កាលពីថ្ងៃអង្គារ អភិបាលខេត្តកំពង់ធំដែលទើបតែងតាំងថ្មីបានសន្យាចំពោះប្រជាពលរដ្ឋជាង៥០០គ្រួសារ ដែលត្រូវបានក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមបណ្ដេញចេញពីលំនៅដ្ឋានរបស់ខ្លួនដោយបង្ខំកាលពីជាងបីឆ្នាំមុននោះថា ពួកគាត់នឹងទទួលបានដីស្រែជំនួសវិញនៅដើមខែក្រោយនេះ ។
កងកម្លាំងសន្តិសុខ បានបណ្ដេញអ្នកភូមិចេញពីឃុំក្រយានៅក្នុងស្រុកសន្ទុក កាលពីខែធ្នូ ឆ្នាំ២០០៩ដើម្បីទុកដីនោះឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ចម្ការកៅស៊ូ តាន់ បៀន (Tan Bien) នៅខេត្តកំពង់ធំ ដែលបានទទួលដីសម្បទានទំហំ៨.១០០ហិកតានៅក្នុងតំបន់នេះ។
គ្រួសារទាំងនេះ បានរស់នៅលើទីតាំងថ្មីមួយ ដែលគ្មានដីស្រែចម្ងាយប្រហែលប្រាំគីឡូម៉ែត្រអស់រយៈពេលបីឆ្នាំមកហើយ។
លោក អ៊ុត សំអន អភិបាលខេត្ត ដែលបានស្បថចូលកាន់តំណែងកាលពីថ្ងៃច័ន្ទ បានមានប្រសាសន៍ថា នៅពេលនេះ គ្រួសារទាំងនេះនឹងទទួលបានដីស្រែបន្ថែមពី១ ទៅ១,៥ហិកតាសម្រាប់គ្រួសារនីមួយៗនៅក្នុងទីតាំងដាច់ដោយឡែកមួយ ដែលស្ថិតនៅក្បែរនោះ។
លោកបានមានប្រសាសន៍ថា “នៅដំណាច់ខែឧសភា ឬនៅដើមខែមិថុនា ដីស្រែនេះ នឹងប្រគល់ឲ្យគ្រួសារទាំងនេះ”។
លោក អ៊ុត សំអន បានមានប្រសាសន៍បន្ថែមថា “ គ្រួសារទាំងនេះ បានជួបការលំបាកជាច្រើននៅក្នុងជីវភាពរស់នៅរបស់ពួកគាត់ ហើយជាពិសេសជនចាស់ជរា និងជនពិការ។យើងកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីរកដីឲ្យគ្រួសារទាំងនេះ ប៉ុន្តែ ដីមួយចំនួនប៉ះពាល់ដល់គ្រួសារផ្សេងទៀត ។
លោក សំ ប៊ុនធឿន អាយុ៤៣ឆ្នាំជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិ ដែលត្រូវបណ្ដេញចេញ បាននិយាយថា គាត់មិនទាន់ឃើញឈ្មោះគ្រួសាររបស់គាត់នៅក្នុងបញ្ជី របស់អាជ្ញាធរមូលដ្ឋាននៅឡើយ ហើយថា គាត់បានរាយការណ៍អំពីបញ្ហានេះទៅមេភូមិ
របស់គាត់រួចហើយ។
លោក សំ ប៊ុនធឿន បាននិយាយថា “យើងលំបាករស់នៅទីនេះខ្លាំងណាស់ [នៅទីតាំងថ្មី] ពីព្រោះយើងគ្មានដីស្រែធ្វើ។យើងធ្វើការជាកម្មករនៅចម្ការកៅស៊ូវៀតណាមនេះ ប៉ុន្តែ វាមិនអាចទ្រទ្រង់ជីវភាពគ្រួសារបានទាំងស្រុងនោះទេ ដោយសារយើងគ្មាន
ការងារធ្វើប្រចាំថ្ងៃ”។
លោក ញែ៉ម សារ៉ាត់ អ្នកសម្របសម្រួលរបស់អង្គការអាដហុកប្រចាំខេត្តកំពង់ធំ បានមានប្រសាសន៍ថា កង្វះស្បៀងអាហារ គឺជាបញ្ហាដ៏ធំមួយសម្រាប់អ្នកភូមិ ដែលត្រូវបណ្ដេញចេញទាំងនេះ។ លោកបានមានប្រសាសន៍ថា “ បញ្ហាដែលបង្កឡើងដោយអាជ្ញាធរខេត្តចំពោះការមិនបានជួយអ្នកភូមិទាំងនេះឲ្យបានទាន់ពេលនោះ បានធ្វើឲ្យពួកគាត់ខ្វះអាហារ ហើយគ្រួសារមួយចំនួនបានចាកចេញពីទីតាំងថ្មីនេះ”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ