តំណាងរបស់ប្រជាពលរដ្ឋចំនួន១៥៧គ្រួសារ ដែលត្រូវបណ្ដេញចេញកាលពីឆ្នាំ២០១០ពីដីសម្បទានសង្គមមួយកន្លែងនៅក្នុងខេត្តព្រះវិហារ ដែលជាកម្មសិទិ្ធរបស់អ្នកជំនួញឈ្មោះ ប៉ែន លីម ដែលធ្លាប់ជាទីប្រឹក្សាម្នាក់របស់លោក ជា សុីម ប្រធានព្រឹទ្ធសភា បានមករាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីដាក់ញត្តិសុំជំនួយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
គ្រួសារទាំងនេះ បានឲ្យដឹងថា ពួកគាត់ត្រូវលោក ប៉ែន លីម បង្ខំឲ្យចាកចេញពីដីធ្លីនេះ បន្ទាប់ពីលោកបានចំណាយប្រាក់រាប់ពាន់ដុល្លារទិញយកដីនេះ ហើយពួកគាត់បានទៅរស់នៅជាមួយនឹងសាច់ញាតិតាំងពីពេលនោះមក។
អ្នកស្រី ជា ច័ន្ទសិលា ដែលបានអះអាងថា បានទទួលប្រាក់១.៥០០ដុល្លារ ពីដីដែលគាត់ត្រូវបានបណ្ដេញចេញ ហើយចង់បានដីនេះមកវិញនោះ បាននិយាយថា “ យើងមកទីនេះនៅថ្ងៃនេះដើម្បីសុំជំនួយពីសម្ដេចហ៊ុន សែន ពីព្រោះយើងទាំងអស់គ្នាគ្មានផ្ទះសំបែងរស់នៅទេ”។
តំណាង៥០រូប ដែលប្រមូលផ្ដុំគ្នានៅសួនច្បារវត្តបទុម និងបានជួបជាមួយលោក នៅ រ៉ា សមាជិកមួយរូបនៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ដែលបានទទួលយកញត្តិនេះ និងបានមានប្រសាសន៍ថា លោកអភិបាលខេត្តព្រះវិហារនឹងជួយដោះស្រាយ
ពីក្តីព្រួយបារម្ភរបស់ពួកគាត់ ។
តំណាងប្រជាពលរដ្ឋទាំងនេះ បានឲ្យដឹងថា នេះជាលើកទី៤ហើយដែលពួកគាត់បានមករាជធានីភ្នំពេញ ដើម្បីស្វែងរកជំនួយ។
លោក ប៉ែន លីម មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ប៉ុន្តែ បានបដិសេធថាមិនបានធ្វើអ្វីខុសនោះទេ កាលពីពេលមុន ។
នៅក្នុងករណីដាច់ដោយឡែកមួយផ្សេងទៀត តំណាង១០រូប របស់ប្រជាពលរដ្ឋចំនួន៥៦គ្រួសារ នៅក្នុងដីមួយ ដែលមានវិវាទជាមួយនឹងកងពលលេខ៨នៃកងយោធពលខេមរភូមិន្ទ ដែលមានមូលដ្ឋាននៅខេត្តឧត្ដរមានជ័យ ក៏បានមកសួនច្បារវត្តបទុម កាលពីម្សិលមិញ ដើម្បីស្វែងរកជំនួយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ក្រុមអ្នកតំណាងទាំងនេះ បានចោទប្រកាន់អាជ្ញាធរមូលដ្ឋាន ថាបានយកដីរបស់ពួកគាត់សរុបទាំងអស់ទំហំ ២៤០ហិកតា និងបានប្រគល់ញត្តិមួយឲ្យលោក នៅ រ៉ា ដោយស្នើសុំជួយយកដីនេះមកវិញ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ