27 C
Phnom Penh

លោក​​​ឧកញ៉ា ទ្រី ភាព ទទួល ​​​បាន​​​សិទ្ធិ​​​ផ្ដាច់​​​មុខ​​​ក្នុង​​​ការ​​​ទិញ​​​ឈើ​​​កាប់​រួច​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​លិខិត​​​មួយ​​​ច្បាប់​​​ផ្ញើ​​​ពី​​​ក្រសួង​​​កសិកម្ម​​​ រុក្ខាប្រមាញ់  និងនេសាទ ទៅ​​​ឲ្យ​​​រដ្ឋ​បាល​​​​ព្រៃឈើ​​​ កាល​​​ពី ខែ​​​កុម្ភៈ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ​ក្រសួង​​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ថ្មី​​​មួយ ជា​​​មួយ​​​ក្រុមហ៊ុនទ្រី ភាព ​​​អាហរ័ណ​​​នីហរ័ណ​​​ ​ដើម្បី​​​ផ្ដល់​​​សិទ្ធិ​​​ផ្ដាច់​​​មុខ​​​ទៅ​​​ឲ្យ​​​
ក្រុម​ហ៊ុន​នេះ ​ក្នុងការទិញ​​​ឈើ​​​ទាំ​​​ង​​​អស់​​​ ដែល​​​​​​គេកាប់​​​រួច​​​​​​​នៅ​​​ក្នុង​​​តំបន់ដី​​​សម្បទា​​ន​​​សេដ្ឋកិច្ច​​​ នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី។

ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក ឡោ ​រស្មី ​អគ្គ​លេខា​​​ធិការ​​​ក្រសួង​​​កសិកម្ម​​​ និង​​​ផ្ញើជូន​​​ទៅ​​​ឲ្យ​​​លោក ឆេង គឹមស៊ុន ប្រធា​​ន​​​រដ្ឋបាល​​​ព្រៃឈើ​​​
លិខិត​​​នេះ បាន​​​លើក​​​ឡើង​​​ថា ក្រុមហ៊ុន​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​លោក ទ្រី ភាព ​​​ជា​​​ម្ចាស់​​​ក្រុម​ហ៊ុន​​​​រ៉ែ និង​​​កសិកម្ម​​​ និង​​​ជា​​​ម្ចាស់​​​កាស៊ីណូ​​​ ត្រូវ​ទទួល​​​បាន​​​សិទ្ធិ​​​ផ្ដាច់​​​មុខ​​​ក្នុង​​​ការ​​​ទិញ​​​ឈើ​​​នៅ​​​​​​ខេត្ត​​​រតនគិរី​​​ ដើម្បី​​​បំពេញ​​​តម្រូវ​​​ការ​​​ក្នុង​​​ស្រុក និង​​​សម្រាប់​​​ការ​​​នាំ​​​ចេញ​​​ ព្រម​​​ទាំង​​​បង់​សួយ​សាអាករ សម្រាប់បែងចែក​ចូល​ថវិកាជាតិ​។

លិខិត​​​ដែល​​​ចុះ​​​នៅ​​​ថ្ងៃ​​​ទី​​​២៦ ខែ​​​កុម្ភៈ​​​ បាន​​​លើក​​​ឡើង​​​ថា “ រដ្ឋបាល​​​ព្រៃឈើ​​​នឹង​​​អនុញ្ញាត​​​​ឲ្យ​​​​ក្រុមហ៊ុន​​​ ទ្រី ភាព អាហរ័ណ​​​ នីហរ័​​ណ  ​អាច​​​​ទិញ​​​ឈើ​​​ពី​​​គ្រប់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​។

ទោះ​​​បី​​​ជា​​​​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​មួយ​​​រូប​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​​នេះ នឹង​​​ជួយ​​​ធ្វើ​​​ឲ្យ​​​កាន់តែ​ស្របច្បាប់​​​ក្នុងរក​​​ស៊ី​​​ឈើ​​​ នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ តាមរូបភាពទិញ​​​ឈើ​​​ ដែល​​​គេកាប់​​​​​​​​​រួចហើយ ឲ្យទៅ​​​ក្រុម​ហ៊ុន​​​តែ​​​មួយ​​​គត់​​​ក្ដី​​​ តែ​​​អ្នក​​​ឃ្លាំមើល​​​សិទ្ធិ​​​ដី​​​ធ្លី​​​ប្រចាំ​​​ខេត្ត​​​រតនគិរី​​​ បាន​​​លើក​​​ឡើង​​​ថា កិច្ច​​​ព្រម​​​​ព្រៀង​​​នេះ នឹង​​​បង្កើត​​​ឲ្យ​​​មាន​​​ទីផ្សារ​​​មួយ​​​ដែល​​លើក​​​ទឹក​​​ចិត្ត​​​ដល់​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ និង​​​ធ្វើ​​​ឲ្យ​​​សកម្មភាពបំផ្លាញ​​​ព្រៃ​​​ឈើ​​​កាន់​​​តែ​​​មាន​​​ការ​​​កើន​​​ឡើង​​​។

លោក ប៉ាវ ហមផាន អភិបាល​​​ខេត្ត​​​រតន​គិរី​​​​ថ្លែង​ថា“ ការ​​​ផ្ដល់​​​សិទ្ធិ​​​ផ្តាច់មុខ​ទៅ​​​ឲ្យ​​​ក្រុម​ហ៊ុនទ្រី ភាព ដើម្បី​​​ទិញ​​​ឈើ​​​ដែល​គេ​​​កាប​់រួច នៅ​​​ក្នុង​​​តំបន់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ គឺ​​​វា​​​មាន​​​​សារៈ​​​សំខាន់​​​ណាស់​​​ ក្នុង​​ការ​​​ទប់​​​ស្កាត់​​​សកម្មភាព​​ដឹក​​​ជញ្ជូ​​ន​​​ឈើ​​​ដោយ​​​ខុស​​​ច្បាប់​​​ និងធ្វើ​​​ឲ្យ​​​ការគ្រប់​​​គ្រង​​​កាន់តែល្អទៅលើឈើ ​​​ដែល​​​​ គេ​កាប់​​​រួច​​​​​នៅ​​តាមបណ្តា​ដី​​​សម្បទាន​សេដ្ឋកិច្ច​​​ដែល​​​ត្រូវ​​​បាន​​​គេដឹក​​​ជញ្ជូន​​​ទៅ​​​កាន់​​​តំបន់​​​ផ្សេង​​​ៗ​​​​​​”។

ទោះ​​​បី​​​ជា​​​ការ​​​ផ្ដល់​​​ដី​​​សម្បទាន​​​សេដ្ឋ​កិច្ច​​​តម្រូវ​​​ឲ្យ​​​ធ្វើ​​​ឡើងឲ្យស្រប​​​តាម​​​ច្បាប់​​​ ដែល​​​អនុញ្ញាតឲ្យ​​​កាប់​​​ឈើ​​​តែនៅ​​​ក្នុង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​របស់​​​ខ្លួន​​​​​​ និង​​​ត្រូវ​​​បង់​​​សួយសាអាករលើ​​​ឈើ​​​ ដែល​​​ពួក​​​គេ​​​បាន​​​កាប់​​​ក្ដី​​​ តែ​​សកម្ម​​​ជន​​​​សហគមន៍​​​ និង​​​អ្នក​​ឃ្លាំ​​​មើល​​​បរិស្ថាន​​​ បាន​​​ជំទាស់​​​​
ថា ក្រុមហ៊ុន​​​ជា​​​ច្រើន​​​​​​ធម្មតា​​​តែង​​​តែ​​​កាប់​​​ឈើ​​​នៅ​​​ខាង​​​ក្រៅ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​របស់​​​ខ្លួន​​​ ហើយ​​​បាន​​​ដឹកជញ្ជូនឈើ​​​ដោយ​​​ខុស​​​ច្បាប់​​​ឆ្លងកាត់​​ព្រំ​​​ដែន​​​យក​​​ទៅ​​​លក់​​​នៅ​​​​​​វៀត​​​ណាម។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក ប៉ាវ ហម​ផាន​មាន​​​ប្រសាសន៍​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​ជាមួយ​​​​ក្រុមហ៊ុន​​​ ទ្រី ភាព និង​​​អនុ​ញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​នេះ​​​ មានសិទិ្ធ​គ្រប់​​​គ្រង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ការ​​​ដឹក​​​ជញ្ជូន​​​ឈើ​​​ដោយ​​​​​​ស្រប​​​ច្បាប់​​​កាន់​​​តែ​​​មាន​​​ភាព​​​ងាយ​​​ស្រួល​​ និង​​​អនុញ្ញាត​
​​​ឲ្យ​​​ក្រុមហ៊ុន​​​នេះ​​​ផ្ដោត​​​លើ​​​ការជំរុញ​​​សេដ្ឋកិច្ច​​​ ដោយ​​​ដាំ​​​ដំណាំ​​​ផ្សេង​​​ៗ​​​ នៅ​​​លើ​​​ផ្ទៃដី​​​ ដែល​​​​​ក្រុម​​​ហ៊ុន​​​នេះ បាន​​​កាប់​​​រាន​​​រួច​​​។
លោក ប៉ាវ ហមផាន ថ្លែង​ថា“ ឥឡូវនេះ​​​មាន​​​អ្នក​​​ទិញ​​​ឈើ​​​ស្រប​​​ច្បាប់​​​ហើយ​​​ ហើយ​​​ក្រុមហ៊ុន​​​ ដែល​​​ទទួល​​​បាន​​​ដី​​​សម្បទានសេដ្ឋ​កិច្ច​​​​
មិន​​​ចាំ​​​បាច់​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​ស្វែង​​​រក​​​ទី​​​ផ្សារ ​​​សម្រាប់​លក់​​​ឈើ​​​របស់​​​ខ្លួន​​​ទៀត​​​ឡើយ”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក ប៉ែន ​ប៊ុណ្ណារ៍ ​អ្នក​​​ស៊ើប​​​អង្កេត​​​ជាន់​​​ខ្ពស់​​ទទួល​​​បន្ទុក​​​ផ្នែក​​​សិទ្ធ​​ិ​​​ដី​​​ធ្លី​​​ និង​​​ធនធាន​​​ធម្ម​​​ជាតិ​​​ របស់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​ ​​​លើក​​​ឡើង​​​ថា កិច្ច​​​ព្រម​​​ព្រៀងនេះ នឹង​​​មាន​​​ផល​​​ប៉ះពាល់​​​អវិជ្ជមាន​​​ ដោយ​ការ​​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​ក្រុមហ៊ុន​​​កាប់​​​ឈើ​​​នៅ​​​ខាង​​​ក្រៅតំបន់​​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​របស់​​​ខ្លួន​​​ និង​​​ធ្វើ​​​ឲ្យប៉ះពាល់​​​យ៉ាង​​​ខ្លាំង​​​ដល់​​​ព្រៃ​​​ និង​​​ឧទ្យាន​​​ជាតិ​​​ដែល​​​ត្រូវ​​​បាន​​​ការ​​​ពារ​​​ ក្នុង​​​ខេត្ត​​​រតនគិរី​​​។

លោក ប៉ែន ប៊ុណ្ណារ៍ បាន​​​លើក​​​ឡើង​​​ថា “ ​​​កាល​​​ពី​​​ដើម​​​ឡើយ​​​ គ្មាន​​​ទី​​​ផ្សារ​​​ ឬក៏​​​អ្នក​​​ទិញ​​​ដោយ​​​ស្វ័យ​​​ប្រវត្តិ​​​ទេ សម្រាប់​​ឈើ​​​ទាំង​​​នេះ​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ហេតុ​​​ដូច្នេះ​​​ក្រុមហ៊ុន​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​ស្វែង​​​រក​​​អ្នក​​​ទិញ​​​​​​ និង​​​ដឹក​​​ជញ្ជូន​​​ឈើ​​ទាំង​​​អស់នេះ​​​ដោយ​​​ខ្លួន​​​ឯង។ ​តែ​​​ឥឡូវ​​​មាន​​​ទី​​​ផ្សារ​​​ហើយ​​​នៅ​​​ទីនេះ ហេតុ​​​ដូច្នេះព្រៃ​​​ឈើ​​​នឹង​​​ត្រូវ​​​រលាយអស់​​​”។

យោង​​​តាម​​​តួលេខ​​​ ដែល​​​ចង​​​ក្រង​​​ដោយ​​​អង្គការ​​​អាដហុក​​​ បាន​​​ឲ្យ​​​ដឹង​​​ថា រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​ផ្ដល់​​​ដី​​​សម្បទា​​ន​​​សេដ្ឋកិច្ច​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ទៅ​​​ឲ្យ​​​​​​ក្រុមហ៊ុន​​​ចំនួន​​​២៧​​​ ដោយ​​​គ្រប​​​ដណ្ដប់​​​លើ​​​ផ្ទៃដី​​​សរុប​​​ទំហំ​​​២២២​​​.៩៣៣​​​ហិកតា​​​។ ជិត​​​ពាក់​​​កណ្ដាល​​​នៃ​​​ដី​​​សម្បទាន​​​សេដ្ឋ​កិច្ច​​​ទាំង​​​នេះ​​​ មាន​​​ដី​​​ទំហំ​​​១០៨.៥១៣​​​ហិក​​​តា​គឺ​​​ស្ថិត​​​ក្នុង​តំបន់​​​ការ​​​ពារ​​​​​​ឧទ្យាន​​​ជាតិ​​​វីរ​​​ជ័យ​​​ដែល​​​ជា​​​ព្រៃការពារ​​​ ដែលត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​ក្នុង​​​បេតិកភណ្ឌ​​​តំបន់​​​អាស៊ាន​​​ ដោយ​​​បាន​​​​​​ចាត់​​​ទុ​​ក​​​ថា ជា​​​តំបន់​​​ការ​​​ពារ​​​ដ៏​​​សំខាន់​​​មួយ​​​ មានទំហំ​​​៣៣០.០០០​​​ហិកតា​​​។

ទោះ​​​បី​​​ជា​​​រដ្ឋាភិបាល​​​បាន​​​ផ្ដល់​​​ដី​​​សម្ប​ទាន​​​សេដ្ឋកិច្ច​​​ទាំង​​​នេះ​​​ ក្នុងគោលបំណង ដើម្បី​​​បង្កើន​​​ទិន្នផល​​​កសិកម្ម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​និង​​​បង្កើត​​​ការ​​​ងារ​​​ធ្វើនៅ​​​តាម​​​ទី​​​ជ​​ន​​​បទ​​​ក្ដី​​តែអង្គការ​​​ការពារសិទ្ធិ​​​មនុស្ស​​​ និង​​​សកម្មជន​​​ការ​​​ពារ​​​ព្រៃ​​​ឈើ​​​​​​​​​​​​​ធ្លាប់បាន​​​ជំទាស់​​​យ៉ាង​​​ខ្លាំង​ចំពោះការ​ផ្តល់​សម្បទានដីនេះ​​​ ដោយ​ពួក​គេបានលើក​​​ឡើង​​​ថា​​​ ដី​​​ទាំង​​​នេ​​​ះ​​​ត្រូវ​​​បាន​គេ​​​ប្រើ​​​ជា​​​មធ្យោបាយ​​​ ដើម្បី​លាក់បាំង​សកម្ម​ភាព​រំលោភ​​​ឱសានវាទឈប់ឲ្យរក​​​ស៊ី​​​កាប់បែប​ពាណិជ្ជ​កម្ម កាលពី​​​​​​ឆ្នាំ​​​២០១២ ​​​​​​។

កាល​​​ពី​​ខែ​​​កុម្ភៈ ឆ្នាំ​​​២០១១ លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ផ្ដល់​​​ដី​​​សម្បទាន​​​សេដ្ឋ​កិច្ច​​​ចំនួន​​​ពីរ​​​កន្លែង​​​ទំហំ​​​១៨.៨៥៥​​​ហិកតា​​​នៅ​​ក្នុង​​​ឧទ្យាន​​​មួយ​​​ នៅ​​​ក្នុងតំបន់​​​ដាច់​​​ស្រយាល​​​ភាគ​​ឦសាន​​​ប្រទេស​​​កម្ពុជា ឲ្យទៅក្រុមហ៊ុន ទ្រី ភាព សម្រាប់​​​រយៈ​​​ពេល​​​៧០​​​ឆ្នាំ។ នៅ​​​ក្នុង​​​ខែ​​​ឧសភា​​​ក្នុង​​​ឆ្នាំ​​​ដដែលនោះ ក្រុមហ៊ុន​​​របស់​​​លោក ទ្រី ភាព ក៏ទទួល​​​បា​​​ន​​​ដី​​​សម្បទាន​​​សេដ្ឋ​កិច្ច​​​ទំហំ​​​៩.៩១៦​​​ហិកតា​​​មួយ​​​កន្លែង​​​បន្ថែម​​​ទៀត​​​ សម្រាប់​​​ធ្វើ​​​ជា​​​ចម្ការ កៅស៊ូ​​​នៅ​​​ក្នុង​​​ដែន​​​​ជម្រក​​​សត្វ​​​ព្រៃ​​​បឹង​​​ពែ ក្នុង​​​ខេត្ត​​​ព្រះវិហារ​​​។

បន្ទាប់​​​ពី​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​សេដ្ឋ​កិច្ច​​​នៅ​​​ក្នុង​​​ដែន​​​ជម្រកសត្វព្រៃ​​​បឹង​​​ពែរួច លោក​​​ទ្រី ភាព បាន​​​ផ្ដល់​​​ប្រាក់​​​ចំនួន​​​១៣០.​០០០​​​ដុល្លារ​​​​សម្រាប​់​​​គម្រោងគ្រប់​​​គ្រង​​​បរិស្ថាននៅ​​​​ក្នុង​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​នោះ​​​និង​​​ផ្តល់ថវិកា​សម្រាប់​​​​សាងសង់​ទីស្នាក់ការ​ថ្មីរបស់សាខា​​​គណ​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ នៅ​​​តំបន់​​​នោះ​​​ ព្រម​​​ទាំង​​​សម្រាប់​​​ឲ្យ​​​ទិញ​​​ម៉ូតូ​​​ថ្មី​​​ៗ​​​ និង​​​កាមេរ៉ា​​​ឌីជីថល សម្រាប់មន្ត្រី​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ដែន​​​ជម្រកសត្វ​​​ព្រៃ​​​នោះ​​​ផង​​​ដែរ។

កាល​​​ពី​​​ខែ​​​មករា​​​​​​ ឆ្នាំ​​​២០១១ ក្រុមហ៊ុន​​​​​​ ទ្រី ​ភាព អាហរ័ណ នីហរ័ណ និង​​​ក្រុមហ៊ុន​​​មួយ​​​ចំនួន​​​ផ្សេង​​​ទៀត​​​ ត្រូវ​​​រាជ​​​រដ្ឋាភិបាល​​​លុប​​​ចោល​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ ដែល​​​ខ្លួន​​​ទទួល​​​បាន​​​ នៅ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ ដោយ​​​សារ​​​តែ​​​កង្វះ​​​ការ​​​វិនិយោគ​​​ ខ្វះការ​​​អភិវឌ្ឍ​​​នៅ​​​ក្នុង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​របស់​​​ខ្លួន​​​។

ពេលទាក់​​​ទង​​​បាន​​​កាល​​​ពី​​​ម្សិលមិញលោក​​​ប៊ី ជីវ័ន្ដ​​​ដារ៉ា តំណាង​​​ឲ្យ​​​ក្រុមហ៊ុន​​​ ទ្រី ភាព អាហរ័ណ​​​ នីហរ័ណ​​​ បាន​​​បញ្ជាក់​​​ថា ក្រុមហ៊ុន​​​របស់​​​ខ្លួន​​​ទទួល​​​បាន​​​សិទ្ធិ​​​ទិញ​​​ឈើ​​​ ដែល​​​កាប់​ក្នុងតំបន់ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ ប៉ុន្ដែ មិន​​​បាន​​​រៀប​​​រាប់​​​លម្អិត​​​ពី​​​គម្រោង​​​ទិញ​​​ឈើ​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​ឡើយ​​​។

តែលិខិត​​​ពី​​​ក្រសួង​​​កសិកម្ម​​​បាន​​​លើក​​​ឡើង​​​​ថា ក្រុមហ៊ុន​​​​​​ ទ្រី ភាព អាហរ័ណ​​​ នីហរ័ណ គួរ​​​តែ​​​ទាក់​​​ទង​​​ដោយ​​​ផ្ទាល់​​​ជាមួយ​​​ក្រុមហ៊ុន​​​ដែល​​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​អស់​​ ប៉ុន្ដែ មិន​​​បាន​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​អំពី​​​របៀប​​​ ដែល​​​ក្រុមហ៊ុន​​​នីមួយ​​​ៗ នឹង​​​ត្រូវ​​​សហ​ការគ្នា​​​ជាមួយ​​​ក្រុមហ៊ុន​​​នេះ​​​ ឬ​​​ក៏​​​ថា តើ​​​នឹង​​​មាន​ការ​​​ពិន័យ​​​ណាមួយ​​​ដែរ​​​ឬ​​​ទេ ប្រសិន​​​បើ​​​ក្រុម​ហ៊ុន​​​ដែល​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​លក់​​​ឈើ​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​ផ្សេង​​​នោះ។

លោក ទឹម ស៊ីផា ប្រធាន​​​នាយកដ្ឋាន​​​ នីតិកម្ម​និង​​​អនុវត្ត​​​ច្បាប់​​​របស់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​ពី​​​ការ​​​សម្រេច​​​​នេះ​​​ទេ​​​ ហើយលោក​​​បាន​​​បង្វែ​​​សំណួរ​​​ទៅ​​​ឲ្យ​​​ថ្នាក់​​​លើ​​​របស់​​​ខ្លួន គឺលោក ឆេង គឹមស៊ុន​ ដែល​
​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការអត្ថាធិប្បាយ​​​បានទេ ​​​កាល​​​ពីម្សិលមិញ។

លោក ច័ន្ទ សារុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​កសិកម្ម​និង​​​លោក​​​ ឡោ រស្មី អគ្គលេខា​​​ធិការ​​​របស់​​​លោក​​​ ដែល​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ជាមួយ​​​លោក ទ្រី ភាព ក៏​​​មិន​​​អាច​​​​​​ទាក់​​​ទង​​​បាន​​​ដែរ​​​៕

ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស