27.5 C
Phnom Penh

លោក កែប ជុតិមា អភិ​បាល​​រាជ​​​ធា​នី​ភ្នំពេញ​ដែល​ចប់​អាណត្តិ បន្សល់​ទុ​ក​​កេរ​ដំ​ណែល​​ចម្រុះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេល​លោក​ថ្លែង​សុន្ទ​រ​កថា​​ កា​ល​​ពី​​សប្តា​ហ៍​មុន នៅ​​ឯ​​ពិ​ធី​ស្បថ​​ចូ​ល​កា​ន់​​​តំ​ណែ​ង​​របស់​​លោក​ ប៉ា​​ សុ​ជាតិ​​វង្ស អភិ​បាល​​រាជ​ធា​នី​ភ្នំ​ពេញថ្មី​ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រ​សួ​ង​ម​ហា​​​ផ្ទៃ​បា​ន​​​កត់​សម្គាល់​ថា ​កា​រ​គ្រប់​គ្រង​​​​រាជ​ធា​​​នី​ មិន​មែន​ជា​កា​រ​ងា​រ​​​ស្រួល​នោះ​ទេ។

​លោក​មា​ន​ប្រ​សាស​ន៍​ថា“  ខ្ញុំ​​ជឿ​ថា ​ភ្នំ​ពេញ​​ពិ​បាក​​គ្រប់​គ្រង​ ពី​ព្រោះ​មា​ន​​​បញ្ហា​​ច្រើ​ន”។​លោក ​កែប ជុតិមា អតី​ត​​អភិ​បាល​​រាជ​​ធានី​ភ្នំ​ពេញ​ បា​ន​បញ្ចប់​​​អា​ណត្តិ​​រយៈ​​ពេល​​១០​ឆ្នាំ​​​របស់​លោក​ ជា​​អភិ​បាល​រាជ​​ធា​នី​ភ​្នំ​ពេញ​​កា​ល​ពី​ថ្ងៃ​សុក្រ​ ហើយ​​ពេល​​នេះ​​កំ​ពុ​ង​​ឈរ​ឈ្មោះ​​​​​​ជា​បេក្ខ​​ជន​តំ​ណា​ង​​រាស្ត្រ​​ប្រចាំ​​​រាជ​ធា​​នី​ភ្នំ​ពេញ​​សម្រាប់​​កា​រ​បោ​ះ​ឆ្នោត​​ជ្រើស​រើស​តំ​ណា​ង​រាស្ត្រ​​ក្នុង​ខែ​កក្កដា​​។

​​ខណ​ៈ​​​ដែល​​​អ្នក​រិះ​​គន់​លោក កែប ជុតិមា បានកត់​សម្គាល់​ពី​​​​កា​រ​មិ​ន​បា​ន​​ដោ​ះ​ស្រាយ​​​ជម្លោះ​​ដី​ធ្លី​ធំ​ៗនិង​មិន​បា​ន​តស៊ូ​​ដោ​ះ​ស្រាយ​​ចំ​នួ​ន​ប្រជា​​​ជ​ន​​ដែល​​កំពុង​តែ​កើន​​ឡើង​​នៅ​ក្នុង​រាជ​ធា​នី​នោះ គេ​​​មិន​​​បំភ្លេច​សមិទ្ធផល​មួយ​ចំនួន​​​​​របស់​​លោក ជុតិមា​ ​ទេ​។
កា​រ​កសាង​​អ​គា​រ​​ខ្ពស់​​ៗ​នៅ​ចំ​កណ្តាល​​រាជ​ធា​នី​ភ្នំ​​ពេញ​ គឺ​​ជា​​ភ័ស្តុតា​ង​យ៉ាង​ច្បាស់​បង្ហាញ​ពី​​កា​រ​​អភិ​​វឌ្ឍ​​ផ្នែ​្​​ក​​​ពា​​ណិជ្ជ​កម្ម​ដ៏​ធំ​ ដែល​បា​ន​​​កើត​ឡើង​​​អ​​ំ​ឡុ​ង​​ពេល​លោក​ ជុតិ​មា​ ​កាន់​តំ​ណែង​​រយៈ​ ពេល​១០​ឆ្នាំ​នេះ គឺ​យូរ​ជាង​​អភិ​បាល​​រាជ​​​ធា​នី​​​ភ្នំ​ពេញ​ទំាង​អស់​ ចា​ប់​តា​ំ​ង​​ពីកា​រ​​​ដួល​រលំ​​​របប​ខ្មែ​រ​ក្រហម​។

មហា​​វិថី​ធំ​ៗ​​នៅ​ក្នុង​រាជ​ធា​​នី​បា​ន​​​ជួស​ជុល​ឡើង​វិញ​​ ​សួន​កុ​មា​រ​ត្រូ​វ​បា​ន​​បង្កើ​ត​ឡើង​​ និង​​ត​ំ​បន់​​​មាត់​ទន្លេត្រូ​វ​បា​ន​តុ​ប​​តែង​ថ្មី​ដោ​យ​មា​ន​​​ការ​ផ្តល់​មូ​ល​និ​ធិ​​ពី​បរទេ​ស​។​ ក្រោ​ម​អា​ណត្តិ​របស់​លោក កែប ជុតិ​មា​ ​ស្ពាន​​​អា​កាសចំ​នួ​ន​​ពីរ​​ត្រូ​វ​បា​ន​​សាង​សង់​រួ​​ចរាល់​ ​កា​រ​​ភ្ជាប់​បណ្តាញ​​ទឹក​ស្អាត​ ​បា​ន​កើន​ឡើង​ និង​​កា​រ​ធ្វើ​អា​​​ជី​វ​​កម្ម​​ក៏​​បា​ន​កើនឡើង​ដែរ។

​អំ​ឡុង​​សុន្ទរកថា​​ចុង​ក្រោ​យ​​​របស់​លោក​ជាអភិ​បាល​រាជធានី​ភ្នំពេញ​ កា​ល​ពី​ថ្ងៃ​សុក្រ ​លោក ជុតិ​មា បា​ន​កត់​សម្គាល់​​ថា កា​រកែលម្អ​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ គឺ​​ជា​​អា​​ទិ​ភាព​​មួ​យ​​​​​របស់​​រដ្ឋបា​លលោក​។
នៅ​ពេល​ស្នើ​សុំ​​​កា​ល​ពី​សប្តាហ៍​មុន​​​ប្រាប់​ពី​​ស្នា​​ដៃធំ​ៗ​​របស់​លោក​ក្នុង​នាម​​ជា​​​អភិបាល​​​រាជធានី​ភ្នំពេញ​ លោក ជុ​តិ​មា បា​ន​លើក​ឡើង​ថា​ ការ​លើក​តម្កើង​មុខ​មាត់​របស់​រាជ​ធា​​នី​ភ្នំ​ពេញ​​​​​នៅ​លើ​​ពិ​ភពលោក នឹ​ង​ជា​​កេរ​ដំ​ណែ​ល​​យូរ​អង្វែង​របស់​លោក​ ហើយ​លោក​​​​ក៏បា​នកត់​សម្គាល់​​ពី​កា​រ​ចូល​រួម​ចំណែក​ក្នុង​​នយោ​​​បាយ​ដែ​ល​​លោក​បា​នធ្វើ​​​ចំ​ពោះ​គណបក្ស​ប្រជាជនកម្ពុជា​​​​នៅ​ពេល​លោក​​កាន់​តំ​​​ណែ​ង​​របស់​​លោក​ផង​ដែរ​។

លោក​​បា​ន​ផ្ញើ​សារ​ជា​​អក្សរ​​លើក​ឡើង​ពី​​រង្វាន់​​ជា​ច្រើ​ន​​ដែល​លោក​ទទួល​បា​ន​ ពេល​កំ​ពុ​ង​កាន់​តំ​ណែ​ង​ រា​ប់​​ទាំ​ង​​រង្វាន់​​ Asean Environment Sustainable City Award ឆ្នាំ​​២០១១ ​ថា “ ស្នា​​ដៃ​​សំ​ខាន់​បំ​ផុត​​របស់​ខ្ញុំ​ ​គឺ​នា​ំ​​រាជ​ធានី​​
(ភ្នំ​​ពេញ) ​របស់​ខ្ញុំ​ទៅ​កាន់​ឆាក​​​អន្តរ​ជាតិ​”​​​។

​លោក​បា​ន​​សំ​ដៅ​​ដល់​​ជ័យ​ជម្នះសំ​ខាន់​ៗ​ដែល​គ​ណ​បក្ស​​​​របស់​លោក​​​ទទួល​បា​ន​នៅក្នុង​សភា​ ​ចា​ប​់​​តាំ​ង​ពីលោក​​ធ្វើ​ជា​អភិបាល​​​ក្នុង​ឆ្នាំ​​២០០៣ ដែល​នៅ​ពេល​​នោះ​ ​​គ​ណ​បក្ស​ប្រជា​​​​ជន​កម្ពុជា​មា​ន​តែ​​បួន​​​អាសន​ៈ​​ថា “ ហើយ​គណ​​បក្ស​​ប្រជា​​ជ​ន​កម្ពុជា​​​របស់​ខ្ញុំ​​ទទួល​បា​ន​អា​សនៈ​​៧​ក្នុ​ង​ចំ​ណោម​​១២អា​​សន​ៈ​​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ”។

យោង​តា​ម​ លោកស្រី​ ណូ​រ៉ា លីន​​ស្ត្រូ​ម (Nora Lindstrom) អ្នក​គ្រប់​គ្រ​ង​កម្មវិធី​​របស់​​សមា​គម​​ធាង​ត្នោត ​ដែល​ជា​អង​្គការ​ក្រៅ​រដ្ឋា​ភិ​បាល​​​បា​នឲ្យ​ដឹង​ថា ប៉ុន្តែ​​​ខណៈ​ដែល​គេ​មើល​ឃើញ​​ស្នា​​ដៃ​​​ជា​ច្រើន​របស់​លោក ជុតិមា នោះ ​សាលា​រាជ​ធា​នី​ក៏មា​ន​ធន​ធាន​​​ធម្ម​​ជាតិ​​មា​ន​​តម្លៃ​​ជា​ច្រើន​​​របស់​ខ្លួន ដែល​ត្រូវ​បាន​គេ​ខ្ជះ​​ខ្ជាយ​ផង​ដែរ​​ ហើយ​​ប្រជា​ពល​រដ្ឋ​ជា​ច្រើ​ន​គ្មាន​សិទ្ធិ​អ​ំ​ណាច​ក្រោ​ម​អា​ណត្តិ​​​របស់​លោក​។

​លោក​ស្រី​​​បា​ន​​បន្ត​ថា “ ជា​សរុប កាល​ពី​ទសវត្ស​​រ៍​​មុន ​អាណត្តិ​​របស់​លោក ជុតិមា​ មាន​ការ​កែ​លម្អ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​​គួរ​សម​​ ប៉ុន្តែ​មា​នកា​ររៀប​ចំ​មិន​បាន​ល្អ​ ដោយ​សារ​​ការ​​បណ្តេញ​​​អ​្នក​ក្រ​​ចេញ​ពី​ក្រុ​ង​​ដោ​យ​បង្ខំ​ និង​ធ្វើ​ឲ្យ​ពួក​គេ​រស់​នៅ​ឯកោ”។

លោកស្រី​បា​ន​កត់​សម្គាល់​​ថា ​ចាប់​តាំ​ង​ពី​ឆ្នាំ​​២០០៣មក ប្រជាពលរដ្ឋ​នៅ​​ភ្នំ​ពេញ​​ប្រហែល​​១០០.០០០​​
នាក់​​ត្រូ​វ​បាន​​បណ្តេញ​​ចេញ​​ឲ្យ​ទៅ​នៅ​កន្លែ​ង​ថ្មី​ នៅ​ក្នុង​ និង​ក្រៅ​​រាជ​​ធា​នី​ភ្នំ​ពេញ ​​ដែល​នៅ​តំបន់​ទាំង​នោះ​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​​មាន​កម្រិត​ដូចជា ​​ឱកាស​កា​រ​​ងារ​ ​កា​រ​​អប់រំ​ កា​រ​​គាំ​​ពារ​​សុខភាព​ និង​ទឹក​ស្អាត។

​លោក​ស្រី​​បា​នបន្ថែ​ម​​ថា “ សរុ​ប​សេចក្តី​ទៅ​ យើង​បា​ន​ឃើញកា​រ​អភិ​វឌ្ឍក្រុង​ ដែល​គ្មាន​ការ​គ្រប់​គ្រង​ ដែល​ផ្តល់​ប្រយោជន៍​​ដល់​​មនុស្ស​ក្នុង​សង្គម​តែ​មួយ​ផ្នែក​តូច​ និង​​ធ្វើ​ឲ្យ​គម្លាត​​​​វិសមភាព​កាន់​តែ​ធំ​ឡើង​។នៅ​ពេល​នេះ​ រាជ​ធា​នី​ភ្នំ​ពេញ​​​​មាន​ការ​កក​ស្ទះ​កាន់​តែ​ខ្លាំង​​​ ​មិន​សូវ​​​ស្រស់​ថ្លា និង​មាន​​សម​ភាព​តិច​​​ជាង​កា​ល​ពី​១០​ឆ្នាំ​មុន”។

ក្នុង​ឆ្នាំ​២០០៧ សាលា​រាជ​ធានី​​បាន​ប្រ​កាស​ថា ខ្លួន​បានជួល​ដី​ទំហំ១៣៣​ហិកតា​នៅ​ជុំ​វិញនិង​រួម​ទាំងបឹក​កក់ផងក្នុង​តម្លៃជិត​៨០​លាន​ដុល្លារឲ្យ​ទៅ​ក្រុម​ហ៊ុន​ស៊ូកាគុ អីុង ជា​​​ក្រុម​ហ៊ុន​មួយ​របស់​លោក ឡៅ ម៉េងឃិន សមា​ជិក​ព្រឹទ្ធសភា​មក​ពី​គណ​បក្ស​ប្រ​ជា​ជាន​កម្ពុជា។ការ​បណ្តេញ​ចេញ​ទាំង​បង្ខិត​បង្ខំ​​​ដែល​បាន​កើត​មាន​តាម​ក្រោយ បាន​ធ្វើ​ឲ្យ​វិវាទ​ដី​ធ្លីធំៗ​​កើន​ឡើង​​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​អ្នក​តវ៉ា​គ្មាន​ដីធ្លី​មក​ពី​សហ​គមន៍​បឹង​កក់ បាន​ធ្វើ​ការ​តវ៉ា​តាម​ផ្លូវស្ទើរតែ​រាល់​ថ្ងៃ​ប្រ​ឆាំង​នឹងអ្វី​ដែល​ខ្លួន​និយាយ​ថា ជា​ការ​ឃុប​ឃិត​គ្នា​រវាង​សាលា​រាជ​ធានី​ភ្នំពេញ​និង​ក្រុម​ហ៊ុន​ស៊ូកាគុ នៅ​ក្នុងការ​ដណ្តើមយក​ដី​របស់​ពួកគាត់​ដោយខុស​ច្បាប់ដោយ​គ្មាន​ការ​ផ្តល់សំណង​សមរម្យ។

បឹង​កក់​ស្ថិត​ក្នុង​ចំណោម​សហ​គមន៍​ត្រូវ​​​បណ្តេញ​ចេញ​ជា​ច្រើន​ដែល​ធ្វើឡើង​ដោយ​រដ្ឋ​បាល​របស់​លោក កែប ជុតិមា។ប្រ​ជា​ពល​រដ្ឋ​មក​ពី​សហ​គមន៍​ដី​ក្រហម​និង​សហ​គមន៍​បុរី​កីឡា ដែល​ជា​តំបន់​រង​ការ​បណ្តេញ​ចេញ​ចំនួន​ពីរ​ទៀត​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ប៉ះ​​​ទង្គិច​គ្នា​ដោយហិង្សា​ជា​មួយ​អាជ្ញាធរ​ នៅ​​​ពេល​​​ពួកគេត្រូវបាន​បណ្តេញ​ចេញ ហើយ​​​បាន​បន្ត​ធ្វើ​បាតុកម្ម​ប្រ​ឆាំង​នឹង​ការ​ផ្តល់​សំណង​​​​មិន​យុត្តិធម៌​និង​ស្ថាន​ភាព​មិន​ល្អ​នៅ​កន្លែង​តាំង​លំនៅ​ថ្មី។

ទោះ​ជា​យ៉ាង​ណា ការ​ផ្តោត​​ការ​យក​ចិត្ត​ទុក​ដាក់របស់លោក កែប ជុតិមា លើ​គម្រោង​​​សាង​សង់ធំៗនិង​ការ​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​មាន​សោភ័ណ​ភាពនោះ បានទាក់​​ទាញ​ការ​វិនិយោគ​ជា​ច្រើន​ នេះ​បើ​យោងតាម​លោក នួន រិទ្ធី នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុនប៊ុណ្ណា រៀល​​​ធី ជាក្រុម​ហ៊ុន​អចលនទ្រព្យ​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ធំៗ​បំផុត​ក្នុងរាជ​ធានីភ្នំ​ពេញ។

លោក រិទ្ធី បាន​មាន​ប្រសាសន៍​ថា “ អំឡុង​ពេល​១០​ឆ្នាំ​ក្រោម​ការ​ដឹក​នាំ​របស់​លោក កែប ជុតិមា យើង​បាន​មើល​ឃើញ​វិស័យ​សំណង់​មាន​ការ​រីក​ចម្រើន​ស្រប​តាម​​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដើម្បី​ទាក់ទាញ​វិនិយោគិន​ឲ្យ​ចូល​មក​រាជ​ធានី​ភ្នំពេញ ហើយ​ក៏​ស្រប​តាម​គោល​នយោបាយវិនិយោគ​របស់​​​​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាផងដែរ”។

លោកមាន​ប្រ​សាសន៍​ថា “ ប្រសិន​បើ​យើងសម្លឹង​មើល​ការ​អភិវឌ្ឍរបស់​រាជធានី​​​ភ្នំពេញក្នុង​រយៈ​ពេល​១០​ឆ្នាំ​កន្លង​មក​នេះ រាជ​ធានីភ្នំពេញ​មាន​ទី​ក្រុង​រណប​ជា​ច្រើន ស្ពាន​អាកាសជា​ច្រើន អគារខ្ពស់ៗ ភោជនីយ​​​ដ្ឋាន សណ្ឋាគារ​ទំនើបៗ។ល។”​​​។ លោក​​​បន្ថែមថា ក្រោម​ការ​ដឹក​នាំរបស់​លោក កែប ជុតិមា ផ្លូវថ្នល់​ស្ទើរតែ​ទាំង​អស់​ក្នុង​រាជ​ធានី​ភ្នំពេញត្រូវ​បានក្រាលកៅស៊ូ ឬ​ចាក់​បេតុង។

ទោះ​ជា​យ៉ាងណា អ្នក​ផ្សេងៗ​ទៀតបាន​និយាយថា ក្នុងរយៈ​ពេល​១០​ឆ្នាំ​មក​នេះ សាលា​រាជ​​ធានី​មិន​​បាន​ដោះស្រាយ​បញ្ហា​អត្រា​ប្រជា​ជន​ដែលកំពុង​កើន​ឡើង​នោះ​​​ទេ។ យោង​តាមលោក ឃឹម ឡី អ្នកស្រាវ​ជ្រាវ​ផ្នែក​សេដ្ឋ​កិច្ច​សង្គម​នៅ​ក្រុមពិគ្រោះ​យោបល់​ឯក​រាជ្យ​មួយ​ឈ្មោះ AdvanceResearch Consultant Team បាន​ឲ្យដឹងថា ចំនួន​ប្រជាជន​ក្នុងរាជធានី​ភ្នំពេញ​កំពុង​កើន​ឡើង​ក្នុង​អត្រាជិត​៧,៥ភាគ​រយក្នុង​មួយ​ឆ្នាំ។

លោក ឃឹម ឡី បានមាន​ប្រ​សាសន៍​ថា “ ក្នុង​រយៈពេល១០ឆ្នាំចុងក្រោយ​នេះ យើង​មាន​ការ​រីក​ចម្រើន ប៉ុន្តែ​គ្មានការ​បញ្ជាក់​ថា ​​ផ្លាស់​ទីលំនៅ​ប្រជាជន​ទៅ​តំបន់​ជាយ​ក្រុង​​ដោយ​វិធី​ណា​នោះ​ទេ”។លោក​បាន​​​គូស​បញ្ជាក់​ថា ការសាងសង់​​បាន​កើត​ឡើង​ភាគ​ច្រើ​នៅ​​កណ្តាលរាជ​ធានី​ភ្នំពេញ ហើ​យ​មានការ​ប្រឹង​ប្រែង​តិច​តួច​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យស្ថាន​ភាព​នៅ​តំបន់​នានា​ស្ថិត​នៅ​ក្រៅ​រាជ​ធានី​មានភាព​ប្រសើរ​ឡើង ដើម្បី​ឲ្យ​ពួកគេ​​​អាច​រស់​នៅ​បាន និង​អាច​ប្រ​កប​អាជីវកម្ម​បាន​។

ជាសញ្ញា​មួយ​បង្ហាញ​ពី​ចំនួន​ប្រ​ជា​ជន​ច្រើន​ហួសនៅ​កណ្តាល​រាជ​ធានីភ្នំពេញ សាលា​រាជ​ធានីភ្នំពេញ​បាន​គូស​បញ្ជាក់​នៅ​ក្នុង​របាយ​​​ការណ៍ប្រ​ចាំ​ឆ្នាំ២០១២​របស់​ខ្លួនថា ពេល​នេះ​មាន​ប្រ​ជាជន​ជាង​១០៥.០០០​នាក់រស់​នៅ​តាម​តំបន់​ក្រីក្រ ឬ “ តំបន់​លំនៅដ្ឋាន​អនាធិបតេយ្យ” ក្នុង​រាជ​ធានីភ្នំពេញ គឺកើន​ឡើង​ពី​ចំនួន​៨៥.៨០៧នាក់កាល​ពី​ដើម​ឆ្នាំ​២០១២។

លោក ឡី បាន​មានប្រ​សាសន៍​ថា “ អ្នក​ទាំង​អស់​គ្នា​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ប៉ុន្តែ​ពួកគេ​មិន​ផ្តោត​ការចាប់​អារម្មណ៍​លើ​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ ឬសិទ្ធិមនុស្សក្នុង​ចំណោម​ប្រជាពលរដ្ឋ​ក្រីក្រ​ងាយ​រង​គ្រោះ​នោះ​ទេ”។

កាល​ពី​ខែមីនា លោកនាយករដ្ឋ​មន្ត្រី ហ៊ុន​សែន ​បាន​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ស្ថាន​ភាព​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុងរាជ​ធានីភ្នំពេញ​ អំឡុង​ជំនួប​មួយ​ជា​មួយចៅ​ហ្វាយ​ក្រុង​ប៉ារីស ដែល​មក​បំពេញ​ទស្សន​កិច្ច។លោក​បាន​មាន​ប្រ​សាសន៍ថា ការពង្រីក​រាជធានីភ្នំពេញ ក៏​បាន​​បណ្តាល​ឲ្យ​ខ្វះ​អគ្គិសនី​ប្រើ​ប្រាស់ ការកក​ស្ទះ​ចរា​ចរណ៍ បញ្ហា​សំរាម និង​ប្រព័ន្ធផ្គត់ផ្គង់ទឹក​មិន​គ្រប់គ្រាន់។

អំឡុង​ពេល​លោកកាន់​តំណែង​នេះ​ ​លោក កែប ជុតិមា ​បាន​ខិត​ខំ​យ៉ាង​ខ្លាំង ដើម្បី​បង្កើត​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ។​ប៉ុន្តែ​រហូតមក​ទល់ពេល​នេះ មានការ​រីក​ចម្រើន​តិច​តួច​ណាស់នៅ​ក្នុង​ការ​អនុវត្តប្រ​ព័ន្ធដឹក​ជញ្ជូនសាធារណៈ​ដែល​កំពុង​ដំណើរ​ការក្នុង​រាជ​ធានីភ្នំពេញ។កាល​ពី​ខែ​កុម្ភៈ លោក ​កែប​ជុតិមា បានមានប្រ​​​សាសន៍​​​ថា ក្រុម​​​ហ៊ុន City Trans Cambodia របស់​​​កូរ៉េខាង​​​ត្បូង​​​ បាន​​​ចាប់​​​ផ្តើមធ្វើ​​​ប្រតិបត្តិការ​​​រថ​​​យន្ត​​​ក្រុង​​​សាធារណៈ​ឲ្យ​បាន​មុន​​​​ដំណាច់​​​ឆ្នាំ២០១៣។

មហន្តរាយធំបំផុត​​​តែ​​​មួយ​​​គត់អំឡុង​លោក កែប ជុតិមា កាន់​​​មុខ​​​តំណែង​​​ជា​​​អភិបាល​​​​រាជ​​​ធានីភ្នំពេញ គឺ​​​ការផ្អើល​​​រត់ជាន់គ្នា​នៅ​លើស្ពានកោះ​​​ពេជ្រកាលពី​​​ឆ្នាំ២០១០ ​ដែល​​​នៅក្នុង​​​ហេតុការណ៍​​​នោះ​​​មនុស្ស​​​ចំនួន​៣៤៧នាក់​​​បាន​​​បាត់បង់ជីវិត។  ទោះ​​​បីជា​​​លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ បានមាន​​​ប្រសាសន៍នៅ​​​ពេលនោះ​​​ថា វា​​​ជាសោកនាដ​កម្ម​​​​ធំបំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ចាប់​​​តាំង​​​ពី​​​សម័យ​​​ខ្មែរ​​​ក្រហម​​​មក​​​ និង​​​ដែល​​​បាន​​​ចេញ​​​បញ្ជា​​​ឲ្យ​​​រដ្ឋាភិបាល​​​ស៊ើប​​​អង្កេត​​​រកមូល​​​ហេតុ​​​ដែល​​​នាំឲ្យ​​​មានហេតុការណ៍​​​រត់​​​ជាន់គ្នា​​​នោះ ​មិន​​​មាន​​​​​​នរណា​​​ម្នាក់​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ស្លាប់​​​​មនុស្ស​ទាំង​​​នេះ​​​ទេ។

ចំពេល​​​បណ្តា​​​អ្នក​​​នយោបាយ​​​បក្ស​​​ប្រ​​​ឆាំង​​​និង​​​អង្គ​​​ការសង្គម​​​ស៊ីវិល​​​អំពាវ​​​នាវ​​​ឲ្យលោក ​កែប ជុតិមា​​​ និង​​​លោក ទូច ណារុ៉ថ ស្នងការ​​​នគរបាល​​​រាជ​​​ធានី​​​ភ្នំពេញ នាពេល​​​នោះ ​លាលែង​​​ពីតំណែង លោក ហ៊ុន សែន បាន​​​ប្រ​​​កាស​​​មួយ​​​សប្តាហ៍​​​ក្រោយ​​​ពី​​​ហេតុ​​​ការណ៍​​​ផ្អើល​​​រត់​​​ជាន់គ្នាថា គ្មាន​​​មន្ត្រី​​​រដ្ឋាភិបាល​​​ណា​​​ម្នាក់​​​ត្រូវ​​​ទទួល​​​ការ​​​ផ្តន្ទាទោស​​​ឡើយ។

ទោះបី​​​ជា​​​បណ្តា​​​អង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​និយាយ​​​ថា ករណី​បទ​​​ល្មើស​​​ក្នុងរាជ​​​ធានី​ភ្នំពេញមិន​​​ត្រូវបាន​​​រាយ​​​ការណ៍​​​អស់​​​ជា​​​ច្រើន​ក្តី ក៏​​​ស្ថិតិពី​​​ក្រសួងមហា​​​ផ្ទៃ​​​បាន​​​បង្ហាញ​​​​ថា រាជ​​​ធានី​​​ភ្នំពេញ​​​បានក្លាយ​​​ជា​​​កន្លែង​​​​​មាន​​​សុវត្ថិភាព​​​​ក្រោម​​​ការ​​​ដឹកនាំ​​​របស់​​​លោក កែប ជុតិមា។​​​កាល​​​ពី​​​ឆ្នាំ២០១២ ចំនួន​​​សរុប​​​នៃបទ​​​ឧក្រិដ្ឋ​​​ និង​​​បទ​​​ល្មើសមជ្ឈិម​​​បាន​​​ធ្លាក់​​​ចុះ​​​ម្តង​​​ទៀត​​​ចំនួន​​​១៥ភាគ​​​រយ នេះ​​​បើ​​​យោងតាម​​​តួលេខ​​​ផ្លូវ​​​ការ។

ទោះ​​​ជា​​​យ៉ាង​​​ណា របាយ​​​ការណ៍​​​នេះ​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​ថា ឃាត​​​កម្ម​​​និង​​​ការ​​​ប្រើ​​​ប្រាស់​​​អាវុធ​​​បាន​​​កើន​​​ឡើង​​​ក្នុង​​​ឆ្នាំនេះ​។
លោក ពង្ស សាវរិទ្ធ មេបញ្ជា​​​ការ​​​​​​រងកង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​រាជ​​​ធានីភ្នំ​​​ពេញ ​​​​​​មាន​​​ប្រ​​​សាស​​​ន​​​៍​​​
ថា លោក ​កែប ​ជុតិមា បាន​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​យ៉ាង​​​ខ្លាំង​ក្នុង​​​ការ​​សហ​​​ការ​​​ជា​​​មួយ​​​​នគរបាល​​​​​​ទប់ស្កាត់​​​បទ​​​ល្មើស​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ។

លោកបាន​​​មាន​​​ប្រ​​​សាសន៍​​​ថា“ យើង​​​បាន​​​ផ្តោត​​​ការ​​​យក​​​ចិត្ត​​​ទុកដាក់ខ្លាំង​លើ​​​គ្រឿង​​​ញៀន​ ការ​​​ចាប់​​​ជំរិត និង​​​ការប្លន់​​​ប្រ​​​ដាប់​​​អាវុធ ពីព្រោះ​​​​បទ​ល្មើស​ទាំង​​​នេះ​​​ជា​​​​បទ​ល្មើស​ដែល​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ភ័យ​​​ខ្លាច”។

យោង​​​តាម​​​លោក ឡៅ ម៉ុងហៃ អ្នក​​​វិភាគ​​​នយោបាយ​​​ឯក​​​រាជ្យ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ប៉ុន្តែ​វា​មិនមែន​​​គ្រាន់​​​តែ​​​ដោយសារ​​​ភាព​​​ជោគ​​​ជ័យ​​​របស់លោក​​ ទើបលោក កែប ជុតិមា អាច​​​កាន់​តំណែង​​​បាន​​​យូរ​​​ជាង​​​អភិបាល​ក្រុង​មុនៗ​​​នោះ​​​ទេ។

លោក ឡៅ ម៉ុងហៃ បាន​​​មាន​​​​​​ប្រ​​​សាសន៍​​​ថា ផ្ទុយពី​​​លោក ជា សុផារ៉ា អភិបាល​​​រាជ​​​ធានីភ្នំពេញ​​​ចាស់​​​ដែលបាន​​​កាន់​​​មុខ​​​តំណែង​​​នេះ​​​ពី​​ឆ្នាំ១៩៩៨​​​ដល់​​​ឆ្នាំ​​​២០០៣​​​ ដែល​​​ទទួលបាន​​​ប្រ​​​ជា​​​ប្រិយ​​​ភាព​​​យ៉ាង​​​ខ្លាំង​​​អំឡុង​​​ពេលលោក​​​កាន់​​​អំណាច​​​នោះ លោក ​កែប ​ជុតិមា ​គឺ​ជា​បុគ្គល​​​មួយ​​​រូប​ដែល​​​​មិន​​​សូវ​​​ចេញ​​​មុខ​​​មាត់​​​ដោយសារ​​​តែលោក​​​គិត​​​ពីផល
​​​ប្រ​​​យោជន៍​​​របស់​​​គណបក្ស​​​ប្រ​​​ជា​​​ជននិង​​​បក្ខ​​​ពួក​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​វិស័យ​​​ឯក​​​ជន។

លោកមាន​​​ប្រ​​​សាសន៍​​​ថា “ គាត់​​​អាច​​​គ្រប់​​​គ្រង​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ទូទាំង​​​រាជ​​​ធានី​​​បាន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ធ្វើ​​​បាតុកម្មឬ​​​ការ​​​តវ៉ា។ ហើយ​​​បន្ទាប់​មក គាត់​​​អាច​​​ជួយជំរុញ​​​គម្រោង​​​ជា​​​ច្រើន​​ទាំង​រ​​បស់​​​​​ឧកញ៉ានិង​​​អ្នក​​​មាន​​​អំណាចផ្សេងៗ​​​ទៀត
ដំណើរ​​​ការ​​​​បាន​ល្អ​”៕

 (រាយ​​​ការណ៍​​​បន្ថែម​​​ដោយ ជិន ចន្ទ)

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី និង តែម សុខុម​​​​​​​​​​​
​​​​
​​ ​​​​
​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស