មានប្រសាសន៍នៅឯកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅក្នុងខេត្តព្រះសីហនុ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាថា លោកនឹងរក្សាទុកឈ្មោះខេត្តនៅតំបន់មាត់សមុទ្រនេះ ហើយកេរដំណែលនៃឈ្មោះរបស់ខេត្ត ដែលឆ្លុះបញ្ចាំងពីភាពរុងរឿងក្រោមការដឹកនាំរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ ដែល ព្រះអង្គបានគង់ជាព្រះប្រមុខរដ្ឋម្តងទៀត នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០។
លោក ហ៊ុន សែន បានមានប្រសាសន៍ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីលោកបានថ្លែងក្នុងសុន្ទរកថា នៅក្នុងខេត្តព្រៃវែង ដែលលោកបានសម្តែងការបារម្ភពីការបំផ្លាញចោលកេរដំណែលរបស់លោក ប្រសិនបើលោកចាញ់ឆ្នោតនៅអាណត្តិក្រោយនេះថា “ បើទោះជាសម្តេចឪ នរោមត្ត សីហនុ បានសោយទិវង្គតហើយក៏ដោយ ក៏ព្រះនាមរបស់ព្រះអង្គនៅក្នុងខេត្តនេះ និងនៅកំពង់ផែនេះ ស្ថិតនៅជាមួយយើងជានិច្ច ហើយមិនមានការប្តូរឈ្មោះទេ”។
លោក ហ៊ុន សែន បានមានព្រមានកាលពីថ្ងៃច័ន្ទថា ប្រសិនបើគណបក្សប្រឆាំងឈ្នះការបោះឆ្នោតជាតិនៅខែកក្កដា ពួកគេនឹងលុបបំបាត់កេរដំណែលរបស់លោក ដោយបំផ្លាញអគារទាំងឡាយណា ដែលមានដាក់ឈ្មោះរបស់លោក ដែលក្នុងនោះភាគច្រើនជាសាលារៀន និងស្នាដៃផ្សេងទៀតសាងសង់ឡើង ដោយថ្នាក់ដឹកនាំក្នុងជួរមេដឹកនាំគណបក្សប្រជាជនកម្ពុជា។
លោកមានប្រសាសន៍ទំនងជាសំដៅទៅរកគណបក្សសង្គ្រោះជាតិថា “ ខ្ញុំសូមប្រកាសថា នឹងមិនមានការប្តូរឈ្មោះខេត្តព្រះសីហនុទេ
ដរាបណាគណបក្សប្រជាជនកម្ពុជានៅកាន់អំណាច។ ប៉ុន្តែ បើគណបក្សដទៃឈ្នះឆ្នោតវិញ ពួកគេអាចសម្រេចចិត្តផ្សេង”។
ឈ្មោះខេត្តព្រះសីហនុ ត្រូវបានប្តូរទៅខេត្តកំពង់សោមម្តងរួចមកហើយ អំឡុងរបប លន់ នល់ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ មុនពេលត្រូវបានប្តូរមកឈ្មោះដើមវិញនៅពេល ដែលអតីតព្រះមហាក្សត្រ នរោត្តម សីហនុ បានគ្រងរាជ្យជាលើកទី២ នៅពេលរបបរាជានិយមនៅក្នុងប្រទេសកម្ពុជាត្រូវបានបង្កើតឡើងវិញនៅឆ្នាំ១៩៩៣។
ក្នុងសុន្ទរកថារបស់លោក កាលពីម្សិលមិញ លោក ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា ប្រសិនបើមិនមានការផ្តួលរំលំសម្តេច នរោត្តម សីហនុ ក្រោមកណ្តាប់ដៃឧត្តមសេនីយ៍ លន់ នល់ ដែលគាំទ្រដោយអាមេរិក ក្នុងឆ្នាំ១៩៧០ទេនោះ ឥឡូវនេះ ប្រទេសកម្ពុជា សមនឹងក្លាយជាប្រទេសមានការរីកចម្រើនជាងកូរ៉េខាងត្បូងទៅទៀត។
លោកបានមានប្រសាសន៍ថា “ ប្រសិនបើមិនមានរដ្ឋប្រហារ [ទម្លាក់សម្តេច នរោត្តមសីហនុ] ទេ ហើយកំពង់ផែស្វយ័តនេះបានបន្តរីកចម្រើនស្របគ្នាជាមួយនឹងវិស័យដទៃទៀតនៅទូទាំងប្រទេស ហើយយើងនឹងមិនមានសង្គ្រាមទេ ប្រទេសរបស់យើងនឹងមានការអភិវឌ្ឍជាងនេះទៅទៀត”។
ដោយពន្យល់ថា នៅដើមទសវត្សរ៍១៩៧០ផលិតផលក្នុងស្រុកសរុបក្នុងបុគ្គលម្នាក់ក្នុងប្រទេសកម្ពុជា គឺស្មើនឹង២០០ដុល្លារ ចំណែកកូរ៉េខាងត្បូងវិញមានតែ៦២ដុល្លារប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា “ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋយើងអាចនឹងខ្ពស់ [ជាងកូរ៉េខាងត្បូងទៅទៀត]”។
យោងតាមតួលេខថ្មីបំផុតរបស់មូលនិធិរូបិយវត្ថុអន្តរជាតិពីឆ្នាំ២០១២ និងពីឆ្នាំ២០១៣ បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប សម្រាប់បុគ្គលម្នាក់នៅក្នុងប្រទេសកម្ពុជាយើង គឺប្រហែល៩៣០ដុល្លារ ឬប្រហែល៩៦ភាគរយតិចជាងផលិតផលក្នុងស្រុកសម្រាប់បុគ្គលម្នាក់របស់ប្រទេសកូរ៉េខាងត្បូងគឺប្រហែល ២៣.១០០ដុល្លារ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា ការអភិវឌ្ឍផ្នែកឧស្សាហកម្មរបស់ប្រទេសកម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០មានន័យថា ឆ្លើយតបនឹងតម្រូវការក្នុងស្រុក ហេតុដូច្នោះហើយ សូម្បីគ្មានសង្គ្រាមរាប់ទសវត្សរ៍ក៏ដោយ ក៏គេមិនឃើញមានការអភិវឌ្ឍដែលប្រទេសកូរ៉េខាងត្បូងបានពេញចិត្តក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះដែរ។
ដោយកត់សម្គាល់ឃើញថា កម្ពុជាត្រូវសមាជិកនៃប្លុកកុម្មុយនីស្ត ជួយការពារបន្ទាប់ពីខ្លួនបានបែកបាក់ទំនាក់ទំនងជាមួយអាមេរិក
ក្នុងឆ្នាំ១៩៦៣ រួចមកថា “ ប្រទេសកម្ពុជាមិនអាចមានការអភិវឌ្ឍតាមរបៀបដូចកូរ៉េខាងត្បូងបានទេ ពីព្រោះប្រទេសកម្ពុជាបានជ្រើសយកគំរូសេដ្ឋកិច្ចសង្គមនិយម”៕
ប្រែសម្រួលដោយ សោម សារុន