34 C
Phnom Penh

នគរបាល​៖ កម្មករ​សំណង់​បួន​នាក់​សារ​ភាពថា​ ពួកគេ​ពិត​ជា​បាន​សម្លាប់​ស្ត្រី​ជន​ជាតិ​សិង្ហបុរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ នគរបាល​បាន​និយាយ​ថាកម្មករ​សំណង់​បួន​នាក់​បាន​សារភាព​ថា​ បាន​សម្លាប់​នាយិកា​សាលា​ជន​ជាតិ​សិង្ហបុរី​ ដែល​សាកសព​របស់​គាត់​ត្រូវបាន​រកឃើញ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គា​រ ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។
ស្ថានទូត​សិង្ហបុរីប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​​អះអាង​ថា សាក​សព​នេះ​ពិត​ជា​សាក​សព​​អ្នក​ស្រី វ៉េនឌី លីម (Wendy​ Lim ) អាយុ​៥៥​ឆ្នាំ ​ដែល​ត្រូវ​ជន​ដៃដល់​សម្លាប់​នៅ​សាលា​គ្លេត ធីតឌីង អុីន​ធើណេ​សិន​ណល​(Glad TidingsInternational) ដែល​គ្រប់​គ្រង​ដោយ​គ្រិស្ត​សាសនា នៅ​ក្នុង​ក្រុង​ច្បារមន ជាកន្លែង​ដែល​អ្នកស្រី​ស្នាក់​នៅ។

លោកវរសេនីយ៍ទោ ស្វាយ យាន នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​កំពង់​ស្ពឺ បាន​មាន​ប្រសាសន៍ថា កម្មករ​សណង់​ទាំង​បួន​នាក់​​ ដែល​បាន​បន្ត​សាង​សង់​​សាលានេះ​ចាប់​តាំង​ពី​មាន​ការ​សម្លាប់​កើតឡើង​មក​ ត្រូវ​បាន​ហៅ​មក​សាកសួរ​កាល​ពី​ល្ងាច​ថ្ងៃអង្គារ។

លោកបានមាន​ប្រសាសន៍​កាលពី​ម្សិល​មិញថា“ កម្មករ​ទាំង​អស់​បាន​សារ​ភាព​​បន្ទាប់​ពី​នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​សាកសួរ ដោយ​មាន​ការ​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​​ក្រសួង​មហាផ្ទៃ ហើយ​​លោក​​បាន​ប្រាប់ថា ជន​ទាំង​នេះ​មាន​ឈ្មោះ​ តុង សុផល ​អាយុ​២៦​ឆ្នាំ ជា​​អ្នក​​ទទួល​ខុសត្រូវ​ចំពោះ​កា​រ​វាយ​​ស​ម្លាប់ វ៉េនឌី លីម​ និង​អ្នក​សមគំនិត​ ឈ្មោះ កែវ សុវុធ អាយុ៣២ឆ្នាំ យាន ឡាលី អាយុ​៣០​ឆ្នាំ និង អ៊ូ លីមីហុង ដែល​គេ​មិន​ដឹង​ថា មាន​អាយុប៉ុន្មាននោះ​ទេ”។

“ ពួកគេ​បាន​សារភាព​ថា ពួកគេ​បាន​បោក​​ក្បាល​ជន​រងគ្រោះផ្ទប់​នឹង​ទ្វារ។​ពួកគេ​បាន​សារភាពនៅ​ថ្ងៃនេះថា ពិត​ជា​បាន​ធ្វើ​សកម្ម​ភាព​ទាំង​អស់នេះ​មែន”។
លោក​វរសេនីយ៍ទោ​ ស្វាយ យាន បាន​មាន​ប្រសាសន៍​ថា លោក​មិន​អា​ច​បញ្ជាក់​ពី​មូល​ហេតុនៃ​កា​រ​សម្លាប់​នេះ​បាន​ទេ ប៉ុន្តែ​នគរបាល​បាន​រក​ឃើញ​ទូរស័ព្ទដៃ​ចំនួន​បី​គ្រឿង ប្រាក់​ដុល្លារ​សិង្ហបុរី​ចំនួន​៣២៥ដុល្លារ​ (ប្រហែល​២៦៤ដុល្លារ​អាមេរិក) និង​លុ​យ​ខ្មែរ​ប្រហែល ២០.០០០រៀល ដែល​ជន​ល្មើស
​បាន​លួចពី​បន្ទប់​ជន​រងគ្រោះ។

យោង​តាម​លោកវរសេនីយ៍ទោ ស្វាយ​ យាន​ បាន​ឲ្យ​ដឹង​ថា នគរបាលក៏​បាន​រក​ឃើញ​ផងដែរថា​ជន​សង្ស័យមិន​បាន​យក​ប្រាក់​ដ៏ច្រើន​ចំនួន​៤.១៣២​ដុល្លារ ​ពី​កាបូបដៃ​របស់​ វ៉េនឌី លីម ដែល​​គាត់​បាន​ទុកនៅ​ក្នុង​បន្ទប់​ដេក​របស់​គាត់​​នៅ​ក្នុង​អគារ​សាលា​ដែល​មិន​ទាន់​សាងសង់​រួច​​នេះ។

លោក​បាន​មាន​ប្រសាសន៍ថា “ ការ​ស៊ើប​​អង្កេត​របស់​យើង​លើ​ករណី​នេះ​បាន​បញ្ចប់​ហើយ ពីព្រោះ​ពួកគេ​ទាំង​អស់​បាន​សារភាព​ហើយ ហើយ​របស់​របរ​ជន​រង​គ្រោះ​ក៏បាន​រក​ឃើញដែរ។ ឥឡូវនេះ​យើង​​បាន​​រៀប​ចំ​ឯកសារ​ និង​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ​ ពីព្រោះ មិន​មាន​អ្នក​​ផ្សេងទៀត​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​អំពើ​ឃាតកម្ម​នេះទេ”។

យោង​តាម​មន្ត្រី​ម្នាក់​ប្រចាំការ​នៅ​ការិ​យា​ល័យ​ព្រះ​រាជ​អាជ្ញាតុលាការ​ខេត្ត​ បាន​ស្នើ​សុំមិន​ប្រាប់​ឈ្មោះ ពីព្រោះ​គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យនិយាយ​​​ពី​​​ព័ត៌មាន​លម្អិត​នៃ​ករណី​នេះទេ ហើយ​របាយ​ការ​ណ៍បឋម​របស់​នគរ​បាល​បង្ហាញ​​ថា​ ជន​សង្ស័យ​ទាំង​នេះ​ដែល​កំពុងតែស៊ី​ផឹក​នោះ បាន​សម្រេច​ចិត្ត​លប​ចូល​​ទៅ​ក្នុង​បន្ទប់​របស់​ អ្នកស្រី​ វ៉េនឌី លីម កាលពី​យប់​ថ្ងៃ​ច័ន្ទ។

មន្ត្រី​រូបនេះ​បាន​និយាយ​ថា ​​​ ឈ្មោះ​ សុផល​ឡើង​តាម​ជញ្ជាំង​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ជន​រងគ្រោះ ដោយ​មុតនឹង​កញ្ចក់​បែក ដែល​ដាក់​​
នៅ​លើ​ជញ្ជាំងនោះ មុនពេល​លប​ចូល​ទៅ​ក្នុង​បន្ទប់​របស់​អ្នកស្រី​ វ៉េនឌី លីម ហើយ​បាន​​ប្រមូល​យក​របស់​របរ​របស់​អ្នក​ស្រី​មួយ​ចំនួន។

មន្ត្រី​រូបនេះ​បាន​និយាយ​ទៀតថា​ “ ពេល​​នោះ​​ ជន​រងគ្រោះ​បាន​ភ្ញាក់​ដឹង​ខ្លួន ហើយ​បាន​​ឃើញជន​នេះ។ ពួកគេ​បាន​ប្រវាយ​ប្រតប់​​​គ្នា។​ជន​នេះ​បាន​ចាប់​បោច​សក់គាត់​​បោក​គាត់​ផ្ទប់​នឹង​ទ្វារ​បន្ទប់​ ហើយ​ដួល​លើ​កម្រាលឥដ្ឋ”។

លោក ភឿក ស៊ីណៃ ប្រធាន​អង្គការ​កុមារ​កំព្រា ក្តី​សង្ឃឹម​ថ្មី ជា​អង្គការ​មិនមែន​រដ្ឋា​ភិបាល​​គ្រិស្តសាសនា ដែល​ធ្វើការ​រួម​គ្នាជាមួយ​សាលា​​​
គ្លេត​ ធីតឌីង អីុនធើ​ណេ​សិនណល​បាន​មាន​ប្រសាសន៍ថា ​នគរ​បាល​បាន​រក​ឃើញ​របស់​របរ​ដែល​លួច​បាន​នោះ​ កប់ទុក​​ក្នុង​បរិវេណ​សាលា​ចម្ងាយ​ប្រហែល​២០០ម៉ែត្រ​ពី​បន្ទប់​របស់​ជន​រងគ្រោះ​។

លោក ភឿក​ មាន​ប្រសាសន៍ថា​ អាយភែត​មួយ​គ្រឿង និង​ទូរស័ព្ទ​ស្មាត​ហ្វូន​​ម៉ាក​សាំស៊ុង ហ្គាឡាស៊ីមួយ​គ្រឿងស្ថិត​ក្នុង​ចំណោម​របស់​របរ​ដែលគេ​រក​ឃើញ​កប់​ទុក​នៅ​ក្នុង​បរិវេណ​សាលានេះ។

លោក​បាន​មាន​ប្រសាសន៍ថា “ ពួកគេ​​បាន​យក​របស់​របរ​ទាំង​នេះ​ទៅ​កប់​នៅ​ក្រោម​​ដើមឈើ​”។ លោក​បាន​បន្ថែម​ថា នគរ​បាល​បាន​រកឃើញ​​កន្លែង​លាក់​នេះ​ បន្ទាប់​ពី​បាន​តាម​ស្នាម​ស្រក់​ឈាម​របស់​​ជន​ល្មើស​ដែល​​បាន​រង​របួស។

លោក​ក៏បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ប្រាក់​ដុល្លារ​អាមេរិក​ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង​បន្ទប់​របស់​ជន​រងគ្រោះ​ ត្រូវ​បាន​ដក​ពី​ធនាគារ​ អេ​អិន​​ហ្សិន រ៉ូយ៉ាល់​នៅ​ក្បែរ​នោះកាលពី​ថ្ងៃ​ច័ន្ទដើម្បី​ទុក​បើក​ប្រាក់​ខែ​ឲ្យ​គ្រូ​បង្រៀននៅ​សាលានេះ។

លោក​​បន្ថែមថា​ កម្មករ​សាង​សង់​អគារ​នេះ​ប្រហែល​ជា​បាន​ដឹង​ថា​ ទំនង​ជា​មានប្រាក់​​នៅ​ក្នុង​បន្ទប់នេះ​ ប៉ុន្តែ​មិន​អាច​រកឃើញ។ លោក ភឿក បាន​មាន​ប្រសា​សន៍​ថា​ “ពួកគេ​បាន​ធ្វើការ​នៅ​ទីនោះ​ជិត​មួយឆ្នាំ​ហើយ”៕

    ប្រែសម្រួល​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស