28 C
Phnom Penh

លោក ហ៊ុន សែន ថ្លែង​​​ថា ពេល​ខ្ញុំ​អាយុ​៧៤​ឆ្នាំ​ ខ្ញុំ​នឹង​ចូ​ល​និវត្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្ត្រី​  ហ៊ុន សែន បានថ្លែង​​ថា លោកគ្រោង​យក​ជ័យ​ជម្នះ​លើ​ការ​បោះ​ឆ្នោត​ជាតិ​យ៉ាង​ហោច​ណាស់បី​អាណត្តិ​ទៀត​ មុន​ពេល​ចុះ​ចេញ​ពី​​តំណែង​​នៅ​អាយុ​៧៤​ឆ្នាំ។​

​នៅ​​​ពេល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នកភូមិ​ប្រហែល​​៨.០០០​នាក់​នៅ​ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង​់ស្ពឺ ដើម្បី​បើក​ការដ្ឋាន​ជួស​ជុល​ផ្លូវ​ជាតិ​លេខ​៤៤​ ក្រោម​​គម្រោង​ដែល​មាន​ទឹក​ប្រាក់​៨០​លាន​ដុល្លារ​ជា​មូល​និធិ​​កម្ចី​ពី​ចិន​​​នោះ លោក ហ៊ុន សែន បាន​​ច្រាន​​​ចោល​ការ​រិះ​គន់​ដល់​ការ​កាន់​តំណែង​យូរ​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​​តាំង​ពី​លោក​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ក្នុង​ឆ្នាំ​១៩៨៥​មកនោះ។

ទោះ​ជា​យ៉ាង​ណា​ លោក ហ៊ុន សែន ​ដែល​ពេល​នេះ​​មាន​​អាយុ​៦១​ឆ្នាំ​​ហើយ​នោះ បាន​ថ្លែង​ថា លោក​នឹង​បន្ថយ​អាយុ​ចូល​និវត្ត​របស់​លោកពី​៩០​ឆ្នាំ​ ដែល​លោក​បាន​ប្រកាស​កាល​ពី​លើកមុន។​​

​លោក​មានប្រសាសន៍​ថា “ ខ្ញុំ​កាន់​តំណែង​យូរ​ដូច្នេះ ពី​ព្រោះ​ខ្ញុំ​ចាប់​ផ្ដើម​ពី​ខ្ញុំ​នៅ​ក្មេង​។ តើ​មាន​បញ្ហា​អ្វី​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ការ​យូរ​ដូច្នេះ?វា​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ដែល​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​ទេ​តើ។ ប្រសិន​បើ​ពួកគាត់​មិន​​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​ តើខ្្ញុំ​នៅ​យ៉ាង​ម៉េច​កើត?”។

លោក​បាន​ប្រៀប​ធៀប​ការ​កាន់​អំណាច​​របស់​សម្ពន្ធ​គណបក្ស Barisan Nasional  ម៉ាឡេស៊ី ដែល​បាន​ជាប់​ឆ្នោត​ម្តង​ទៀត​​កាល​ពីថ្ងៃ​អាទិត្យ​ បន្ទាប​់ពី​ការ​កាន់​អំណាច​ដោយ​គ្មាន​ឈប់​អស់​រយៈពេល​៥៦​ឆ្នាំ​ ទោះ​បី​ជា​ដំណើ​រ​ការ​បោះ​ឆ្នោត​មិន​ប្រក្រតី​ក៏​ដោយ​​។

​លោក​បាន​មាន​ប្រសាសន៍​ថា “ រឿង​​នេះ​គឺស្រដៀង​គ្នា​​ ពោលគឺ​​ [គណបក្ស​ប្រឆំាង​]ទាម​​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ ប៉ុន្ដែ​ប្រជា​ជន​ម៉ាឡេស៊ី​មិន​ចង់​មាន​ការ​ផា្លស់​ប្ដូរ​ទេ បន្ទាប់​ពី​ពួកគេ​បាន​កាន់​អំណាច​អស់​​៥៦​ឆ្នាំ”។

​លោក​បាន​ថ្លែង​​ថា “ បញ្ហា​របស់​ពួកគេ​គឺ​ស្រដៀង​គ្នា​នឹង ​[គណបក្ស​ប្រឆាំង​] នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។ ពួកគេ​ចោទ​ប្រកាន់​អំពី​បញ្ហា​ពុក​រលួយ​ ពួកគេ​ចោទ​ថា បរទេស​បោះ​ឆ្នោត​…​ និង​ទី​បំផុត​ពួកគេ​ចោទ​ប្រកាន់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​[ម៉ាឡេស៊ី]​​ថា បាន​បន្លំ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​ និង​មាន​អ្នក​បោះ​ឆ្នោត​ខ្មោច គឺ​​មាន​ការ​ចោទ​ប្រកាន់​​អំពី​អ្នក​បោះ​ឆ្នោត​ខ្មោច​ស្រដៀង​គ្នា​ ដូច​​នៅ​​កម្ពុជា​ដែរ”។​​​​

មុន​ពេល​បោះ​ឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា គណបក្ស​សង្គ្រោះ​ជាត​ិ​ ដែល​ជា​គណបក្ស​ប្រឆាំង​​​បាន​អំបាវ​នាវ​ឲ្យ​មាន​ការ​កែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ពួកគេ​​និយាយ​​ថា លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។​

​លោក​បាន​ថ្លែង​ថា “ នៅ​ទី​នេះ​ ពួកគេ​ចោទ​យើង​ [គណបក្ស​ប្រជា​ជន​កម្ពុជា]​ថា កាន់​អំណាច​យូរ​ពេក ប៉ុន្ដែ​នៅ​ម៉ាឡេស៊ី​ ពួកគេ​កាន់​អំណាច​អស់​រយៈ​ពេល​៥៦​ឆ្នាំ​​មក​ហើយ​ ហើយ​អាណត្តិ​នេះ​ប្រាំ​ឆ្នាំ​ទៀត”។

​បន្ទាប់​ពីបាន​​គូស​បញ្ជាក់ថា​​ លោក វេន ជាប៉ាវ (Wen Jiabao)អតី​ត​នាយក​រដ្ឋ​មន្ត្រី​ចិន​បាន​កាន់​អំណាច​រហូត​ដល់​អាយុ​៧៤​ឆ្នាំ​ ​ហើយ​​លោក ផាន វ៉ាន់ខៃ (Phan Van Khai) អតី​ត​នាយក​រដ្ឋ​មន្ត្រីវៀត​ណាម​អាយុ​៧៦​ឆ្នាំ​ទើប​ចុះ​ពី​តំណែង​នោះ លោក ហ៊ុន សែន ​បាន​​មាន​ប្រសាសន៍​ថា“ ពេល​នេះ​ខ្ញុំ​សូម​ប្រកាស​ថា ខ្ញុំ​ក៏ទទួល​យក​ដែរ”។

​លោក​បាន​មានប្រសាសន៍​បន្ដ​ថា “ ដូច្នេះ​ ខ្ញុំ​ត្រូវ​រង់​ចាំ​រហូត​ដល់ខ្ញុំ​អាយុ​៧៤​ឆ្នាំ​ ទើប​ខ្ញុំ​លាលែង​ពី​តំណែង​”។លោក​​បន្តថា “ ក្នុង​ឆ្នាំ​២០២៣​ ខ្ញុំ​ទើប​តែ​មាន​អាយុ​៧១​ឆ្នាំ​ប៉ុណ្ណោះ​ដូច្នេះ​ ខ្ញុំ​ត្រូវ​រង់​ចាំ​…ជាង​១០​ឆ្នាំ​ទៀត​”។​​

​លោក ហ៊ុន សែន​ ក៏​បាន​ឆ្លៀត​ឱកាស​នេះ​​ចំអក​ដល់​គណបក្ស​ប្រឆាំង​ដែល​បាន​ពន្យារ​ពេល​ចុះ​ឈ្មោះ​ចូល​រួម​​បោះ​ឆ្នោត ​​ដើម្បី​​ទាម​ទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​គណៈ​កម្មាធិការ​ជាត​ិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជា​មុន​ ទើប​ខ្លួន​ចុះ​ឈ្មោះ។​

​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​​បាន​​ទទួល​​ព័ត៌មាន​​ថា គណបក្ស​សង្គ្រោះ​ជាតិ​ដែលបង្កើត​ឡើង​ដោយ​ការ​បញ្ចូល​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​​នាពេល​ថ្មីៗ​នេះ បាន​បែក​បាក់​ផ្ទៃ​ក្នុង​​ថា​ តើ​ត្រូវ​ដាក់​​បេក្ខ​ជន​​ណា​​​នៅ​ក្នុង​ខេត្ត​កំពង់​ធំ សៀម​រាប តាកែវ និង​ខេត្ត​កំពង់​ស្ពឺ។

​លោក​បាន​មានប្រសាសន៍​ថា “ សូម​អស់​លោក​កុំ​លាក់​អី​។​អស់​លោក​មិន​ទាន់​​​ព្រម​ព្រៀង​​គ្នា​លើ​បេក្ខ​ជន​តំណាង​រាស្ត្រ​នៅ​ឡើយ​​ទេ។​អស់​លោក​​ក៏​មិន​ទាន់​ព្រម​​ព្រៀង​ផ្ទៃ​ក្នុង​នៅ​ឡើយទេ​​។​អស់​លោក​​និយាយ​ថា ​អស់​លោក​ត្រូវ​ការ​ពេល​វេលា​ ដើម្បី​តវ៉ា​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ពាក់​ព័ន្ធ​នឹង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។​ កំុខ្មាស​អៀន​អី”។​

​លោក​បាន​បន្ថែម​ថា “ ប្រសិន​បើ​​អស់​លោក​​មិន​ចុះ​ឈ្មោះទេ យើង​នឹង​មាន​គណ​​​បក្ស​តិច​​ចូល​រួម​ការ​បោះ​ឆ្នោត​នេះ​។ ហើយ​ប្រសិន​បើ​អស់​លោក​មិន​ចូល​រួម​បោះ​ឆ្នោត​នេះ​​ទេ គណបក្ស​បួន​ផ្សេង​ទៀត​នឹង​សប្បាយ​ចិត្ត ព្រោះ​ពួកគេ​នឹង​បានសន្លឹក​ឆ្នោត​ច្រើន​”។

លោក កឹម សុខា អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា គណ​បក្ស​​ប្រឆាំង​នឹង​ចុះ​ឈ្មោះ​ឲ្យ​ទាន់​ពេល​ និង​បាន​ច្រាន​ចោល​​នូវ​​ការ​​លើក​ឡើង​អំពី​​​ការ​បែក​បាក់​​ផ្ទៃ​ក្នុង​។​

​លោក​បាន​បន្ដ​ថា “ យើង​គ្រាន់​តែ​រង់​ចាំ​រហូតដល់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​បញ្ជី​ខ្លួន​រួច​សិន ដើម្បី​ឲ្យ​យើង​អាច​ឃើញ​បេក្ខ​ជន​របស់​ពួកគេ​ ទើប​យើង​ដាក់​បេក្ខ​ជន​របស់​យើង​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ពួកគេ។ យើង​នឹង​ចុះ​ឈ្មោះ​បន្ទាប់​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា” ។លោក​បាន​បន្ដ​ថា “ លោក សម រង្ស៊ី” ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ “ ​និង​ខ្ញុំ​បាន​ព្រម​ព្រៀង​គ្នារួច​ហើយ​ ​អំពី​បញ្ជី​ឈ្មោះ​បេក្ខ​ជន​”។

​លោក ​កឹម សុខា មាន​ប្រសាសន៍​​ផង​ដែរថា លោក ហ៊ុន សែន “ ញៀន​នឹង​អំណាច​” ដោយបាន​ប្រកាស​ថា លោក​នឹង​មិន​ចុះ​ពី​តំណែង​ទេ​រហូត​ដល់​លោក​មាន​អាយុ​​៧៤​ឆ្នាំ។​

​លោក​បាន​បន្ដ​ថា​“ នេះ​គឺ​មិន​ដូច​ប្រទេស​ដទៃ​នោះ​ទេ។ គាត់​កាន់​អំណាច​ជាង​៣៤​ឆ្នាំ​ហើយ​ ហើយ​ពេល​នេះ​គាត់​ចង់​បន្ដ​រហូត​គាត់​អាយុ​៧៤​ឆ្នាំ​ទៀត​។ សូម្បីតែ​​ប្រទេស​កុម្មុយ​នីស្ត​ ដូច​ជា​ប្រទេស​​ចិន និង​ប្រទេស​វៀត​ណាម​ក៏​ប្ដូរ​មេដឹក​នាំ​របស់​ខ្លួន​១០​ឆ្នាំ​ម្ដង​ដែរ ទោះ​បី​ជាគណបក្ស​កាន់​អំណាច​មិន​ផ្លាស់​ប្ដូរ​ក៏​ដោយ”។​​​លោក​​បន្ថែម​ថា គណ​បក្ស​​សង្គ្រោះ​ជាត​ិនឹង​ធ្វើវិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ ដើម្បី​កំណត់​​អាណត្តិ​​នាយក​រដ្ឋ​មន្ត្រី​​ត្រឹម​ពីរ​អាណត្តិ​​ប៉ុណ្ណោះ៕

ប្រែសម្រួល​ដោយ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស