31.8 C
Phnom Penh

នគរ​បាលរារាំង​​ពលករ​ខ្មែ​រជាង​២.០០០នាក់​កុំ​ឲ្យ​ឆ្លងដែនទៅ​រក​ការ​ងារ​ធ្វើ​ក្នុង​​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​បាននិយាយ​កាលពី​ម្សិល​មិញថា នគរ​បាល​​ច្រក​ទ្វារ​ព្រំដែន​កាលពី​​ពីរ​សប្តាហ៍មុនបាន​រារាំង​​ប្រជាពល​រដ្ឋ​ជាង​២.២០០​
នាក់​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​មិន​ឲ្យ​ឆ្លង​ដែន​ចូលទៅ​រក​ការ​ងា​រ​ ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​នៅ​ប្រទេស​ថៃ​។

ដោយ​ផ្តោត​ទៅ​លើ​ពល​ករ​ខ្មែរ​ ដែល​ទៅ​ស្វែង​រក​ការ​ងារ​ធ្វើ​​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ភាគច្រើន​ខុស​ច្បាប់​នោះ​ កើត​ឡើង​ចំពេល​មាន​កា​រ​ខ្វះ​កម្មករ​នៅ​តាម​ការ​ដា្ឋាន​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​តាម​​រោង​ចក្រ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​នេះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​អំពាវ​នាវ​ជា​សាធារណៈដល់​ប្រជាពល​រដ្ឋ​ខ្មែរ​​កុំឲ្យ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ផ្សេង​ ព្រោះ​មាន​វិស័យ​ច្រើន​ណាស់​នៅ​ក្នុង​ប្រទេស​យើងដែល​​កំពុង​​ខ្វះ​កម្មករ។

លោក​ សំ ជិន ស្នង​ការ​រង​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសា​សន៍​ថា ចន្លោះ​​ពី​ថ្ងៃទី​១៧ ខែមេសា​ដល់​​ថ្ងៃម្សិលមិញ មន្ត្រី​នគរ​បាល​បាន​រារាំង​ពល​ករចំណាកស្រុក​ខុស​ច្បាប់​សរុប​ចំនួន​២.២៣៥នាក់​ ដែល​ព្យាយាម​ឆ្លង​ព្រំដែន​ចូលទៅ​រក​ការ​ងារ​ធ្វើនៅ​ក្នុង​ប្រទេស​ថៃ​។

លោក​ សំ ជិន ​មាន​ប្រសាសន៍ថា “ យើង​ប្រឹង​ប្រែ​ងណាស​់​ ដើម្បី​ទប់​ស្កាត់​ពល​ករ​ចំណាក​ស្រុក​ខុស​ច្បាប់”។ លោក​បាន​​ពន្យល់​ពីមូល​ហេតុ​​ចំពោះ​​ការ​ផ្តោ​ត​ការ​យក​ចិត្ត​ទុក​ដាក់​ថ្មី​លើ​ពល​ករ​ចំណាក​ស្រុក​ថា “ ពល​ករ​ចំណាក​ស្រុក​ស្វែងរ​ក​ការ​ងារ​ធ្វើ​ទាំង​ប្រថុយ​ប្រថាន​​ក្នុង​ប្រ​ទេសថៃ។ យើង​កំពុង​តែ​ខ្វះ​កម្ម​ករ​​ធ្វើ​ការ​​នៅ​ក្នុង​ស្រុក”។

លោកបាន​បន្ថែម​ថា​ “ ប្រជា​ពល​រដ្ឋ​គួរ​ស្វែង​រក​ការ​ងារ​នៅ​ក្នុង​ប្រទេស​​ប្រសើរ​ជាង​​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ ព្រោះ​នៅ​ទី​នោះ​ ​ពួកគាត់​ប្រឈម​នឹង​បញ្ហា​សុវត្ថិ​ភាព និង​​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​​ ព្រម​ទាំង​ការ​ធ្វើ​បាប​ពី​​​អាជ្ញាធរ​ថៃ​ទៀត​ផង”។

ប៉ុន្តែ​អ្នក​ដែល​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ​នោះ​និយាយ​ថា​ ពួកគាត់​ធ្វើ​ដូច្នេះ​ពីព្រោះ​លក្ខខណ្ឌ​ការ​ងារ​ និង​ប្រាក់​ខែ​ គឺ​ប្រសើរ​ជាង​នៅ​​កម្ពុជា។

លោក មឿន តុលា ប្រធាន​​កម្ម​វិធី​ការ​ងារ​នៅ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍ជា​អង្គការ​​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ​បាន​មាន​ប្រសាសន៍​ថា​ ពល​ករ​ខ្មែរ​គ្រាន់​តែ​ស្វែង​រកឱកាស​ការ​ងារ​ប្រសើ​រ​ជាង​នេះ​នៅ​ក្នុង​ប្រទេស​ថៃ​តែ​ប៉ុណ្ណោះ​  ព្រោះ​ប្រាក់​ខែ​​អប្បបរមានៅ​​ប្រទេស​ថៃ​គឺ​ប្រហែ​ល៣០០​ដុល្លារ​ក្នុង​មួយ​ខែ​ ដែល​ធ្វើ​ឲ្យ​មាន​ទាក់​ទាញ​ជាង​ការ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រាក់​ខែ​អប្បបរមា​ក្នុង​វិស័យ​កាត់​ដេរ ជា​វិស័យ​មួយ​​ដែល​មាន​ប្រាក់​ខែ​គោល​ប្រហែល​៨០​ដុល្លារ​ក្នុង​មួយ​ខែ​។

លោក​បាន​មាន​ប្រសាសន៍ថា​ ប្រសិន​បើ​រដ្ឋា​ភិបាល​ដំឡើង​ប្រាក់ខែ​អប្ប​បរមា​ឲ្យ​បាន​សម​រម្យ​នៅ​គ្រប់​វិស័យទាំងអស់ ហើយ​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការ​ងារ​ប្រសើរ​ឡើង​ នោះ​រំហូរ​ពល​ករ​ចំណាក​ស្រុក​ចេញ​ពី​ប្រទេស​កម្ពុជា​នឹង​ថយ​ចុះមិនខាន។

លោក មឿន តុលា​ ​មាន​ប្រសាស​សន៍​ថា​ “ នៅ​ពេល​ដែល [រដ្ឋាភិបាល]​ និយាយ​អំពី​ការ​ងារ​នៅ​ក្នុង​ប្រទេស​ វា​មាន​​ដូចជា​វិស័យ​សំណង់ វិស័យ​កសិកម្ម ឬ​តាម​ចម្ការ​កៅស៊ូ​ជាដើម ហើយប្រជាពល​រដ្ឋ​ទាំង​​នោះ​ធ្វើការ​ស្ទើរ​តែ​មិនបាន​​សល់​​អ្វី​សោះ”។

លោក​បាន​មានប្រសាសន៍ថា​“ ពួកគេ​មិន​អាច​រារាំង​ [ការ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​បាន​ទេ]​ លុះណាតែ​ពួកគេ​កែ​តម្រូវ​​បញ្ហា​នៅ​ក្នុង​ប្រទេ​សសិន”។
លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា ចំណាប់​អារម្មណ៍ថ្មី​របស់​រដ្ឋាភិបាល​​ក្នុង​​ការ​រារាំង​​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ឆ្លង​ដែន​ចូលទៅ​រកការ​ងារ​ធ្វើ​​នៅ​ប្រទេស​ថៃ​នោះ​​ក៏​ស្រប​ពេល​​នឹង​រដូវ​​ធ្វើ​ស្រែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​​ដែល​​ត្រូវ​ការ​​ការ​​ងារ​មាន​តម្លៃថោក​នៅ​តាម​តំបន់​ជន​បទ។

លោក ផៃ ស៊ីផាន ​បាន​ថ្លែង​ថា“ យើង​​ចង់​ឲ្យ​ពួកគាត់​ធ្វើការ​នៅ​ក្នុង​ប្រទេស​យើង​វិញ​ពីព្រោះ​វាមាន​សុវត្ថិភាព​ជាង ​ព្រម​ទាំងបានធ្វើ​ការ​ងារ​ស្រែ​​ចម្ការ​នៅផ្ទះ​ទៀត​ផង”។ លោក​បន្ថែមថា មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការ​រារាំង​រំហូរ​ពល​ករ​ចំណាក​ស្រុក​គឺ​បង្កើន​​ផលិត​ផល​ក្នុង​ស្រុក​សរុប​​របស់​កម្ពុជា៕

ប្រែសម្រួលដោយ​សោម​សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស