34 C
Phnom Penh

ការ​នាំ​អង្ករ​ចេញ​របស់​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​ច្រើន​នៅ​ក្នុង​រយៈ​ពេល​បួន​ខែ​ដំ​បូង​ឆ្នាំ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មួយ​រូប​ និង​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ឬ​ហៅ​កាត់​ថា​ អង្គការ​ ហ្វាវ​ (FAO)​ បាន​ឲ្យ​ដឹង​ថា​ ការ​នាំ​អង្ករ​ចេញ​នៅ​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ខណៈ​ដែល​វិស័យ​នេះ​ចាប់​ផ្តើម​ទាញ​យក​ប្រយោជន៍​ពី​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នានា​នៅ​តំបន់​អឺរ៉ុប​ដោយ​មិន​ចាំ​បាច់​បង់​ពន្ធ។

លោក​ ធន​ វីរៈ​ នាយក​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​របស់​រដ្ឋ​គឺ​ ក្រុម​ហ៊ុន​ ហ្គ្រីន​ ត្រេដ​ (Green Trade)​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា​ បើ​គិត​រហូត​ដល់​ត្រឹម​ដំណាច់​ខែ​មេសា​ឆ្នាំ​នេះ​ មាន​អង្ករ​ចំនួន​១១៨.៥០០​ហើយ​តោន ដែល​ត្រូវ​បាន​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ថា​ “ វា​បាន​កើន​ឡើង​ប្រហែល​៤៣​ភាគ​រយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​[កាល​ពី​ឆ្នាំ​មុន]​។​  ការ​នាំ​ចេញ​អង្ករ​មាន​ការ​កើន​ឡើង​ដោយសារ​តែ​មាន​តម្រូវ​ការ​ច្រើន​នៅ​ក្នុង​ទី​ផ្សារ។​ អង្ករ​ភាគ​ច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហ​ភាព​អឺរ៉ុប​ [អុីយូ(E.U.)]​”។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ បច្ចុប្បន្ន​នេះ​ យើង​មាន​ទី​ផ្សារ​មួយ។​ ពួក​គេ​ដឹង​ថា​ អង្ករ​របស់​យើង​មាន​គុណ​ភាព​ល្អ។​ យើង​ចាំ​បាច់​ត្រូវ​តែ​ផលិត​អង្ករ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​”។

អង្គការ​ ហ្វាវ​ ក៏​បាន​បង្ហាញ​នៅ​ក្នុង​របាយ​ការណ៍​ត្រួត​ពិនិត្យ​ទី​ផ្សារ​អង្ករ​ប្រចាំ​ត្រី​មាស​ចុង​ក្រោយ​បំផុត​របស់​ខ្លួន​សម្រាប់​ខែ​មេសា​ថា​ ការ​នាំ​អង្ករ​ចេញ​មាន​ការ​កើន​ឡើង​។

អង្គការ​ ហ្វាវ​ បាន​រាយ​ការ​ណ៍​ដូច្នេះ​ថា​ “​តម្លៃ​ស្រូវ​ខ្ពស់​នៅ​ប្រទេស​ថៃ​មិន​ត្រឹម​តែ​ជួយ​ជំរុញ​ឲ្យ​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​មក​លើ​ស្រូវ​ក្រអូប​ធូរ​ថ្លៃ​របស់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​លេច​ធ្លោ​ឡើង​ជា​ទីផ្សារ​ដែល​អាច​រក​ប្រាក់​ចំណេញ​បាន​សម្រាប់​វិនិយោគិន​ថៃ​ ដែល​មាន​ការ​ចាប់​អារម្មណ៍​លើ​ការ​ឆ្លៀត​រក​ប្រាក់​ចំណេញ​ពី​ចំណាយ​ទាប​ និង​ការ​នាំ​ចូល​ប្រទេស​ទៅ​​អឺរ៉ុប​របស់​ប្រទេស​នេះ​ដោយ​មាន​ការ​អនុគ្រោះ​ពន្ធ​ ក្រោម​កម្មវិធី​ អាច​នាំ​ចូល​បាន​គ្រប់​ផលិត​ទាំង​អស់​លើក​លែង​តែ​អាវុធ​”។

កាល​ពី​ពេល​មុន​ប្រទេស​កម្ពុជា​ធ្លាប់​តែ​នាំ​ទិន្ន​ផល​ស្រូវ​មួយ​ភាគ​ធំ​របស់​ខ្លួន​ចេញ​ទៅ​កាន់​ប្រទេស​ថៃ​ និង​វៀត​ណាម​ ដែល​នៅ​ទី​នោះ​ស្រូវ​របស់​កម្ពុជា​ត្រូវ​បាន​គេ​កិន​ជា​អង្ករ​ ​ហើយ​តែង​តែ​ត្រូវ​បាន​នាំ​ចេញ​បន្ត​ទៀត។​

រដ្ឋាភិបាល​បាន​ដាក់​ទិស​ដៅ​បង្កើន​ការ​នាំ​ចេញ​អង្ករ​ចេញ​ឲ្យ​បាន​ចំនួន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ត្រឹម​ឆ្នាំ​២០១៥​ បើ​ធៀប​​នឹង​ការ​នាំ​ចេញ​បាន​ត្រឹម​តែ​ចំនួន​២០០.០០០​តោន​ប៉ុណ្ណោះ​​កាល​ពី​ឆ្នាំ​មុន​ ហើយ​ការ​វិនិយោគ​លើ​រោង​ម៉ា​ស៊ីន​កិន​ស្រូវ​ត្រូវ​បាន​បង្កើន​ ដើម្បី​ធ្វើ​យ៉ាង​ណា​សម្រេច​ឲ្យ​បាន​គោល​ដៅ​នេះ​។

អង្គការ​ ហ្វាវ​ ក៏​បាន​ព្យាករ​ផង​ដែរ​ថា​ ទិន្នផល​ស្រូវ​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ការ​កើន​ឡើង​នៅ​ឆ្នាំ​នេះ​ បន្ទាប់​ពី​មាន​ការ​កើន​ឡើង​ដល់​ចំនួន​៩,៣​លាន​តោន​លើស​ពី​ការ​រំពឹង​ទុក​ កាល​ពី​ឆ្នាំ​២០១២​មក។

របាយ​ការណ៍​របស់​អង្គការ​ ហ្វាវ​ បាន​បង្ហាញ​ដូច្នេះ​ថា​ “ បើ​ទោះ​បី​ជា​មាន​ការ​ពឹង​ផ្អែក​លើ​ទឹក​ភ្លៀង​ខ្លាំង​ក៏​ដោយ​ ក៏​ទិន្នផល​ស្រូវ​នៅ​រដូវ​ធ្វើ​ស្រែ​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ត្រូវ​បាន​ព្យាករ​ជា​បឋម​ថា​ នឹង​អាច​ប្រមូល​បាន​ចំនួន​៩,៥​លាន​[តោន]​… ​ពោល​គឺ​កើន​ឡើង​លើស​ពី​ឆ្នាំ​២០១២​ចំនួន​២​ភាគ​រយ​។​ ប្រសិន​បើ​អាច​ប្រមូល​ផល​ស្រូវ​បាន​ដូច្នេះ​មែន​នោះ​ វា​នឹង​បង្ហាញ​្យ​ឃើញ​ពី​ការ​ប្រមូល​ផល​ស្រូវ​ដោយ​គ្មាន​ភាព​រអាក់​រអួលដល់​ឆ្នាំ​ទី៩​ហើយ​នៅ​ប្រទេស​កម្ពុជា​”៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស