តំណាងអ្នកភូមិសហគមន៍បឹងកក់បានលើកឡើងកាលពីថ្ងៃសុក្រថា អតីតអ្នកភូមិនៅសហគមន៍បឹងកក់ គ្រោងដាក់សំណើទៅសាលារាជធានីភ្នំពេញ ដើម្បីបញ្ជាក់អំពីរបៀបដែលអ្នកភូមិរាប់សិបគ្រួសារ ដែលត្រូវបានគេកាត់ផ្ដាច់ចេញពីដីទំហំ១២,៤៤ហិកតា នៅតំបន់បឹងកក់ នៅតែអាចទទួលបានដីដែលពួកគេបានរស់នៅក្នុងតំបន់នោះ។
លោក ចាន់ ពុទ្ធិសក្ដិ តំណាងអ្នកភូមិនៅសហគមន៍បឹងកក់លើកឡើងថា “ គម្រោងនេះធ្វើឡើង ដើម្បីផ្ដល់ឲ្យគ្រួសារ ដែលគេបានដកចេញនូវដីក្នុងចំណោមដីទំហំ១២,៤៤ហិកតា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានចេញអនុក្រឹត្យផ្ដល់ឲ្យយើង”។
លោកបន្ថែមថា សំណើនេះនឹងប្រគល់ទៅឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលទើបតែងតាំងថ្មី។ យោងតាមលោក ពុទ្ធិសក្ដិ បានឲ្យដឹងថា នៅមានដីជាច្រើនទៀតក្នុងដីទំហំ១២,៤៤ហិកតានេះ សម្រាប់ផ្ដល់ឲ្យគ្រួសារទាំងនេះ ដែលកំពុងទាមទារសិទ្ធិបន្ដការរស់នៅក្នុងអតីតតំបន់បឹងកក់របស់ខ្លួន។
ដំណោះស្រាយមិនសូវប្រឈមមុខគ្នារបស់អតីតអ្នកភូមិទាំងនេះចំពោះជម្លោះដីធ្លីនេះផ្ទុយគ្នានឹងការតវ៉ាមួយចំនួន ដែលធ្វើឡើងកាលពីប្រាំមួយឆ្នាំមុន ដោយអ្នកភូមិដែលជាជនរងគ្រោះនៅក្នុងការបណ្ដេញចេញទ្រង់ទ្រាយធំ នៅសហគមន៍បឹងកក់។
លោក ពុទ្ធិសក្ដិ បានលើកឡើងថា “ អ្នកភូមិសហគមន៍បឹងកក់របស់យើង បានប្រឈមមុខនឹងអំពើហិង្សា និងបានបង្ក្រាបគ្រប់ពេលវេលា នៅពេលយើងតវ៉ាពីសិទ្ធិលំនៅដ្ឋាន ហើយឥឡូវនេះយើងចង់បានដំណោះស្រាយដោយសន្ដិវិធីមួយ។ គម្រោងរបស់យើងនឹងឈ្នះទាំងអស់គ្នា មានដូចជារដ្ឋាភិបាល ក្រុមហ៊ុន និងសហគមន៍បឹងកក់”។
លោកលើកឡើងថា“ ប្រសិនបើអ្នកដឹកនាំរដ្ឋាភិបាលមានឆន្ទៈខ្ពស់ ដើម្បីដោះស្រាយបញ្ហាសម្រាប់យើង ដំណោះស្រាយនឹងអាចដោះស្រាយបានដោយងាយស្រួល”។
លោកស្រី ណូរ៉ា លីនស្ត្រុម អ្នកគ្រប់គ្រងកម្មវិធី នៅសមាគមធាងត្នោត ជាអង្គការសិទ្ធិលំនៅដ្ឋានបានមានប្រសាសន៍ថា អ្នកភូមិដែលទទួលបានការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាល ឥឡូវនេះមានគម្រោងលម្អិតអំពីកន្លែងដែលលំនៅដ្ឋានរបស់អ្នកភូមិបឹងកក់ ដែលត្រូវបានបណ្តេញអាចស្ថិតនៅក្នុងដីបម្រុងទំហំ១២,៤៤ហិកតានេះ។
លោកស្រីលើកឡើងថា “ ចំនួនក្បាលដីទំនេរនៅក្នុងដីទំហំ១២,៤៤ហិកតាេនះ ច្រើនជាងអ្នកភូមិប្រហែល៦០គ្រួសារ ដែលត្រូវបានគេដកចេញនេះ គឺមានទំហំលើសពីតម្រូវការទៅទៀត”។ លោកស្រីបានលើកឡើងថា “ នៅមានដីទំនេរប្រហែល២,១ហិកតាទៀត”។ លោក ពុទ្ធិសក្ដិ បានមានប្រសាសន៍ថា ការផ្លាស់ប្ដូរយុទ្ធសាស្ត្រនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការតែងតាំងអភិបាលរាជធានីភ្នំពេញថ្មី គឺលោក ប៉ា សុជាតិវង្ស។
លោកបានបន្ថែមថា “ លោក កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញគ្មានឆន្ទៈជួយពួកយើងឡើយ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង