28 C
Phnom Penh

អ្នក​សង្កេត​ការណ៍​អំពាវ​នាវ​ឲ្យ​មាន​តំ​ណាងចម្រុះបក្ស​​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​ដោយ​សារតែ​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ភាគ​ច្រើន​ជា​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នោះ​ កាល​ពី​ម្សិល​មិញ​ អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ឯក​រាជ្យ​​បាន​អំពាវ​នាវ​ឲ្យ​​​មាន​អ្នក​សង្កេត​ការណ៍​មក​ពី​គ្រប់​គណបក្ស​​ អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា។

​អង្គការ​ខុម​ហ្វ្រែល​ និង​អង្គការ​​និកហ្វិក​ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​កែ​ទម្រង់​គណៈ​កម្មាធិការ​​​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ដើម្បី​ធានា​ថា គ្រប់​គណបក្ស​ទាំង​​អស់​មាន​តំណាង​របស់​ខ្លួន​នៅ​​ក្នុង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។​

​លោក ធន សារាយ ប្រធាន​អង្គការ​ខុម​ហ្វ្រែល​និងជា​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​មានប្រសាសន៍​ថា “ យើង​ទាម​ទារ​ឲ្យ​មានសមាជិក​​មក​ពី​គ្រប់​គណបក្ស​នយោ​បាយ​​នៅ​ក្នុង​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ឃុំ-សង្កាត់…មិន​មែន​មាន​​តែ​មួយ​គណបក្ស​នោះទេ”។​​​លោក​​បន្ដ​ថា “ ប្រសិន​បើ​សំណើ​របស់​យើង​មិន​ត្រូវ​បាន​គេ​​ទទួល​យក​ទេ​នោះ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក៏​​មិន​អាច​ទទួល​យក​បាន​ដែរ”។​

គណៈកម្មាធិការរៀប​ចំការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ ខេត្ត​-ក្រុង និង​ថ្នាក់​ជាតិ​​ត្រូវ​បាន​គណ​បក្ស​ប្រឆាំង​​រិះ​គន់​ម្ដង​ហើយ​ម្ដង​ទៀត​ ដែល​​​ចោទ​​​គណៈកម្មាធិការ​ទាំង​នេះថា បក្ខ​ពួក​និយម​ និង​បាន​អំពាវ​នាវ​ឲ្យ​មាន​តម្លាភាព​ថែម​​ទៀត​ ព្រម​ទាំង​សេើរើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្នាក់​ជាតិឡើង​វិញ​ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត។​

​អង្គការ​ខុម​ហ្វ្រែល​ និង​អង្គការ​និកហ្វិក​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា“ យើង​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា គណៈ​
កម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​គួរ​តែ​ពិភាក្សា​ឲ្យ​បាន​ល្អិត​ល្អន់​ជា​មួយ​គណបក្ស​នយោ​បាយទាំង​អស់ និង​អង្គការ​សង្គម​ស៊ីវិល
​​នានា​ ដើម្បី​ធានាថា ​មាន​ដំណោះ​ស្រាយ​សម​​ស្រប​ចំពោះ​​​អនុសាសន៍​ខាង​លើ។​ប្រសិន​បើ​សំណើ​ទាំង​នេះ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​មុន​ថ្ងៃ​បោះឆ្នោត​ទេ យើង​បារម្ភ​ថា​​ ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​នេះ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ទំនុកចិត្ត​និង​​ការ​ទទួល​ស្គាល់​ពី​អ្នក​ជាប់​ពាក់​ព័ន្ធ​ក្នុង​ស្រុក​និង​អន្តរ​ជាតិ”។​

​អ្នក​សង្កេត​ការណ៍​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​“ គណៈកម្មាធិការ​ពិសេស​មួយ​” ដើម្បី​ត្រួត​ពិនិត្យ​ការ​កែ​ទម្រង់​តាម​ការ​អំពាវ​នាវ​​នេះ​ផង​ដែរ។​

​កាល​ពី​ខែ​មុន ​សមាជិក​គណបក្ស​សង្គ្រោះ​​ជាតិ​ជា​ច្រើន​ពាន់​នាក់​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​​សួន​សេរី​ភាព​ ដោយ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ពន្យារ​ពេល​នៃ​ការ​បោះ​ឆ្នោត​នេះ​​​រហូត​ដល់​​​មាន​កំណែ​ទម្រង់​នៅ​ក្នុង​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​នេះ​សិន។

​លោក យ៉ែម បុញ្ញរិទ្ធ​ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ថ្លែង​​ថា គណបក្ស​នេះ​នឹង​ធ្វើ​ការ​តវ៉ា​មួយ​ផ្សេង​ទៀត​នៅ​ខែ​នេះ។​  ពេល​ទាក់​ទង​តាម​ទូរ​ស័ព្ទ​កាល​ពី​ម្សិល​មិញ លោក ទេព នីថា អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្លែង​​ថា គណៈកម្មាធិការ​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោតបាន​សម្រេច​អនុញ្ញាត​​ឲ្យ​សមាជិក​គណបក្ស​នយោ​បាយ​មក​ពី​គ្រប់​គណបក្ស​មាន​វត្ត​មាន​នៅ​ការិយាល័យ​​បោះ​ឆ្នោតនៅ​ថ្ងៃ​បោះ​ឆ្នោត។​

​លោក​បាន​មានប្រសាសន៍​ថា“ យើង​បាន​អនុញ្ញាត​ឲ្យ​តំណាង​មក​ពី​គ្រប់​គណ​បក្ស​ និង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​នានា​ធ្វើ​ជា​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​​បោះ​ឆ្នោត​ តាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨​មក​ម៉្លេះ”។ ប៉ុន្ដែ​ លោក​បាន​បន្ថែម​ថា ការ​ជ្រើស​រើស​មនុស្ស​មក​ពី​គ្រប់​គណ​បក្ស​ឲ្យ​ចូល​រួម​នៅ​ក្នុង​គណៈ​កម្មា​ធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នោះ គឺ​​ “ មិន​អាច​ទទួល​យក​បាន​ទេ​”។​​​​​​

​លោក​បាន​មាន​ប្រសាសន៍បន្ថែមទៀត​​ថា “ ប្រសិន​បើ​អង្គការក្រៅ​​រដ្ឋា​ភិបាល​ចង់​ប្ដឹង​ ​ពួកគេ​មានសិទ្ធ​ិ​សុំ​ឲ្យ​ប្រធានការិយាល័យ​បោះ​ឆ្នោត​បក​ស្រាយ ​ប្រសិន​បើ​​​ពួកគេ​រក​ឃើញ​​អ្វី​មួយ​​មិន​​ប្រក្រតីនោះ​​”៕

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស