35 C
Phnom Penh

មនុស្សរាប់ពាន់នាក់​ដើរក្បួន​នៅ​ក្នុងរាជធានី​ភ្នំពេញ​ ដើម្បីប្រារព្ធ​ទិវា​ពល​កម្មអន្តរជាតិ​ ១​ ឧសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​ កម្មការិនី​ ប្រមាណបីបួន​ពាន់់​នាក់​ បាន​នាំ​គ្នា​ដើរ​ក្បួន​តាមបណ្តោយ​តីរវិថី​ព្រះ​ស៊ីសុវត្ថិ​កាល​ពី​ម្សិល​មិញ ដើម្បី​ទាម​ទារ​​ដំឡើង​​ប្រាក់ខែ​ ការការ​ពារ​​សិទ្ធិ​​របស់​ខ្លួន​ឲ្យ​បាន​មឺុងម៉ាត់​ជាង​មុន​​ និងទាមទារ​ឲ្យមាន​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ក្នុងប្រទេស​កម្ពុជា​​ ដែល​នេះ​គឺ​ជា​ការ​ជួប​ជុំ​គ្នា​ដ៏​ធំ​បំផុត​​ក្នុង​រយៈពេលជិត​បី​ឆ្នាំ​​មក​នេះ​ របស់សហជីព​នៅ​ប្រទេស​កម្ពុជា។​

ដោយ​​​កម្មករ​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​រាប់ពាន់នាក់​ ដែលបាន​ឈប់​សម្រាក​មួយ​ថ្ងៃ​​និង​ត្រូវបាន​ដឹក​ចូល​មក​ក្នុងរាជ​ធានី​ភ្នំពេញ​ដើម្បី​​​​ជួបជុំ​គ្នា​នោះ​ ក៏មានសមាជិក​សមាគម​គ្រូប​ង្រៀន កម្មករ​សំណង់ មន្ត្រី​រាជការ​ និង​អ្នករកស៊ី​ផ្លូវភេទ​ រួមទាំង​អ្នក​រត់​ម៉ូតូ​ឌុប ​និង​អ្នករត់រុឺម៉កម៉ូតូ​ ក៏បាន​មកចូល​រួម​នៅក្នុង​ពិធី​ដើរ​ក្បួន​ប្រារព្ធទិវា​ពល​កម្ម​អន្តរជាតិ​​កាល​ពី​ម្សិល​មិញ​​ផងដែរ។​

មនុស្សប្រមាណ​៤.០០០នាក់​ ដែលបាន​មក​ចូលរួម​ការ​ដើរក្បួននេះ​ មិនបាន​ជួប​ការ​រារាំងពី​នគរ​បាល​ ដែល​បាន​ឈរតម្រង់ជួរ​ចាប់តាំង​ពី​សួន​សេរីភាព​ក្នុងរាជ​ធានីភ្នំពេញ​រហូត​ដល់​រដ្ឋសភា​ឡើយ។​

ថ្លែង​តាម​ឧគ្ឃោសនស័ព្ទ​ ដែល​ចង​ភ្ជាប់​និង​រថយន្ត​ និងរុឺម៉កម៉ូតូ មេដឹក​នាំ​សហជីព​ បានទាមទារ​ប្រាក់ខែអប្បបរមា​ជាទូទៅ​ចំនួន​១៥០ដុល្លារ​និង​ ​​​ប្រាក់ខែសម្រាប់មន្ត្រី​រាជ​ការ​​​ចំនួន​២៥០ដុល្លារ។​

អ្នកដើរ​ក្បួន​ក៏បាន​ទាមទារ​ឲ្យ​តុលាការ​​ដោះលែង​ ប៊ន សំណាង​ និង​ សុខ​ សំអឿន​ ដែល​មជ្ឈដ្ឋាន​ទូទៅ​ជឿជាក់ថា ​ត្រូវ​បានគេ​ទម្លាក់កំហុស​លើ​ចំពោះការ​សម្លាប់​ លោក ជា វិជ្ជា​ មេដឹកនាំ​សហជីព​កាលពីឆ្នាំ​២០០៤ និងទាមទារ​ឲ្យចាប់​ខ្លួន​លោក ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ ដែលត្រូវបាន​ចោទ​
​ប្រកាន់​ពីបទ​បាញ់ប្រហារ​លើ​កម្មការិនី​រោងចក្រ​​​កាត់​ដេរ​ចំនួន​បីនាក់​អំឡុងការ​តវ៉ា​កាលពីខែ​កុម្ភៈ​ឆ្នាំ​២០១២​ដាក់ពន្ធនាគារ​ផងដែរ។​​

នៅពេល​ការ​ដើរ​ក្បួន​បានឆ្លងកាត់​ចំណុច​ប្រសព្វ​នៃ​តីរវិថី​ព្រះ​ស៊ីសុវត្ថិ​ និង​មហា​វិថី​ព្រះសីហនុ​ ដែលមាន​នគរបាល​យាមកាម​យ៉ាង​តឹងរឹុងនោះ​​ តំណាង​សហជីព​ បាន​អំពាវ​​នាវតាមរយៈ​ឧគ្ឃោសនស័ព្ទ​​ឲ្យ​នគរ​បាល​ញញឹម​ ប្រសិន​ពួកគេ​ ក៏ចង់បាន​ប្រាក់ខែ​ខ្ពស់​ដែរនោះ។​

ពេល​ឈរ​មើល​មនុស្សយ៉ាង​​ច្រើន​​ដើរ​ក្បួ​ន​ឆ្លងកាត់​ លោក​ លី វ៉ាត មន្ត្រី​នគរបាល​រាជធានីភ្នំពេញ​បានលើក​ឡើង​ថា នគរបាល​គ្មាន​តួនាទី​ចូលរួមការ​តវ៉ា​បែបនេះឡើយ។​  លោកបានមាន​ប្រសាសន៍ថា “ ខ្ញុំគិតថា​ នគរបាល​មិនអាចដើរក្បួន​តវ៉ា​បាន​ដូច​កម្មករ​កម្មការិនី​នោះទេ​ ពីព្រោះយើងស្ថិត​ក្រោម​ការ​គ្រប់​គ្រង​​របស់​រដ្ឋាភិបាល”។​​

នៅពេល​អ្នកដើរក្បួន​បានឆ្លងកាត់​ការដ្ឋានសំណង់​តាម​មាត់​ទន្លេ​ កម្មករ​ដែល​កំពុង​ធ្វើ​ការ​នៅក្នុង​អគារ​​ទាំង​នោះ​​ បាន​នាំ​គ្នាឈប់​សម្រាក​មួយ​ភ្លែត​ដើម្បី​លើក​ដៃ​ស្វាគមន៍​មនុស្ស​យ៉ាង​ច្រើន​​ដែល​ដើរ​​​កាត់​ទី​នោះ​ ដែលបាន​អបអរសាទរ​ពួក​​គេ​ដើម្បី​បង្ហាញ​ពីការ​គាំទ្រ​។​

លោក រស់ ដើស កម្មករ​​ក្នុងស្រុក​ និង​ជា​សមាជិក​សមាគមន​ប្រជាធិបតេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ​ បាននិយាយ​​ថា គាត់​មិន​​មាន​​សិទ្ធ​​ិដូច​កម្មករកម្មការិនី​ជាច្រើន ​ដែល​បា​ន​មក​ចូលរួម​ក្នុងការ​ដើរក្បួន​នេះឡើយ។​​

គាត់​បាន​និយាយថា​ “ ខ្ញុំមិន​បាន​ឈប់​សម្រាក​​អស់រយៈពេល​ពីរឆ្នាំ​មកហើយ​”។​ គាត់​បាន​បន្ថែមថា​”គាត់​ទទួលបាន​ប្រាក់ខែ​ប្រហែល​៦០ដុល្លារ​ក្នុងមួយ​ខែ​ គឺទាបជាង​​ប្រាក់ខែ​អប្បបរមា​ថ្មី៨០ដុល្លារ​​ សម្រាប់​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ ចំនួន​២០ដុលា្លរ ​ដែលបាន​ចូលជាធរមាន​កាល​ពី​ម្សិលមិញ​​។​
នៅពេល​ការដើរក្បួ​ន​បានទៅដល់​រដ្ឋ​សភា​កម្មករ​ កម្មការិនី​ទាំងនោះ​ បាន​ជួប​ជាមួយ​សមា​ជិក​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំ​ង​លោក កឹម សុខា អនុប្រធាន​គណ​បក្ស​ផងដែរ។​

​ឈរ​នៅលើ​រថយន្ត​ លោក កឹម សុខា បាន​​សន្យា​នឹង​កម្មករ​កម្មការិនី​ ដែល​បាន​មកប្រមូលផ្តុំ​គ្នាថា​​ គណបក្ស​សង្គ្រោះ​ជាតិ​​
នឹង​បញ្ចូល​ការ​ទាមទារ​ទាំងនេះ​ចូលទៅ​ក្នុង​គោល​នយោបាយ​​របស់​គណបក្ស​​ ដើម្បី​អនុវត្ត​ ប្រសិនបើ​គណបក្ស​​នេះ​​ឈ្នះឆ្នោត​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​ នៅថ្ងៃទី​២៨ ខែ​កក្កដា​ ខាងមុខ​នេះ​។​

លោក​មាន​ប្រសាសន៍ថា “ យើងនឹង​លុប​បំបាត់​អំពើពុករលួយ​ដែល​កើត​មាន​ក្នុង​វិស័យ​កាត់​ដេររបស់​យើង​ហើយយក​លុយ​នេះ​ទៅ​ដំឡើងប្រាក់ខែ​ឲ្យអ្នកទាំង​អស់​គ្នាវិញ”។​

ក្រុមមួយ​ដែលមិនបាន​មក​ចូលរួម​ក្នុង​ការដើរ​ក្បួននេះ​ គឺសមាជិក​សហជីព​ ដែល​មានសម្ព័ន្ធភាព​​ជាមួយ​គណបក្សកាន់​អំណាច​​របស់លោក ហ៊ុន សែន ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​សមាជិក​ភាគ​ច្រើន​នៃ​ក្រុម​នេះ​​គឺស្ថិតក្នុង​ចំណោម​កម្មករ​កម្មការិនី​រោងចក្រកាត់ដេរ​​ដែលមានជាង​៥០០.០០០​
នាក់នៅក្នុងប្រទេសកម្ពុជា។​

លោក សោម អូន មេដឹកនាំសហព័ន្ធ សហ​ជីព​ជាតិ​កម្ពុជា​ បាន​បង្ហាញខ្លួន​នៅលើ​កញ្ចក់​ទូរទស្សន៍​​ស៊ីអិន​ស៊ី​ កាលពី​ល្ងាចថ្ងៃ​អង្គារ​ ដើម្បី​​
ប្រាប់​សមាជិក​របស់​​លោក​កុំ​ឲ្យ​ចូល​រួម​ការ​ដើរក្បួន​ប្រារព្ធទិវាពល​កម្ម​អន្តរជាតិនេះ។​

លោក សោម អូន​ មានប្រសាសន៍​កាល​ពីម្សិលមិញថា​ “ ការដើរក្បួននេះ​ មិនអាច​ដោះស្រាយ​អ្វី​បានទេ​ វាគ្រាន់តែ​ជា​ប្រធា​ន
បទ​មួយ​របស់​គណបក្ស​ប្រឆំាំង​ដើម្បី​ដើរក្បួន​ក្នុងគោល​បំណង​ចង់ស្វែង​រក​​សន្លឹក​ឆ្នោត​ឲ្យ​បាន​ច្រើនតែប៉ុណ្ណោះ”។

លោកលើកឡើងថា​ “ ប្រសិន​សហជីព​​ទាមទារច្រើនពេក​ វា​ប្រាកដ​ជាមាន​បញ្ហា​។ យើងមិនអាច​ដំឡើង​ប្រាក់ខែ​អប្បបរមា​ទូទៅ​​ឲ្យ​បានដល់​១៥០​ដុល្លារ​ក្នុងពេល​ឥឡូវ​នេះ​បាន​​ទេ​”។​

នៅ​ពេល​ថ្លែង​សុន្ទរកថា​ទៅកាន់​ កម្មករ​កម្មការិនី​ចំនួន​១.៣០០នាក់​ នៅឯ​កំពុង​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ កាលពី​ព្រឹក​​ម្សិល​មិញ​លោកនាយរដ្ឋ​មន្ត្រី ហ៊ុន សែន​ ​លើក​ឡើង​ថាកម្មករ​កម្មការិនី​ គួរតែ​សម្រាក​នៅ​ថ្ងៃប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ​ និង​​ឈប់សំរាក​ឲ្យបាន​សប្បាយ​ កុំ​ធ្វើការតវ៉ា​អី​។

លោកបានមាន​ប្រសាសន៍ថា​ “ នេះជា​សិទ្ធ​ិ​របស់ពួកគេ​​ក្នុងការធ្វើការ​តវ៉ានេះ​។ ប៉ុន្តែប្រសិន​បើយើង​មើល​ទៅ​កម្មករ​ទាំង​អស់​ពួកគេភាគច្រើន​សប្បាយ​រីករាយនឹងការ​ជប់​លៀង​ជាង​ការ​​ចូល​រួម​​ការ​ដើរ​ក្បួននេះ”៕

(រាយការណ៍បន្ថែមដោយ​ នៅ វណ្ណារិន)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស