នគរបាល និងស្ថានទូតសិង្ហបុរីប្រចាំរាជធានីភ្នំពេញបានឲ្យដឹងថា នាយិកាសាលាជនជាតិសិង្ហបុរីអាយុ៥៥ឆ្នាំម្នាក់ ត្រូវបានរកឃើញ
កាលពីម្សិលមិញថា ត្រូវបានគេសម្លាប់យ៉ាងឃោរឃៅនៅខេត្តកំពង់ស្ពឺ ដែលក្នុងករណីនេះគេមិនដឹងមូលហេតុ និងស្គាល់ជនសង្ស័យ
នៅឡើយទេ។
យោងតាមលោក ស៊ឹម សាម៉េត អធិការរងនគរបាលស្រុកបានឲ្យដឹងថា សាកសពឈ្មោះវ៉េនឌី លីម (Wendy Lim) ត្រូវបានគេប្រទះឃើញនៅកន្លែងស្នាក់នៅរបស់គាត់ក្នុងអនុវិទ្យាល័យមួយដែលគ្រប់គ្រងដោយអង្គការក្រៅរដ្ឋាភិបាលគ្រីស្ទាននៅក្នុងក្រុងច្បារមន ដែលមានស្ត្រីរូបនេះជានាយិកាសាលា។
លោក សាម៉េត មានប្រសាសន៍ថា សាកសពស្ត្រីសិង្ហបុរីនេះ ត្រូវបានគេរកឃើញនៅក្នុងអគារសាលារៀនមួយ ដែលសាងសង់បានមួយផ្នែកនៅវេលាម៉ោងប្រហែល៧និង៣០នាទីព្រឹក បន្ទាប់ពីសហការីរបស់គាត់នៅសាលារៀននេះ មានការព្រួយបារម្ភ
ព្រោះមិនឃើញគាត់មកធ្វើការនៅអគារផ្សេងទៀតរបស់សាលានេះ នៅចម្ងាយប្រហែលមួយគីឡូម៉ែត្រ។
លោកបានមានប្រសាសន៍ថា “ បុគ្គលិករបស់គាត់មិនឃើញគាត់មកសាលាដូចធម្មតា ដូច្នេះហើយពួកគេបានទៅពិនិត្យមើលនៅផ្ទះរបស់គាត់ ហើយក៏បានឃើញគាត់ស្លាប់បាត់ទៅហើយ”។
លោក មុត តារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោកបានចូលរួមធ្វើកោសល្យវិច័យនៅក្រសួងមហាផ្ទៃ
ក្នុងរាជធានីភ្នំពេញ ព្រោះអាជ្ញាធរខេត្ត និងមន្ត្រីស្ថានទូតបាននាំសាកសពទៅទីនោះ។
លោក តារា បានមានប្រសាសន៍ថា“ នេះជាករណីឃាតកម្ម។ ពេលនេះកម្លាំងរបស់យើងកំពុងតែស៊ើបអង្កេត ដើម្បីស្វែងរកឃាតករ”។ លោកបន្ថែមថា ការពិនិត្យរបស់នគរបាលកោសល្យវិច័យបានរកឃើញថាមូលហេតុនៃការស្លាប់នេះគឺមានស្នាមវាយយ៉ាងខ្លាំងចំក្បាល ប៉ុន្តែអាវុធធ្វើឃាតមិនទាន់រកឃើញនៅឡើយទេ ហើយមូលហេតុក៏មិនទាន់ច្បាស់នៅឡើយដែរ។
លោកបានមានប្រសាសន៍ថា “ របស់របររបស់គាត់មិនបាត់បង់ទេ ហើយក៏គ្មានភ័ស្តុតាងអំពីការរំលោភដែរ។ ប៉ុន្តែមុខមាត់ជនរងគ្រោះមានស្នាមជាំនៅនឹងថ្គាមទាំងសងខាង ហើយកញ្ចឹងកមានស្នាមកាប់ជម្រៅប្រហែល២០សង់ទីម៉ែត្រ ដែលមានឈាម
ហូរយ៉ាងច្រើន”។
លោកបន្ថែមទៀតថា ក្រោយការពិនិត្យរបស់នគរបាល សាកសពត្រូវបានប្រគល់ឲ្យមន្ត្រីស្ថានទូតនិងប្តីរបស់ជនរងគ្រោះ ដែលបានធ្វើដំណើរតាមយន្តហោះពីសិង្ហបុរី បន្ទាប់ពីដឹងអំពីការស្លាប់ភរិយារបស់ខ្លួន។
លោក តារា បានមានប្រសាសន៍ថា នៅក្នុងលិខិតឆ្លងដែន ជនរងគ្រោះមានឈ្មោះ លិម លាន សែម វ៉េនឌី (Lem Lean Sem Wendy) ប៉ុន្តែស្ថានទូតសិង្ហបុរីបានបង្ហាញអត្តសញ្ញាណជនរងគ្រោះថា ឈ្មោះ វ៉េនឌី លីម អាយុ៥៥ឆ្នាំ។
លោក អេតហ្គា ប៉ាង (Edgar Pang)អនុបរធានស្ថានបេសកកម្មប្រចាំស្ថានទូតសិង្ហបុរី បានមានប្រសាសន៍ថា អ្នកស្រី វ៉េនឌី លីម ធ្លាប់បានធ្វើការនៅសាលារៀនអន្តរជាតិ Glad Tiding នៅក្នុងខេត្តកំពង់ស្ពឺ។
លោក ប៉ាង មានប្រសាសន៍ថា “ យើងដឹងអំពីករណីនេះ ហើយខ្ញុំគិតនៅពេលនេះថា អាជ្ញាធរ និងនគរបាលកម្ពុជាកំពុង
តែស៊ើបអង្កេត។ នៅពេលនេះ យើងកំពុងផ្តល់សេវាកុងស៊ុលពេញលេញដល់សាច់ញាតិជនរងគ្រោះ”។
លោក ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តមានប្រសាសន៍ថា អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងតែធ្វើការស៊ើបអង្កេតករណីនេះ។
លោកមានប្រសាសន៍ថា “ ដំបូងយើងសង្ស័យថាជាករណីប្លន់ ប៉ុន្តែក្រោយមក យើងបានរកឃើញថា របស់របររបស់គាត់នៅដដែល។ ត្រង់ចំណុចនេះ យើងអាចសន្និដ្ឋានថា ជាករណីឃាតកម្ម”។
ករណីនេះបានកើតឡើង បន្ទាប់ពីមានការសម្លាប់ស្ត្រីជនជាតិបារាំងម្នាក់ ឈ្មោះ អូហ្វេលី បែ៊កនី (Ophelie Begnis) កាលពីខែមករា នៅក្នុងខេត្តកំពត និងការបាញ់សម្លាប់ជនជាតិជប៉ុនម្នាក់ឈ្មោះ គីតាគូរា៉ា កូសេ ក្នុងរាជធានីភ្នំពេញកាលពីក្នុងខែមីនា។
ខេត្តកំពង់ស្ពឺ ក៏ជាទីកន្លែងដែលគេសង្ស័យថាឃាតករបានសម្លាប់បុរសជនជាតិបារាំង ឈ្មោះ ឡូរ៉ង់ វ៉ាលីយេ(Laurent Vallier) និងកូនប្រាំនាក់របស់គាត់ ដែលសាកសពរបស់ពួកគេត្រូវបានគេរកឃើញនៅក្នុងរថយន្តមួយគ្រឿងលិចនៅក្នុងស្រះទឹកមួយ នៅក្បែr
ផ្ទះរបស់បុរសជនជាតិបារាំងរូបនេះក្នុងក្រុងច្បារមន កាលពីខែមករា ឆ្នាំ២០១២៕
ប្រែសម្រួលដោយ ចេវ ប៊ុននី