38 C
Phnom Penh

បុរសម្នាក់​ និង​ស្ត្រីម្នាក់ ក្នុង​ខេត្ត​កំពង់ចាម ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​ការ​វាយ​ប្រហារ​ដោយទឹក​អាសុីត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថានៅ​​​ក្នុងខេត្ត​​​កំពង់​​​ចាម ជន​​​ល្មើសបាន​​​​​​ជះ​​​ទឹក​​​អាសុីត​​​​​​​ខ្លាំង​​​​​​​​​មក​​​លើបុរស​​​ម្នាក់​​​ និង​​​ស្ត្រី​​​​​​ម្នាក់ ​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដោយបណ្ដាល​​​ឲ្យ​​​មុខ​​​ និងខ្លួន​របស់​អ្នកទាំងពីរ​​​រលាក​​​យ៉ាង​​​ខ្លាំង នៅពេល​​​ពួក​​​គេ​​កំពុងមើល​​​ទូរទស្សន៍​​​ក្នុងផ្ទះ​​​។

លោក កែវ វ៉ា មេភូមិខ្ជាយ​​​ថ្មី បាន​មាន​​​ប្រសាស​​​ន៍​​​ថា ស្ត្រីឈ្មោះ សែន ស្រីរ័ត្ន អាយុ​​​២៣​​​ឆ្នាំ និង​​​មិត្ត​​​ប្រុស​​​របស់​​​នាងឈ្មោះ ​​​ឡុង ​ប៊ុនធឿន អាយុ​​​៣២​​​ឆ្នាំ កំពុងនៅ​បន្ទប់របស់​នាងក្នុង​​ឃុំ​​​ជាំក្រវៀន ​​​ស្រុក​​​មេមត់ ​ពេល​បុរស​ឈ្មោះ ជា ថេង អាយុ​​​២៣ ឆ្នាំ ចូល​​​ទៅដល់​ឃើញជន​​រង​​​គ្រោះ​​​ទាំងពីរនាក់កំពុង​​​ដេក​ជាមួយ​​​គ្នា​​​នៅ​​​ម៉ោង​​​ប្រហែល​​​៧​​​យប់ ហើយ​បានជះ​​​ទឹក​​​អាសុីត​​​​​​​​​សម្រាប់​​​ធ្វើ​​​ឲ្យ​​​ជ័រ​​​កៅស៊ូ​​​រឹង​​​​​​មក​​​លើ​​​អ្នក​​​ទាំង​​​ពីរ។

លោក កែវ វ៉ា បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ជន​​​រង​​​គ្រោះ​​​ទាំង​​​ពីរ​​​នាក់​​​កំពុង​​​ដេក​​​នៅ​​​ក្នុង​​​អង្រឹង​​ពេល​​​ជន​​​សង្ស័យ​​​នេះ​​​បាន​​​ជះ​​​ទឹក​​​អាសុីត​ដាក់។​​​​​ ទឹក​​​អាសុីត​​​បាន​​​ប៉ះ​​​ចំ​​​ខ្លួន​​​ស្ត្រី​​​​​​នេះ ប៉ុន្តែមុខ​របស់លោក  ឡុង ប៊ុនធឿន ត្រូវ​​​​ទឹក​​​អាសុីត ​ដោយ​​​បណ្ដាល​​​ឲ្យ​​​​​​ភ្នែក​​​ទាំង​​​ពីរច្រមុះក និង​​​ទ្រូង​​​របស់​​​គាត់​​​រលាក​​​យ៉ាង​​​ខ្លាំង”។លោក​មាន​​​ប្រសាស​​​​​​ន៍​​​បន្ថែម​​​ថា វាជាការ​​​ឆាប់​​​រហ័សពេក​​​​ក្នុង​​​ការ​​​និយាយ​​​ថា​​​តើ​​​លោក ឡុង ​ប៊ុនធឿន នឹង​​​​ខ្វាក់ភ្នែក ឬយ៉ាង​​​ណា​​​នោះ ។

នាពេល​​​​​​បច្ចុប្បន្ន​​​នេះ ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​ពីរ​​​នាក់​​​នេះកំពុង​​​សម្រាក​​​ព្យាបាល​​​របួសរបស់​​​ខ្លួន​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត​​​កំពង់ចាម។​​​ លោក កែវ វ៉ា មាន​​​ប្រសាស​​​ន៍​​​ថា អ្នក​​​ស្រី ​ស្រីរ័ត្ន អាច​​​ស្គាល់​​​អត្តសញ្ញាណ អ្នក​​​ជះ​​​ទឹក​​​អាសុីត​​​នេះ ពី​​​ព្រោះ​​​ភ្លើង​​​​​ចង្កៀង​នៅ​​​ក្នុង​​​ផ្ទះ​​​នេះ​​​នៅ​​​​​​ភ្លឺនៅ​​​ឡើយ។

លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ជា ​ថេង ​ធ្លាប់​​​​​​​​​​​​មាន​​​ទំនាក់​​​ទំនងស្នេហាជា​​​មួយ​​​​​​នឹងនាង​ស្រីរ័ត្ន ប៉ុន្តែ អ្នក​​​ទាំង​​​ពីរ បាន​​​បែក​​​បាក់​​​គ្នា​​​កាល​​​​ពី​​​ឆ្នាំ​​​​​​មុន។​ ​ជន​​​សង្ស័យ​​​បាន​​​ព្រមាន​​​នាង​​​មិន​​​ឲ្យ​​​​​​មាន​​​ទំនាក់​​​ទំនង​ជា​​​មួយ​​​នឹង​​​បុរស​​​ណា​​​ផ្សេង​​​ទៀត​​​នោះ​​​ទេ”។

លោក ឆាយ គឹមសុន ស្នង​​​​​​ការ​​​នគរ បាល​ខេត្ត​​​​​​កំពង់​​​ចាម បាន​​​បញ្ជាក់​​​ថា អត្តសញ្ញាណ​​​របស់​​​ជន​​​សង្ស័យ គឺ​​ឈ្មោះ ជា ​ថេង ​ហើយ​បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា នគរបាល នៅ​​​​​​​​​​​​​មិន​​​ទាន់​​​ចាប់ខ្លួន​​​ជន​​​នេះបាន​​​នៅ​​​ឡើយទេ ។

លោកបាន​​​ថ្លែងថា​​​ “ យើង​​​​​​កំពុង​​​ធ្វើ​​​​ការ​​ងារនេះ”។ កាល​​​ពី​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​២០១១ប្រទេស​​​កម្ពុជា​បានអនុម័ត​​​ច្បាប់ថ្មី ​​​ស្ដី​​​ពី​​​ការ​គ្រប់​គ្រង​អាសុីត​​​ ដើម្បី​​​ផ្តន្ទាទោសបទល្មើស​​​វាយ​​ប្រហារ​​​ដោយ​​​ទឹក​​​អាសុីត​​​នៅ​​​​ប្រទេស​​ ។
មនុស្ស​​​ទី​​​១ ដែល​​​ត្រូវ​​​ជាប់​ពន្ធនាគារ​​​ដោយ​សារ​​ច្បាប់​​​ថ្មី​​​នេះ ឈ្មោះ បេ សឿន អាយុ​​​៥១​​​ឆ្នាំ ដែល​​​ត្រូ​​​វ​​​បាន​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ជា​​​អតិបរមា​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ ពី​​​ប​​​ទ​​​ជះ​​​ទឹក​​​​​​អាសុីត​សម្រាប់​ចាក់​​​អាគុយ​​​លើ​​​អតីត​​​ប្រពន្ធ​​​របស់​​​គាត់អាយុ​៣២​​​ឆ្នាំ ដោយ​​​​បណ្ដាល​​​ឲ្យ​​​ជន​​​រង​​​គ្រោះ​​​ខ្វាក់​​​ភ្នែក​​​ម្ខាង និង​​​ធ្វើ​​​​​​ឲ្យជន​​​រង​​​គ្រោះ​​​នេះ មាន​​​ស្នាម​​​រលាក​​​គួរ​​​ឲ្យ​​​ខ្លាច​​​​​​​​​​​​​​​​​​នៅ​​​លើ​​​មុខ​​​ ទ្រូង និង​​​ខ្នង​​​របស់​​​គាត់។

ក្រុម​​​អង្គការ​​​ការពារសិទិ្ធ​​​​​​មនុស្ស​​​នៅ​​​ពេល​​​នោះ បាន​​​អប​​​អរសាទរចំពោះ​​​សាល​​​ក្រម​​​នេះនិង​​​បាន​​​សម្ដែង​​​ក្ដី​​​សង្ឃឹមថា សាល​​​ក្រម​​​នេះ​នឹង​ធ្វើ​​​ឲ្យ​​​​​​មាន​​​ការ​​​ខ្លាច​​​រអា និង​​​ជា​​​​​​ការ​​​ព្រមាន​​​មួយ​​​ចំពោ​​​ះ​​​ប្រជាពលរដ្ឋ​​​ថា រដ្ឋាភិបាល​​​អត់​ទ្រាំលែងបាន ​​​ចំពោះ​​​បទ​​​ល្មើស​​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាសុីត​​​នេ​​​ះ​​​ទៀត​​​ហើយ ៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស