ការសាកសួរលោក លឹម សាត អតីតទាហានខ្មែរក្រហមបានបន្ដនៅឯសាលាក្ដីខ្មែរក្រហមកាលពីថ្ងៃសុក្រ ដោយមានលោក
វិកទឺ កូប៉េ (Victor Koppe) តំណាងឲ្យលោក នួន ជា មេដឹកនាំរបបខ្មែរក្រហម បានព្យាយាមស្វែងយល់ថា តើអ្នកដែលស្លាប់នៅឯវាលពិឃាតទួលពោធិ៍ជ្រៃ ក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មិនយូរប៉ុន្មានបន្ទាប់ពីការដួលរលំទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៥នោះ មាននរណាខ្លះ និងមានប៉ុន្មាននាក់។
លោក សាត គឺជាសាក្សីទី២នៅសប្តាហ៍នេះដែលបានផ្តល់សក្ខីកម្មអំពីការសម្លាប់មនុស្សនៅកន្លែងធ្វើការ ដែលកន្លែងសម្លាប់មនុស្សនេះត្រូវបានលើកយកមកពិភាក្សានៅក្នុងសវនាការដំបូងនេះ។
ការសាកសួរដេញដោលរបស់លោកកូប៉េ កាលពីព្រឹកថ្ងៃសុក្រផ្តោតលើហេតុការណ៍ផ្សេងៗដែលបានកើតឡើងនៅឯទួលពោធិ៍ជ្រៃ។
ខណៈពេលដែលសាក្សីពីមុនគឺលោក អ៊ុង ឆាត ប្រាប់តុលាការថា ទាហានរបស់រដ្ឋាភិបាលលោក លន់ នល់ ដែលស្លៀកពាក់ស៊ីវិល
ត្រូវបានគេដឹកតាមរថយន្ដទៅសម្លាប់ចោលនៅវាលពិឃាតនោះ លោក សាត និយាយពីដំណើររឿងច្របូកច្របល់របស់ជនរងគ្រោះដោយនិយាយថា ទាហាន លន់ នល់ ទាំងនោះត្រូវបានគេសម្លាប់ទាំងឯកសណ្ឋាន។
លោក សាត ប្រាប់តុលាការថា“ ទាហានលន់ នល់ ពាក់ស្បែកជើង និងឯកសណ្ឋានយោធារបស់ខ្លួន”។
លោកបានបន្ដថា “ ទាហានខ្មែរក្រហមពាក់ស្បែកជើងកង់ឡាន ពោលគឺវាមិនពិបាកទេក្នុងការសម្គាល់ទាហាន លន់ នល់ នោះ ព្រោះពួកគេពាក់ស្លាកសម្គាល់តំណាងឲ្យលោក លន់ នល់ ចំណែកទាហានខ្មែរក្រហមវិញគ្មានស្លាកសញ្ញាពាក់ដូចនោះទេ”។លោក
បានបន្ថែមថា“ នៅក្នុងរថយន្ដទាំងនោះពួកគេគឺជាទាហានទាំងអស់”។
លោក កូប៉េ ទំនងជាមិនចាប់អារម្មណ៍ចំពោះរឿងនេះទេ និងបានលើកឡើងពីសក្ខីកម្មដំបូងរបស់លោក ឆាត ដែលបានប្រាប់តុលាការថា អ្នកទោសនៅក្នុងរថយន្ដដែលគេដឹកទៅវាលពិឃាតនោះមិនមែនស្លៀកពាក់ឯកសណ្ឋានយោធានោះទេ។
លោក កូប៉េ ក៏មានការសង្ស័យលើមនុស្សជាច្រើនដែលតាមការសង្ស័យថា ត្រូវគេសម្លាប់នៅឯទួលពោធិ៍ជ្រៃ។
លោក សាត បានប៉ាន់ប្រមាណថា មនុស្សប្រហែល៣.០០០នាក់ត្រូវបានសម្លាប់នៅវាលពិឃាតនេះ ហើយត្រូវគេដោះយកវត្ថុមានតម្លៃចេញពីខ្លួនពួកគេ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា“ ពួកគេពាក់ឯកសណ្ឋាន ពេលត្រូវគេសម្លាប់នោះ។ បន្ទាប់មក ទាហានខ្មែរក្រហម
ដោះយករបស់របរជាប់ខ្លួនពួកគេ មានដូចជា នាឡិកាដៃ សាក់កាដូ ហើយរបស់ទាំងនេះត្រូវទាហានខ្មែរក្រហមដោះចេញពីសាកសព”។
ការបើកសវនាការត្រូវបានពន្យារពេលនៅឯតុលាការឧក្រិដ្ឋកម្មសង្គ្រាមនេះកាលពីថ្ងៃសុក្រ ហើយនឹងបន្ដនៅថ្ងៃច័ន្ទ ដែលនៅពេលនោះ លោក ហ្វីលីព ស្សត (Philip Short)អ្នកសរសេរជីវប្រវត្តិរបស់ ប៉ុល ពត ដែលមានចំណងជើងថា “ ប៉ុល ពត ការវិភាគសុបិនអាក្រក់” គ្រោងនឹងផ្ដល់សក្ខីកម្ម ក្នុងនាមជាសាក្សីជំនាញម្នាក់៕
ប្រែសម្រួលដោយ ហម សុផាណ្ណា