គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ឥឡូវនេះគណបក្សនយោបាយចំនួនប្រាំបានចុះឈ្មោះសម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដារួចហើយ ប៉ុន្តែគណបក្សប្រឆំាងដ៏សំខាន់ក្នុងប្រទេសគឺគណបក្សសង្គ្រោះជាតិ មិនទាន់បានចុះឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតនេះនៅឡើយទេ។
នៅកិច្ចប្រជុំដែលបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅក្នុងបរិវេណក្រសួងមហា
ផ្ទៃនោះ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន “ ទទួលយកជាផ្លូវការ” ថា ជាគណបក្សប្រកួតប្រជែង ចំណែកឯគណបក្សដែលគេមិនសូវស្គាល់ គឺគណបក្ស សញ្ជាតិខ្មែរត្រូវធ្វើការកែប្រែឯកសារដាក់ពាក្យសុំរបស់ខ្លួនខ្លះ។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា “ ទី១ គណៈកម្មាធិការជាតិរៀប
ចំការបោះឆ្នោតបានសម្រេចទទួលយកគណបក្សប្រជាជនកម្ពុជានិងបេក្ខជនរបស់ខ្លួនជាផ្លូវការ និងទី២ ខ្លួនតម្រូវឲ្យគណបក្សសញ្ជាតិខ្មែរធ្វើការកែប្រែខ្លះៗនូវចំណុចខ្វះខាត [ក្នុងការដាក់ពាក្យសំុនេះ]”។
លោកបានមានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងតែដំណើរការចុះឈ្មោះគណបក្សហ្វុ៊នស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ពន្ធប្រជាធិបតេយ្យ។
នៅពេលទាក់ទងតាមទូរស័ព្ទ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គម្រោងចុះឈ្មោះរបស់គណបក្សសម្រាប់ការបោះឆ្នោតនេះកំពុងពិចារណានៅឡើយថា តើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងធ្វើការកែទម្រង់តាមការទាមទាររបស់ខ្លួនឬយ៉ាងណា រួមមានការឲ្យផ្លាស់ប្តូររចនាសម្ព័ន្ធសមាជិករបស់គណៈកម្មាធិការនេះ និងរបៀបតែងតាំង ព្រមទាំងរបៀបដែលគណៈកម្មាធិការនេះចុះឈ្មោះអ្នកបោះឆ្នោត។
លោក កឹម សុខា បានមានប្រសាសន៍ថា “ យើងមានគម្រោង [ចុះឈ្មោះសម្រាប់ការបោះឆ្នោតនេះ] ដែរ ប៉ុន្តែយើងនឹងបន្តធ្វើការ
តវ៉ាឲ្យមានការផ្លាស់ប្តូរ [ដោយសារ] មានភាពមិនប្រក្រតីក្នុងបញ្ជីឈ្មោះបោះឆ្នោត ដែលអង្គការសហប្រជាជាតិបានលើកឡើង”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ផែនការរបស់គណបក្សសង្គ្រោះជាតិក្នុងការធ្វើការជួបជុំលើកទី២ដើម្បីទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើការកែទម្រង់នៅពេលដែលលោក សុរិយា ស៊ូបេឌី(Surya Subedi ) អ្នកធ្វើរបាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៩ខែឧសភា។
គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ [ខុមហ្វ្រែល] បានប៉ាន់ប្រមាណថា អ្នកបោះឆ្នោតប្រហែលមួយលាននាក់អាចរងផលប៉ះពាល់អវិជ្ជមាននៅថ្ងៃបោះឆ្នោតដោយសារភាពមិនប្រក្រតីក្នុងការចុះឈ្មោះអ្នកបោះឆ្នោត។
មានប្រសាសន៍តាមទូរស័ព្ទបន្ទាប់ពីកិច្ចប្រជុំនេះ លោក ទេព នីថា បានអះអាងថាអ្នកបោះឆ្នោតមានពេលច្រើនក្នុងការផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ដែលត្រូវបានបិទផ្សាយរួចហើយនៅតាមការិយាល័យឃុំ សង្កាត់នៅទូទាំងប្រទេស
ចាប់តាំងពីខែមករាមក។ លោកបានមានប្រសាសន៍ថា ប្រជាពលរដ្ឋត្រូវហ៊ានដាក់ពាក្យបណ្តឹងពាក់ព័ន្ធបញ្ហាបែបនេះ។
លោក ទេព នីថា បានមានប្រសាសន៍ថា “ ហេតុអ្វីបានជាអស់លោកមិនដាក់ពាក្យបណ្តឹង? អង្គការមិនមែនរដ្ឋាភិបាលនៅតែនិយាយថា ឈ្មោះបានបាត់ពីបញ្ជីឈ្មោះបោះឆ្នោត។ ប៉ុន្តែនៅពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសួរឈ្មោះពួកគាត់
ពីរបីនាក់ ដើម្បីឲ្យយើងអាចពិនិត្យមើលនៅក្នុងបញ្ជីរបស់យើង ពួកគេមិនដែលប្រាប់អ្វីដល់យើងទេ។ គ្មាននរណាម្នាក់បានដាក់ពាក្យបណ្តឹងមកយើងទេ នៅពេលពួកគេមិនឃើញឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីនោះ”។
គណបក្សនយោបាយមានពេលរហូតដល់ថ្ងៃទី១៣ខែឧសភា ដើម្បីចុះឈ្មោះសម្រាប់ការបោះឆ្នោតនេះ បន្ទាប់ពីនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងចំណាយពេលប្រាំពីរថ្ងៃដើម្បីរៀបចំបែបបទនោះ។ ប្រសិនបើមានការកែប្រែ គណបក្សទាំងនេះមានពេលប្រាំថ្ងៃក្នុងការកែប្រែបែបបទ៕
ប្រែសម្រួលដោយ សោម សារុន