យោងតាមការវាយតម្លៃចុងក្រោយរបស់គម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នពីការកាប់បំផ្លាញនិងការរីករឹលព្រៃឈើបានឲ្យដឹងថា ការដែលយោធានៅតែបន្ដកាប់ព្រៃសហគមន៍នៅក្នុងខេត្តឧត្តរមានជ័យបែបនេះ នឹងអាចធ្វើឲ្យគម្រោងពាណិជ្ជកម្មកាបូនដែលពឹងផ្អែកលើព្រៃឈើលើកដំបូងនៅក្នុងប្រទេសកម្ពុជាដែលគាំទ្រដោយសហរដ្ឋអាមេរិកនោះ ជួបនឹងហានិភ័យ។
អង្គការការពារព្រៃឈើសហគមន៍ដែលសង្ឃឹមថា នឹងអាចរកប្រាក់ចំណូលរាប់លានដុល្លារពីគម្រោងនេះបានលើកឡើងកាលពីម្សិលមិញថា ពួកគេបានស្នើឲ្យមានកិច្ចប្រជុំជាមួយមន្ត្រីនៅទីស្នាក់ការកណ្តាលរបស់អាជ្ញាធរក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យនៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងតំបន់នេះ។
សមាជិកមកពីបណ្ដាញព្រៃឈើសហគមន៍ចំនួន១៣ដែលបង្កើតបានជាតំបន់មួយមានផ្ទៃដីទំហំ៦៨.០០០ហិកតាសម្រាប់គម្រោងនេះ បានត្អូញត្អែរអំពីសកម្មភាពកាប់ឈើខុសច្បាប់ ជាច្រើនឆ្នាំមកនេះ ជាពិសេសអំពីការកើនឡើងនូវមូលដ្ឋានយោធានៅក្នុងព្រៃនាពេលថ្មីៗនេះតែម្ដង។
លោកស្រី សារ៉ា ស៊ីត (Sarah Sitts) អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការភែក(Pact) មានប្រសាសន៍កាលពីម្សិលមិញថា មន្ត្រីមួយក្រុមមកពីទីភ្នាក់ងារវាយតម្លៃវិទ្យាសាស្ត្របរិស្ថាន ដែលមានទីស្នាក់ការនៅក្នុងសហរដ្ឋអាមេរិក បានចុះទៅតំបន់នោះ កាលពីខែកុម្ភៈ ដើម្បីបំពេញទស្សនកិច្ច “ ពិនិត្យ និងវាយតម្លៃ” ដែលជាការអនុម័តចុងក្រោយចាំបាច់សម្រាប់ក្រុមហុ៊នមូលនិធិ ថេរ៉ា ក្លូបល(Terra Global Capital)ដែលដើរតួជាឈ្មួញកណ្ដាលនោះ អាចចាប់ផ្ដើមលក់ឥណទានរបស់ខ្លួនបាន។
ខណៈពេលដែលអង្គការផែករំពឹងថាទីភ្នាក់ងារវាយតម្លៃវិទ្យាសាស្ត្របរិស្ថាននឹងអាចផ្ដល់លទ្ធផលនៃការវាយតម្លៃរបស់ខ្លួនត្រឹមដំណាច់ខែនេះនោះ លោកស្រី សារ៉ា ស៊ីត បានមានប្រសាសន៍ថា ក្រុមវាយតម្លៃនេះក៏បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ព្រោះសកម្មភាពកាប់ឈើខុសច្បាប់មានការពាក់ព័ន្ធជាមួយនឹងយោធា។
លោកស្រីបានមានប្រសាសន៍អំពីការកាប់ព្រៃឈើថា “ ក្រុមវាយតម្លៃពិតជាបានកត់សម្គាល់ឃើញថា វត្តមានរបស់យោធាអាចជាហានិភ័យដល់គម្រោងនេះ ក្នុងពេលអនាគត”។ លោកស្រីបានបន្ដថា “ ប្រសិនបើសកម្មភាពកាប់ឈើនៅតែរីករាលដាលនោះ វាពិតជាអាចគំរាមកំហែងដល់ភាពគួរឲ្យជឿជាក់នៃគម្រោងនេះ”។
លោកស្រី សារ៉ា ស៊ីត បានបដិសេធមិនចែករំលែកច្បាប់ចម្លងនៃការវាយតម្លៃនេះទេ មុនពេលចេញផ្សព្វផ្សាយជាសាធារណៈ។ ប៉ុន្ដែប្រសិនបើដូចការសន្មតរបស់ក្រុមវាយតម្លៃនេះមែន នោះទឹកប្រាក់រាប់លានដុល្លារដែលគម្រោងនេះសង្ឃឹមថា នឹងទទួលបានក្នុងរយៈពេល៣០ឆ្នាំទៀត ហើយដែលពាក់កណ្ដាលនៃប្រាក់នេះទុកសម្រាប់សហគមន៍ផងដែរនោះ អាចនឹងបាត់បង់ជាមិនខាន។
ដោយសារមានហានិភ័យខ្លាំង ហើយគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នពីការកាប់បំផ្លាញនិងការរីករឹលព្រៃឈើនៅក្នុងប្រទេសកម្ពុជាបានចាប់ផ្ដើមរួចទៅហើយនោះ លទ្ធផលនៃគម្រោងនៅក្នុងខេត្តឧត្តរមានជ័យអាចមានការថ្លោះធ្លោយ។
ដោយសារពេលវេលា លោកស្រីបានមានប្រសាសន៍ថា “ មានហានិភ័យ ព្រោះគម្រោងនេះនឹងអាចបាត់បង់ក្រុមហ៊ុនបញ្ជាទិញ និងប្រាក់ចំណូលយ៉ាងច្រើន។ផ្ទុយទៅវិញ យើងចង់ឲ្យក្រុមហ៊ុនបញ្ជាទិញយល់ថា កម្ពុជាអាចលក់ឥណទានកាបូនដល់ក្រុមហ៊ុនណាដែលមកចរចា”។
ផ្នែកមួយនៃគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នពីការកាប់បំផ្លាញនិងការរីករឹលព្រៃ ឈើដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក មានបំណងទាក់ទាញក្រុមហ៊ុនមកពីប្រទេសលោកខាងលិចឲ្យវាយតម្លៃការបញ្ចេញកាបូន ដើម្បីទិញកាបូនដែលមាននៅក្នុងព្រៃឈើសហគមន៍។ជាការពិតណាស់ គម្រោងនេះអាចដំណើរការបាន លុះត្រាតែនៅសល់ដើមឈើច្រើន។
លោក ស ថ្លៃ ប្រធានបណ្ដាញព្រៃឈើសហគមន៍នៅខេត្តនេះព្រមានថា មូលដ្ឋានយោធា “ កំពុងបំផ្លាញ” គម្រោងនេះជាច្រើន ខែមកហើយ ហើយថា ជាងពាក់កណ្ដាលនៃព្រៃឈើសហគមន៍មួយក្នុងចំណាមសហគមន៍ទាំង១៣ ត្រូវបានកាប់រំលំអស់ហើយ។
កាលពីម្សិលមិញ លោកមានប្រសាសន៍ថាការកាប់ព្រៃនៅតែបន្ដ ហើយថា ទាហានពីរនាក់បានឃុំខ្លួនសមាជិកម្នាក់មកពីក្រុមល្បាតរបស់បណ្ដាញព្រៃឈើសហគមន៍កាលពីខែមុន ដោយបង្ខំឲ្យបោះបង់ឈើ និងរណាយន្ដ ដែលពួកគេទើបតែរឹបអូសបាន ពីក្រុមអ្នកកាប់ឈើខុសច្បាប់ទៀតផង។លោកសង្ឃឹមថា កិច្ចប្រជុំនៅថ្ងៃពុធនៅទីស្នាក់ការរបស់រដ្ឋាភិបាលនៅក្នុងខេត្តនេះ នឹងអាចជួយឲ្យពួកគេពិនិត្យនិន្នាការនេះបាន។
លោក ស ថ្លៃ មានប្រសាសន៍ថា “ កិច្ចប្រជុំនេះគឺជាឱកាសមួយសម្រាប់បណ្ដាញរបស់យើងដើម្បីលើកពីការព្រួយបារម្ភរបស់យើង ចំពោះការកាប់បំផ្លាញព្រៃឈើដែលនៅតែបន្ដកើតមានក្នុងព្រៃឈើការពារទុកសម្រាប់គម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នពីការកាប់បំផ្លាញនិងការរីករឹលព្រៃឈើ”។
លោកបានមានប្រសាសន៍បន្ដថា “ កិច្ចប្រជុំនេះគឺជាឱកាសល្អ ដើម្បីនិយាយជាមួយមន្ត្រីយោធា ដើម្បីឲ្យពួកគេយល់ថា វាជាការសំខាន់ណាស់ ដែលពួកគេត្រូវផ្លាស់មូលដ្ឋានចេញពីព្រៃការពារ”។
ទាំងឧត្តមសេនីយ៍ឯក ឈិន ច័ន្ទពណ៌ មកពីយោធភូមិភាគ២ ប្រចាំខេត្តនេះ និងលោក កែវ ធី មេបញ្ជាការកងវរសេនាតូចលេខ២ នៃកងយោធពលខេមរភូមិន្ទ ដែលអង្គភាពរបស់លោកកសាងមូលដ្ឋានយោធាធំជាងគេនៅក្នុងស្រុកបន្ទាយអំពិល មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិក៏មិនអាចទាក់ទងបានដែរ។
ពេលអនាគត ទោះបីជាមូលដ្ឋានយោធាបង្កផលប៉ះពាល់អ្វីក៏ដោយ ក៏ពួកគេបានបង្ខំរួចហើយឲ្យគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នពីការកាប់បំផ្លាញនិងការរីករឹលព្រៃឈើ កាត់បន្ថយ៥ភាគរយក្នុងកាបូនមួយតោន ដែលព្រៃឈើសហគមន៍បានសន្សំនៅចន្លោះពីឆ្នាំ២០០៨ដល់ឆ្នាំ២០១២ ដែលមានចំនួនពី៤០០.០០០តោនទៅ៥០០.០០០តោន នឹងអាចដាក់លក់បានត្រឹមដំណាច់ខែនេះ។
ទំហំនៃការកាត់បន្ថយនេះបណ្ដាលមកពីអត្រាហានិភ័យនៃគម្រោងនេះ ហើយនឹងត្រួតពិនិត្យឡើងវិញរៀងរាល់ពីរឆ្នាំម្ដង រួមជាមួយនឹងកាបូនដែលមាននៅតំបន់នេះ។ ទោះបីជាដូច្នេះក៏ដោយ ក៏លោកស្រី សារ៉ា ស៊ីត បានមានប្រសាសន៍ថា ក្រុមហ៊ុន ថេរ៉ា ក្លូបល មានក្រុមហ៊ុនមួយចាំទិញកាបូន ឬឥណទានកាបូនរួចទៅហើយ ហើយក្រុមហ៊ុន ដទៃក៏មានការចាប់អារម្មណ៍ដែរ ប៉ុន្តែលោកស្រីមិនបានប្រាប់លម្អិតថា ក្រុមហ៊ុនណានោះទេ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា