31 C
Phnom Penh

ក្រុម​ហ៊ុន​របស់​​​ប្រទេស​​​កូរ៉េ​ខាង​ត្បូង​បើក​ការដ្ឋាន​សាង​សង់​ទីក្រុង​រណប​ដ៏​ធំមួយ ​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ ក្រុម​ហ៊ុន​ ប៊ូយ៉ុង​ គ្រុប​ (Booyoung Group)​ ដែល​ជា​ក្រុម​ហ៊ុន​មួយ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បើក​ការ​ដ្ឋាន​សាង​សង់​ទី​ក្រុង​រណប​មួយ​ ដែល​មាន​ទំហំ​ទឹក​​​​ប្រាក់​វិនិយោគ​ចំនួន​១,១​ពាន់​លាន​ដុល្លារ​ នៅ​​​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​​​រុស្ស៊ី​ ក្នុង​ខណ្ឌ​សែន​សុខ​ ​ដែល​បើកការ​ដ្ឋាន​ធំ​​ទី២​នៅ​​រាជ​ធានី​ភ្នំ​ពេញ​​ក្នុង​រយៈ​ពេល​មួយ​ខែ​មក​នេះ​​​។

ទីក្រុង​រណប​ ដែល​ត្រូវ​ដាក់​ឈ្មោះ​ថា​ ​ក្រុង​ប៊ូយ៉ុង​១​ (Booyoung Town I)​​ នេះ ​ត្រូវ​សាង​​​​សង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​២៣,៥​ហិកតា​ក្នុង​សង្កាត់​ទឹក​ថ្លា។

លោក​ អឹុម​ ឈុនលឹម​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​​​​ចំ​ដែន​ដី​ បាន​លើក​ឡើង​​ក្នុង​សុន្ទរ​ក​​​ថា​ កាល​ពី​ម្សិល​មិញ​នៅ​ឯ​ពិធី​បើក​ការដ្ឋាន​សាង​សង់​នេះ​​ថា​ គម្រោង​នេះ​​មាន​អគារ​ពាណិជ្ជ​កម្ម​ គេហដ្ឋាន​ប្រណីតៗ​ មជ្ឈមណ្ឌល​កីឡា​ និង​សាលា​រៀន។

លោក​ អឹុម​ ឈុនលឹម​ បាន​មាន​ប្រសាសន៍​ថា​ “ នេះ​គឺ​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​​​ជំរុញ​កំណើន​​សេដ្ឋ​កិច្ច​ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​វិស័យ​សំណង់​ នគរូបនីយកម្ម​ និង​អចលន​ទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​”។ ក៏​ប៉ុន្តែ​ លោក​មិន​បាន​ផ្តល់​ព័ត៌​មាន​លម្អិត​ណា​មួយ​​ថា​ តើ​ក្រុម​ហ៊ុន​ ប៊ូយ៉ុង​ គ្រុប​ បាន​​​ទិញ​ដី​នេះ​ក្នុង​តម្លៃ​ប៉ុន្មាន​ ឬ​ក៏​ថា​ តើ​នរណា​ជា​ម្ចាស់​ដី​នេះ​ កាល​ពី​ពេល​​មុន​នោះ​ទេ។

ការ​អភិ​វឌ្ឍ​នេះ​គឺ​ជា​ការ​អភិវឌ្ឍ​លើក​​ដំបូង​ ដែល​ក្រុម​ហ៊ុន​អចល​ន​ទ្រព្យ​របស់​ប្រទេស​​​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​នឹង​វិនិយោគ​នៅ​ក្នុង​ការ​អភិវឌ្ឍ​អចល​ន​ទ្រព្យ​ដ៏​ធំ​បែប​នេះ​ ចាប់​តាំង​ពី​ទីក្រុង​កាំកូ​ ស៊ីធី​ (Camko City)​ ជា​​ទី​ក្រុង​រណ​៌របស់​ប្រទេស​​​កូរ៉េ​ខាង​ត្បូង​មួយ​ផ្សេង​ទៀតដែល​មាន​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ចំនួន​២​ពាន់​លាន​ដុល្លារ​ បាន​ជួប​នឹង​បញ្ហា​លំបាក​ដោយសារ​មាន​​​​ការ​ចោទ​ប្រកាន់​ថា​ វិនិយោគិន​​ធំ​​របស់​ខ្លួន​ គឺ​ធនាគារ​ ប៊ូសា​ន សេវវីង​​ (Busan Savings Bank)​ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ហិរញ្ញ​​​ប្ប​ទាន​ដោយ​ខុស​ច្បាប់​សម្រាប់​ការ​ចរចា​ធ្វើ​អាជី​វកម្ម​នៅ​កូរ៉េ​ខាង​ត្បូង​ និង​នៅ​បរទេស។

បុរី​ហ្គ្រែន​ ភ្នំ​ពេញ​ នៅ​ខណ្ឌ​សែនសុខ​  ព្រម​ទាំង​ទី​ក្រុង​រណប​មួយ​ចំនួន​ទៀត​ ដែល​រួម​មាន​ការ​អភិវឌ្ឍ​បុរី​ ហ្គាដិន​ ស៊ី​ធី​ (Garden City)​ របស់​លោក​ លី​ យ៉ុង​ផាត់​ សមា​ជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ជា​ដើម ដែល​បាន​បើក​ការ​ដ្ឋាន​សាង​សង់​ កាល​ពី​ខែ​មុន​ បច្ចុប្បន្ន​នេះ​កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​សាង​សង់​នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ ហើយ​កំពុង​​​សាង​សង់​បំពេញ​ផ្ទៃ​ដី​សន្សឹមៗ​។

លោក​ សឹុង​ ប៊ុណ្ណា​ នាយក​ក្រុម​ហ៊ុន​ ប៊ុណ្ណា​រៀលធី​ គ្រុប​ បាន​មាន​ប្រសាសន៍​ថា​ ក្រុម​ហ៊ុន​
ប៊ូយ៉ុង​ គ្រុប​ មាន​កម្មសិទ្ធ​ិលើដី​មាន​តម្លៃ​មួយ​កន្លែង​ ក៏​ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា​ នៅ​ចាំ​មើល​សិន​​ តើ​មាន​តម្រូវ​ការ​លើ​ការ​អភិវឌ្ឍ​បែបនេះ​ប៉ុណ្ណា។

លោក​បាន​លើក​ឡើង​ថា​ “ សម្រាប់​ទី​ក្រុង​រណប​មួយ​នេះ​ វា​គឺ​ជា​ទីតាំង​ដ៏​សំខាន់​មួយ​ពី​ព្រោះ​វា​ស្ថិត​នៅ​ជិតអាកា​សយាន​ដ្ឋាន​ និង​ស្ថិត​នៅ​​ក្នុង​​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន” ហើយ​លោក​បាន​បន្ថែម​ទៀត​ថា​ រូប​លោក​មិន​ទាន់​បាន​ឃើញ​គម្រោង​ទាំង​នេះ​នៅ​ឡើយ​ទេ។

លោក​ សឹុង​ ប៊ុណ្ណា​ បាន​បន្ត​ទៀត​ថា​ “ ពិត​មែន​ហើយ​ វា​ចាំ​ចាច់​ត្រូវ​តែ​មាន​ការ​ត្រៀម​រៀប​ចំ​ឲ្យ​​​បាន​ល្អ​ ហើយ​វា​ត្រូវ​ការ​​សំណង់​​ល្អ​ ប្រសិន​បើ​ធ្វើ​បាន​ល្អ​មែន​ វា​អាច​ជា​ការ​អភិវឌ្ឍ​​​​ដ៏​ល្អ​ដាច់​គេ​មួយ” ​នៅ​ក្នុង​ទី​ផ្សារ​ដ៏​មាន​ការ​ប្រកួត​ប្រជែង​​ខ្លាំង​​៕

ប្រែ​សម្រួល​ដោយ​ ហួង​ កុក​ទៀន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស