28 C
Phnom Penh

មន្ត្រីអង្គការ​​​យូណេស្កូ​​​រិះគន់​​​អគារ​​​លក់ទំនិញ​​​ដែល​មាន​ពន្លឺ​ខ្លាំង​ពេក​នៅ​ក្នុង​អគារ​​​សម័យ​​​អាណានិគមបារាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ មន្ត្រី​​​ម្នាក់​​​នៅ​​​អង្គការ​​​យូណេស្កូ (UNESCO) បានរិះគន់​​​ម្ចាស់​​​អគារ​​​ប្រវត្តិសាស្ដ្រសម័យ​​​អាណានិ​​​គម​​​បារាំងមួយ​​​នៅ​​​ខណ្ឌ​​​ដូន​​​ពេញរាជធាន​​​ី​​​ភ្នំពេញ​​​ដែល​​​ត្រូវ​​​បាន​​​វាយ​​​កម្ទេច​​​ចោល​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ហើយ​​​ពេល​​​នេះ​​​ បាន​​​ក្លាយ​​​​ជា​ហាង​ផ្គត់​ផ្គង់​សម្ភារ​ការិយាល័យ​​​​ដែល​មាន​ពន្លឺ​​​​ក្រហម និង​​​ខៀវ​​​យ៉ាង​ខ្លាំង​។

ស្ថិត​​​នៅ​​​កាច់ជ្រុង​​​ផ្លូវ​​​លេខ​​​១០៨ និង​​​មហាវិថីព្រះនរោត្ដម ទី​​​តាំង​​​នេះ​​​​គឺ​​​ជា​​​អតីត​អគារមួយ​​​សាង​​​សង់​​​នៅ​​​សតវត្ស​​​រ៍ទី​​​១៩​​​ដែល​​​​ផ្នែក​ខាង​​​មុខ​​​​មានព៌ណ​​​លឿង និង​​​​មាន​​​ប៉ម​ប្លែក​​មួយ​។ កាលពី​​​មួយ​​​ឆ្នាំ​​​មុន កម្មករ​​​បាន​​​ចាប់​​​ផ្ដើម​​​វាយ​​​កម្ទេច​​​អគារ​​​​នេះ​ ហើយ​អ្នក​​​ស្រី​​​
កាំង ហ្គិចណៃ បាន​​​និយាយ​​​​នៅ​ពេល​នោះថា អ្នក​​​ស្រី​​​នឹង​​​សាង​សង់​អគារ​​ដូច​គ្នា​នេះ​ឡើង​​​វិញ​ ​ព្រោះ​​​​អគារ​​​ចាស់​​​នេះ​​ស្ថិត​ក្នុង​ស្ថានភាព​​ទ្រុឌ​ទ្រោម។

លោក​​​ស្រី អាន ឡើមេ៉ស (Anne Lemaistre)តំណាង​​​ប្រចាំប្រ​​​ទេស​​​របស់​​​អង្គការ​​​យូណេ​​​ស្កូបាន​​​រិះគន់​​​ម្ចាស់​​​អគារ​​​នេះ កាល​​​ពី​​​ម្សិល​​​មិញ ​​​ដោយ​​​មិនបាន​​​គោរព​​​តាមការ​​​សន្យា​​​របស់​​​​​​ខ្លួន​​​។

លោក​​​ស្រី អាន ឡើមេ៉ស  មាន​​​ប្រសាសន៍​​​​​​ថា “ ខ្ញុំ​​​គិត​​​ថា គាត់​​​បាន​​​​សន្យា​ដោយ​ខ្លួន​គាត់​សាង​​​សង់អគារ​​​ថ្មី​នេះ​ឲ្យ​ដូច​អគារ​​​ចាស់ ពេល​​​
​​​យើង​​​​​​​មាន​ការ​ព្រួយ​បារម្ភ​ ​​​ពេលគាត់​​​​វាយ​​​អគារ​ចាស់នេះ​ចោល​ ​ប៉ុន្តែ​ក្រោយ​មក គាត់​​​បាន​​​ធ្វើ​​​ឲ្យ​មាន​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​។​​​វាមិន​​​​​​ធ្វើ​​​ឲ្យទី​​​ក្រុង​​មាន​សោភ័ណភាព​នោះ​​​ទេ”។

ដោយ​​​មាន​ការ​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​កេរ​​​ដំណែល​​​វប្បធម៌​​​នៅ​​​រាជធានី​​​ភ្នំពេញ​​​លោក​​​ស្រីឡើមេ៉ស​​​​​​  មាន​​​ប្រសាសន៍​​​ថា តម្លៃ​​​ប្រ​​​វត្តិ​​​សាស្ដ្រ​​​​​​
របស់ទី​​​តាំង​​​នេះ បាន​​​បាត់​​​បង់​​​ទាំង​​​ស្រុង​​​។

“ ​​មួយ​​​ឆ្នាំក្រោយ​មក​ មិន​​​ត្រឹម​​​តែ​​​មិនសាង​​​សង់​​​​អគារ​ឲ្យ​ដូច​ដើម​ ​​​តាម​​​ការ​​​សន្យា​​​​នោះ​ទេ​ បែរ​ជា​សាងសង់​អគារ​​​មិន​​​ល្អ​​​មួយ ​​​ដែល​​​គ្មាន​​​​ន័យ​ឬ​តម្លៃ​​​​សម្រាប់​ប្រវត្តិសាស្ត្រ​​​​ឡើយ”។

សព្វថ្ងៃ​​​​នេះ អគារមិន​ល្អ​​​មួយ ដែល​​​មាន​​​ពណ៌​​​ខៀវ​ខ្ចី​ និង​​​ក្បឿង​​​ពណ៌ក្រហម​​​ ​ស្ថិត​នៅ​​​កន្លែង​​​​​​អគារ​សាងសង់នៅ​សតវត្សរ៍​ទី​​​១៩​នេះ​​​វិញ។

ហេង សុខ​​​ដានីន អ្នកគ្រប់គ្រង​​​ហាង​​​នេះ ​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា ហាង​​​ដែល​​​មាន​ឈ្មោះ​​​​ថា អូហ្វីស​​​អុិច​​​ប្រេស នឹង​​​បើក​​​នៅ​​​ដើម​​​ខែ​​​មិថុនា ​​​ហើយលោក មឿង ​​​មករា ​​​ម្ចាស់ហាង​​​នេះ បាន​​​ជួលដី​​​នេះ​​​ដើម្បី​​​លក់​​​ក្រូណូ ប៊ិច​​​ ក្រដាស និង សៀវភៅ​​​រឿង​​​​​និទាន​ខ្មែរ។

អ្នកស្រី កាំង ហ្គិចណៃ ជា​​​ម្ចាស់ដី​​​នេះ ​​​បាន​​​​​​និយាយ​​​ថា អ្នកស្រីមិន​​​ទាន់​​​អាចសាង​​​សង់ឲ្យ​ដូច​​​​អគារ​ដើម​បាន​ទេ ដោយសារ​​​តែ​​អ្នក​​​ស្រី​​​កំពុង​​​ព្យាយាម​​​ទិញ​​អគា​​​រមួយ​​​នៅ​​​​ជាប់​គ្នា​​​​នេះ​​​ ​​​ពី​ព្រោះ​​​អគារ​​​ទាំង​​​ពីរ​​​នេះ​​​មាន​​​ជញ្ជាំង​​​តែ​​​មួយ។

អ្នកស្រី កាំង ហ្គិចណៃ បាន​​​និយាយ​​​ថា “  ​​​ខ្ញុំនៅ​​​តែមាន​​​បំណង​​​សង់​​​ផ្ទះ​​​នេះ​​​ឲ្យ​​​ដូច​​អគារ​​​​បារាំង ប៉ុន្តែ​គោល​បំណង​​​​​នេះ ​​​មិន​​​អាច​​​ធ្វើ​​​បាន​​​ទេនៅ​​ពេល​​​នេះ ព្រោះ​​​​ខ្ញុំ​​​មិន​​​អាច​​​ទិញ​​​ផ្ទះ​​​នៅ​​​ក្បែរ​​​ខាង​​​នេះ​​​បាន​ដោយ​សារ​ម្ចាស​​​់​​​​​​​​​ផ្ទះ​​​​​​នេះ​​​​ទារ​​​តម្លៃ​​​​ខ្ពស់​ពេក”។ អ្នកស្រី​​​បាន​​​និយាយ​​​បន្ថែមថា អ្នកស្រី​​​បាន​​​រក្សាទុក​​​សម្ភារ​​​មួយ​​​ចំនួន​​​ពី​​​ផ្ទះ​​​ចាស់​​​នេះ​​​សម្រាប់​​​ប្រើ​​​នៅ​​​ពេល​​​សាងសង់​​​ផ្ទះ​ថ្មី​ឲ្យ​ដូច​​ផ្ទះ​ចាស់​​​​នៅពេល​​​អនា​គត។

អ្នកស្រី កាំង ហ្គិចណៃ បាន​​​និយាយ​​​ថា ​អូហ្វីស ​​​អិុច​​​ប្រេស នឹងជួល​​​ទី​​​តាំង​​​នេះ​​​សម្រាប់​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំហើយ​​​តម្លៃ​​​ជួល​​​គឺ១.០០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ ​​៕

 ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស