យោងតាមតួលេខថ្មីបំផុតរបស់សហភាពអឺរ៉ុប ដែលនិយាយអំពីពាណិជ្ជកម្ម បង្ហាញថា ការនាំចេញរបស់ប្រទេសកម្ពុជា ទៅកាន់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានកើនឡើងដល់២,៣២ពាន់លានដុល្លារក្នុងឆ្នាំ២០១២ គឺកើនឡើង២៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១១។
តួលេខដែលការិយាល័យពាណិជ្ជកម្មរបស់គណៈកម្មការអឺរ៉ុបចេញផ្សាយជាសាធារណៈនៅក្នុងសប្តាហ៍នេះ បានបង្ហាញពីតួនាទីដ៏មានសារៈសំខាន់របស់តំបន់នេះក្នុងនាមជាដៃគូពាណិជ្ជកម្មជាមួយប្រទេសកម្ពុជាដោយសារតែគម្រោងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបដែលមានឈ្មោះថា ទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ (Everything But Arms) ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជា និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍រាប់សិបទៀត
អាចនាំចេញទំនិញភាគច្រើនទៅកាន់បណ្តាប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប ដោយ មិនចាំបាច់បង់ពន្ធ។
យោងតាមតួលេខនេះ បង្ហាញថា ការនាំចេញទៅកាន់សហភាពអឺរ៉ុបបានកើនឡើងរហូតដល់ទៅទ្វេដង បើប្រៀបធៀបទៅនឹងការនាំចេញទៅកាន់បណ្តាប្រទេសជាដៃគូពាណិជ្ជកម្មផ្សេងៗទៀតរបស់កម្ពុជា នាឆ្នាំ២០១២។ ហើយសេដ្ឋវិទូជាច្រើន និយាយថាវាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ប្រសិនបើការនាំចេញទៅសហភាពអឺរ៉ុបក្នុងពេលឆាប់ៗ
នេះមានចំនួនរហូតដល់ទៅពាក់កណ្តាលនៃការនាំចេញទាំងអស់របស់កម្ពុជា ដែលផលិត
ផលភាគច្រើនជាសម្លៀកបំពាក់។
យោងតាមតួលេខពីនាយកដ្ឋានកាំកុងត្រូលរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងចំណោមទំនិញមានតម្លៃជាទឹកប្រាក់៥,៤៩ពាន់លានដុល្លារដែលកម្ពុជាបាននាំចេញ កាលពីឆ្នាំមុន ៤២ភាគរយ នៃការនាំចេញទៅកាន់សហភាពអឺរ៉ុប គឺកើនឡើងពី៣៥ភាគរយក្នុងឆ្នាំ២០១១។ ចំណែកការនាំចេញផ្សេងទៀតរបស់ប្រទេសកម្ពុជា ភាគច្រើនទៅកាន់សហរដ្ឋអាមេរិក ហើយមួយចំនួនតូចទៅកាន់ប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក ដួង ពលំ សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍ៍អាស៊ីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា កំណើនដ៏លឿននៅក្នុងការនាំចេញទៅកាន់សហភាពអឺរ៉ុប នឹងបន្តជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា“ ពេលណាមានការគិតគូរអំពីការបង្កើតឱកាសការងារ ដោយសារតម្រូវការនៃការនាំចេញមានកាន់តែច្រើន ដោយសារការរីកចម្រើនផ្នែកសេដ្ឋកិច្ច នឹងជួយបង្កើតការងារកាន់តែច្រើនសម្រាប់ស្រូបយកកម្លាំងពលកម្មរបស់កម្ពុជា”។ លោកបន្ថែមថា ព្រោះតែទីផ្សារក្នុងស្រុករបស់ប្រទេសកម្ពុជា នៅមានទំហំតូច “ ការនាំចេញ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។
ផលិតផលសម្លៀកបំពាក់ និងស្បែកជើង គឺជាផលិតផលចម្បងគេ សម្រាប់បម្រើដល់ការនាំចេញរបស់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារក្នុងសហភាពអឺរ៉ុប កាលពីឆ្នាំមុន។ ប៉ុន្តែ ការនាំចេញនូវផលិតផលផ្នែកឧស្សាហកម្ម មានដូចជាគ្រឿងបន្លាស់រថយន្ត ក៏បានកើនឡើង៦ភាគរយ មានតម្លៃជាទឹកប្រាក់រហូតដល់២២៥លានដុល្លារ ដែលជាការកើនឡើងខ្លាំងបំផុត។
ថ្វីបើពេលនេះសេដ្ឋកិច្ចរបស់បណ្តាក្នុងតំបន់អឺរ៉ុបភាគច្រើនបានងើបឡើងវិញហើយក៏ដោយ ក៏លោក ដួង ពលំ បានរំពឹងថា ការនាំចេញរបស់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុប នឹងបន្តកើនឡើងនៅពេលសេដ្ឋកិច្ចនៅក្នុងតំបន់នេះចាប់ផ្តើមដំណើរ ការឡើងវិញ។
លោកបានមានប្រសាសន៍ថា “ កំណើនពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសហភាព
អឺរ៉ុបត្រូវបានរំពឹងថា នឹងបន្តកើនឡើង ខណៈពេលដែលវិបត្តិសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបបានធូរស្រាលឡើងវិញ។ កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់សហភាពអឺរ៉ុបទំនងជានៅទ្រឹងក្នុងឆ្នាំនេះ ប៉ុន្តែមានការរំពឹងថា នឹងមានការធូរស្រាលនៅក្នុងឆ្នាំ២០១៤”។
តែទោះជាយ៉ាងណា គម្រោងពាណិជ្ជកម្ម មានឈ្មោះថា ទំនិញគ្រប់យ៉ាងលើកលែងតែ
អាវុធ បានទទួលរងការរិះគន់នៅកម្ពុជា។
អង្គការការពារសិទ្ធិមនុស្សមួូយចំនួនបានបន្ទោសគម្រោងនេះថា ផ្តល់ឧបត្ថម្ភធនដ៏មាន
ប្រសិទ្ធភាពដល់ពាណិជ្ជកម្មរបស់ក្រុមហ៊ុនពីរបី ដែលបច្ចុប្បន្នកំពុងនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារសហភាពអឺរ៉ុប តាមរយៈការធ្វើស្រែលើខ្នងរាស្ត្ររាប់រយនាក់ ដែលត្រូវគេបណ្តេញចេញទាំងបង្ខិតបង្ខំ និងដោយហិង្សា។
កសិករទាំងនោះមានកំហឹងយ៉ាងខ្លាំងចំពោះចម្ការអំពៅពីរកន្លែងនៅក្នុងខេត្តកោះកុង ដែលកំពុងទទួលរងការចោទប្រកាន់ថា បានបណ្តេញប្រជាពលរដ្ឋរាប់រយគ្រួសារចេញពីដីស្រែចម្ការ និងផ្ទះសំបែងរបស់ខ្លួន រហូតដល់មានការផ្ទុះអាវុធយ៉ាងខ្លាំងទៀតផង។
ចម្ការអំពៅ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនថៃ រកសុីចូលគ្នាជាមួយក្រុមហ៊ុនចិនតៃវ៉ាន់ បាននាំចេញស្ករសដែលមានទំហំទឹកប្រាក់ជិត១៣លានដុល្លារទៅកាន់ទីផ្សារសហភាពអឺរ៉ុបកាលពីឆ្នាំមុន តាមរយៈកម្មវិធីអនុគ្រោះពន្ធក្នុងគម្រោងពាណិជ្ជកម្ម ទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ ។
គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ចង់ឲ្យសហភាពអឺរ៉ុប លុបចោលការអនុញ្ញាត
ឲ្យនាំស្ករសតាមរយៈគម្រោង ទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ។ ក្នុងសេចក្តីសម្រេចមួយ ដែលត្រូវបានអនុម័តកាលពីឆ្នាំមុន សភាអឺរ៉ុបបានស្នើឲ្យលោក ការ៉េល ដឺហ្គូច (Karel de Gucht) ឧត្តមស្នងការទទួលបន្ទុកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានស្នើឲ្យមានការស៊ើបអង្កេតអំពីដីសម្បទាន ដែលរដ្ឋាភិបាលបានប្រគល់ឲ្យទៅក្រុមហ៊ុនឯកជននៅក្នុងប្រទេសកម្ពុជា និងឈប់ផ្តល់ប្រយោជន៍ផ្នែកពាណិជ្ជកម្មតទៅទៀត ប្រសិនបើលទ្ធផលពិតជាបង្ហាញថា មានការរំលោភបំពានដូចការអះអាងមែននោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលើកឡើងពីក្តីព្រួយបារម្ភទាំងនោះកាលពីខែមុន លោក ហ្សង់ ហ្វ្រង់ស័រ កូតាំង (Jean-Francois Cautain) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ក្រុមការងាររបស់លោកកំពុងតែពិនិត្យមើលទំនាក់ទំនង រវាងគម្រោងទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ និងការរំលោភបំពានសិទ្ធិមនុស្ស ប៉ុន្តែបានកោតសរសើរចំពោះអត្ថប្រយោជន៍របស់គម្រោងនេះ។
លោកមានប្រសាសន៍ថា “ ប៉ុន្តែមានរឿងល្អមួយ។ ប្រទេសកម្ពុជា ជាឧទាហរណ៍ដ៏សំខាន់សម្រាប់គម្រោងអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ការនាំទំនិញចេញទៅកាន់ទីផ្សារ
សហភាពអឺរ៉ុបដោយរួចពន្ធបានជួយឲ្យការនាំចេញរបស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុបកើនឡើងលើសទ្វេដង ជាពិសេសក្នុងវិស័យវាយនភណ្ឌ និងស្បែកជើង ដែលផ្តល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋកម្ពុជារាប់សែននាក់”៕ សុខុម