មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ក្រុមហ៊ុនជប៉ុនមួយ កាលពីម្សិលមិញ បានបើករោងចក្រផលិតសម្លៀកបំពាក់ស្គីទឹកកក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង សម្រាប់នាំចេញ។
លោក ហូ វណ្ណៈ អភិបាលរងខេត្តស្វាយរៀង ដែលបានចូលរួមពិធីសម្ពោធរោងចក្រនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តៃ សេង បាវិត បានមានប្រសាសន៍ថា ក្រុមហ៊ុន វូស៊ី ជេផេណា ស្ពត ហ្គូត ខូ អិលធីឌី (Wuxi Japana Sports Good Co., Ltd.) បានទទួលកម្លាំងកម្មករ២០០នាក់រួចហើយ ហើយនឹងចាប់ផ្តើមផលិតសម្លៀកបំពាក់កីឡា និងស្រោមដៃ។
លោក វណ្ណៈ មានប្រសាសន៍ថា “ ផលិតផលទាំងនេះ នឹងត្រូវបាននាំចេញទៅផ្គត់ផ្គង់លើទីផ្សារជប៉ុនវិញ។ ពួកគេនឹងត្រូវការកម្លាំង
កម្មករជាច្រើនពាន់នាក់បបន្ថែមទៀត ជាបន្តបន្ទាប់។ រោងចក្រនេះទូលាយ មានបរិស្ថានល្អ និងមានច្រកចេញសង្គ្រោះបន្ទាន់ នៅ
ពេលករណីអាក្រក់ចៃដន្យកើតឡើង”។
លោកក៏បានលើកឡើងអំពីប្រជាជនប្រហែល៣០.០០០នាក់ក្នុងខេត្តស្វាយរៀង ដែលបានធ្វើការនៅតាមរោងចក្រនានា ដែល
ភាគរយជារោងចក្រផលិតសម្លៀកបំពាក់រួចមកហើយផងដែរ។ គេហទំព័ររបស់ក្រុមហ៊ុនវូស៊ី ជេផេណា បានឲ្យដឹងថា ក្រុមហ៊ុននេះជាកម្មសិទ្ធិរបស់ជនជាតិជប៉ុន។
គេហទំព័រនេះបង្ហាញទៀតថា ក្រុមហ៊ុនមានឯកទេសកម្មផ្នែកផលិតសម្លៀកបំពាក់និងស្រោមដៃ សម្រាប់កីឡាជិះស្គី និងជិះក្តារបន្ទះលើទឹកកក។ ក្រុមហ៊ុនជប៉ុនជាច្រើនរួមទាំងក្រុមហ៊ុនផលិតគ្រឿងបច្ចេកវិទ្យាកាន់តែទើបៗ ដូចជា គ្រឿងអេឡិចត្រូនិកតូចៗ និងគ្រឿងរថយន្តជាដើម កាលពីពេលថ្មីៗនេះ
បានបង្កើតរោងចក្រជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងប្រទេសកម្ពុជា៕
ប្រែសម្រួលដោយ កង សុធា