លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ប្រជាពលរដ្ឋប្រហែល៥.០០០នាក់ក្នុងខេត្តកំពង់ចាមកាលពីម្សិលមិញថា កូនប្រុសរបស់លោក គឺ លោក ហ៊ុន ម៉ាណែត ប្រហែលកើតមកពីអ្នកតា ដែលប្រែកាឡាជាពន្លឺដ៏ភ្លឺចែងចាំងហោះចេញពីដើមពោធិ៍រំលងផ្ទះរបស់លោក ដែលនៅពេលនោះកូនប្រុសរបស់លោកបានចាប់កំណើតតែម្ដង។
លោក ហ៊ុន សែន បានមានប្រសាសន៍សំសៅដល់អ្នកតាដែលគេគោរពបូជានៅខ្ទមមួយក្រោមដើមពោធិ៍នៅក្នុងភូមិកោះថ្ម ស្រុកមេមត់ កន្លែងដែលលោក ហ៊ុន សែន ថ្លែងកាលពីម្សិលមិញថា លោកស្រី ប៊ុន រ៉ានី ភរិយារបស់លោកកើតបាន ហ៊ុន ម៉ាណែត ក្នុង
ឆ្នាំ១៩៧៨ ហើយលោកមានប្រសាសន៍ថាម៉ាណែត អាចជាកូនអ្នកតាអញ្ចាញកោះថ្ម”។
លោក ហ៊ុន សែន បានប្រាប់អ្នកភូមិ និងព្រះសង្ឃដែលបានចូលរួមក្នុងពិធីសម្ពោធវត្តថ្មីមួយក្នុងឃុំទន្លូងថា “ ពេល [ម៉ាណែត]ចាប់កំណើតមានពន្លឺភ្លឺចែងចាំងហោះរំលងដំបូលផ្ទះរបស់យើង”។លោកមានប្រសាសន៍បន្តថា“ តំបន់នេះគឺជាកន្លែងដែលយើងរស់នៅ ហើយប្រឈមនឹងការពិបាកច្រើនណាស់ពេលកើតកូនច្បង ម៉ាណែត”។
លោកមានប្រសាសន៍មុនពេលណែនាំលោក ហ៊ុន ម៉ាណែត ដែលអង្គុយនៅក្បែរឪពុកអំឡុងសុន្ទរកថាកាលពីម្សិលមិញឲ្យទៅគោរពផ្នូរសពបងប្រុសរបស់ខ្លួនថា “ ខ្ញុំត្រឡប់មកស្រុកនេះ មកធ្វើបុណ្យស្ទើរតែរាល់ឆ្នាំ”។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា កូនគួរតែទៅអុជធូបគោរពបងប្រុសរបស់កូន បន្ទាប់ពីយើងចប់ការងារនៅទីនេះ”។
លោកបានមានប្រសាសន៍បន្ថែមដោយកំប្លែងលេងថា“ កូនគួរតែទៅមើលដើមពោធិ៍នោះដែរ ព្រោះកូនកើតមកពីដើមពោធិ៍នោះ”។
លោក ហ៊ុន សែន តែងតែនិយាយអំពីព្រលឹងអ្នកតាពេលថ្លែងសុន្ទរកថារបស់លោក និងពេលចេញទៅណាម្តងៗ។
គួររំឭកថា បន្ទាប់ពីពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចឪ នរោត្តម សីហនុ កាលពីខែកុម្ភៈ លោក ហ៊ុន សែន មានប្រសាសន៍ថា វិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រប្រាកដជាបានទតឃើញពិធីបុណ្យនោះ ព្រោះថា មានតែលោក ហ៊ុន សែន ម្នាក់គត់ ដែលអាចថ្វាយព្រះភ្លើងបាន បន្ទាប់ពីគ្រួសាររាជវង្សបានព្យាយាមថ្វាយព្រះភ្លើងបួនលើក ប៉ុន្ដែបរាជ័យ។
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍កាលពីម្សិលមិញថា លោក ហ៊ុន សែន ដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃអបិយជំនឿនៅក្នុងសង្គមខ្មែរ ជាពិសេសក្នុងចំណោមមនុស្សវ័យចំណាស់។
លោកស្រី ជា វណ្ណាត មានប្រសាសន៍បន្ដថា “ ប្រជាពលរដ្ឋខ្មែរចាស់ៗនៅតែជឿយ៉ាងមុតមាំលើជំនឿ និងអព្ភូតហេតុទាំងនេះរួម
ទាំងទេពច្យុតផងដែរ ដែលប្រជាពលរដ្ឋខ្មែរតែងមានជំនឿថា មានមនុស្សអស្ចារ្យមកចាប់កំណើតនៅលើផែនដី”។
លោកស្រីបន្ថែមថា “ អ្នកនយោបាយបើកយុទ្ធនាការឃោសនា ទៅតាមវប្បធម៌ និងជំនឿ ដើម្បីទទួលបានផលប្រយោជន៍”។
លោក ហ៊ុន សែន ក៏បានមានប្រសាសន៍កាលពីម្សិលមិញផងដែរថា មិនដូចកូនប្រុសរបស់លោកម្នាក់ទៀត គឺ ហ៊ុន ម៉ានី ដែលឈរឈ្មោះជាតំណាងរាស្ត្រនៅក្នុងមណ្ឌលកំពង់ស្ពឺនោះទេ ម៉ាណែត នឹងមិនប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិឆ្នាំនេះទេ ប៉ុន្ដែត្រូវបានលោកតែងតំាងឲ្យធ្វើការជាមួយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជួយអភិវឌ្ឍស្រុកមេមត់។
លោក ហ៊ុន សែន ក៏បានលើកឡើងនៅក្នុងសុន្ទរកថារបស់លោកផងដែរថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានស្ដាប់ឮ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនិងលោក កឹម សុខា អនុប្រធានរបស់បក្សនេះប្រកែកគ្នាអំពីនរណាជាអាយ៉ងរបស់
គណបក្សប្រជាជនតាមខ្សែអាត់សំឡេងមួយ ដែលថតអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងឆ្នាំ២០០៨ ដែលកាលណោះលោកទាំងពីរកំពុងឃោសនាឲ្យគណបក្សប្រឆាំង។
លោកបានមានប្រសាសន៍អំពីខ្សែអាត់សំឡេងដែលបានចេញផ្សាយដោយអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីដើមសប្ដាហ៍នេះ និងត្រូវបានផ្សាយតាមទូរទស្សន៍រដ្ឋមួយចំនួនដែលគាំទ្រគណបក្សកាន់អំណាចកាលពីពីរថ្ងៃមុននេះ។
លោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្ស មុនពេលរួមបញ្ចូលជាមួយគណបក្ស សម រង្ស៊ី កាលពីឆ្នាំមុនមានប្រសាសន៍ថា លោកមិនភ្ញាក់ផ្អើលទេ ដែលលោក ហ៊ុនសែន និងគណបក្សប្រជាជនកម្ពុជាលើកយកខ្សែអាត់សំឡេងដែលមានអាយុកាល៥ឆ្នាំទៅហើយ មកផ្ចាញ់គណបក្សប្រឆាំងនោះ។
លោក កឹម សុខា បានមានប្រសាសន៍ថា “ គ្មានអ្វីថ្មីនោះទេចំពោះខ្ញុំ។ គាត់តែងតែព្យាយាមបំបែកបំបាក់ទំនាក់ទំនងរបស់យើង និងបង្អាក់ទឹកចិត្តប្រជាពលរដ្ឋ”។
លោកបានបន្ដថា “ [លោក ហ៊ុន សែន ]គ្មានគំនិតអ្វីទេ ពេលនេះគាត់កំពុងតែភ័យខ្លាច ព្រោះប្រជាពលរដ្ឋកំពុងតែបាត់បង់ជំនឿលើគាត់”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា