អស់រយៈពេលជាច្រើនឆ្នាំមកហើយប្រតិបត្តិការដោះមីននៅប្រទេសកម្ពុជាត្រូវបាន អនុវត្ត ដោយក្រុមជំនាញបោសសម្អាតមីន ដែលត្រូវរាវរកគ្រាប់មីនដោយប្រើឧបករណ៍ទំនើប។ ប៉ុន្តែនាពេលថ្មីៗនេះ សត្វកណ្តុរមួយក្រុម ដែលពូកែខាងហិតក្លិននឹងចូលធ្វើជាទាហានឈរជើងនៅខ្សែត្រៀមជួរមុខ ដើម្បីដោះមីនកប់ក្នុងដីនៅក្នុងប្រទេសកម្ពុជា។
កាលពីឆ្នាំមុន មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បាននិងកំពុងសហការជាមួយអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសបែលហ្ស៊ិក ឈ្មោះអាប៉ូប៉ូ (Apopo) ដែលជាអង្គការបង្ហាត់ប្រភេទពូជសត្វកណ្តុរមកពីទ្វីបអាហ្រ្វិកឲ្យចេះហិតក្លិនរកគ្រាប់មីន ដោះមីនកប់ក្នុងដី នៅភាគឦសានប្រទេសកម្ពុជា ដើម្បីស្ទាបស្ទង់ទីតាំងមានគ្រាប់មីនច្រើនបំផុតនៅក្នុងប្រទេសនេះ។
ដោយដាក់ឈ្មោះជាផ្លូវការថា សត្វកណ្តុររាវមីន ប៉ុន្តែមានរហស្សនាមមួយទៀតថា “កណ្តុរក្លាហាន” គឺជាសត្វកណ្តុរ ដែលត្រូវបានបង្ហាត់ច្បាស់លាស់ ឲ្យចេះហិតក្លិនរកឃើញជាតិផ្ទុះ តាមរយៈក្លិនរបស់រំសេវ មានន័យថា ពួកវាអាចរកឃើញគ្រាប់មីន ហើយខុសពីសត្វឆ្កែ ព្រោះពួកវាវាងវៃ និងរហ័សរហួនជាងព្រមទាំងមានទម្ងន់ស្រាលទៀតផង ដែលមិនអាចឲ្យគ្រាប់មីនផ្ទុះបាន។
លោក គីម វ៉ារិន ប្រធានកម្មវិធីរបស់អង្គការអាប៉ូប៉ូប្រចាំប្រទេសថៃ និងកម្ពុជា បានមានប្រសាសន៍ថា“កណ្តុររបស់យើង ជាសត្វមិនទាមទារឲ្យមានការចំណាយច្រើនទេ តែអាចធ្វើការបានល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាគ្រាប់មីនកប់ក្នុងដីនៅលើពិភពលោក”។
បើទោះការដាក់ពង្រាយពួកសត្វកណ្តុរដោះមីន សម្រាប់ជួយដោះស្រាយវិបត្តិគ្រាប់ មីនកប់ក្នុងដី ដែលការងារមិនទំនងជាទទួលបានជោគជ័យត្រចះត្រចង់ក៏ដោយ ក៏គេចាត់ ទុកថា សត្វកណ្តុរនេះ គឺកណ្តុរដ៏អស្ចារ្យ។
យោងតាមអង្គការអាប៉ូប៉ូ បានឲ្យដឹងថា ពូជសត្វកណ្តុរមកពីទ្វីបអាហ្រិ្វកនេះ មាន ជំនាញហិតក្លិនលឿនណាស់ និងឈ្លាសវៃ ហើយអាចស្រួលបង្ហាត់ទៀតផង។សត្វកណ្តុរ នេះមានអាយុវែងរហូតដល់៨ឆ្នាំឯណោះដែលអាចធ្វើការចំណាយសម្រាប់ការបង្ហាត់ពួកវាមិនខាតបង់ឥតប្រយោជន៍ឡើយ។
មុនពេលដាក់ពង្រាយ សត្វកណ្តុរទាំងនេះត្រូវបង្ហាត់រយៈពេលប្រាំបួនខែសិននៅទីស្នាក់ ការបណ្តុះបណ្តាលរបស់អង្គការអាប៉ូប៉ូ ក្នុងទីក្រុងម៉ូរ៉ូហ្គោរ៉ូ ប្រទេសតង់សានី។ចាប់ពីមានអាយុពីរសប្តាហ៍ទៅ សត្វកណ្តុរនេះអាចសាំងនឹងមនុស្ស។ នៅពីរបីខែបន្ទាប់មក អ្នកជំនាញអាចចាប់ផ្តើមបង្ហាត់សត្វកណ្តុរនោះបាន។
លោកស្រី គីម វ៉ារិន មានប្រសាសន៍ថា “នេះជាដំណើរការមួយ ដែលក្នុងនោះសូរសំឡេងត្រូវបានបង្កើតឡើង បង្រៀនឲ្យសត្វធ្វើ រួមជាមួយនឹងការផ្តល់ចំណីជារង្វាន់ផងដែរ។ នៅពេលសត្វកណ្តុរដឹងថា សូរនេះជាចំណី ពេលនេះវានឹងស្រង់ក្លិនទៅរកគោលដៅនោះ គឺម្សៅតេអិនតេ ដើម្បីទទួលបានរង្វាន់នេះ”។
ដើម្បីធ្វើឲ្យការហ្វឹកហ្វឺនដល់ទីកន្លែងឲ្យទទួលបានជោគជ័យសម្រាប់បេសកកម្មនៅក្នុងប្រទេសកម្ពុជា សត្វកណ្តុរដោះមីននេះ ដំបូងនឹងរៀនហិតរកគ្រាប់មីន ដែលកប់ រាក់ៗ នៅក្នុងបរិវេណតូចមួយ ហើយក្រោយៗមកនឹងហិតរកគ្រាប់មីនកប់ជ្រៅ នៅបរិវេណ ធំជាងនេះ។
លោកស្រី វ៉ារិន បានមានប្រសាសន៍ថា “ពួកវាត្រូវបានសាកល្បងយ៉ាងប្រិតប្រៀងស្របតាមលក្ខខណ្ឌចាំបាច់ ស្របតាមនិយាមរបស់សកម្មភាពកម្ចាត់មីនអន្តរជាតិ”។ លោកស្រីបានបន្ថែមថា កម្មវិធីវីរបុរសកណ្តុរ បាននិងកំពុងតែប្រតិបត្តិការប្រកបដោយជោគជ័យនៅក្នុងប្រទេសម៉ូសំប៊ិក កាលពីប្រាំឆ្នាំមុន ហើយក៏កំពុងតែជួយបោសសម្អាត គ្រាប់មីនដ៏ច្រើននៅក្នុងតំបន់ជនបទនៅក្នុងប្រទេសអង់ហ្គោឡា ផងដែរ។
ក្នុងឆ្នាំ២០១១ អង្គការអាប៉ូប៉ូ បានបង្កើតកម្មវិធីសកម្មភាពកម្ចាត់មីនរបស់ខ្លួននៅក្នុងប្រទេសថៃ ហើយកាលពីឆ្នាំមុន អង្គការនេះ សម្រេចធ្វើជាដៃគូជាមួយមជ្ឈមណ្ឌលសកម្ម ភាពកម្ចាត់មីនកម្ពុជា ដើម្បីធ្វើការស្ទាបស្ទង់ដី ដែលនៅមានកប់គ្រឿងផ្ទុះសេសសល់ពីសង្គ្រាម រាប់ទាំងគ្រាប់បែកចង្កោមនៅតាមភាគឦសានប្រទេសកម្ពុជាទៀតផង។ លោកស្រី វ៉ារិន បានមានប្រសាសន៍ថា “ ខ្ញុំមិនអាចនិយាយបញ្ជាក់ឲ្យបានច្បាស់អំពីពេលវេលាសម្រាប់គម្រោងសត្វកណ្តុរ ជួយរាវរកគ្រាប់មីននៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែខ្ញុំសង្ឃឹមថា បើធ្វើបានកាន់តែឆាប់កាន់តែប្រសើរ”។ សត្វកណ្តុរ ដែលអាចជួយសង្គ្រោះជីវិត និងមិនសូវចំណាយថវិកាអស់ច្រើន នឹងមិនទាន់ដឹកមកដល់ប្រទេសកម្ពុជានាឆាប់ៗនេះទេ ព្រោះលទ្ធភាពនៃការស្វែងរកមូលនិធិ សម្រាប់ការងារដោះមីននៅក្នុងប្រទេសកម្ពុជា បានជួបការលំបាកក្នុងរយៈពេលប៉ុន្មាន ឆ្នាំនេះ ដោយសារម្ចាស់ជំនួយមួយចំនួនបានងាកទៅផ្តល់ជំនួយឲ្យបណ្តាប្រទេស ដែលកំពុងហែកហួរដោយសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូពា៌។
នៅក្នុងប្រទេសកម្ពុជា គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានសម្លាប់ ឬធ្វើឲ្យរបួសមនុស្សចំនួន៦៤.២០២នាក់ ចាប់តាំងពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំក្នុងឆ្នាំ១៩៧៩។
ហើយបើទោះជាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះមានការថយចុះយ៉ាងខ្លាំងក៏ដោយ ក៏ជាតិផ្ទុះដែលសេសសល់កប់ក្នុងដី នៅតែមានចំនួនច្រើនដដែល ជាពិសេសនៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំមុន មនុស្សជាង៤០នាក់បានស្លាប់ដោយសារផ្ទុះគ្រាប់មីន។
លោក ហេង រតនា អគ្គនាយករបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានមានប្រសាសន៍ថា អង្គការអាប៉ូប៉ូ បាននិងកំពុងសហការជាមួយរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំមុន តាមរយៈគម្រោងស្ទាបស្ទង់ សម្រាប់តំបន់នៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីកំណត់ផ្ទៃដីឡើងវិញ សម្រាប់បន្តឲ្យមានការបោសសម្អាតថែមទៀត។ ប៉ុន្តែលោក បានជំរុញឲ្យសហការជាមួយកម្មវិធី វីរជនកណ្តុរនេះ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំដឹងថា មានការទទួលបានជោគជ័យដោយសារសត្វកណ្តុរក្នុងប្រទេសផ្សេងទៀត ប៉ុន្តែប្រទេសនីមួយៗ គឺខុសគ្នា ហើយនៅក្នុងប្រទេសកម្ពុជា កម្មវិធីវីប្រើកណ្តុរបែបនេះ ទើបតែមានទេ”។ លោកបន្ថែមថា ការសាកល្បង និងការ ធ្វើតេស្តផ្សេងទៀត ត្រូវធ្វើឲ្យបានហ្មត់ចត់ ដើម្បីកំណត់ពីសមត្ថភាពពិតប្រាកដរបស់សត្វកណ្តុរ”។
លោកមានប្រសាសន៍ថា “ ការសាកល្បងនេះ មិនមែនមានន័យថា ដោយសារវាជាសត្វ កណ្តុរនោះទេ។ រាល់ផែនការថ្មី ឬបច្ចេកវិទ្យាថ្មីណាមួយ ចាំបាច់ត្រូវតែសាកល្បង ដើម្បីឲ្យ ប្រាកដថា វាពិតជាមានសមត្ថភាព និងប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រទេសកម្ពុជា”៕
ចេវ ប៊ុននី