យោងតាមមិត្តភក្តិម្នាក់បានឲ្យដឹងថាអតីតមហាសេដ្ឋីរុស្ស៊ីឈ្មោះ សឺហ្គី ប៉ូលុនស្គី(Sergei Polonsky)បានចាកចេញពីប្រទេសកម្ពុជាហើយ បើទោះជាបច្ចុប្បន្ននេះត្រូវបានសាលាដំបូងខេត្តព្រះសីហនុដោះលែងឲ្យនៅក្រៅឃុំ ពីបទបង្ករបួសស្នាមកាលពីក្នុងខែធ្នូក៏ដោយ។
លោក ប៉ូលុនស្គី អាយុ៤០ឆ្នាំ រួមជាមួយជនជាតិរុស្ស៊ី ពីរនាក់ទៀត កំពុងរង់ចាំការជំនុំជម្រះជំុវិញការអះអាងពីកងរាជអាវុធហត្ថ និងកម្មករទូកប្រាំមួយនាក់ថា ជនជាតិរុស្ស៊ីទាំងនេះបានយកកាំបិតគំរាមកម្មករទូកនិងបង្ខំឲ្យពួកគេលោតចេញពីទូក។
លោក ប៉ូលុនស្គី ត្រូវបានដោះលែងកាលពីថ្ងៃទី៣ ខែមេសា ហើយមេធាវីរបស់គាត់បាននិយាយនៅពេលនោះថា លក្ខខណ្ឌឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ចែងថា គាត់ត្រូវនៅក្នុងប្រទេសកម្ពុជា រហូតដល់មានការជំនុំជម្រះក្តី ប៉ុន្តែមិនទាន់មានការកំណត់កាលបរិច្ឆេទបើកសវនាការនៅឡើយទេ។
បន្ទាប់ពីការដោះលែងគាត់ អតីតមហាសេដ្ឋីរូបនេះបានវិលត្រឡប់ទៅកាន់កោះឯកជនរបស់គាត់ភ្លាម គឺកោះដែកគោល ដែលគាត់បានរស់នៅទីនោះ មុនពេលចាប់ខ្លួនគាត់។
លោក សឺហ្គី វ៉្លាឌី (Sergei Vladi) ជាដៃគូជំនួញនិងជាមិត្តភក្តិរបស់លោក ប៉ូលុនស្គី ដែលរស់នៅក្នុងក្រុងឡុងដ៍ បានលើកឡើងក្នុងអុីម៉េលថា លោក ប៉ូលុនស្គី “ បានស្ថិតនៅក្នុងប្រទេសកម្ពុជា រហូតដល់ថ្ងៃទី២៦ ខែមេសា” មុនពេលគាត់ចាកចេញ។
លោក វ៉្លាឌី បានមានប្រសាសន៍ថា “ ខ្ញុំជឿជាក់ថា គាត់បានបន្សល់ទុកសំណើជាលាយលក្ខណ៍អក្សរមួយ សុំការអនុញ្ញាតរយៈពេលពីរបីថ្ងៃដើម្បីទៅពិនិត្យសុខភាពជាបន្ទាន់”។
ពេលនេះគេមិនដឹងថា លោក ប៉ូលុនស្គី នៅទីណាទេ ប៉ុន្តែសារនិងរូបថតតាមទំព័រហ្វេសប៊ុករបស់គាត់បង្ហាញថា គាត់ស្ថិតនៅ ប្រេកនី ជែមបេស៊ី ជាតំបន់មួយនៅទីក្រុងហ្សឺែណវ ប្រទេសស្វ៊ីស។
លោក វ៉្លាឌី បានបន្តថា លោកមិនដឹងច្បាស់ថាតើលោក ប៉ូលុនស្គី ធ្វើដំណើរពីប្រទេសកម្ពុជា ទៅអឺរ៉ុបដោយរបៀបណាទេ។
លោកបានមានប្រសាសន៍ថា “ រឿងរ៉ាវរបស់ ប៉ូលុនស្គី ជានិច្ចកាលអាថ៌កំបាំងដោយសារហេតុផលសន្តិសុខ”។
លោកបានបន្ថែមថា “ ប៉ូលុនស្គី បានស្ថិតក្នុងប្រទេសស្វ៊ីស កាលពីសប្តាហ៍មុន ប៉ុន្តែប្រហែលជាមិនទៅក្រុងមូស្គូទេ”។
លោក គង់ រ៉ាឌី មេធាវីរបស់ ប៉ូលុនស្គី បានបដិសេធមិនបញ្ជាក់ថាកូនក្តីរបស់លោកបានចាកចេញពីប្រទេសកម្ពុជា ឬនិយាយថាតើគាត់បានទទួលការអនុញ្ញាតពីតុលាការឲ្យចេញពីប្រទេសឬអត់នោះទេ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនដឹងទេ។ ប៉ុន្តែប្រសិនបើលោកដឹង ហេតុអ្វីបានជាលោកសួរខ្ញុំអំពីរឿងនេះ?”។
ក្រុមមន្ត្រីនៅសាលាដំបូងខេត្តព្រះសីហនុមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ហើយលោក កុយ គួង អ្នកនាំពាក្យរបស់ក្រសួងការបរទេស បានមានប្រសាសន៍ថា លោកមិនដឹងថាលោក ប៉ូលុនស្គី បានចាកចេញពីកម្ពុជាឬក៏អត់ទេ។
លោក ផេង ភឿន ដែលគ្រប់គ្រងសណ្ឋាគារផ្ទះពស់ និងភោជនីយដ្ឋាននៅក្នុងខេត្តព្រះសីហនុ ដែលម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋាននេះមានភាគហ៊ុននៅក្នុងកិច្ចសន្យាជួលកោះដែកគោលជាមួយលោក ប៉ូលុនស្គី បាននិយាយថា គាត់មិនបានឃើញ លោក ប៉ូលុនស្គី មួយរយៈមកហើយ។ លោកបាននិយាយថា “ ខ្ញុំបានដឹងពីចៅហ្វាយរបស់ខ្ញុំថា លោក ប៉ូលុនស្គី បានចេញពីកម្ពុជាហើយ”។
ការធ្វើដំណើររបស់លោក ប៉ូលុនស្គី ទៅអឺរ៉ុប ទំនងជាកើតឡើងស្របពេលជាមួយការជំនុំជម្រះនៅក្នុងទីក្រុងមូស្គូលើរឿង
ក្តីរបស់លោក អាឡិចសាន់ឌ័រ ឡឺបេដេវ (Alexander Lebedev) ជាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយរុស្សុីពីបទរិះគន់លោក ប៉ូលុនស្គី ដែលផ្សាយផ្ទាល់តាមទូរទស្សន៍កាលពីឆ្នាំ២០១១។
លោក ឡឺបេដេវ ដែលជាចាងហ្វាងកាសែត មូស្គូ ដែលរិះគន់រដ្ឋាភិបាលផ្តាច់ការរបស់ប្រទេសរុស្ស៊ី ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើពាលា និងការស្អប់ខ្ពើមខាងនយោបាយក្នុងការជំនុំជម្រះ ដែលបានចាប់ផ្តើមកាលពីម្សិលមិញ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី