ការរំលោភសិទ្ធិដីធ្លីនិងសិទ្ធិជនជាតិដើមភាគតិចពីសំណាក់រដ្ឋាភិបាលស្ថិតក្នុងចំណោមកង្វល់ដ៏ចម្បងដែលអង្គការមិនមែនរដ្ឋាភិបាលបានលើកឡើងនៅឯសិក្ខាសាលាមួយនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញស្តីពីការវិវឌ្ឍរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកការសម្រេចបាននូវអនុសាសន៍ជាច្រើន ដែលពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ដើម្បីចូលរួមនៅក្នុងដំណើរការពិនិត្យឡើងវិញជាទៀងទាត់ជាសាកលរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់ប្រទេសជាសមាជិកទាំងអស់ ប្រទេសកម្ពុជាបានទទួលយកអនុសាសន៍ទាំង៩១ ដែលអង្គការសហប្រជាជាតិបានធ្វើឡើងក្នុងឆ្នាំ២០០៩។
ដោយក្តោបលើអ្វីៗគ្រប់យ៉ាងចាប់ពីកុមាររហូតដល់ដីធ្លី អនុសាសន៍ទាំងនោះស្រពិចស្រពិលណាស់។ ពួកគេបានជំរុញឲ្យរដ្ឋាភិបាល “ ដោះស្រាយឫសគល់” នៃវិសមភាពយេនឌ័រ ជាគំរូ និង “ ធ្វើឲ្យប្រាកដ” ថា សហជីពដំណើរការដោយសេរី។
ប្រទេសកម្ពុជាគ្រោងដាក់ជូនរបាយការណ៍ដំបូងរបស់ខ្លួនស្តីពីការវិវឌ្ឍឆ្ពោះទៅរកការសម្រេចបានអនុសាសន៍ទាំងនោះកាលពីខែតុលា មុនពេលបង្ហាញខ្លួននៅចំពោះមុខក្រុមប្រឹក្សានេះនៅក្នុងទីក្រុងហ្សឺណែវ នៅដើមឆ្នាំ ២០១៤។
អង្គការមិនមែនរដ្ឋាភិបាលចាប់ពីអង្គការមិនមែនរដ្ឋាភិបាលផ្លូវការរហូតដល់សហគមន៍ជនជាតិដើមភាគតិច មានពេលរហូតដល់ចុងខែមិថុនា ដើម្បីដាក់របាយការណ៍របស់ខ្លួនរួមគ្នាទៅអង្គការសហប្រជាជាតិស្តីពីការវិវឌ្ឍរបស់រដ្ឋាភិបាល ហើយបានជួបប្រជុំគ្នាកាលពីម្សិលមិញដើម្បីចាប់ផ្តើមដំណើរការនោះ។ នេះក៏ជាឱកាសរបស់ខ្លួនដើម្បីលើកឡើងពីអនុសាសន៍ថ្មីៗ។
ចំពោះការចូលរួមរបស់ខ្លួន គណៈកម្មាធិការសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជាដែលទទួលបន្ទុកដឹកនាំរដ្ឋាភិបាលតាមរយៈដំណើរ
ការត្រួតពិនិត្យឡើងវិញរបស់អង្គការសហប្រជាជាតិ អះអាងថា ខ្លួនសម្រេចបានទាំងអស់ លើកលែងតែអនុសាសន៍ចំនួន១០ក្នុងចំណោមអនុសាសន៍ទាំង៩១ហើយកំពុងតែដំណើរការដោះស្រាយអនុសាសន៍ដែលនៅសេសសល់។
អ្នកស្រី វ៉ែន សាមិន ជនជាតិភាគតិចសួយមកពីខេត្តកំពង់ស្ពឺចង់បានអនុសាសន៍នេះដើម្បីអំពាវនាវឲ្យមានការការពារជនជាតិភាគតិចបន្ថែមទៀតដូចជាអ្នកស្រីជាដើម។
អ្នកស្រី សាមិន ដែលបានចោទប្រកាន់គម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីទូទាំងប្រទេស ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានគាបសង្កត់សហគមន៍របស់អ្នកស្រីឲ្យបោះបង់ដីដូនតារបស់ខ្លួនជាច្រើន។
ការស្ទង់មតិសហគមន៍ជនជាតិដើមភាគតិចទូទាំងខេត្តរតនគិរីបានចេញផ្សាយកាលពីសប្តាហ៍មុនបានរកឃើញថា ជនជាតិភាគតិចជាច្រើនក្រុមនៅទីនោះកំពុងប្រឈមនឹងបញ្ហាដូចគ្នានេះ។
អ្នកស្រី ខា ស្រស់ ជនជាតិភាគតិចកួយមកពីខេត្តស្ទឹងត្រែងបានចោទប្រកាន់រដ្ឋាភិបាលពីបទមិនយកចិត្តទុកដាក់ចំពោះផលប្រយោជន៍
របស់ជនជាតិភាគតិច។
អ្នកស្រីបាននិយាយថា “ នៅពេលដែលមានការអភិវឌ្ឍ ពួកគេ [អាជ្ញាធរ] មិនអនុញ្ញាតឲ្យជនជាតិភាគតិចផ្តល់យោបល់ទេ។ ពួកគេមើលងាយយើងណាស់។ ពួកគេគិតថា យើងគឺជាជនជាតិដើមភាគតិច ហើយមិនចេះអក្សរ។ខ្ញុំសូមឲ្យពួកគេអនុញ្ញាតឲ្យជនជាតិដើមភាគតិចចូលរួមផង”។
លោក ណេល វ៉េនស្តេន (Neil Weinstein)អ្នកពិគ្រោះយោបល់ប្រចាំវិទ្យាស្ថានគ្រប់គ្រងប៉ែកខាងកើតនិងខាងលិចមានមន្ទិលសង្ស័យអំពីរបាយការណ៍វិវឌ្ឍន៍របស់រដ្ឋាភិបាល។
លោកបានមានប្រសាសន៍នៅសិក្ខាសាលានោះថា “មានការលើកឡើងពីកង្វល់ជាច្រើនកាលពីឆ្នាំ២០០៩ ហើយនៅតែមានរហូតដល់សព្វថ្ងៃនេះ”។
“ឧទាហរណ៍ ប្រសិនបើអ្នកក្រឡេកមើលអនុសាសន៍ទាំងនេះ គេនិយាយអំពីការធានាសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានជាពិសេសសម្រាប់ការការពារសិទ្ធិមនុស្ស និងអ្នកកាសែត។ វានិយាយអំពីការពិភាក្សារវាងរដ្ឋាភិបាល និងសង្គមស៊ីវិលក្នុងការដោះស្រាយការចាប់យកដីធ្លី និងការបណ្តេញចេញពីដី។ ហើយវានិយាយអំពីការធ្វើការដើម្បីធានាឲ្យមានប្រព័ន្្ធតុលាការមិនលម្អៀង”។
អង្គការសិទ្ធិមនុស្សលើកឡើងថា រដ្ឋាភិបាលនៅតែមិនទាន់ទទួលបានជោគជ័យលើបញ្ហាទាំងនេះឡើយ។ លោក នូ ស្ថាប៉ាធៀ សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ដែលបានចូលរួមសិក្ខាសាលាជំនួសលោក សម្បត្តិ បានស្វាគមន៍ការផ្តល់យោបល់មកវិញពីអង្គការមិនមែនរដ្ឋាភិបាលនានា។
លោកបានមានប្រសាសន៍ថា “ ជួនកាល រដ្ឋាភិបាលមិនអាចមើលឃើញចំណុចដទៃឡើយ ខ្ញុំអាចទទួលយកបាន ដូច្នេះសង្គមស៊ីវិលត្រូវតែលើកឡើងពីបញ្ហានោះ។ ពិតមែនហើយ យើងត្រូវការសង្គមស៊ីវិល ពួកគេគឺជាភ្នែកនិងត្រចៀក…ប្រសិនបើអស់លោករាយការណ៍ [មកយើង] យើងនឹងពិចារណាពីរឿងនោះ”៕
ប្រែសម្រួលដោយ សោម សារុន