អំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយនៅការិយាល័យរបស់អង្គការនៅរាជធានីភ្នំពេញ កាលពីម្សិលមិញនោះ អង្គការសិទិ្ធមនុស្សអាដហុក បានលើកឡើងថា ការបំភិតបំភ័យសកម្មជនអង្គការសិទ្ធិមនុស្ស និងសកម្មជនការពារដីធ្លីក្នុងប្រទេសកម្ពុជា កំពុងកើតមានជាច្រើនករណី ជាពិសេសនៅកន្លែងដែល
មានការកាប់ឈើដោយខុសច្បាប់ច្រើន។
លោក ធន សារាយ ប្រធានអង្គការសិទិ្ធមនុស្សអាដហុក មានប្រសាសន៍ថា “ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ យើងមើលឃើញថា មានការកើនឡើងនូវការគំរាមកំហែង ការបំភិតបំភ័យ និងការដាក់ពាក្យបណ្ដឹងប្ដឹងតំណាងសហគមន៍ និងសកម្មជនក្នុងវិវាទដីធ្លី និងធនធានធម្មជាតិ”។
លោក ធន សារាយ បានមានប្រសាសន៍ថាក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ មានការគំរាមកំហែងសកម្មជនអង្គការសិទ្ធិមនុស្ស ឬតំណាងសហគមន៍ ចំនួន៤៨ករណី។អង្គការអាដហុក ឲ្យនិយមន័យថា ការគំរាមកំហែងនិងការបំភិតបំភ័យអាចមានចាប់ពីការដាក់ពាក្យប្ដឹង និងការចាប់ខ្លួន រហូតដល់ការគំរាមតាមពាក្យសម្តីឲ្យបញ្ឈប់សកម្មភាពមួយចំនួន។
ទោះបីជាលោក ធន សារាយ បានមានប្រសាសន៍ថា អង្គការអាដហុក បានឃើញការគំរាមកំហែង និងការបំភិតបំភ័យមានការកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនក៏ដោយ ក៏លោកមិនបានផ្ដល់ស្ថិតិប្រចាំត្រីមាសសម្រាប់ធ្វើការប្រៀបធៀបដែរ។លោកបានមានប្រសាសន៍ថា តាមពិត ការបំភិតបំភ័យអ្នកការពារសិទិ្ធមនុស្សសរុបទាំងអស់មានចំនួន២៣៨ករណីកាលពីឆ្នាំមុន ដែលគិតជាមធ្យមប្រហែល៦០ករណីក្នុងរយៈពេលបីខែ ។
លោក ធន សារាយ ថ្លែងថា “ ក្នុងករណីភាគច្រើន អាជ្ញាធរមូលដ្ឋាន ដែលបានអំណាចពីប្រជាពលរដ្ឋ និងមានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋនោះ បានធ្វើការគំរាមកំហែងជាប្រចាំដើម្បីដាក់ពាក្យបណ្ដឹងប្ដឹងតំណាងអ្នកភូមិ”។
លោកមានប្រសាសន៍ថា អ្នកឃ្លាំមើលសិទិ្ធមនុស្សពីររូបរបស់អង្គការអាដហុក គឺលោក ចាន់ សុវេ៉ត អនុប្រធានទទួលបន្ទុកវិវាទដីធ្លី និងលោក ឆាយ ធី អ្នកសម្របសម្រួលប្រចាំខេត្តរតនគិរី បានរងការបំភិតបំភ័យម្តងហើយម្តងទៀតពីសំណាក់អាជ្ញាធរ និងពីការសើុបអង្កេតរបស់នគរបាល។
លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ប្រហែលជាតួលេខរបស់អង្គការសិទិ្ធមនុស្សអាដហុក មិនត្រឹមត្រូវ និងបំផ្លើសដើម្បីធ្វើឲ្យសភាពការណ៍នៅក្នុងប្រទេសកម្ពុជាអាក្រក់ជាងសភាពការណ៍ជាក់ស្តែងនិងដើម្បីទទួលបានការគាំទ្រពីខាងក្រៅសម្រាប់អង្គការសិទ្ធិមនុស្សអាដហុក និងអង្គការសិទិ្ធមនុស្សផ្សេងៗទៀត ។
លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍ថា “ ការអះអាងបែបនេះ គឺគ្មានភ័ស្ដុតាងពិតប្រាកដនោះទេ។វាជាសេរីភាពនៃការបញ្ចេញមតិក្នុងការនិយាយថា នគរបាល ឬអាជ្ញាធរបំភិតបំភ័យពួកគេ ប៉ុន្តែ ចាំបាច់យើងត្រូវគិតឲ្យបានហ្មត់ចត់អំពីបញ្ហានេះពីព្រោះអាជ្ញាធរមូលដ្ឋាន មិនមែនជាបិសាចដែលសុីប្រជាពលរដ្ឋខ្មែរនោះទេ”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ