នគរបាលបានឲ្យដឹងកាលពីម្សិលមិញថាកម្មករសំណង់បួននាក់ដែលបានសារភាពថាបានសម្លាប់ជនជាតិសិង្ហបុរីអាយុ៥៥ឆ្នាំម្នាក់ដែលជានាយិកាសាលាគ្រីស្ទាននោះ គឺជាអ្នកញៀនថ្នាំ។
លោក សោម បូរ៉ា ស្នងការនគរបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា កែវ សាវុធ អាយុ៣២ឆ្នាំ យាន ឡាលី អាយុ៣០ឆ្នាំ និង អ៊ូ លីមីហុង អាយុ២០ឆ្នាំ និង តុង សុផល អាយុ២៦ឆ្នាំ នឹងត្រូវចោទប្រកាន់ពីបទមនុស្សឃាតនៅថ្ងៃនេះនៅក្នុងតុលាការ បន្ទាប់ពីពួកគេបានសារភាពថា បានសម្លាប់អ្នកស្រី វិនឌី លីម (Wendy Lim)។
ជនជាប់ចោទទាំងបួននាក់នេះបានធ្វើការសំណង់អស់រយៈពេលជាច្រើនខែមកហើយ នៅក្នុងបរិវេណសាលានេះ។ សហសេវិកបានប្រទះឃើញសាកសពនាយិកាសាលានេះកាលពីព្រឹកថ្ងៃអង្គារដោយមានស្នាមជាំពេញមុខ និងមានស្នាមរបួសក្បាលយ៉ាងជ្រៅ។
សាកសពរបស់គាត់ត្រូវបានប្រទះឃើញនៅក្នុងបន្ទប់របស់គាត់ក្នុងសាលាអន្ដរជាតិ ក្លែត ថាយឌីង (Glad Tidings) ជាសាលាអនុវិទ្យាល័យគ្រប់គ្រងដោយអង្គការគ្រីស្ទានដែលទើបសាងសង់បានមួយផ្នែកនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលបាននិយាយថា ក្រោយមកគេបានរកឃើញ ទូរស័ព្ទដៃមួយគ្រឿង អាយផេតមួយគ្រឿង ប្រាក់រៀលតិចតួច និងប្រាក់សិង្ហបុរីចំនួន៣២៥ដុល្លារកប់នៅក្នុងដីក្នុងសាលានោះ ប៉ុន្ដែពិរុទ្ធជនមិនបានរកឃើញប្រាក់ជាង៤.០០០ដុល្លារនៅក្នុងបន្ទប់របស់អ្នកស្រី វិនឌី លីម នោះទេ។
លោក បូរ៉ា បានមានប្រសាសន៍ថា “ ជនជាប់ចោទទាំងអស់សុទ្ធតែញៀនថ្នាំ [យើងដឹង] ព្រោះនគរបាលបានវិភាគទឹកនោមរបស់ពួកគេ”។ លោកបានបន្ថែមថា ជនសង្ស័យបានធ្វើការជាជាងសំណង់នៅសាលានេះ ហើយសាលានេះគឺជាទីតាំងរួមរបស់អង្គការកុមារកំព្រាញូវហូប (New Hope) អស់រយៈពេលជាងបួនខែមកហើយ។លោកបានបដិសេធមិននិយាយថា តើកម្មករទំាងនេះញៀនថ្នាំអ្វីនោះទេ ឬក៏ថា តើសារធាតុញៀ់នអ្វីដែលញ៉ាំងឲ្យពួកគេសម្លាប់អ្នកស្រី វិនឌី លីម នោះដែរ។
លោកបានមានប្រសាសន៍ថា “ ពួកគេបានសារភាពប្រាប់រាល់សកម្មភាពរបស់ពួកគេទាំងអស់ តាំងពីរបៀបដែលគេបានប្លន់និងសម្លាប់ជនរងគ្រោះ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា