលិតកម្មឱសថទូទៅនៅក្នុងប្រទេសឥណ្ឌា ដែលជាការចាំបាច់ដើម្បីព្យាបាលជំងឺនានាដូចជាជំងឺអេដស៍ជាដើមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នេះ។
តំណាងមកពីបណ្ដាញសហគមន៍ចំនួន១៣ ដែលផ្ដល់ប្រឹក្សាដល់ប្រជាពលរដ្ឋមានជំងឺអេដស៍ កម្មកររោងចក្រកាត់ដេរ អ្នកបម្រើការងារតាមកន្លែងកម្សាន្ត ស្ត្រីនិងបុរសដែលស្រឡាញ់ភេទដូចគ្នា បានកាន់បដាអំពាវនាវដល់សហភាពអឺរ៉ុបកុំឲ្យដាក់កម្រិតលើផលិតកម្ម និងការចែកចាយឱសថទូទៅរបស់ប្រទេសឥណ្ឌា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ខ្លួន ដែលកំពុងធ្វើការចរចានៅឡើយនោះ។
បដាមួយសរសេរថា “ សហភាពអឺរ៉ុបឈប់ប្រើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីបំផ្លាញរដ្ឋាភិបាល ឥណ្ឌា” ។ បដាមួយទៀតសរសេរថា “ សហភាពអឺរ៉ុប ត្រូវគិតពីប្រជាពលរដ្ឋ ជាងផលប្រយោជន៍របស់ខ្លួន”។
នៅក្នុងញតិ្តមួួយរបស់ក្រុមអ្នកតវ៉ា ដែលបានប្រគល់ជូនលោក ដានីញែល ហ្គុងហ្សាលេ ឡឺវ៉ាសស័រ (Daniel Gonzales-Levassor)អនុព័ន្ធគណៈប្រតិភូសហភាពអឺរ៉ុប ទទួលបន្ទុកកំណែ
ទម្រង់ដីធ្លី ការអភិវឌ្ឍផ្នែកឯកជននិងពាណិជ្ជកម្ម ក្រុមអ្នកតវ៉ា បានលើកឡើងថា “ ជីវិត
របស់យើងមិនមែនសម្រាប់លក់ដូរនោះទេ! សុខភាពមិនមែនជាទំនិញនោះទេ !” ។
ការពិភាក្សាដេញដោលថា តើប្រទេសឥណ្ឌា គួរតែគោរពប័ណ្ណប៉ាតង់ឱសថអាមេរិក
និងសហភាពអឺរ៉ុបឬយ៉ាងណានោះគឺមានភាពក្ដៅគគុក។ការរីកចម្រើនច្រើនក្នុងការព្យាបាលជំងឺ ផ្សេងៗដូចជា ជំងឺអេដស៍ជាដើមនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសកម្ពុជា តាមរយៈផលិតកម្មឱសថថោកៗរហូតដល់ឱសថថ្លៃៗមានស្លាកយីហោត្រឹមត្រូវ។ប៉ុន្តែ ក្រុមហ៊ុនឱសថធំៗនៅបស្ចិមប្រទេសនិយាយថា ឱសថមានតម្លៃខ្ពស់ គឺជាការចាំបាច់ ដើម្បីធ្វើការស្រាវជ្រាវ និងផលិត
ឱសថថ្មី ថែមទៀត ។
អង្គការសិទិ្ធមនុស្ស និងអ្នកតស៊ូមតិផ្នែកសុខាភិបាលនៅទូទាំងពិភពលោកបានសម្ដែងការព្រួយបារម្ភថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលខាងមុខរវាងសហភាពអឺរ៉ុបនិងប្រទេសឥណ្ឌា អាចដាក់ឲ្យក្រុមហ៊ុនផលិតឱសថឥណ្ឌាប្រើច្បាប់ប៉ាតង់របស់បស្ចិមប្រទេសដោយបង្ខំឲ្យប្រទេសកំពុងអភិវឌ្ឍន៍នេះចំណាយប្រាក់ច្រើនសម្រាប់ឱសថសំខាន់ៗ។
ក្នុងការឆ្លើយតបចំពោះញត្តិនេះ លោក ហ្សង់ ហ្វ្រងស័រ កូតាំង (Jean Francois Cautain) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ សហភាពអឺរ៉ុប បានសន្យាផ្ដល់ឱសថសំខាន់ៗ ដែលមានតម្លៃសមរម្យ ជាពិសេសសម្រាប់បណ្ដាប្រទេសអភិវឌ្ឍន៍តិចតួចលើពិភពលោក”។
លោក ហ្សង់ ហ្វ្រងស័រ កូតាំង បានមានប្រសាសន៍បន្ថែមថា “ ការព្រួយបារម្ភអំពីការទទួលបានឱសថសម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសក្រីក្រនៅលើពិភពលោកមិនត្រឹមត្រូវទេ បើគិតពីភាពជាក់ស្ដែងនៃការចរចាជាមួយនឹងប្រទេសឥណ្ឌា៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ