26 C
Phnom Penh

អ្នកមាន​បុណ្យស័ក្តិ​ធំ​ៗ និង​អ្នក​ជំនួញ​ស្ដុក​ស្ដម​្ភ​​​ចូល​​​រួម​​​បរិចា្ចគ​លុយដល់​កាក​បាទ​ក្រហម​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅសល់​ជាងពីរខែ​ដល់ថ្ងៃ​​បោះឆ្នោត​ អ្នក​​នយោបាយ​ និង​អ្នក​ជំនួញ​ដែលមាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ម្សិលមិញ​​ នៅក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ប្រារព្ធ​ទិវា​កាក​បាទ​ក្រហម​ពិភពលោក​ ដោយ​​បាន​ចូលរួម​ក្នុង​ការបរិច្ចាគប្រាក់​ ដែល​សរុប​មាន​ចំនួន​១៤លាន​ដុល្លារ​ សម្រាប់ផ្តល់ឲ្យ​កាក​បាទ​ក្រហម​កម្ពុជា​ ​ក្រោមការ​ចូលរួមជា​អធិបតី​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ និង​លោកស្រី​ ​ប៊ុន រ៉ានី។

នៅចំពោះមុខក្រុមនិស្សិតស្ម័គ្រចិត្ត​របស់​កាកបាទ​ក្រហម​កម្ពុជារាប់​ពាន់​នាក់​ នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​​កាកបាទ​ក្រហម​កម្ពុជា​ អ្នកមានអំណាច​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ បានរង់ចាំ​អស់រយៈ​ពេល​ជិតពីរម៉ោង​ ដើម្បី​បរិច្ចាគប្រាក់​របស់ខ្លួន​ជូនលោកស្រី​ ប៊ុន រ៉ានី​ ដែលជាប្រធាន​កាកបាទក្រហម​កម្ពុជា និងលោក ហ៊ុន សែន​ ហើយបន្ទាប់​មក​ពួកគេ​បាន​ថត​រូប​ជាមួយ​លោក ហ៊ុន សែន និង​លោកស្រី ប៊ុន រ៉ានី​ និងស្តាប់ការប្រកាស​តាម​ឧគ្ឃោសន​សព្ទពីចំនួន​ទឹកប្រាក់​ ដែល​ពួកគេបាន​បរិច្ចាគ​។​

ទឹក​ប្រាក់​បរិច្ចាគមាន​ចំនួន​ច្រើនជាង​គេ​បំផុត គឺបានមក​ពីក្រុម​ហ៊ុន​ ប៊ូយ៉ុង​ គ្រុប​ (Boo-young Group) ជា​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​របស់ប្រទេស​កូរ៉េ​ ខាងត្បូង ដែល​បាន​បញ្ចុះ​បឋមសិលា​ នៅក្នុង​ខណ្ឌ​​សែន​សុខ​ កាលពីថ្ងៃ​អង្គារ​ សម្រាប់​គម្រោងសាងសង់​ក្រុង​រណប​មួយ មាន​ទឹកប្រាក់​ចំនួន​១,១​ពាន់​លានដុល្លារ​ ដែល​បានបរិច្ចាគទឹកប្រាក់ចំនួន៣លាន​ដុលា្លរ​ ទៅកាកបាទក្រហម​កម្ពុជា​ ដែលមាន​លោកស្រី​ ប៊ុន រ៉ានី​ ជា​ប្រធាន។

កាសុីណូណាហ្គា ដែល​ទទួលបាន​អាជ្ញា​ប័ណ្ណ​ផ្តាច់មុខ​ ក្នុងគ្រប់គ្រង​កាស៊ីណូនៅ​ក្នុង​រាជធានីភ្នំពេញ​ និង​ក្រុម​ហ៊ុនទូរស័ព្ទ​មិត្តហ្វូន​ ​ ជាក្រុម​ហ៊ុនទូរគមនាគមន៍​ ដែល​គ្រប់គ្រង​ដោយ​យោធា​ ​ដែលបាន​​ទាក់​ទាញ​អតិថិជន​បាន​យ៉ាង​ច្រើនក្នុង​ប្រទេស​កម្ពុជា​ បាន​ជាប់​លេខ២ ​ក្នុងការ​បរិច្ចាគ​ប្រាក់​ ដោយបាន​បរិច្ចាគចំនួន​៥០០.​០០០ដុលា្លរ។​ ចំណែក​ក្រុម​បចេ្ចកវិទ្យាចិន​ ហួវៃ​ (Huawei Technology)​បានបរិច្ចាគ​ទឹកប្រាក់ចំនួន​ ២០០.០០០ដុល្លារ​ ធានា​គារ​កាណាឌីយ៉ា បរិច្ចាគចំនួន​ ៨០.​០០០​
ដុល្លារ​ រីឯ​អគ្គិសនី​កម្ពុជា​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បរិច្ចាគទឹកប្រាក់ ចំនួន​៤០.០០០​ដុល្លារ​។​​​​​​

លោក ទ្រី ភាព​ ម្ចាស់កាស៊ីណូ និងជា​អ្នក​ទើបតែ​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុង​ពេលថ្មី​ៗ ដើម្បី​ទិញឈើ​កាប់រួច​ទាំងអស់​ ពីដីសម្បទាន​សេដ្ឋកិច្ច​ នៅក្នុង​ខេត្ត​រតនគិរី និង​លោក ឡៅ ម៉េងឃិន ដែលទទួលបាន​សិទ្ធិកាន់កាប់​ដី​ជំុវិញបឹងកក់​តាមរយៈ​កិច្ច​សន្យា​រយៈពេល​៧០ឆ្នាំ​ សុទ្ធតែបាន​បរិ​ច្ចាគ​ប្រាក់ក្នុងម្នាក់​ៗ​ចំនួន​១០០.០០០​ដុលា្លរ​ រីឯ​លោក គិត ម៉េង​ ប្រធាន​ក្រុម​ហ៊ុន​រ៉ូយាល់គ្រុម​ ហាក់បី​ដូច​ជា​បរិច្ចាគ​ប្រាក់តិចជាង​គេ​ គឺ​បាន​បរិច្ចាគ​ត្រឹម​តែ​​ប្រាក់ចំនួន​១០.០០០ដុល្លារប៉ុណ្ណោះ​ទៅ​ឲ្យកាកបាទក្រហម​កម្ពុជា។​

ចំណែកអ្នក​បរិច្ចាគ​​ប្រាក់​ច្រើន​ជាង​គេ​បំផុតក្នុង​ជួរ​រដ្ឋាភិបាល​ គឺលោក​ កែប ជុតិមា​ អតីតអភិបាលរាជធានីភ្នំពេញ​ ដែលបាន​បរិច្ចាគ​ប្រាក់ចំនួន​ ៣០០.​០០០ដុល្លារ​។ ទោះជាយ៉ាងណា​ ទឹកប្រាក់​ចំនួន​ ១០.០០០​ដុល្លារ​ គឺជា​ចំនួនគំរូនៃទឹក​ប្រាក់​បរិច្ចាគ​ក្នុង​ចំណោម​រដ្ឋមន្ត្រីជាន់ខ្ពស់​ក្នុងជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ រួមមាន​ លោក ស ខេង​ រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ​ លោក គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​ លោក ទៀ បាញ់​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ លោក អង្គ វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍។​

លោក ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និងសហ​ប្រតិបត្តិការ​អន្តរ​ជាតិ បាន​បរិច្ចាគទឹកប្រាក់ចំនួន​៤៣.​០០០ដុល្លារ​ និង​លោក​ សុខ អាន​ រដ្ឋមន្ត្រី​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បានបរិច្ចាគចំនួន​១៥.០០០ដុល្លារ។​

​​ សម្រាប់ចូលរួមម្នាក់ៗ​ កាលពីម្សិល​មិញ​ សុទ្ធតែ​ទទួល​បាន​ឌីវីឌី ដែល​មាន​ឈ្មោះថា​​ “ ​បទចម្រៀង​កាកបាទ​ក្រហម​កម្ពុជា​វ៉ុល​ទី៦” ដែលរួមមាន​បទ​ចម្រៀង​មួយ​ចំនួន​​ដូចជា​ “ វីរនារីដ៏ឧត្តុង្គ​ឧត្តម និង​ថ្លៃថ្លា​បំផុត​ផ្នែក​មនុស្ស​ធម៌​” ដែលច្រៀងកោត​សរសើរ​លោកស្រី ប៊ុន ​រ៉ានី​ និងការងារ​ដឹក​នាំ​កាក​បាទ​ក្រហម​របស់​លោក​ស្រី​។​

នៅពេលចាប់ផ្តើម​ពិធី​ លោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង​ បានអាន​គោរមងារ​របស់លោកស្រី ប៊ុន រ៉ានី​ ជាសម្តេច​​
ដែលជាគោរមងារ​ដ៏ខ្ពស់​បំផុតធ្លាប់តែ​ផ្តល់​ជូនឥស្សរជន​សំខាន់​ៗ​ក្នុងប្រទេសកម្ពុជា​ ដូចជា​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លោក
ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និង​លោក ហេង​ សំរិន ប្រធានរដ្ឋសភា។​​​​​

ក្នុង​ពេល​អាន​ព្រះរាជសារ​របស់​ព្រះ​មហា​​ក្សត្រ​ នរោត្តម​ សីហមុនី​ លោក​ គង់​ សំអុល​ បាន​មាន​ប្រសាន៍​ដូច្នេះ​ថា​ “ លោក​ជំ​ទាវ​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ គឺ​ជា​អ្នក​ដឹក​នាំ​ដ៏​អស្ចារ្យ​មួយ​រូប​ ដែលទទួលបានការគោរព​ស្រឡាញ់យ៉ាងជ្រាលជ្រៅពី​សំណាក់ប្រជា​​ពល​រដ្ឋ​ និងជាអ្នកគោរព​របបរា​ជា​និយម​យ៉ាងខ្លាំង។​ ទន្ទឹម​នឹង​នេះ​ដែរ​ [លោក​ជំទាវ​]​ បាន​ដឹក​នាំ​កាក​បាទ​ក្រហម​កម្ពុជា​យ៉ាង​ជោគ​ជ័យ​ ដោយ​ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់សង្គម​ជាតិ​ និង​អន្តរជាតិ​ ហើយ​មាន​សមត្ថភាព​យ៉ាង​ខ្ពង់​ខ្ពស់​ក្នុង​ការ​ជួយជន​​រង​គ្រោះ​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​ផ្សេងៗ​”។

ក្នុងឱកាសទទួលបានគោរមងារថ្មី និង​ជា​លើកដំបូងហើយ ​ដែលគោរមងារ​សម្តេច​នេះ​ត្រូវបាន​ប្រគល់​ជូនថ្នាក់ដឹក​នាំ​ជាស្ត្រី លោកស្រី ប៊ុន រ៉ានី បាន​មាន​ប្រសាសន៍​ប្រាប់​ភ្ញៀវចូលរួមថា ថ្ងៃ​ម្សិល​មិញ គឺថ្ងៃដ៏ពោរ​ពេញ​ដោយមហា​កិត្ត​យស​នៅក្នុងមួយជីវិត​របស់លោកស្រី។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ “ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​មហាឡារិក​បំផុត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ ពី​ព្រោះ​ព្រះ​ករុណា​ព្រះ​បាទ ​នរោត្តម​​
សីហមុនី​ ទ្រង់​សព្វ​ព្រះ​រាជ​ហឫ​ទ័យ​ប្រទាន​គោរម​ងារ​ដ៏​មាន​កិត្តិ​យស​នេះ​ដល់រូប​ខ្ញុំ។​ ងារ​នេះ​ គឺ​ជា​មហា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ ហើយ​នឹង​ជំរុញ​ឲ្យ​រូប​ខ្ញុំ​ខិតខំបន្ត​កិច្ចការ​ដ៏​លំបាក​របស់​ខ្ញុំ​ និងបន្ត​ជួយ​ប្រទេស​ជាតិជា​ទី​ស្រលាញ់​របស់​ខ្ញុំ​”។
លោក​ កឹម​ សុខា​ អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​ទទួល​បាន​ការ​អញ្ជើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​ទិវាកាកបាទ​ក្រហម​កម្ពុជា​នេះ​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា​“ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ដឹង​ថា​ កាកបាទ​ក្រហម​កម្ពុជា​ជា​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​”។ ​លោក​​បន្ថែម​ទៀត​ថា​ គោល​បំណង​នៃ​ការ​បរិច្ចាគ​ប្រាក់​ដល់​កាក​បាទ​ក្រហម​កម្ពុជា​ទំនង​ជា​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រក្សាទំនាក់​ទំនងល្អ​ជា​មួយ​
​ក្រុម​គ្រួសារ​ ដែល​មាន​អំណាច​ជាង​គេបំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ កឹម​ សុខា​ ​មាន​ប្រសាសន៍​ទៀត​ថា​ “ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រសិន​បើ​អ្នក​ចង់​ឡើង​តួនាទី​ខ្ពស់​ ឬ​បន្ត​ប្រកប​មុខ​ជំនួញ​ ដែល​អាច​រក​ប្រាក់​ចំ​ណេញ​បាន​ច្រើន​ អ្នក​ត្រូវ​តែ​បម្រើ​មេដឹក​នាំ​រដ្ឋា​ភិបាល​ និង​បម្រើ​នាយក​រដ្ឋ​មន្ត្រី”។ ​លោក​បាន​បន្ថែម​ថា​ ទំហំ​ទឹក​ប្រាក់​​បរិច្ចាគ​របស់​មន្ត្រី​រដ្ឋា​ភិបាល​ គឺជារឿងគួរ​ឲ្យ​សង្ស័យ​ណាស់​ ដោយ​សារ​តែ​ភាគ​ច្រើន​នៃ​មន្ត្រី​ទាំង​នេះ​មាន​ប្រាក់​ខែ​ត្រឹមតែប្រហែល​១.០០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។

លោក​ ខឹម ឡី​ អ្នក​ជំនាញ​ផ្នែកសេដ្ឋ​កិច្ច​សង្គម​ ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​សិក្សា​ស្រាវ​ជ្រាវ​ជាន់ខ្ពស់ បាន​មាន​ប្រសាសន៍​ថា​ ថវិកា​ដែល​កាកបាទ​ក្រហម​កម្ពុជា​រក​បាន​ក៏​កំពុង​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​ ដើម្បី​ជា​ប្រយោជន៍​ដល់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅ​មុន​ការ​បោះ​ឆ្នោត​ផង​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា​ “ មាន​អ្នក​នយោបាយ​នៅ​ក្នុង​កាក​បាទ​ក្រហម​កម្ពុជា​ ដែល​តែង​តែ​ទាញ​យក​ប្រយោជន៍​ពី​ស្ថា​ប័ន​នេះ​សម្រាប់​ផល​ប្រយោជន៍​ខាង​នយោ​បាយ​របស់​ខ្លួន។​ ការ​ចូល​រួម​ធ្វើ​វិភាគ​ទាន​នឹង​ជួយដល់ការ​ឃោស​នា​បោះឆ្នោត​”។
ទិវាកាក​បាទ​ក្រហម​កម្ពុជា​ឆ្នាំ​នេះ​ទទួួល​ាន​ថវិកា​​​៤​លាន​ដុល្លារ​ ច្រើន​ជាង​ឆ្នាំ​មុន។

មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​អំពី​ការ​កើន​ឡើង​នៃការ​បរិច្ចា​គ​ប្រចាំ​ឆ្នាំ​ទៅ​ឲ្យ​កាក​បាទ​ក្រហម​កម្ពុជា​ លោក​ស្រី​ ម៉ែន​ នារីសុភ័គ​ អគ្គ​លេខា​ធិការ​រង​កាក​បាទ​ក្រហម​កម្ពុជា​ បាន​លើក​ឡើង​ថា​ វា​គឺ​ជា​សក្ខី​ភាពឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា​ ប្រជា​ពល​រដ្ឋ​កម្ពុជា​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​សមត្ថ​ភាព​របស់​កាក​បាទ​ក្រហម​កម្ពុជា​ ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ដល់​អ្នក​ទាំង​ឡាយណា​ដែល​ត្រូវ​ការ​ជំនួយសង្គ្រោះ​បន្ទាន់ជា​ចាំ​បាច់។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ “ ការ​កើន​ឡើង​ជា​លំដាប់​ក្នុង​[ការ​ផ្តល់​មូលនិធិ​]​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ជឿ​ទុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើងមក​លើ​កាក​បាទ​ក្រហម​កម្ពុជា​ ដែល​ប្រើ​ប្រាស់​មូលនិធិ​ទាំង​នេះ​ ដើម្បី​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​”។

លោក​ស្រី​មាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា​ “ ជា​ឧទាហរណ៍​ ដូចករណីកើត​មាន​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​ ដែល​បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​សំបែង​របស់​ប្រជា​ពល​រដ្ឋ​នា​ពេល​ថ្មីៗ​នេះ​ជា​ដើម​។​  តើ​នរណា​ជា​អ្នក​ផ្តល់​ជំនួយ​ដល់​ពួក​គាត់?​ គឺ​កាក​បាទ​ក្រហម​កម្ពុជា​”៕

ប្រែសម្រួល​ដោយ​ សា៊​ ស៊ុយ​ឈាង​ និង​ ហួង​ កុក​ទៀន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស