38 C
Phnom Penh

តំណាង​រាស្ត្រ​គណបក្ស​ប្រ​ជាជន​កម្ពុជា​ស្នើសុំ​បង្កក​ប្រាក់​ខែ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិល​មិញ លោក​ ជាម យៀប តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូ​នលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ ដោយ​​​ស្នើសុំ​ឲ្យ​រដ្ឋា​ភិបាល​​បង្កក​ប្រាក់​ខែ​របស់​សមា​ជិក​តំណាង​រាស្ត្រ​មកពីគណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ ដោយលោក​លើ​កហេតុផល​ថា គណបក្ស​ ដែល​ទើប​បង្កើត​ថ្មី​នេះ​មិន​ទាន់​បាន​​តែង​តាំង​​​សមាជិក​របស់​ខ្លួននៅ​ក្នុង​រដ្ឋសភា​​​ឲ្យស្រប​ច្បាប់​នោះទេ។

យោង​តាម​លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កើត​ឡើង​ដោយ​ការច្របាច់​បញ្ចូល​គ្នា​រវាង​គណ​បក្ស​ សម រង្ស៊ី និង​គណបក្ស​សិទិ្ធ​មនុស្សនោះ​ នៅ​តែមាន​ឈ្មោះ​ផ្លូវ​ការ​ក្នុង​រដ្ឋសភា ​ក្នុង​នាមជា​គណបក្ស​ចាស់​នៅ​ឡើយ​ ដូច្នេះ​ពួកគេ​មិន​គួរ​ទទួល​បាន​ប្រាក់​ខែ​ទេ។

​លោក ជាម យៀប​ ​បាន​មាន​ប្រសាសន៍​ថា“ គណបក្ស​សង្គ្រោះ​ជាតិ​អត់​​មាន​នៅ​ក្នុង​រដ្ឋ​សភា​​ទេ”។​​​​​លោក​​បន្ថែម​ថា អាសនៈ​របស់​សមាជិកសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​សភា​ គួរ​តែ​ទុ​កឲ្យ​នៅ​ទំនេរ​រហូត​ដល់​ការបោះ​ឆ្នោត​រួច។

​លោក ជាម យៀប បាន​មាន​ប្រសាសន៍​​ជម្រាប​លោក​នាយក​រដ្ឋ​មន្ត្រី​ថា“ យើង​បាន​ផ្ញើ​លិខិត​…ដើម្បី​ស្នើ​សុំ​ការ​បង្កក​ប្រាក់​ខែ​របស់​ពួកគេ។ ហើយ​ប្រាក់​នោះ​នឹង​ត្រូវ​រក្សា​ទុក និង​ត្រូវ​ផ្ទេរ​ចូល​ក្នុង​ហិរញ្ញវត្ថុ​របស់​រដ្ឋា​ភិបាល…។ ប៉ុន្ដែ ​ពេល​នេះ​ យើង​កំពុង​រង់​ចាំ​ការ​សម្រេច​របស់​សម្ដេច”។​

​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​​បាន​មាន​ប្រសាសន៍​ថា ​លិខិត​នោះ​គ្រាន់​តែ​ជា​រូប​ភាព​មួយ​ផ្សេង​ទៀត​​ ដែល
​គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​បំណង​បង្ក​ភាព​ច្របូក​ច្របល់​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត និង​​មាន​បំណង​បំបែក​បំបាក់​គណបក្ស​ប្រឆាំង​។​

​លោក​​មានប្រសាសន៍​ថា “ គេ​ធ្វើ​បែប​នេះ ព្រោះ​គេ​ឃើញ​ប្រជា​ប្រិយ​ភាព​របស់​យើង​កើនឡើង។ យើង​បាន​លើក​ឡើង​អំពី​បញ្ហា​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​កំហុស​​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ គេ​ចង់​ទាត់​យើង​ចោល​ តាម​វិធី​នេះ​”។

លោក យឹម សុវណ្ណ ​ក៏​បានមាន​ប្រសាសន៍​ផង​ដែរ​ថា ការ​ដក​អាសនៈ​​​ដែល​គណបក្ស​សង្គ្រោះ​​ជាតិ​មាន​ភាគ​ច្រើ​ននៅ​ក្នុង​រដ្ឋសភា គឺ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ហើយ​។

​លោក​ យឹម សុវណ្ណ បាន​មានប្រសាសន៍​បន្ថែម​ថា“ បើ​យោង​តាមរដ្ឋ​ធម្មនុញរដ្ឋ​សភា​ត្រូវ​តែ​មានសមាជិក​​តំណាង​រាស្ត្រ​យ៉ាង​តិច​១២០​រូប​។ បើ​គ្មាន​អាសនៈ​ទាំង​២៩​របស់​[គណបក្ស​សង្គ្រោះ​ជាតិ​]ទេនោះនឹង​មាន​អាសនៈ​សល់តែ​៩៤​ប៉ុណ្ណោះ។​នោះ​មិន​មែន​ជា​រដ្ឋ​សភា​ទៀត​ឡើយ។ នោះគឺខុស​ច្បាប់​ហើយ”៕​​​​

ប្រែសម្រួល​ដោយ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស