28.4 C
Phnom Penh

គម្រោង​កាត់​បន្ថយ​សំណល់​​ឧស្ម័ន​អាច​​ប្រឈម​នឹង​ហានិភ័យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​យោង​តាម​ការ​វាយ​តម្លៃ​ចុង​ក្រោយ​របស់​​គម្រោង​កាត់​បន្ថយ​ការ​បញ្ចេញ​​ឧស្ម័ន​​ពី​ការ​កាប់​បំផ្លាញ​​និង​ការ​រីក​រឹល​ព្រៃ​ឈើ​បាន​ឲ្យ​ដឹង​ថា ការដែល​យោធា​នៅ​តែ​​បន្ដ​​​កាប់​ព្រៃ​សហគមន៍​នៅ​ក្នុង​ខេត្តឧត្តរ​មាន​ជ័យ​បែប​នេះ ​​​​នឹង​អាច​ធ្វើ​ឲ្យ​គម្រោង​ពាណិជ្ជកម្ម​កាបូន​ដែល​ពឹង​ផ្អែក​លើ​ព្រៃ​ឈើ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​ដែល​គាំ​ទ្រ​ដោយ​សហរដ្ឋ​អាមេរិក​នោះ​ ជួប​នឹង​ហានិភ័យ។​

អង្គការ​ការ​ពារ​ព្រៃ​ឈើ​សហគមន៍​ដែល​សង្ឃឹម​ថា​ នឹង​អាច​រក​ប្រាក់​ចំណូល​រាប់​លាន​ដុល្លារ​ពី​គម្រោង​នេះ​បាន​លើក​ឡើង​កាល​ពីម្សិល​មិញ​ថា ពួកគេ​បាន​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​នៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​​អាជ្ញាធរ​​ក្នុង​ក្រុង​សំរោង​ ខេត្តឧត្តរ​មាន​ជ័យ​នៅ​ថ្ងៃ​ពុធ​ ដើម្បី​ពិ​ភាក្សា​អំពី​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​នេះ។​

សមាជិក​មក​ពី​​​បណ្ដាញ​ព្រៃ​ឈើ​សហ​គមន៍​​ចំនួន១៣​ដែល​បង្កើត​បាន​ជា​តំបន់​មួយ​មាន​ផ្ទៃ​ដី​ទំហំ​៦៨.០០០​ហិកតា​សម្រាប់​គម្រោង​នេះ​ បាន​ត្អូញ​ត្អែរ​អំពី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ ជា​ច្រើន​ឆ្នាំ​មក​នេះ ជា​​ពិសេស​អំពី​​ការ​កើន​ឡើង​នូវ​មូល​ដ្ឋាន​យោធា​នៅ​ក្នុង​ព្រៃ​​នា​ពេល​ថ្មី​ៗ​នេះតែ​ម្ដង​​។​

លោកស្រី សារ៉ា ស៊ីត (Sarah Sitts) អ្នក​គ្រប់​គ្រង​ប្រចាំ​ប្រទេស​របស់​អង្គការ​ភែក​(Pact) ​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា មន្ត្រី​មួយ​ក្រុម​មក​ពី​ទី​ភ្នាក់​ងារ​វាយ​តម្លៃ​វិទ្យា​សាស្ត្រ​បរិស្ថាន ​ដែល​មាន​ទី​ស្នាក​់​ការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​ចុះ​ទៅ​តំបន់​នោះ កាល​ពី​ខែកុម្ភៈ ​ដើម្បី​បំពេញ​ទស្សនកិច្ច​ “ ពិនិត្យ​ និង​វាយ​តម្លៃ” ដែល​ជា​ការ​អនុម័ត​ចុង​ក្រោយ​​ចាំ​បាច់​សម្រាប់​ក្រុម​ហុ៊ន​មូល​និធិ​​ ថេរ៉ា​ ក្លូបល​(Terra Global Capital)​ដែល​ដើរ​តួ​ជា​ឈ្មួញ​កណ្ដាល​នោះ​ អាច​ចាប់​ផ្ដើម​លក់​ឥណទាន​របស់​ខ្លួន​បាន​។

​ខណៈពេល​ដែល​អង្គការ​ផែក​រំពឹង​ថាទី​ភ្នាក់​ងារ​វាយ​តម្លៃ​វិទ្យា​សាស្ត្រ​បរិស្ថាន​នឹង​អាច​ផ្ដល់​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​របស់​ខ្លួន​ត្រឹម​ដំណាច់​​ខែ​នេះនោះ លោកស្រី សារ៉ា ស៊ីត​ បាន​មានប្រសាសន៍​ថា ក្រុម​វាយ​តម្លៃ​នេះ​ក៏​បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ផង​ដែរ​ ព្រោះ​​​សកម្ម​ភាព​កាប់​ឈើ​ខុស​ច្បាប់​មា​នការ​ពាក់​ព័ន្ធ​ជាមួយ​នឹង​​យោធា។

លោក​ស្រី​បាន​មានប្រសាសន៍​អំពី​ការ​កាប់​​ព្រៃ​ឈើ​ថា “ ក្រុម​វាយ​តម្លៃ​ពិត​ជា​បាន​កត់​សម្គាល់​ឃើញ​ថា វត្តមាន​របស់​យោ​ធា​អាច​ជា​ហានិភ័យ​ដល់​គម្រោង​នេះ​ ក្នុង​ពេល​អនាគត”។ ​​​​​​​​​​​​​​​​​លោក​ស្រី​បាន​បន្ដ​ថា “ ប្រសិន​បើសកម្មភាព​កាប់​ឈើ​នៅ​តែ​រីក​រាល​ដាល​នោះ វា​ពិតជាអាច​​គំរាម​កំហែង​ដល់​ភាព​គួរ​ឲ្យ​ជឿជាក់​​នៃគម្រោង​នេះ​​”។

​លោកស្រី សារ៉ា ស៊ីត បាន​បដិសេធ​មិន​ចែក​រំលែក​ច្បាប់​ចម្លង​នៃ​កា​រវាយ​តម្លៃ​នេះ​ទេ​ មុន​ពេល​ចេញ​ផ្សព្វ​ផ្សាយ​ជា​សាធា​រណៈ។ ប៉ុន្ដែ​ប្រសិន​បើ​ដូច​ការ​សន្មត​របស់​ក្រុម​វាយ​តម្លៃ​នេះ​មែន​ នោះ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ដែល​គម្រោង​នេះ​សង្ឃឹម​ថា​ នឹង​ទទួល​បាន​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ទៀត​ ហើយ​ដែល​ពាក់​កណ្ដាល​នៃ​ប្រាក់​នេះ​ទុក​សម្រាប់សហគមន៍​​ផង​ដែរ​នោះ អាចនឹង​​បាត់​បង់​ជាមិន​ខាន​។

​ដោយ​សារ​មាន​ហានិភ័យ​ខ្លាំង ហើយ​គម្រោង​កាត់​បន្ថយ​ការ​បញ្ចេញ​​ឧស្ម័ន​​​ពី​​​​ការ​កាប់​បំផ្លាញ​​និង​ការ​រីក​រឹល​ព្រៃ​ឈើ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់ផ្ដើមរួចទៅ​​ហើយ​​នោះ​ លទ្ធផល​នៃ​គម្រោង​នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​អាច​មាន​ការ​ថ្លោះ​ធ្លោយ​។

​ដោយ​សារ​​ពេល​វេលា​ លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ ​មាន​ហានិភ័យ​ ព្រោះ​​គម្រោង​នេះ​នឹង​អាច​បាត់​បង់​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ និង​ប្រាក់​ចំណូល​យ៉ាង​​ច្រើន​។​​ផ្ទុយ​ទៅ​វិញ​ យើង​ចង់​ឲ្យ​ក្រុម​ហ៊ុន​បញ្ជា​ទិញ​យល់​ថា កម្ពុជា​អាច​លក់​ឥណទាន​កាបូន​​ដល់​ក្រុម​ហ៊ុន​ណា​ដែល​មក​ចរចា​”។

ផ្នែក​មួយ​នៃ​​គម្រោង​កាត់​បន្ថយ​ការ​បញ្ចេញ​​ឧស្ម័ន​​ពី​ការ​កាប់​បំផ្លាញ​​និង​ការ​រីក​រឹល​ព្រៃ​ ឈើ​​ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក​ មាន​បំណង​ទាក់​ទាញ​ក្រុម​ហ៊ុន​​មក​ពី​​ប្រទេស​លោ​កខាង​លិចឲ្យ​​​​វាយ​តម្លៃ​ការ​បញ្ចេញ​​កាបូន​ ដើម្បី​ទិញ​កាបូន​ដែល​មាន​នៅ​ក្នុង​​ព្រៃ​ឈើ​សហគមន៍។​ជា​ការ​​ពិត​ណាស់​ គម្រោង​​នេះ​អាច​​ដំណើរ​ការ​បាន​ លុះ​​​​ត្រាតែ​នៅ​សល់​ដើម​ឈើ​ច្រើន​។

​លោក ស ថ្លៃ​ ប្រធាន​បណ្ដាញ​ព្រៃ​ឈើ​សហគមន៍​នៅ​ខេត្ត​​នេះ​​ព្រមាន​ថា មូល​ដ្ឋាន​យោ​ធា​ “ កំពុង​បំផ្លាញ​” គម្រោង​នេះ​ជា​ច្រើន​
ខែ​មក​ហើយ​ ហើយ​ថា ជាង​ពាក់​កណ្ដាលនៃ​ព្រៃ​ឈើ​សហគមន៍​មួយ​ក្នុង​ចំណាម​សហ​គមន៍​ទាំង​១៣​ ត្រូវ​បាន​កាប់​រំលំ​អស់​ហើយ។

​កាល​ពី​ម្សិល​មិញ លោក​​មាន​ប្រសាសន៍​ថាការ​កាប់​ព្រៃ​នៅ​តែ​បន្ដ​ ហើយ​ថា ទាហាន​ពី​រ​នាក់​បានឃុំ​ខ្លួន​សមាជិក​ម្នាក់​មក​ពី​ក្រុម​ល្បាត​របស់​បណ្ដាញ​ព្រៃឈើ​សហគមន៍​កាល​ពីខែ​មុន ដោយ​បង្ខំ​ឲ្យ​បោះ​បង់​ឈើ និង​រណា​​យន្ដ​ ដែល​ពួកគេ​ទើបតែ​រឹប​អូស​បាន
​ពី​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ទៀតផង​។​លោក​សង្ឃឹម​​ថា កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ពុធ​នៅ​ទី​ស្នាក់​​ការ​របស់​រដ្ឋា​ភិបាល​នៅ​ក្នុង​ខេត្ត​នេះ​ នឹង​អាច​​ជួយឲ្យ​ពួកគេ​ពិនិត្យ​និន្នាការ​នេះ​បាន​។

លោក ស ថ្លៃ មាន​​ប្រសាសន៍​ថា “ កិច្ច​ប្រជុំ​​នេះ​​គឺ​ជា​ឱកាស​មួយ​សម្រាប់​បណ្ដាញ​របស់​យើង​​ដើម្បី​លើក​ពី​​ការ​ព្រួយ​បារម្ភ​របស់​យើង
​​ចំពោះ​​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​នៅ​តែ​បន្ដ​កើត​មាន​​​ក្នុង​​ព្រៃ​ឈើ​ការ​ពារ​ទុក​សម្រាប់​​គម្រោង​កាត់​បន្ថយ​ការ​បញ្ចេញ​​ឧស្ម័ន​​ពី​ការ​កាប់​បំផ្លាញ​​និង​ការ​រីក​រឹល​ព្រៃ​ឈើ​​​”។

លោកបាន​​​មាន​​​ប្រសាសន៍​​​​​បន្ដថា “ កិច្ច​ប្រជុំ​នេះ​​គឺជា​ឱកាសល្អ​​ ដើម្បី​និយាយ​ជា​មួយ​មន្ត្រី​យោធា​ ដើម្បី​ឲ្យ​ពួកគេ​យល់​ថា វាជា​​​ការ​​សំខាន់​ណាស់​ ដែល​ពួកគេត្រូវ​ផ្លាស់​មូល​ដ្ឋាន​ចេញ​ពី​ព្រៃ​ការ​ពារ”។

​ទាំង​ឧត្តម​សេនីយ៍​ឯក ឈិន ច័ន្ទពណ៌ ​មក​ពី​​យោធ​ភូមិភាគ​២​​ ប្រចាំ​​ខេត្ត​នេះ និង​​លោក កែវ​ ធី មេបញ្ជាការ​កង​វរសេនា​តូច​លេខ២​ នៃកង​យោធពល​ខេមរភូមិន្ទ​ ដែល​អង្គភាព​របស់​លោក​កសាង​មូល​ដ្ឋាន​យោធា​ធំជាង​គេ​នៅ​ក្នុងស្រុក​បន្ទាយ​អំពិល​ មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​បាន​ទេ។​ឧត្តម​សេនីយ៍​ឯក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ក៏​មិន​អាច​ទាក់​ទង​បាន​ដែរ។​

ពេល​អនាគត ទោះ​បី​ជា​មូល​ដ្ឋាន​យោធា​បង្ក​ផល​ប៉ះ​ពាល់​អ្វី​​ក៏​ដោយ ក៏​ពួកគេ​បាន​បង្ខំ​​រួច​ហើយ​ឲ្យ​​គម្រោង​កាត់​បន្ថយ​ការ​បញ្ចេញ​​ឧស្ម័ន​​ពី​ការ​កាប់​បំផ្លាញ​​និង​ការ​រីក​រឹល​ព្រៃ​ឈើ​ កាត់បន្ថយ៥​ភាគ​រយ​ក្នុង​​កាបូន​មួយ​តោន​​ ដែល​ព្រៃ​ឈើ​សហគមន៍​បាន​សន្សំ​នៅ​ចន្លោះ​ពី​ឆ្នាំ២០០៨​​ដល់​​ឆ្នាំ​២០១២ ដែល​មាន​ចំនួន​ពី​​៤០០.០០០​តោន​ទៅ​៥០០.០០០​តោន​​ ​នឹង​អាច​​ដាក់លក់​​បាន​​ត្រឹម​ដំណាច់​ខែ​នេះ។

ទំហំ​នៃ​ការ​កាត់​បន្ថយ​នេះបណ្ដាល​មកពី​អត្រាហានិភ័យ​នៃ​គម្រោងនេះ​ ហើយ​នឹងត្រួត​​ពិនិត្យ​ឡើង​វិញ​រៀង​រាល់​ពីរ​ឆ្នាំ​ម្ដង​​ រួម​ជា​មួយ​នឹង​​​កាបូន​ដែល​​មាន​នៅ​តំបន់​នេះ​។   ទោះ​បី​ជា​ដូច្នេះ​ក៏​ដោយ ក៏​លោកស្រី សារ៉ា ស៊ីត បាន​មានប្រសាសន៍​ថា ក្រុម​ហ៊ុន ថេរ៉ា ក្លូបល មាន​ក្រុម​ហ៊ុន​មួយ​ចាំទិញ​​​​កាបូន​​ ឬឥណទាន​កា​បូន​​​រួច​ទៅហើយ ហើយ​ក្រុម​ហ៊ុន​ ដទៃ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ដែរ ប៉ុន្តែ​លោក​ស្រី​មិន​បាន​​ប្រាប់​លម្អិត​ថា ក្រុម​ហ៊ុន​ណា​​នោះទេ៕

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា ​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស