អភិបាលរាជធានីភ្នំពេញថ្មី បានយកពិធីស្បថចូលកាន់តំណែងកាលពីថ្ងៃសុក្រ ដើម្បីសន្យាយ៉ាងម៉ឺងម៉ាត់ ក្នុងការដោះស្រាយ
ជម្លោះដីធ្លីមួយចំនួន ក្នុងចំណោមជម្លោះដីធ្លីរ៉ាំរ៉ៃ ដែលមានគេដឹងឮច្រើននៅក្នុងរាជធានីភ្នំពេញ។
កាលពីថ្ងៃសុក្រ លោក ប៉ា សុជាតិវង្ស បានឡើងជំនួសតំណែងលោក កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញជាផ្លូវការ។ លោក កែប ជុតិមា បានបម្រើការជាអភិបាលរាជធានីភ្នំពេញអស់រយៈពេល១០ឆ្នាំមកហើយ ហើយរដ្ឋបាលរបស់លោក ទំនងជាគេចងចាំមិនភ្លេចចំពោះការចាក់ដីលុបបឹងកក់ និងការបណ្ដេញចេញពីដីធ្លីដោយហិង្សានៅទីនោះ និងនៅសហគមន៍បុរីកីឡា ដែលអ្នកដែលបាត់បង់ដីធ្លីនៅទីនោះ នៅតែបន្ដការតវ៉ាជាប្រចាំ នៅក្នុងរាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស ជាអតីតអភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍នៅក្នុងពិធីស្បថចូលកាន់តំណែង នៅឯសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពីលោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃថា“ ថ្ងៃនេះ យើងខ្ញុំទាំងអស់គ្នាមានកិត្តិយសប្រកបដោយក្ដីមោទនភាពក្រៃលែង ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ទំនុកចិត្ត ក្នុងការស្នើសុំតែងតាំងខ្ញុំបាទជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍បន្ដទៀតថា “ យើងទាំងអស់គ្នាសច្ចាថា នឹងបន្ដដោះស្រាយបញ្ហាដែលនៅសេសសល់
ដូចជា សណ្ដាប់ធ្នាប់សាធារណៈ បញ្ហាចរាចរណ៍បរិស្ថាន និងបញ្ហាទីក្រុងបៃតង ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវថ្នល់ លូទឹក និងបញ្ហាទឹកស្អាតព្រមទាំងជម្លោះដីធ្លីដែលនៅសេសសល់មួយចំនួនទៀតដូចជានៅតំបន់បឹងកក់ បុរីកីឡា និងសហគមន៍ថ្មគោលព្រមទាំងអាងស្ដុកទឹកនានាផងដែរ”។
នៅក្នុងការថ្លែងសុន្ទរកថាចុងក្រោយក្នុងនាមជាអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានអះអាងថា រាជធានីភ្នំពេញមានការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច អំឡុងអាណត្តិរបស់លោក ហើយលោកក៏បានផ្ដោតទៅលើការបង្ក្រាបឧក្រិដ្ឋជន ការជួញដូរគ្រឿងញៀន អំពើប្លន់ និងភេរវកម្ម ក៏ដូចជាតម្រូវការហេដ្ឋារចនាសម្ព័ន្ធផងដែរ”។
លោក កែប ជុតិមា បានមានប្រសាសន៍ដោយលើកឡើងអំពីបញ្ហាប្រឈម នៅក្នុងរាជធានីភ្នំពេញថា “ ទោះបីជាយើងខិតខំធ្វើការ ដើម្បីអភិវឌ្ឍបង្កើតស្នាដៃទាំងនេះក្ដី ក៏រាជធានីភ្នំពេញនៅតែមានបញ្ហាសេសសល់មួយចំនួនដូចជាសន្ដិសុខ និងសុវត្ថិភាពសង្គម ជម្លោះដីធ្លី ការកកស្ទះចរាចរណ៍ បញ្ហាបរិស្ថាននិងបញ្ហាដឹកជញ្ជូនដែរ”។
លោកបានមានប្រសាសន៍ថា “ ខ្ញុំសង្ឃឹមថាអភិបាលរាជធានីភ្នំពេញថ្មី នឹងបន្ដធ្វើឲ្យបានជោគជ័យ ហើយសង្ឃឹមថា រាជធានីភ្នំពេញ នឹងបន្ដមានសោភ័ណភាពស្អាតដូចពីមុន”។
លោក កែប ជុតិមា ឥឡូវនេះ នឹងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រសម្រាប់គណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា។
ថ្លែងអំពីអភិបាលរាជធានីភ្នំពេញដែលចូលកាន់តំណែងថ្មីនិងអភិបាលចប់អាណត្តិ និងមន្ត្រីរបស់ខ្លួនផ្សេងៗ លោក ស ខេង បាន
ផ្ដល់យោបល់ឲ្យមន្ត្រីសាលារាជធានីភ្នំពេញសហការជាមួយគ្នា ហើយលោកបានទទួលស្គាល់ថា ការដឹកនាំរាជធានីវាមិនមែនជាកិច្ចការងាយស្រួលនោះទេ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំជឿជាក់ថា រាជធានីភ្នំពេញ គឺពិតជាលំបាកគ្រប់គ្រង ព្រោះមានបញ្ហាជាច្រើន”។
ដោយលើកឡើងអំពីបញ្ហាកកស្ទះចរាចរណ៍កាន់តែខ្លាំងឡើងៗនៅក្នុងរាជធានីភ្នំពេញ លោក ស ខេង បានមានប្រសាសន៍ថា
លោកបានចេញបទបញ្ជាឲ្យនគរបាលជាតិពង្រឹងគោលនយោបាយរបស់ខ្លួន។ ទោះជាយ៉ាងណា លោក ស ខេង បានទទួលស្គាល់ថា មនុស្សខ្លះដែលមានអំណាចមិនគោរពច្បាប់ឡើយ នៅពេលខ្លួនធ្វើខុស”។
លោក ស ខេង បានលើកឡើងថា “ ពួកគេបានឈ្លោះប្រកែកគ្នាជាមួយនគរបាលចរាចរ និងគំរាមកំហែងពួកគេ។ ប៉ុន្ដែ យើងទាំងអស់គ្នាត្រូវតែគោរពច្បាប់”។
លោកបានលើកឡើងបន្ថែមទៀតថា “ ខ្ញុំគិតថា មនុស្សដំបូងដែលគួរតែគោរពច្បាប់ គឺអ្នកមានបុណ្យស័ក្ដិខ្ពស់ ហើយអ្នកទី២ គឺអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ ប្រសិនបើអ្នកទាំងនេះគោរពច្បាប់ មនុស្សថ្នាក់ក្រោមនឹងធ្វើតាម ហើយក៏គោរពច្បាប់ដែរ”។
ដោយលើកឡើងអំពីការប្តេជ្ញារបស់អភិបាលរាជធានីភ្នំពេញថ្មីថា នឹងដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរៃនោះ អ្នកស្រី ទេព វន្នី សកម្ម
ជនប្រឆាំងការបណ្ដេញចេញមកពីសហគមន៍បឹងកក់ បានអំពាវនាវឲ្យលោក ប៉ា សុជាតិវង្ស រក្សាតាមការសន្យារបស់លោក”។
អ្នកស្រី ទេព វន្នី បានលើកឡើងថា យើងសង្ឃឹមថា លោកនឹងជួយដោះស្រាយបញ្ហារបស់យើងដូចអ្វីដែលលោកបានមានប្រសាសន៍ ហើយយើងសុំស្នើឲ្យលោកជួយស្វែងរកយុត្តិធម៌ ដើម្បីដោះលែងអ្នកស្រី យ៉ម បុប្ផា សកម្មជនបឹងកក់ ដែលកំពុងជាប់ពន្ធនាគារផងដែរ។ យើងសុំស្នើឲ្យលោកធ្វើតាមអ្វីដែលលោកបានមានប្រសាសន៍ថា លោកនឹងធ្វើនោះ”។
អ្នកស្រីបានបន្ថែមថា “ យើងត្រូវតែរង់ចាំមើលថា តើលោកអាចដោះស្រាយបញ្ហានេះសម្រាប់យើងបានដែរ ឬក៏អត់”។
លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានមានប្រសាសន៍ថា លោកខ្លាចក្រែងការសន្យារបស់អភិបាលរាជធានីភ្នំពេញថ្មីគ្រាន់តែធ្វើឡើងនៅមុនថ្ងៃបោះឆ្នោតជាតិនាថ្ងៃទី២៨ ខែកក្កដាប៉ុណ្ណោះ។
លោក សៀ ភារម្យ បានលើកឡើងថា “ ខ្ញុំខ្លាចក្រែងថា លោកគ្រាន់តែសន្យានៅមុនពេលបោះឆ្នោតប៉ុណ្ណោះ”។ នៅកន្លែងផ្សេងៗទៀត នៅទូទាំងប្រទេសមានពិធីតែងតាំងអភិបាលខេត្តថ្មី នៅក្នុងខេត្តឧត្ដរមានជ័យ និងខេត្តកណ្ដាល។
លោក ស ថាវី អតីតអភិបាលរងខេត្តព្រះវិហារ ត្រូវបានតែងតាំងជាអភិបាលខេត្តឧត្ដរមានជ័យ រីឯលោក ឈុន ស៊ីរុន អតីតអភិបាលខេត្តកណ្ដាលត្រូវជំនួសដោយលោក អភិបាលរងខេត្ត ផៃ ប៊ុនឈឿន៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង