30 C
Phnom Penh

ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ទាំង​ប្រាំបី​គ្រោង​ជួប​ប្រជុំ​ជា​មួយ​បញ្ញត្តិករ​ទូរគមនា​គមន៍​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មួយ​រូប​បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា​ ក្រុម​ហ៊ុន​បម្រើ​សេវា​ទូរ​ស័ព្ទ​ចល័ត​ទាំង​ប្រាំបី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គ្រោង​ជួប​ប្រជុំ​ជា​មួយ​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ​ ដើម្បី​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​កាល​ពី​ឆ្នាំ​២០០៩​ ដែល​បាន​កំណត់​នូវ​តម្លៃ​អប្បបរមា​សម្រាប់​ការ​ហៅ​ទូរស័ព្ទ។

លោក​ ឡាយ​ ម៉ារីវ៉ូ​ អនុ​ប្រធាន​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ “​ យើង​បាន​ផ្ញើ​លិខិត​អញ្ជើញ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​…។​ កិច្ច​ប្រជុំ​នេះ​គ្រោង​ពិភាក្សា​អំពី​តម្លៃ​ និង​ដើម្បី​ព្យាយាម​កំណត់​អត្រា​ទាប​ជាង​មុន​”។

តម្លៃ​អប្បបរមា​នា​ពេល​បច្ចុប្បន្ន​មាន​កម្រិត​៤,៥​សេន​ក្នុង​មួយ​នាទី​សម្រាប់​ការ​ហៅ​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​ និង​មាន​កម្រិត​៥,៩៥​សេន​សម្រាប់​ការ​ហៅ​ឆ្លង​ប្រព័ន្ធ។​ កាលពី​ថ្ងៃ​ទី២៦​ខែ​មេសា​ បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​ បាន​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​បម្រើ​សេវា​ទូរ​ស័ព្ទ​ចល័ត​ទាំង​អស់​អនុវត្ត​តាម​ច្បាប់​ ហើយ​នៅ​ក្នុង​សប្តាហ៍​នេះ​ ក្រុម​ហ៊ុន​បម្រើ​សេវា​ទូរ​ស័ព្ទ​ចល័ត​ធំ​ជាង​គេ​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ក្រុម​ហ៊ុន​ ស្មាត​ (Smart)​ និង​ក្រុម​ហ៊ុន​ ម៉ូប៊ីថែល​ (MobiTel)​មាន​ភាព​ប្រទាញ​ប្រទង់​ជា​មួយ​គ្នា​ជុំ​វិញ​បញ្ហា​ថា​ តើ​ក្រុម​ហ៊ុន​ទាំង​អស់​នៅ​ក្នុង​ទីផ្សារ​គួរ​តែ​ត្រូវ​គោរព​តាម​ការ​កំណត់​​តម្លៃ​អប្បបរមា​ ឬ​ក៏​អត់។

លោក​ ថូម៉ាស​ ហាន់​ (Thomas Hundt)​ នាយក​​ប្រតិបត្តិ​ក្រុម​ហ៊ុន​ ស្មាត បាន​ឲ្យ​ដឹង​តាម​អុីម៉េល​​ដូច្នេះ​ថា​ “​ ក្រុម​ហ៊ុន​ ស្មាត​ នឹង​ស្នើសុំ​ទៅ​បញ្ញ​ត្តិករ​ទូរ​គមនាគមន៍​កម្ពុជា​ឲ្យ​ដក​ការ​កំណត់​តម្លៃ​អប្បបរមា​ចេញ​វិញ​ និង​ឲ្យ​អនុវត្ត​តាម​គោល​ការណ៍​ទីផ្សារ​សេដ្ឋ​កិច្ច​សេរី​សម្រាប់​វិស័យ​ទូរគមនាគមន៍​ឡើង​វិញ​ ដើម​្បី​ឲ្យ​ស្រប​ជា​មួយ​នឹង​មូល​ដ្ឋាន​គ្រឹះ​នៃ​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា​ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ និង​ច្បាប់​វិនិយោគ​”។

ក្រុម​ហ៊ុន​ ស្មាត​ ដែល​គ្រប់​គ្រង​ដោយ​ ក្រុម​ហ៊ុន​ អាស៊ី​អាតា​ គ្រុប​ (Asiata Group)​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ បាន​ផ្តល់​ទឹក​ប្រាក់​បន្ថែម​ចំនួន​៥០០​ភាគ​រយ​ដល់​អតិថិជន​របស់​ខ្លួន​នៅ​ពេល​បញ្ចូល​ទឹក​ប្រាក់​ នៅ​មុន​ការ​​ចេញ​បទ​បញ្ជា​របស់​បញ្ញត្តិករ​ទូរគមនា​គមន៍​កម្ពុជា។

លោក​ អៀន​ វ៉ាតស៊ុន​ (Ian Watson)​ នាយក​​ប្រតិបត្តិ​ក្រុម​ហ៊ុន​ ម៉ូប៊ីថែល​ ​មាន​ប្រសាសន៍​ថា​ ក្រុម​ហ៊ុន​របស់​លោក​គ្រាន់​តែ​ចង់​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​ទី​ផ្សារ​ដោយ​យុត្តិ​ធម៌​តែ​ប៉ុណ្ណោះ។

លោក​បាន​លើក​ឡើង​ថា​ “ គោល​ជំហរ​របស់​យើង​គឺ​ចង់​ឲ្យ​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​ទីផ្សារ​ដោយ​យុត្តិ​ធម៌​ ដើម្បី​​បង្កើត​ ឬ​ក៏​បំផ្លិច​បំ​ផ្លាញ​តម្លៃ​”។​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រុម​ហ៊ុន​ ស្មាត​ និង​ក្រុម​ហ៊ុន​ ម៉ូប៊ីថែល​ បាន​ផ្តល់​ព័ត៌​មាន​តាម​បណ្តាញ​អុីន​ធើណិត​ថា​ ខ្លួន​បាន​បញ្ឈប់​ការ​ផ្សព្វ​ផ្សាយ​ផ្តល់​ទឹក​ប្រាក់​បន្ថែម​ចេញ​វិញ​តាម​សេច​ក្តី​សម្រេច​របស់​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​ ហើយ​ក្រោយ​មក​អតិ​ថិជន​ដែល​មាន​កំហឹង​បាន​ប្រើ​ប្រាស់​បណ្តាញ​​ទំ​នាក់​ទំនង​សង្គម​ ហ្វេសប៊ុក​ (Facebook)​ ដើម្បី​ស្តី​បន្ទោស​ក្រុម​ហ៊ុន​ ម៉ូប៊ីថែល​ ថា​ជា​អ្នក​ជំរុញឲ្យ​រដ្ឋាភិបាល​ចេញ​សេច​ក្តី​សម្រេច​​ឲ្យ​បញ្ឈប់​ការ​ផ្តល់​ទឹក​ប្រាក់​បន្ថែម​នេះ​។

លោក​ វ៉ាត​ស៊ុន​ បាន​បដិសេធ​ចំពោះ​ការ​អះ​អាង​ខាង​លើ​នេះ។​ កាល​ពី​ថ្ងៃ​ពុធ​ លោក​ សូរ​ ឃុន​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ មាន​ប្រសាសន៍​ថា​ ការចេញ​សេច​ក្តី​​សម្រេច​កាល​ពី​ថ្ងៃ​ទូី២៦​ខែ​មេសា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ក្រុម​ហ៊ុន​បម្រើ​សេវា​ទូរស័ព្ទ​ចល័ត​មួយ​នៅ​ប្រទេស​កម្ពុជា​ប្តឹង​ទៅ​ក្រសួង​ ក៏​ប៉ុន្តែ​ លោក​បាន​បដិ​សេធ​មិន​ប្រាប់​ឈ្មោះ​ក្រុម​ហ៊ុន​នោះ​ទេ៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស