វិស្វករជាង៥០នាក់ដែលក្រុមហ៊ុនសំណង់សូ៊មីតូម៉ូ មីតស៊ូ (Sumitomo Mitsui) របស់ជប៉ុន ជួលឲ្យសាងសង់ស្ពានអ្នកលឿងនៅក្នុងខេត្តកណ្តាលនោះ បានធ្វើការតវ៉ាកាលពីថ្ងៃពុធចំពោះការបង់ពន្ធលើប្រាក់ចំណូលចំនួន១០ភាគរយ ហើយកំពុងតែគំរាមធ្វើកូដកម្មម្តងទៀត ប្រសិនបើនិយោជករបស់ខ្លួនមិនព្រមសងពួកគេវិញទេនោះ។
ការធ្វើបាតុកម្មចំថ្ងៃទី១ខែឧសភារបស់វិស្វករចំនួន៥៤នាក់នៅក្នុងស្រុកលើកដែកនេះ គឺជាការតវ៉ាចុងក្រោយក្នុងចំណោមការតវ៉ាជាបន្តបន្ទាប់ពីសំណាក់កម្មករ ដែលមិនចង់បង់ពន្ធលើប្រាក់ខែរបស់ខ្លួន និងធ្វើឡើង នៅពេលមានគំនាបកាន់តែខ្លាំងឡើងទៅលើរដ្ឋាភិបាលកុំឲ្យពឹងផ្អែកលើជំនួយបរទេសខ្លាំងពេក និងឲ្យប្រមូលប្រាក់ចំណូលពន្ធឲ្យបានច្រើនថែមទៀត។
យោងតាមលោក ឆ សីហា វិស្វករនៅក្រុមហ៊ុន ស៊ូមីតូម៉ូ បានឲ្យដឹងថា ការកាត់ពន្ធ១០ភាគរយពីប្រាក់ខែ៤០០ដុល្លាររបស់គាត់ ត្រូវបានអនុវត្តរយៈពេល២ឆ្នាំមកហើយ។លោកក៏បានលើកឡើងផងដែរថា មន្ត្រីនៅក្រុមហ៊ុន ស៊ូមីតូម៉ូ បានប្រាប់បុគ្គលិកម្តងហើយម្តងទៀតថា ក្រុមហ៊ុននឹងបើកប្រាក់កាត់ពន្ធនោះឲ្យពួកគេវិញ។
លោក សីហា មានប្រសាសន៍ថា “ យើងបានសម្រេចធ្វើការតវ៉ា ពីព្រោះពួកយើងទាំងអស់គ្នា បាននិងកំពុងរង់ចាំរយៈពេលពីរឆ្នាំហើយមកទល់ពេលនេះ ប៉ុន្តែក្រុមហ៊ុនមិនបានឆ្លើយតបប្រាប់យើងអំពីការកាត់ប្រាក់ខែនេះទេ”។
លោកបន្ថែមថា ពួកគេបានវិលទៅធ្វើការវិញកាលពីម្សិលមិញ ព្រោះក្រុមហ៊ុនបានសន្យាដោះស្រាយការទាមទាររបស់ពួកគេនៅថ្ងៃនេះ។ លោក សីហា បានឲ្យដឹងទៀតថា “ យើងនឹងតវ៉ាជំទាស់នឹងក្រុមហ៊ុននេះ ប្រសិនបើពួកគេគ្មានដំណោះស្រាយសម្រាប់យើង
[ត្រឹមថ្ងៃនេះ]ទេ”។
កាលពីខែមុន កម្មករមកពីក្រុមហ៊ុន ឆយ តាក់ស៊ី (Choice Taxi) ដែលជាក្រុមហ៊ុនផ្តល់សេវារថយន្តតាក់ស៊ី របស់កូរ៉េ បានធ្វើកូដកម្មរយៈពេលមួយថ្ងៃ ដើម្បីតវ៉ាចំពោះសេចក្តីសម្រេចរបស់ក្រុមហ៊ុនដែលបានចាប់ផ្តើមកាត់ពន្ធលើប្រាក់ខែ១០ភាគរយចាប់ពីខែឧសភាទៅ។ ទីបំផុតក្រុមហ៊ុន ឆយ តាក់ស៊ី បានសម្រេចបង់ពន្ធ ជួសឲ្យកម្មកររបស់ខ្លួន ដើម្បីបញ្ចប់កូដកម្ម។
កម្មកររោងចក្រដែលទទួលបានប្រាក់ខែ១២៥ដុល្លារតាមរយៈការងារបន្ថែមម៉ោង ក៏បានធ្វើការតវ៉ាចំពោះការបង់ពន្ធ៥ភាគរយដែរ ហើយបានទាមទារឲ្យរោងចក្របង់ពន្ធនេះវិញ។
ទោះជាយ៉ាងណា ការប្រមូលពន្ធ គឺជាអាទិភាពមួយរបស់រដ្ឋាភិបាល។ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្រមានកាលពីដើមឆ្នាំនេះថា ប្រាក់ចំណូលពន្ធរបស់រដ្ឋាភិបាលមិនសមនឹងកំណើនផលិតផលសរុបក្នុងស្រុករបស់ប្រទេសនេះទេ។
លោក អុំ ឆុន ប្រធាននាយកដ្ឋាននីតិកម្មនៅអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថាមន្ត្រីរាជការ និងនិយោជិតទាំងអស់ត្រូវតែបង់ពន្ធលើប្រាក់ខែរបស់ខ្លួន។
លោក អុំ ឆុន បន្តថា “ នេះជាកាតព្វកិច្ចរបស់មន្ត្រីរាជការ និងនិយោជិត ដើម្បីបង់ពន្ធលើប្រាក់ខែ ហើយពន្ធនឹងកើនឡើងឲ្យស្របតាមការដំឡើងប្រាក់ខែ”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយឲ្យបានជាក់លាក់ថា តើក្រុមហ៊ុន ស៊ូមីតូម៉ូ មីតស៊ូ ទទួលបានការលើកលែងពន្ធពិសេសឬអត់ទេ។
លោក អាកទ័រ ហ៊ូសសេន (Akhter Hussaine) ប្រធានរដ្ឋបាលរបស់ក្រុមហ៊ុន ស៊ូមីតូម៉ូ មីតស៊ូបានថ្លែងថា បច្ចុប្បន្នក្រុមហ៊ុននេះកំពុងសហការជាមួយក្រសួងហិរញ្ញវត្ថុ ដើម្បីដោះស្រាយការទាមទាររបស់កម្មករខ្លួន។
លោក ហ៊ូសសេន បន្តថា “ វាជាសេចក្តីសម្រេចរបស់រដ្ឋាភិបាល។វាមិនមែនជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនក្នុងការបង់ពន្ធនេះទេ”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី