នៅក្នុងការប៉ុនប៉ងជាថ្មីម្តងទៀត ដើម្បី បង្ខូចកេរ្តិ៍ឈ្មោះរបស់គណបក្សប្រឆាំង កាលពីម្សិលមិញ រដ្ឋាភិបាលបាន បញ្ចេញខ្សែអាត់សំឡេងទី២របស់មេដឹកនាំគណបក្សសង្គ្រោះជាតិដែលទើបបង្កើតឡើងនាពេលថ្មីៗនេះ ប្រមាថគ្នា កាលពីពួកគេដឹកនាំគណបក្សប្រឆាំងប្រជែងគ្នា។
ខ្សែអាត់សំឡេងរយៈពេល២២នាទី ដែលដំបូងឡើយត្រូវបានចាក់ផ្សាយតាមវិទ្យុបាយ័ន របស់លោកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោក ហ៊ុន សែន នេះមានពាក្យសម្តីរបស់លោក សម រង្សុី ប្រធានគណបក្សសង្គ្រោះជាតិ នាពេលបច្ចុប្បន្ន និងលោក កឹម សុខា ដែលជាអនុប្រធាន ដែលបានថតចន្លោះពីឆ្នាំ២០០៨ដល់ឆ្នាំ២០១២ នៅពេលលោក សម រង្សុី ជាប្រធានគណបក្ស សម រង្សុី និងលោក កឹម សុខា ជាប្រធានគណបក្សសិទ្ធិមនុស្ស។លោក សត្យា រក្ស ម្ចាស់កម្មវិធីវិទ្យុបាយ័នបានលើកឡើងថា ខ្សែអាត់សំឡេងដែលត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រីផ្សព្វផ្សាយកាលពីម្សិលមិញនេះ គឺជាខ្សែអាត់ទី២ក្នុងចំណោមខ្សែអាត់សំឡេងចំនួន១០ដែលនឹងត្រូវចាក់ផ្សាយដើម្បីបង្ហាញថា គណបក្សសង្គ្រោះជាតិបែកបាក់សាមគ្គីគ្នាមុនការបោះឆ្នោតជាតិដែលនឹងប្រព្រឹត្តទៅនាខែកក្កដាខាងមុខនេះ។
ខ្សែអាត់សំឡេងចាក់ផ្សាយកាលពីម្សិលមិញេនះគឺជាពាក្យសម្តីរបស់លោក សម រង្ស៊ីនិយាយអំពីគណបក្សសិទ្ធិមនុស្ស អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០០៨។
លោក សម រង្ស៊ី បានមានប្រសាសន៍អំពីគណបក្សសិទ្ធិមនុស្សថា “ វាមិនមែនជាគណបក្សប្រឆាំងពិតប្រាកដទេ ពីព្រោះគណបក្សនេះមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា។គណបក្សនេះបង្កើតឡើងដើម្បីតែបំបែកលទ្ធិប្រជាធិបតេយ្យនិងគណបក្សប្រឆាំងពិតប្រាកដប៉ុណ្ណោះ”។
ខ្សែអាត់សំឡេងនេះក៏មានពាក្យសម្តីរបស់ លោក កឹម សុខា មានប្រសាសន៍ទៅកាន់អ្នកគាំទ្រគណបក្សសិទ្ធិមនុស្សនៅមុនការបោះឆ្នោតឆ្នាំ២០០៨ផងដែរ ដោយបានមានប្រសាសន៍ថា លោក សម រង្ស៊ី មានកំហុសច្រើនដូចលោក ហ៊ុន សែន ដែរ។
លោក កឹម សុខា បានមានប្រសាសន៍ថា“ គ្រប់អ្នកនយោបាយប្រឆាំងទាំងអស់មិនធ្វើការបម្រើជាតិទេ។គាត់ [លោក សម រង្ស៊ី]
មិនអាចកែកំហុសរបស់គាត់បានផង ធ្វើម៉េចគាត់ចង់កែកំហុសអ្នកដទៃបាន។គាត់មិនមែនជានាយករដ្ឋមន្ត្រីទេ ប៉ុន្តែជាប្រធានគណបក្សរបស់គាត់ គាត់ក៏ចាស់ដែរ ហើយកាន់មុខតំណែងដដែលនេះយូរហើយ”។
ខ្សែអាត់សំឡេងនេះក៏មានបញ្ចូលបទអត្ថាធិប្បាយហួសសម័យរបស់លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំ ជាស្ថានីយវិទ្យុឯករាជ្យផងដែរ ហើយពីមុនលោកធ្លាប់បានរិះគន់ការវាយបកគ្នារវាងគណបក្សប្រឆាំង។
នៅក្នុងខ្សែអាត់សំឡេងនេះ លោក ម៉ម សូណង់ដូ ដែលត្រូវបានដោះលែងកាលពីដើមឆ្នាំនេះ បន្ទាប់ពីបានជាប់ពន្ធនាគារពីបទដឹកនាំចលនាបះបោរនៅក្នុងខេត្តក្រចេះនោះ លើកឡើងពីលទ្ធភាពដែលថា មេដឹកនាំគណបក្សប្រឆាំងទាំងពីរប្រហែលជា
កំពុងធ្វើជាខ្វល់ខ្វាយអំពីប្រទេសកម្ពុជាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
សំឡេងលោក ម៉ម សូណង់ដូ ត្រូវគេថតបាននៅពេលលោកមានប្រសាសន៍ថា “ ខ្ញុំមិនយល់ស្របចំពោះការដឹកនាំរបស់លោក កឹម សុខា និងលោក សម រង្ស៊ី។ តើពួកគាត់កំពុងខំបោកប្រាសសាធារណជន ឬដើម្បីជួយប្រជាពលរដ្ឋ ឬក៏គ្រាន់តែជួយក្រុមខ្លួន?”។
លោក សត្យា រក្ស ម្ចាស់កម្មវិធីវិទ្យុបាយ័នបានមានប្រសាសន៍តាមទូរស័ព្ទកាលពីម្សិលមិញថា លោកមិនមែនចាក់ផ្សាយខ្សែអាត់សំឡេងនេះ ដើម្បីបម្រើឲ្យផលប្រយោជន៍របស់គណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែដោយសារតែលោកចង់លាតត្រដាងពីការខ្វះភាពស្មោះត្រង់រវាងលោក សម រង្ស៊ី និងលោក កឹម សុខា។
លោកបានមានប្រសាសន៍ថា “ ខ្សែអាត់សំឡេងនេះមិនមែនជារបស់គណបក្សប្រជាជនកម្ពុជាទេ វាជារបស់ខ្ញុំ។ខ្ញុំចង់បង្ហាញពីឥរិយាបថរបស់គណបក្សប្រឆាំង និងចរិតរបស់បុរសទាំងពីរនេះ”។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានបានមានប្រសានស៍ថា តាមពិត ការផ្សាយ
វិទ្យុបាយ័នដោយប្រើប្រាស់ខ្សែអាត់សំឡេងនេះដើម្បីរិះគន់គណបក្សប្រឆាំងនោះ វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។
លោកបានមានប្រសាសន៍ថា “ មនុស្សគ្រប់គ្នាសុទ្ធតែដឹងហើយថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បើមិនគ្រប់គ្រងដោយរដ្ឋាភិបាលទេ ក៏ទទួលរងឥទ្ធិពលពីរដ្ឋាភិបាលដែរ ដូច្នេះការបញ្ចេញខ្សែអាត់សំឡេងទាំងនេះគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ។រដ្ឋាភិបាលតែងតែព្យាយាមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីកេងចំណេញខាងនយោបាយ”៕
ប្រែសម្រួលដោយ តែម សុខុម