26 C
Phnom Penh

បន្ទាប់​ពី​មាន​ការ​​ប្តឹងពី​ក្រុម​ហ៊ុន​ទូរស័ព្ទ​​ លោក​ សូរ​ ឃុន ​ថ្លែង​ថា​ ការ​ផ្តល់​ទឹក​ប្រាក់​បន្ថែម​ត្រូវ​បានលុប​ចោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ សូរ​ ឃុន​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃស​ណីយ៍​និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ សេចក្តី​សម្រេច​របស់​រដ្ឋា​ភិបាល​កាល​ពី​សប្តាហ៍​មុន​ ដែល​បញ្ជា​ឲ្យ​បញ្ឈប់​ការ​ផ្តល់​ទឹក​ប្រាក់​បន្ថែម​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ប្រជែង​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ប្រជែង​ផ្សេងៗ​ទៀត​ដាក់​ពាក្យ​ប្តឹង។

ចាប់​តាំង​ពី​បញ្ញត្តិ​ករ​ទូរ​គមនាគមន៍​កម្ពុជា​បាន​ចេញ​បទ​បញ្ជា​រួច​មក​ ក្រុម​ហ៊ុន​ស្មាត​ (Smart)​ ដែល​គ្រប់​គ្រង​ដោយក្រុម​ហ៊ុន​អាស៊ី​អាតា​ គ្រុប​ (Asiata Group)​ និង​ក្រុម​ហ៊ុន​ ម៉ូប៊ី​ថែល​ (MobiTel)​ ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​ គ្រុប​ (Royal Group)​ បាន​បញ្ចេញ​គំនិតជា​សាធារ​ណៈ​លើ​ការ​ផ្តល់​ទឹក​ប្រាក់​បន្ថែម​ខុសៗ​គ្នា។

ក្រុម​ហ៊ុន​ ស្មាត​ បាន​លើក​ឡើងឲ្យ​ដឹង​​ថា​ គេ​គួ​រតែ​ទុក​ឲ្យ​ក្រុម​ហ៊ុន​ទាំង​អស់​ជា​អ្នក​សម្រេចធ្វើ​នូវ​រាល់​កិច្ចការ​ទាំង​អស់​ ដែល​ក្រុម​ហ៊ុន​​ទាំង​នោះ​ពេញ​ចិត្ត​នឹងធ្វើ​ ចំណែក​ឯ​ក្រុមហ៊ុន​ម៉ូប៊ីថែល​វិញ​បាន​លើក​ឡើង​ថា​ ការ​​ផ្តល់​ទឹក​ប្រាក់​បន្ថែម​នៅ​ក្នុង​ទីផ្សារ​មាន​លក្ខណៈ​មិន​យុត្តិ​ធម៌។

ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​មក​ ក្រុម​ហ៊ុន​ស្មាត​ បាន​ផ្តល់​ជូន​ទឹក​ប្រាក់​បន្ថែម​ចំនួន​៥០០​ភាគ​រយ​នៅ​ពេល​បញ្ចូល​ទឹក​ប្រាក់​ ហើយ​ក្រុម​ហ៊ុន​ ម៉ូប៊ីថែល​ បាន​ផ្តល់​ជូន​ទឹក​ប្រាក់​បន្ថែម​ចំនួន​១០០​ភាគ​រយ​ចាប់​តាំង​ពី​ខែ​ធ្នូ​មក។

លោក​ សូរ​ ឃុន​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ ដោយ​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ ដែល​បាន​ប្តឹង​ទៅ​រដ្ឋា​ភិបាល​ថា​ “ នៅ​ពេល​ការ​ផ្សព្វ​ផ្សាយ​អំពី​[ការ​ផ្តល់​ទឹក​ប្រាក់​បន្ថែម​]​ត្រូវ​បាន​ធ្វើ​ ក្រុម​ហ៊ុន​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​នោះ​ទេ​។​

ក្រោយ​មក​ ក្រុម​ហ៊ុន​មួយ​បាន​រាយការ​ណ៍​ទៅ​រដ្ឋា​ភិបាល​ថា​ ក្រុម​ហ៊ុន​ផ្សេង​ទៀត​មិន​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​របស់​ក្រសួង​”។ លោក​ អៀន​ វ៉ាត​សុន​ (Ian Watson)​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ ម៉ូប៊ីថែល​ បាន​បដិសេធ​ថា​ មិន​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រសួង​នោះ​ទេ។

លោក​បាន​លើក​ឡើង​ដូច្នេះ​ថា​ “​ ទេ​ មិន​មែន​ពួក​យើង​ទេ។​ យើង​មិន​បាន​ប្តឹង​ទៅ​ស្ថា​ប័ន​រដ្ឋា​ភិបាល​ ឬ​អាជ្ញា​ធរ​ណា​មួយ​នោះ​ទេ”។ លោក​ ហាន់​ ក៏​បាន​បដិសេធ​ថា​ មិន​បាន​ដាក់​ពាក្យ​ប្តឹង​ដែរ។​ លោក​បាន​មាន​ប្រសាសន៍​​ថា​ “ យើង​មិន​បាន​ប្តឹង​ទៅ​នរណា​ម្នាក់​អំពី​សកម្មភាព​របស់​គូប្រជែង​នោះ​ទេ​។​ យើង​គាំ​ទ្រ​ចំ​ពោះ​ទីផ្សារ​សេរី​”។

លោក​ សូរ​ ឃុន​ បាន​មាន​ប្រសាសន៍​ថា​ កិច្ច​ប្រជុំ​មួយ​រវាង​ក្រុម​ហ៊ុន​បម្រើសេវា​ទូរ​ស័ព្ទ​ចល័ត​ទាំង​ប្រាំ​បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​ ត្រូវ​បាន​គេ​គំណត់​ពេល​ធ្វើ​នៅ​សប្តាហ៍​ក្រោយ​នេះ​ ដើម្បី​​ពិភាក្សា​អំពី​សេចក្តី​សម្រេច​ កាលពី​ថ្ងៃ​សុក្រ​ ក៏​ប៉ុន្តែ​លោក​បាន​បន្ថែម​ទៀត​ថា​ ក្រុម​ហ៊ុន​ទាំង​នេះ​ត្រូវ​តែ​អនុ​វត្ត​តាម​ច្បាប់។

លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងដូច្នេះ​​ថា​ “ គេ​ត្រូវ​តែ​អនុវត្ត​ច្បាប់។​ ប្រសិន​បើ​ពួក​គេ​មិន​ចង់​ធ្វើ​តាម​ច្បាប់​របស់​រដ្ឋា​ភិបាល​ តើ​ពួក​គេ​អាច​ធ្វើ​ការ​ងារ​ជា​មួយ​រដ្ឋា​ភិបាល​បាន​ដោយ​ដូច​ម្តេច​​នឹង​កើត​ទៅ?​ ដូច្នេះ​ពួក​គេ​អាច​ចាក​ចេញ​បាន​។​ អ្នក​មិន​អាច​ចេះ​តែ​ប្រកួត​ប្រជែង​ ដើម្បី​នៅ​តែ​ម្នាក់​ឯង​ ហើយ​ទុក​ឲ្យ​អ្នក​ផ្សេង​ស្លាប់​នោះ​ទេ។​ សូម្បី​តែ​វា​ជា​ទីផ្សារ​សេរី​ក៏​ដោយ​ ក៏​អ្នក​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​តាម​វិធាន​នៃ​ច្បាប់ដែរ​”៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស